ព័ត៌មាន

បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ

2025-02-10 09:13:29 ថ្ងៃចន្ទ, 10 កុម្ភៈ 2025 ម៉ោង 04:13 PM
អ្នកមើល 9673
post_detail1

          ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបចេះជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកទុក្ខវេទនាជាមួយគ្នាថែមទៀតផង។ ឆ្លើយតបចំពោះករណីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពនយោបាយ ការលើកឡើងដូចនេះ បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានប្រវត្តិទំនាក់ទំនងយូរលង់ណាស់មកហើយ និងបានឈានដល់កម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគីក្នុងពេលបច្ចុប្បន្ន។ លោកបណ្ឌិត បានបន្តថា គិតមកត្រឹមពេលនេះ ទំនាក់ទំនងកម្ពុជា-ចិននៅពុំទាន់មានសញ្ញាណណាមួយបញ្ជាក់អំពីការធ្លាក់ចុះនៅឡើយនោះដែរ។

          លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា នៅក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរ កម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាតំបន់និងអន្តរជាតិ ជាពិសេស កម្ពុជាតែងតែបង្ហាញនូវ​ការគាំទ្រដោយឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ។ ចំណែកនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ លោកបណ្ឌិត បានមើលឃើញថា កម្ពុជាអាចទទួលបានផលប្រយោជន៍ច្រើននៅលើវិស័យសេដ្ឋកិច្ច ក៏ព្រោះតែចិន នៅតែជាប្រភពវិនិយោគទុនធំជាងគេ និងជាម្ចាស់ជំនួយធំជាងគេ ក៏ដូចជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាផងដែរ។

          ទោះជាយ៉ាងណាអ្វីដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះគឺ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលគេអាចកត់សម្គាល់បានតាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន មកទស្សនានៅប្រទេសកម្ពុជា ចាប់តាំងពីក្រោយការរីករាលដាលជំងឺកូវីដ-១៩កន្លងមក។ គេនៅចាំបានថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងឃើញ​មានការលើកឡើងនូវការសន្យាជាច្រើន ក្នុងចំណោមសាធារណជនចិនថា នៅក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេនឹងធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ បើទោះយ៉ាងណា តួលេខនៃភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកលេងកម្សាន្តប្រទេសកម្ពុជាមិនដូចការលើកឡើងខាងលើនោះឡើយ ដោយចំនួនភ្ញៀវទេសចរចិន បានបន្តធ្លាក់ចុះនៅក្នុងកម្រិតទាបខ្លាំង រហូតដល់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់កម្ពុជាមានចំនួនតិចជាងគេ រហូតដល់តិចជាភ្ញៀវទេសចរដែលធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសទៅទៀត។

          លោកបណ្ឌិត គិន ភា បានបន្តកត់សម្គាល់បន្ថែមទៀតថា នៅក្នុងរយៈពេលមួយរយៈចុងក្រោយនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ក៏ដូចជាកាសែតមួយចំនួនដែលត្រូវបានគេមើលឃើញថាមានជំហរស្និទ្ធនឹងរដ្ឋាភិបាលចិន និងដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញផ្សាយនូវអត្ថបទដែលមានលក្ខណៈជាការវាយប្រហារហូរហែរអំពីទំនាក់ទំនងរវាងកម្ពុជានឹងចិន ពិសេស ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនតេជោ និងគម្រោងផ្លូវដែកជាដើម ដោយក្នុងនោះមានការបង្ហាញពីជំហរមិនសប្បាយចិត្តពីសំណាក់ចិន ទៅលើគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះចិននៅក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា ការផ្សព្វផ្សាយទាំងនេះ ពុំមែនជាជំហរផ្លូវការរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ​ ហើយលោកបណ្ឌិតក៏បានបង្ហាញផងដែរថា អ្វីដែលជាការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន នឹងជាសារផ្លូវការមួយ ដើម្បីកុំឱ្យមានការបរិហារខ្វះការពិតអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ដែលភាគីទាំងពីរ កម្ពុជា-ចិន ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ផ្លែផ្កាជាក់ស្ដែងប្រកបដោយគុណភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកាន់តែមានសារៈសំខាន់ជាងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនថែមទៅទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមការងារចូលរួមពិធីកាន់បិណ្ឌ៥ នៅវត្តទាំង៥ក្នុងឃុំត្រពាំងធំខាងជើង

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពជានិងក្រុមការងារបានចូលរួមពិធីកាន់បិណ្ឌ៥ ក្នុងឱកាសបុណ្យភ្ជំុបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលា...

2020-09-07 08:08:21   ថ្ងៃចន្ទ, 07 កញ្ញា 2020 ម៉ោង 03:08 PM
របាយការណ៍សង្ខេប ស្តីពី ការចុះប្រមូលទិន្នន័យដំណាំយកស្លឹក និងដំណាំយកគ្រាប់ ក្រោមគម្រោង «ការគាំទ្របច្ចេកវិទ្យាផលិត និងអនុវត្តន៍បាយអូឆាដើម្បីកែប្រែដីឱ្យមានគុណភាព និងបង្កើនទិន្នផលដំណាំកសិកម្មនៅកម្ពុជា» ដោយ៖ ស្វាយ រីដា

RAC Mediaប្រភព៖ ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

2020-09-03 07:38:09   ថ្ងៃព្រហស្បតិ៍, 03 កញ្ញា 2020 ម៉ោង 02:38 PM
សកម្មភាពចុះស្រាវជ្រាវគម្រោងស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»

ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែសីហា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោងស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាអំពីការនា...

2020-09-01 06:22:59   ថ្ងៃអង្គារ, 01 កញ្ញា 2020 ម៉ោង 01:22 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ លើកទឹកចិត្តមន្ត្រីឱ្យមកបំពេញការងារឱ្យទៀងទាត់ ដើម្បីបន្សល់កេរ្តិ៍ឈ្មោះស្នាដៃជូនស្ថាប័ន និងសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងខែសីហា ឆ្នាំ២០២០ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម...

2020-09-01 06:12:27   ថ្ងៃអង្គារ, 01 កញ្ញា 2020 ម៉ោង 01:12 PM
សកម្មភាពចុះសិក្សាអំពីផលិត​កម្មបន្លែនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែសីហា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»​នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាអំពីផលិត​...

2020-08-31 09:02:47   ថ្ងៃចន្ទ, 31 សីហា 2020 ម៉ោង 04:02 PM
សកម្មភាពស្រាវជ្រាវពីអតីតរាជធានី និងទីក្រុងបុរាណខ្មែរ

ការសិក្សាស្រាវជ្រាវអំពីអតីតរាជធានីនិងទីក្រុងបុរាណខ្មែរ ដឹកនាំដោយឯកឧត្តមបណ្ឌិតជូ ច័ន្ទដារី និងសហការី  (លោ​ក​បណ្ឌិត ហេង ហុកវេន លោកហៀង លាងហុង និងលោកសុង ចំណាន) បានចុះសិក្សានៅតាមទីតាំងអតីតរាជធានីផ្សេង...

2020-08-31 08:46:22   ថ្ងៃចន្ទ, 31 សីហា 2020 ម៉ោង 03:46 PM

សេចក្តីប្រកាស