ព័ត៌មាន

បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ

2025-02-10 09:13:29 ថ្ងៃចន្ទ, 10 កុម្ភៈ 2025 ម៉ោង 04:13 PM
អ្នកមើល 680
post_detail1

          ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបចេះជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកទុក្ខវេទនាជាមួយគ្នាថែមទៀតផង។ ឆ្លើយតបចំពោះករណីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពនយោបាយ ការលើកឡើងដូចនេះ បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានប្រវត្តិទំនាក់ទំនងយូរលង់ណាស់មកហើយ និងបានឈានដល់កម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគីក្នុងពេលបច្ចុប្បន្ន។ លោកបណ្ឌិត បានបន្តថា គិតមកត្រឹមពេលនេះ ទំនាក់ទំនងកម្ពុជា-ចិននៅពុំទាន់មានសញ្ញាណណាមួយបញ្ជាក់អំពីការធ្លាក់ចុះនៅឡើយនោះដែរ។

          លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា នៅក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរ កម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាតំបន់និងអន្តរជាតិ ជាពិសេស កម្ពុជាតែងតែបង្ហាញនូវ​ការគាំទ្រដោយឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ។ ចំណែកនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ លោកបណ្ឌិត បានមើលឃើញថា កម្ពុជាអាចទទួលបានផលប្រយោជន៍ច្រើននៅលើវិស័យសេដ្ឋកិច្ច ក៏ព្រោះតែចិន នៅតែជាប្រភពវិនិយោគទុនធំជាងគេ និងជាម្ចាស់ជំនួយធំជាងគេ ក៏ដូចជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាផងដែរ។

          ទោះជាយ៉ាងណាអ្វីដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះគឺ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលគេអាចកត់សម្គាល់បានតាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន មកទស្សនានៅប្រទេសកម្ពុជា ចាប់តាំងពីក្រោយការរីករាលដាលជំងឺកូវីដ-១៩កន្លងមក។ គេនៅចាំបានថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងឃើញ​មានការលើកឡើងនូវការសន្យាជាច្រើន ក្នុងចំណោមសាធារណជនចិនថា នៅក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេនឹងធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ បើទោះយ៉ាងណា តួលេខនៃភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកលេងកម្សាន្តប្រទេសកម្ពុជាមិនដូចការលើកឡើងខាងលើនោះឡើយ ដោយចំនួនភ្ញៀវទេសចរចិន បានបន្តធ្លាក់ចុះនៅក្នុងកម្រិតទាបខ្លាំង រហូតដល់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់កម្ពុជាមានចំនួនតិចជាងគេ រហូតដល់តិចជាភ្ញៀវទេសចរដែលធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសទៅទៀត។

          លោកបណ្ឌិត គិន ភា បានបន្តកត់សម្គាល់បន្ថែមទៀតថា នៅក្នុងរយៈពេលមួយរយៈចុងក្រោយនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ក៏ដូចជាកាសែតមួយចំនួនដែលត្រូវបានគេមើលឃើញថាមានជំហរស្និទ្ធនឹងរដ្ឋាភិបាលចិន និងដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញផ្សាយនូវអត្ថបទដែលមានលក្ខណៈជាការវាយប្រហារហូរហែរអំពីទំនាក់ទំនងរវាងកម្ពុជានឹងចិន ពិសេស ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនតេជោ និងគម្រោងផ្លូវដែកជាដើម ដោយក្នុងនោះមានការបង្ហាញពីជំហរមិនសប្បាយចិត្តពីសំណាក់ចិន ទៅលើគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះចិននៅក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា ការផ្សព្វផ្សាយទាំងនេះ ពុំមែនជាជំហរផ្លូវការរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ​ ហើយលោកបណ្ឌិតក៏បានបង្ហាញផងដែរថា អ្វីដែលជាការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន នឹងជាសារផ្លូវការមួយ ដើម្បីកុំឱ្យមានការបរិហារខ្វះការពិតអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ដែលភាគីទាំងពីរ កម្ពុជា-ចិន ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ផ្លែផ្កាជាក់ស្ដែងប្រកបដោយគុណភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកាន់តែមានសារៈសំខាន់ជាងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនថែមទៅទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សារៈសំខាន់នៃការពង្រឹងនីតិរដ្ឋ នៅក្នុងដំណើរការអភិវឌ្ឍសង្គម

ដោយ៖ លឹម សុវណ្ណរិទ្ធ           នីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាស្ថិរភាព​នយោបាយ ដើម្បី​សម្រេចបាននូវវឌ្ឍនភាព និងការអភិវឌ្ឍ...

2024-10-25 08:55:06   ថ្ងៃសុក្រ, 25 តុលា 2024 ម៉ោង 03:55 PM
ក្នុងឋានៈជារដ្ឋអធិបតេយ្យ កម្ពុជាត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួនតែមួយគត់

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្...

2024-10-24 02:17:29   ថ្ងៃព្រហស្បតិ៍, 24 តុលា 2024 ម៉ោង 09:17 AM
ហេតុអ្វីបានជាអ្នកនយោបាយនៅតែបន្តខ្វែងគំនិតគ្នាពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?

ដោយ៖ លឹម សុវណ្ណរិទ្ធ           ៣៣ឆ្នាំក្រោយពីការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នក​នយោបាយខ្មែរនៅតែបន្តខ្វែងគំនិតគ្នា ពាក់ព័ន្ធទៅនឹងកិ...

2024-10-23 08:53:11   ថ្ងៃពុធ, 23 តុលា 2024 ម៉ោង 03:53 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញចូលរួមកិច្ចប្រជុំប្រមូលទិន្ន័យ និងផ្តល់ព័ត៌មានសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤ នៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ ឆ្នាំ២០១៧-២០២៥

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភា​កម្ពុជា និងកញ្ញា ម៉ៅ សុគន្ធា មន្ត្រីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមប្រជុំ ដើម្បី​ប្រមូលទិន្ន័យ និង...

2024-10-22 02:14:39   ថ្ងៃអង្គារ, 22 តុលា 2024 ម៉ោង 09:14 AM
ក្រដាសប្រាក់ថ្មី ក្លាយជាប្រធានបទថ្មី ដើម្បីវិទ្ធង្សនា បម្រើមហិច្ឆតានយោបាយប្រឆាំង?

ដោយ៖ លឹម សុវណ្ណរិទ្ធ           ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យប្រើប្រាស់ធនប័ត្រអនុ​ស្សាវរីយ៍ (ក្រដាសប្រាក់) ប្រភេទថ្មី ប្រភេទ ២០០ ០០...

2024-10-21 12:55:04   ថ្ងៃចន្ទ, 21 តុលា 2024 ម៉ោង 07:55 PM
ប្រសិនបើរដ្ឋាភិបាលមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្មើនឹងមិនគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា?

ដោយ៖ បណ្ឌិត យង់ ពៅ ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យ...

2024-10-21 08:12:14   ថ្ងៃចន្ទ, 21 តុលា 2024 ម៉ោង 03:12 PM

សេចក្តីប្រកាស