ព័ត៌មាន

បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ

2025-02-10 09:13:29 ថ្ងៃចន្ទ, 10 កុម្ភៈ 2025 ម៉ោង 04:13 PM
អ្នកមើល 838
post_detail1

          ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបចេះជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកទុក្ខវេទនាជាមួយគ្នាថែមទៀតផង។ ឆ្លើយតបចំពោះករណីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពនយោបាយ ការលើកឡើងដូចនេះ បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានប្រវត្តិទំនាក់ទំនងយូរលង់ណាស់មកហើយ និងបានឈានដល់កម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគីក្នុងពេលបច្ចុប្បន្ន។ លោកបណ្ឌិត បានបន្តថា គិតមកត្រឹមពេលនេះ ទំនាក់ទំនងកម្ពុជា-ចិននៅពុំទាន់មានសញ្ញាណណាមួយបញ្ជាក់អំពីការធ្លាក់ចុះនៅឡើយនោះដែរ។

          លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា នៅក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរ កម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាតំបន់និងអន្តរជាតិ ជាពិសេស កម្ពុជាតែងតែបង្ហាញនូវ​ការគាំទ្រដោយឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ។ ចំណែកនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ លោកបណ្ឌិត បានមើលឃើញថា កម្ពុជាអាចទទួលបានផលប្រយោជន៍ច្រើននៅលើវិស័យសេដ្ឋកិច្ច ក៏ព្រោះតែចិន នៅតែជាប្រភពវិនិយោគទុនធំជាងគេ និងជាម្ចាស់ជំនួយធំជាងគេ ក៏ដូចជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាផងដែរ។

          ទោះជាយ៉ាងណាអ្វីដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះគឺ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលគេអាចកត់សម្គាល់បានតាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន មកទស្សនានៅប្រទេសកម្ពុជា ចាប់តាំងពីក្រោយការរីករាលដាលជំងឺកូវីដ-១៩កន្លងមក។ គេនៅចាំបានថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងឃើញ​មានការលើកឡើងនូវការសន្យាជាច្រើន ក្នុងចំណោមសាធារណជនចិនថា នៅក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេនឹងធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ បើទោះយ៉ាងណា តួលេខនៃភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកលេងកម្សាន្តប្រទេសកម្ពុជាមិនដូចការលើកឡើងខាងលើនោះឡើយ ដោយចំនួនភ្ញៀវទេសចរចិន បានបន្តធ្លាក់ចុះនៅក្នុងកម្រិតទាបខ្លាំង រហូតដល់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់កម្ពុជាមានចំនួនតិចជាងគេ រហូតដល់តិចជាភ្ញៀវទេសចរដែលធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសទៅទៀត។

          លោកបណ្ឌិត គិន ភា បានបន្តកត់សម្គាល់បន្ថែមទៀតថា នៅក្នុងរយៈពេលមួយរយៈចុងក្រោយនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ក៏ដូចជាកាសែតមួយចំនួនដែលត្រូវបានគេមើលឃើញថាមានជំហរស្និទ្ធនឹងរដ្ឋាភិបាលចិន និងដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញផ្សាយនូវអត្ថបទដែលមានលក្ខណៈជាការវាយប្រហារហូរហែរអំពីទំនាក់ទំនងរវាងកម្ពុជានឹងចិន ពិសេស ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនតេជោ និងគម្រោងផ្លូវដែកជាដើម ដោយក្នុងនោះមានការបង្ហាញពីជំហរមិនសប្បាយចិត្តពីសំណាក់ចិន ទៅលើគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះចិននៅក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា ការផ្សព្វផ្សាយទាំងនេះ ពុំមែនជាជំហរផ្លូវការរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ​ ហើយលោកបណ្ឌិតក៏បានបង្ហាញផងដែរថា អ្វីដែលជាការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន នឹងជាសារផ្លូវការមួយ ដើម្បីកុំឱ្យមានការបរិហារខ្វះការពិតអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ដែលភាគីទាំងពីរ កម្ពុជា-ចិន ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ផ្លែផ្កាជាក់ស្ដែងប្រកបដោយគុណភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកាន់តែមានសារៈសំខាន់ជាងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនថែមទៅទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សេចក្ដីជូនដំណឹង ស្ដីពី ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥

រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្ដល់អាហារូបករណ៍ជូនដូចខាងក្រោម៖ ១. និទ្ទេស A ផ្ដល់អាហារូបករណ៍ ១០០% រយៈពេល៤ឆ្នាំ ២. និទ្ទេស B ផ្ដល់អាហារូបករណ៍...

2024-10-14 09:14:01   ថ្ងៃចន្ទ, 14 តុលា 2024 ម៉ោង 04:14 PM
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវជំហរឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធដើម្បីពង្រឹងតួនាទីនៅក្នុងឆាកអន្តរជាតិ និងរក្សាបាននូវឧត្ដមប្រយោជន៍ជាតិ

នៅក្នុងបរិបទនៃការដណ្ដើមឥទ្ធិពលឥតឈប់ឈររបស់មហាអំណាច និងការប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏តានតឹង កម្ពុជាត្រូវ មានការប្រយ័ត្នប្រយែងបំផុតនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន ដើម្បីរក្សាជំហរប្រកបដោយការប្រុងប...

2024-10-14 07:39:45   ថ្ងៃចន្ទ, 14 តុលា 2024 ម៉ោង 02:39 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ត្រួ​តពិនិត្យនិងជំរុញដំណើរការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ច...

2024-10-14 04:44:33   ថ្ងៃចន្ទ, 14 តុលា 2024 ម៉ោង 11:44 AM
ការបើកស្ថានទូតកាណាដាប្រចាំកម្ពុជា គឺជាសក្ខីភាពបន្ថែមទៀតបញ្ជាក់ពី ការធ្វើពិពិធកម្មការទូត និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅក្នុងតំបន់

ដោយ៖ លឹម សុវណ្ណរិទ្ធ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងជំនួបនាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅ​រដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាមានិតឡាវ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-កាណាដា បានឯកភាពគ្នាគ្រោ...

2024-10-12 10:17:36   ថ្ងៃសៅរ៍, 12 តុលា 2024 ម៉ោង 05:17 PM
បណ្ឌិត យង់ ពៅ៖ ផ្ដើមចេញពីករណីបុគ្គល លី សាម៉េត រដ្ឋាភិបាលត្រូវតែបន្តជំរុញនិងពង្រឹងការអនុវត្តច្បាប់ជាទូទៅដោយមិនចំពោះ ដើម្បីសងភាពស្អាតស្អំដល់សង្គមកម្ពុជា

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សាធារណជនទូទៅ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការចាត់វិធានការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ២រូប ពាក់ព័ន្ធទៅនឹងករណីឆបោកទ្រង់ទ្រាយធំ។ ការចាត់វិធានការនេះ ត្រូវបានធ្វើឡើងបន្...

2024-10-12 06:43:00   ថ្ងៃសៅរ៍, 12 តុលា 2024 ម៉ោង 01:43 PM
តើអំពើពុករលួយ ក្លាយជាឧបសគ្គដល់ការអភិវឌ្ឍជាតិយ៉ាងដូចម្ដេច?

ដោយ៖ លឹម សុវណ្ណរិទ្ធ           អំពើពុករលួយ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពល ឬតួនាទីដោយមន្ត្រីរដ្ឋ អ្នក​នយោបាយ ឬមន្ត្រីរាជការសាធារណៈ នៅក្នុងការបំពេញមុខនាទីរប...

2024-10-11 09:05:25   ថ្ងៃសុក្រ, 11 តុលា 2024 ម៉ោង 04:05 PM

សេចក្តីប្រកាស