ព័ត៌មាន

បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ

2025-02-10 09:13:29 ថ្ងៃចន្ទ, 10 កុម្ភៈ 2025 ម៉ោង 04:13 PM
អ្នកមើល 1560
post_detail1

          ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបចេះជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកទុក្ខវេទនាជាមួយគ្នាថែមទៀតផង។ ឆ្លើយតបចំពោះករណីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពនយោបាយ ការលើកឡើងដូចនេះ បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានប្រវត្តិទំនាក់ទំនងយូរលង់ណាស់មកហើយ និងបានឈានដល់កម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគីក្នុងពេលបច្ចុប្បន្ន។ លោកបណ្ឌិត បានបន្តថា គិតមកត្រឹមពេលនេះ ទំនាក់ទំនងកម្ពុជា-ចិននៅពុំទាន់មានសញ្ញាណណាមួយបញ្ជាក់អំពីការធ្លាក់ចុះនៅឡើយនោះដែរ។

          លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា នៅក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរ កម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាតំបន់និងអន្តរជាតិ ជាពិសេស កម្ពុជាតែងតែបង្ហាញនូវ​ការគាំទ្រដោយឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ។ ចំណែកនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ លោកបណ្ឌិត បានមើលឃើញថា កម្ពុជាអាចទទួលបានផលប្រយោជន៍ច្រើននៅលើវិស័យសេដ្ឋកិច្ច ក៏ព្រោះតែចិន នៅតែជាប្រភពវិនិយោគទុនធំជាងគេ និងជាម្ចាស់ជំនួយធំជាងគេ ក៏ដូចជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាផងដែរ។

          ទោះជាយ៉ាងណាអ្វីដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះគឺ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលគេអាចកត់សម្គាល់បានតាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន មកទស្សនានៅប្រទេសកម្ពុជា ចាប់តាំងពីក្រោយការរីករាលដាលជំងឺកូវីដ-១៩កន្លងមក។ គេនៅចាំបានថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងឃើញ​មានការលើកឡើងនូវការសន្យាជាច្រើន ក្នុងចំណោមសាធារណជនចិនថា នៅក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេនឹងធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ បើទោះយ៉ាងណា តួលេខនៃភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកលេងកម្សាន្តប្រទេសកម្ពុជាមិនដូចការលើកឡើងខាងលើនោះឡើយ ដោយចំនួនភ្ញៀវទេសចរចិន បានបន្តធ្លាក់ចុះនៅក្នុងកម្រិតទាបខ្លាំង រហូតដល់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់កម្ពុជាមានចំនួនតិចជាងគេ រហូតដល់តិចជាភ្ញៀវទេសចរដែលធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសទៅទៀត។

          លោកបណ្ឌិត គិន ភា បានបន្តកត់សម្គាល់បន្ថែមទៀតថា នៅក្នុងរយៈពេលមួយរយៈចុងក្រោយនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ក៏ដូចជាកាសែតមួយចំនួនដែលត្រូវបានគេមើលឃើញថាមានជំហរស្និទ្ធនឹងរដ្ឋាភិបាលចិន និងដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញផ្សាយនូវអត្ថបទដែលមានលក្ខណៈជាការវាយប្រហារហូរហែរអំពីទំនាក់ទំនងរវាងកម្ពុជានឹងចិន ពិសេស ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនតេជោ និងគម្រោងផ្លូវដែកជាដើម ដោយក្នុងនោះមានការបង្ហាញពីជំហរមិនសប្បាយចិត្តពីសំណាក់ចិន ទៅលើគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះចិននៅក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា ការផ្សព្វផ្សាយទាំងនេះ ពុំមែនជាជំហរផ្លូវការរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ​ ហើយលោកបណ្ឌិតក៏បានបង្ហាញផងដែរថា អ្វីដែលជាការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន នឹងជាសារផ្លូវការមួយ ដើម្បីកុំឱ្យមានការបរិហារខ្វះការពិតអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ដែលភាគីទាំងពីរ កម្ពុជា-ចិន ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ផ្លែផ្កាជាក់ស្ដែងប្រកបដោយគុណភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកាន់តែមានសារៈសំខាន់ជាងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនថែមទៅទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ពិធីការពារគម្រោងលម្អិតនិក្ខេបបទថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា...»

នៅថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង៣០នាទីព្រឹក នៅអគារ E (បន្ទប់ប្រជុំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា)នៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែ...

2019-08-09 04:19:37   ថ្ងៃសុក្រ, 09 សីហា 2019 ម៉ោង 11:19 AM
«ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ [...] អាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន‍»

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «គំនិត ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាស៊ាន ឈរលើគោលការណ៍ការរីកចម្រើនសេដ្ឋកិច្ច ដោយតម្រូវឱ្យមានការរួមដៃគ្នាជាជាងប្រកួតប្រជែងដើម្បីយកឈ្នះចាញ់ ហើយប្រទេសនៅអាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម...

2019-08-08 04:33:19   ថ្ងៃព្រហស្បតិ៍, 08 សីហា 2019 ម៉ោង 11:33 AM
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ រៀបចំសន្និសីទអន្តរជាតិ ស្ដីពី «កម្ពុជានិងតំបន់និយមអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក»

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការសហការជាមួយនឹងមូលនិធិខុនរ៉ា...

2019-08-08 03:31:52   ថ្ងៃព្រហស្បតិ៍, 08 សីហា 2019 ម៉ោង 10:31 AM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»

កាលពីរសៀល ថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា ដោយអនុម័តបានច...

2019-08-07 02:48:33   ថ្ងៃពុធ, 07 សីហា 2019 ម៉ោង 09:48 AM
«ដើមត្នោត៖ រុក្ខជាតិនិមិត្តរូបជាតិ និង ផលិតផលពីខ្លឹមត្នោត»

ដើមត្នោតជាអត្តសញ្ញាណនៃទេសភាពទឹកដីរបស់ខ្មែរ ដោយស្ទើរគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ រួមទាំងអតីតទឹកដីរបស់ខ្មែរផង សុទ្ធសឹងមានអត្ថិភាពដើមត្នោតដុះនៅ។ ដោយតម្លៃនៃអត្តសញ្ញាណវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្រ្តធម្...

2019-07-26 10:56:36   ថ្ងៃសុក្រ, 26 កក្កដា 2019 ម៉ោង 05:56 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »

នៅរសៀល ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដ...

2019-07-24 15:07:24   ថ្ងៃពុធ, 24 កក្កដា 2019 ម៉ោង 10:07 PM

សេចក្តីប្រកាស