ព័ត៌មាន

បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ

2025-02-10 09:13:29 ថ្ងៃចន្ទ, 10 កុម្ភៈ 2025 ម៉ោង 04:13 PM
អ្នកមើល 844
post_detail1

          ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបចេះជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកទុក្ខវេទនាជាមួយគ្នាថែមទៀតផង។ ឆ្លើយតបចំពោះករណីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពនយោបាយ ការលើកឡើងដូចនេះ បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានប្រវត្តិទំនាក់ទំនងយូរលង់ណាស់មកហើយ និងបានឈានដល់កម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគីក្នុងពេលបច្ចុប្បន្ន។ លោកបណ្ឌិត បានបន្តថា គិតមកត្រឹមពេលនេះ ទំនាក់ទំនងកម្ពុជា-ចិននៅពុំទាន់មានសញ្ញាណណាមួយបញ្ជាក់អំពីការធ្លាក់ចុះនៅឡើយនោះដែរ។

          លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា នៅក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរ កម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាតំបន់និងអន្តរជាតិ ជាពិសេស កម្ពុជាតែងតែបង្ហាញនូវ​ការគាំទ្រដោយឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ។ ចំណែកនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ លោកបណ្ឌិត បានមើលឃើញថា កម្ពុជាអាចទទួលបានផលប្រយោជន៍ច្រើននៅលើវិស័យសេដ្ឋកិច្ច ក៏ព្រោះតែចិន នៅតែជាប្រភពវិនិយោគទុនធំជាងគេ និងជាម្ចាស់ជំនួយធំជាងគេ ក៏ដូចជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាផងដែរ។

          ទោះជាយ៉ាងណាអ្វីដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះគឺ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលគេអាចកត់សម្គាល់បានតាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន មកទស្សនានៅប្រទេសកម្ពុជា ចាប់តាំងពីក្រោយការរីករាលដាលជំងឺកូវីដ-១៩កន្លងមក។ គេនៅចាំបានថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងឃើញ​មានការលើកឡើងនូវការសន្យាជាច្រើន ក្នុងចំណោមសាធារណជនចិនថា នៅក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេនឹងធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ បើទោះយ៉ាងណា តួលេខនៃភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកលេងកម្សាន្តប្រទេសកម្ពុជាមិនដូចការលើកឡើងខាងលើនោះឡើយ ដោយចំនួនភ្ញៀវទេសចរចិន បានបន្តធ្លាក់ចុះនៅក្នុងកម្រិតទាបខ្លាំង រហូតដល់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់កម្ពុជាមានចំនួនតិចជាងគេ រហូតដល់តិចជាភ្ញៀវទេសចរដែលធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសទៅទៀត។

          លោកបណ្ឌិត គិន ភា បានបន្តកត់សម្គាល់បន្ថែមទៀតថា នៅក្នុងរយៈពេលមួយរយៈចុងក្រោយនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ក៏ដូចជាកាសែតមួយចំនួនដែលត្រូវបានគេមើលឃើញថាមានជំហរស្និទ្ធនឹងរដ្ឋាភិបាលចិន និងដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញផ្សាយនូវអត្ថបទដែលមានលក្ខណៈជាការវាយប្រហារហូរហែរអំពីទំនាក់ទំនងរវាងកម្ពុជានឹងចិន ពិសេស ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនតេជោ និងគម្រោងផ្លូវដែកជាដើម ដោយក្នុងនោះមានការបង្ហាញពីជំហរមិនសប្បាយចិត្តពីសំណាក់ចិន ទៅលើគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះចិននៅក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា ការផ្សព្វផ្សាយទាំងនេះ ពុំមែនជាជំហរផ្លូវការរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ​ ហើយលោកបណ្ឌិតក៏បានបង្ហាញផងដែរថា អ្វីដែលជាការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន នឹងជាសារផ្លូវការមួយ ដើម្បីកុំឱ្យមានការបរិហារខ្វះការពិតអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ដែលភាគីទាំងពីរ កម្ពុជា-ចិន ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ផ្លែផ្កាជាក់ស្ដែងប្រកបដោយគុណភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកាន់តែមានសារៈសំខាន់ជាងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនថែមទៅទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ កម្ពុជាបានរួមចំណែកថែរក្សាសន្តិភាពពិភពលោក ដែលជាធាតុស្នូលនៃសណ្ដាប់ធ្នាប់ពិភពលោក និងក៏ជាអំណាចទន់ (Soft Power) នៃនយោបាយការបរទេសបច្ចុប្បន្ន

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំព...

2024-09-26 02:24:36   ថ្ងៃព្រហស្បតិ៍, 26 កញ្ញា 2024 ម៉ោង 09:24 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជា ប្រកាសចាកចេញពី CLV-DTA បានសម្រួលការខ្វែងគំនិតគ្នា លើទស្សនៈនយោបាយ និងបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងសភាពការណ៍

ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រ...

2024-09-25 03:56:04   ថ្ងៃពុធ, 25 កញ្ញា 2024 ម៉ោង 10:56 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចសន្ទនាយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា"

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស...

2024-09-23 09:29:26   ថ្ងៃចន្ទ, 23 កញ្ញា 2024 ម៉ោង 04:29 PM
បណ្ឌិត យង់ ពៅ៖ ការប្រកាសដកកម្ពុជាចេញពី CLV-DTA ជាការគិតគូរពីភាពសុខដុមសង្គម ទប់ស្កាត់ចេតនាដុតរោលសង្គម ដែលធ្វើឡើងដោយអ្នកនយោបាយប្រឆាំង

រយៈពេលកន្លងទៅនេះ មានការលើកឡើងនូវទស្សនៈផ្ទុយគ្នាអំពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលមានទស្សនៈនយោបាយមួយចំនួន ដែលអ្នកនយោបាយបានដុតរោលបញ្ហានេះ ដើម្បីបំភ័ន្តសាធារណៈមតិកម្ពុជាថា ការច...

2024-09-21 11:10:11   ថ្ងៃសៅរ៍, 21 កញ្ញា 2024 ម៉ោង 06:10 PM
បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្ត្រីតែម្នាក់ មិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ឬវិស័យមួយនោះទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូល

ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាស...

2024-09-21 09:55:19   ថ្ងៃសៅរ៍, 21 កញ្ញា 2024 ម៉ោង 04:55 PM
បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ ផ្អែកលើភាពចាំបាច់ តែការដឹកនាំស្ថាប័នអាស្រ័យលើលទ្ធភាព សមត្ថភាព និងការរៀបចំដំណើរការការងារជាប្រព័ន្ធ

តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរ...

2024-09-19 10:20:30   ថ្ងៃព្រហស្បតិ៍, 19 កញ្ញា 2024 ម៉ោង 05:20 PM

សេចក្តីប្រកាស