ព័ត៌មាន

បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ

2025-02-10 09:13:29 ថ្ងៃចន្ទ, 10 កុម្ភៈ 2025 ម៉ោង 04:13 PM
អ្នកមើល 1461
post_detail1

          ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបចេះជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកទុក្ខវេទនាជាមួយគ្នាថែមទៀតផង។ ឆ្លើយតបចំពោះករណីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពនយោបាយ ការលើកឡើងដូចនេះ បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានប្រវត្តិទំនាក់ទំនងយូរលង់ណាស់មកហើយ និងបានឈានដល់កម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគីក្នុងពេលបច្ចុប្បន្ន។ លោកបណ្ឌិត បានបន្តថា គិតមកត្រឹមពេលនេះ ទំនាក់ទំនងកម្ពុជា-ចិននៅពុំទាន់មានសញ្ញាណណាមួយបញ្ជាក់អំពីការធ្លាក់ចុះនៅឡើយនោះដែរ។

          លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា នៅក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរ កម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាតំបន់និងអន្តរជាតិ ជាពិសេស កម្ពុជាតែងតែបង្ហាញនូវ​ការគាំទ្រដោយឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ។ ចំណែកនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ លោកបណ្ឌិត បានមើលឃើញថា កម្ពុជាអាចទទួលបានផលប្រយោជន៍ច្រើននៅលើវិស័យសេដ្ឋកិច្ច ក៏ព្រោះតែចិន នៅតែជាប្រភពវិនិយោគទុនធំជាងគេ និងជាម្ចាស់ជំនួយធំជាងគេ ក៏ដូចជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាផងដែរ។

          ទោះជាយ៉ាងណាអ្វីដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះគឺ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលគេអាចកត់សម្គាល់បានតាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន មកទស្សនានៅប្រទេសកម្ពុជា ចាប់តាំងពីក្រោយការរីករាលដាលជំងឺកូវីដ-១៩កន្លងមក។ គេនៅចាំបានថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងឃើញ​មានការលើកឡើងនូវការសន្យាជាច្រើន ក្នុងចំណោមសាធារណជនចិនថា នៅក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេនឹងធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ បើទោះយ៉ាងណា តួលេខនៃភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកលេងកម្សាន្តប្រទេសកម្ពុជាមិនដូចការលើកឡើងខាងលើនោះឡើយ ដោយចំនួនភ្ញៀវទេសចរចិន បានបន្តធ្លាក់ចុះនៅក្នុងកម្រិតទាបខ្លាំង រហូតដល់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់កម្ពុជាមានចំនួនតិចជាងគេ រហូតដល់តិចជាភ្ញៀវទេសចរដែលធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសទៅទៀត។

          លោកបណ្ឌិត គិន ភា បានបន្តកត់សម្គាល់បន្ថែមទៀតថា នៅក្នុងរយៈពេលមួយរយៈចុងក្រោយនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ក៏ដូចជាកាសែតមួយចំនួនដែលត្រូវបានគេមើលឃើញថាមានជំហរស្និទ្ធនឹងរដ្ឋាភិបាលចិន និងដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញផ្សាយនូវអត្ថបទដែលមានលក្ខណៈជាការវាយប្រហារហូរហែរអំពីទំនាក់ទំនងរវាងកម្ពុជានឹងចិន ពិសេស ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនតេជោ និងគម្រោងផ្លូវដែកជាដើម ដោយក្នុងនោះមានការបង្ហាញពីជំហរមិនសប្បាយចិត្តពីសំណាក់ចិន ទៅលើគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះចិននៅក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា ការផ្សព្វផ្សាយទាំងនេះ ពុំមែនជាជំហរផ្លូវការរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ​ ហើយលោកបណ្ឌិតក៏បានបង្ហាញផងដែរថា អ្វីដែលជាការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន នឹងជាសារផ្លូវការមួយ ដើម្បីកុំឱ្យមានការបរិហារខ្វះការពិតអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ដែលភាគីទាំងពីរ កម្ពុជា-ចិន ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ផ្លែផ្កាជាក់ស្ដែងប្រកបដោយគុណភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកាន់តែមានសារៈសំខាន់ជាងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនថែមទៅទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«អេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ»

អ្នកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបអគ្គនាយកដ្ឋានអភិរក្សនិងការពារធម្មជាតិ ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីអេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់កា...

2019-03-18 10:22:35   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 05:22 PM
«គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»

លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា  លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។ខ្លឹមសារនៃបទប...

2019-03-18 10:13:05   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 05:13 PM
«ការអភិវឌ្ឍអេកូទេសចរណ៍នៅសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប»

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កញ្ញា គ្រី សុខណា វាគ្មិនកិត្តិយសវ័យក្មេងមួយរូប បានអញ្ជើញមកធ្វើបទបង្ហាញមួយនៅកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ...

2019-03-18 09:51:08   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 04:51 PM
«ប្រវត្តិលេខសូន្យ (A History of Zero)» ស្រាវជ្រាវដោយ៖ លោក យឹម​អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ

តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រ...

2019-03-18 05:25:18   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 12:25 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៥ - វគ្គទី១ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងអត្ថបទភាគទី៥នេះ យើងនឹងបង្ហាញអំពីពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រុងភ្នំពេញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យទី១ ខែមីនា ឆ្នាំ១៩២៥...

2019-03-18 04:54:49   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 11:54 AM
«រាជបណ្ឌិត្យសភាកម្ពុជា និង បណ្ឌិត្យសភា​វិទ្យាសាស្ត្រប៉ូឡូញ ពិភាក្សាពីកិច្ចសហប្រតិបត្តិការ»

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Rafal Smoczynski ដែលជាអ្នកស្រាវជ្រាវនៃបណ្ឌិត្យ​​សភាវិទ្យាសាស្ត្រប៉ូឡូញ ដើម្បីពិភាក្ស...

2019-03-18 04:44:21   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 11:44 AM

សេចក្តីប្រកាស