ព័ត៌មាន

បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ

2025-02-10 09:13:29 ថ្ងៃចន្ទ, 10 កុម្ភៈ 2025 ម៉ោង 04:13 PM
អ្នកមើល 5181
post_detail1

          ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបចេះជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកទុក្ខវេទនាជាមួយគ្នាថែមទៀតផង។ ឆ្លើយតបចំពោះករណីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពនយោបាយ ការលើកឡើងដូចនេះ បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានប្រវត្តិទំនាក់ទំនងយូរលង់ណាស់មកហើយ និងបានឈានដល់កម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគីក្នុងពេលបច្ចុប្បន្ន។ លោកបណ្ឌិត បានបន្តថា គិតមកត្រឹមពេលនេះ ទំនាក់ទំនងកម្ពុជា-ចិននៅពុំទាន់មានសញ្ញាណណាមួយបញ្ជាក់អំពីការធ្លាក់ចុះនៅឡើយនោះដែរ។

          លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា នៅក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរ កម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាតំបន់និងអន្តរជាតិ ជាពិសេស កម្ពុជាតែងតែបង្ហាញនូវ​ការគាំទ្រដោយឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ។ ចំណែកនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ លោកបណ្ឌិត បានមើលឃើញថា កម្ពុជាអាចទទួលបានផលប្រយោជន៍ច្រើននៅលើវិស័យសេដ្ឋកិច្ច ក៏ព្រោះតែចិន នៅតែជាប្រភពវិនិយោគទុនធំជាងគេ និងជាម្ចាស់ជំនួយធំជាងគេ ក៏ដូចជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាផងដែរ។

          ទោះជាយ៉ាងណាអ្វីដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះគឺ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលគេអាចកត់សម្គាល់បានតាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន មកទស្សនានៅប្រទេសកម្ពុជា ចាប់តាំងពីក្រោយការរីករាលដាលជំងឺកូវីដ-១៩កន្លងមក។ គេនៅចាំបានថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងឃើញ​មានការលើកឡើងនូវការសន្យាជាច្រើន ក្នុងចំណោមសាធារណជនចិនថា នៅក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេនឹងធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ បើទោះយ៉ាងណា តួលេខនៃភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកលេងកម្សាន្តប្រទេសកម្ពុជាមិនដូចការលើកឡើងខាងលើនោះឡើយ ដោយចំនួនភ្ញៀវទេសចរចិន បានបន្តធ្លាក់ចុះនៅក្នុងកម្រិតទាបខ្លាំង រហូតដល់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់កម្ពុជាមានចំនួនតិចជាងគេ រហូតដល់តិចជាភ្ញៀវទេសចរដែលធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសទៅទៀត។

          លោកបណ្ឌិត គិន ភា បានបន្តកត់សម្គាល់បន្ថែមទៀតថា នៅក្នុងរយៈពេលមួយរយៈចុងក្រោយនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ក៏ដូចជាកាសែតមួយចំនួនដែលត្រូវបានគេមើលឃើញថាមានជំហរស្និទ្ធនឹងរដ្ឋាភិបាលចិន និងដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញផ្សាយនូវអត្ថបទដែលមានលក្ខណៈជាការវាយប្រហារហូរហែរអំពីទំនាក់ទំនងរវាងកម្ពុជានឹងចិន ពិសេស ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនតេជោ និងគម្រោងផ្លូវដែកជាដើម ដោយក្នុងនោះមានការបង្ហាញពីជំហរមិនសប្បាយចិត្តពីសំណាក់ចិន ទៅលើគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះចិននៅក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា ការផ្សព្វផ្សាយទាំងនេះ ពុំមែនជាជំហរផ្លូវការរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ​ ហើយលោកបណ្ឌិតក៏បានបង្ហាញផងដែរថា អ្វីដែលជាការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន នឹងជាសារផ្លូវការមួយ ដើម្បីកុំឱ្យមានការបរិហារខ្វះការពិតអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ដែលភាគីទាំងពីរ កម្ពុជា-ចិន ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ផ្លែផ្កាជាក់ស្ដែងប្រកបដោយគុណភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកាន់តែមានសារៈសំខាន់ជាងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនថែមទៅទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និសីទអន្...

2019-12-16 03:12:44   ថ្ងៃចន្ទ, 16 ធ្នូ 2019 ម៉ោង 10:12 AM
ជំនួបដើម្បីស្វែងរកកិច្ចសហការស្រាវជ្រាវរួមគ្នាលើវិស័យប្រវត្តិសាស្ត្ររាជធានីសម័យកណ្ដាល រវាងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី

សៀមរាប៖ ថ្ងៃសៅរ៍ ១១កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានជួបជំនុំជាមួយលោកសាស្ត្រាបណ្...

2019-12-12 09:47:41   ថ្ងៃព្រហស្បតិ៍, 12 ធ្នូ 2019 ម៉ោង 04:47 PM
«ជំនួបដើម្បីស្វែងរកកិច្ចសហការស្រាវជ្រាវរួមគ្នា លើវិស័យប្រវត្តិសាស្ត្រ និងបុរាណវត្ថុវិទ្យា រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាលាបារាំងចុងបូព៌ា ...»

ខេត្តសៀមរាប៖ កាលពីថ្ងៃសុក្រ ១០កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងកញ្ញា តាកេត ស័កដ...

2019-12-11 07:43:52   ថ្ងៃពុធ, 11 ធ្នូ 2019 ម៉ោង 02:43 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ នៅក្នុងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ត្រូវជំរុញឱ្យប្រជាជននិងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ

សៀមរាប៖ ថ្លែងនៅក្នុងឱកាសបើក «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១» រៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នាខេត្តសៀមរា...

2019-12-09 04:50:44   ថ្ងៃចន្ទ, 09 ធ្នូ 2019 ម៉ោង 11:50 AM
«រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS) ចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយ»

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសាលប្រជុំសណ្ឋាគារ Empress Angkor ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រធានបណ...

2019-12-07 07:48:41   ថ្ងៃសៅរ៍, 07 ធ្នូ 2019 ម៉ោង 02:48 PM
«ពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា»

ខេត្តសៀមរាប៖ «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា» ត្រូវបានបើក ជាផ្ល...

2019-12-07 04:44:06   ថ្ងៃសៅរ៍, 07 ធ្នូ 2019 ម៉ោង 11:44 AM

សេចក្តីប្រកាស