ព័ត៌មាន

បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ

2025-02-10 09:13:29 ថ្ងៃចន្ទ, 10 កុម្ភៈ 2025 ម៉ោង 04:13 PM
អ្នកមើល 4731
post_detail1

          ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបចេះជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកទុក្ខវេទនាជាមួយគ្នាថែមទៀតផង។ ឆ្លើយតបចំពោះករណីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពនយោបាយ ការលើកឡើងដូចនេះ បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានប្រវត្តិទំនាក់ទំនងយូរលង់ណាស់មកហើយ និងបានឈានដល់កម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគីក្នុងពេលបច្ចុប្បន្ន។ លោកបណ្ឌិត បានបន្តថា គិតមកត្រឹមពេលនេះ ទំនាក់ទំនងកម្ពុជា-ចិននៅពុំទាន់មានសញ្ញាណណាមួយបញ្ជាក់អំពីការធ្លាក់ចុះនៅឡើយនោះដែរ។

          លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា នៅក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរ កម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាតំបន់និងអន្តរជាតិ ជាពិសេស កម្ពុជាតែងតែបង្ហាញនូវ​ការគាំទ្រដោយឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ។ ចំណែកនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ លោកបណ្ឌិត បានមើលឃើញថា កម្ពុជាអាចទទួលបានផលប្រយោជន៍ច្រើននៅលើវិស័យសេដ្ឋកិច្ច ក៏ព្រោះតែចិន នៅតែជាប្រភពវិនិយោគទុនធំជាងគេ និងជាម្ចាស់ជំនួយធំជាងគេ ក៏ដូចជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាផងដែរ។

          ទោះជាយ៉ាងណាអ្វីដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះគឺ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលគេអាចកត់សម្គាល់បានតាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន មកទស្សនានៅប្រទេសកម្ពុជា ចាប់តាំងពីក្រោយការរីករាលដាលជំងឺកូវីដ-១៩កន្លងមក។ គេនៅចាំបានថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងឃើញ​មានការលើកឡើងនូវការសន្យាជាច្រើន ក្នុងចំណោមសាធារណជនចិនថា នៅក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេនឹងធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ បើទោះយ៉ាងណា តួលេខនៃភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកលេងកម្សាន្តប្រទេសកម្ពុជាមិនដូចការលើកឡើងខាងលើនោះឡើយ ដោយចំនួនភ្ញៀវទេសចរចិន បានបន្តធ្លាក់ចុះនៅក្នុងកម្រិតទាបខ្លាំង រហូតដល់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់កម្ពុជាមានចំនួនតិចជាងគេ រហូតដល់តិចជាភ្ញៀវទេសចរដែលធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសទៅទៀត។

          លោកបណ្ឌិត គិន ភា បានបន្តកត់សម្គាល់បន្ថែមទៀតថា នៅក្នុងរយៈពេលមួយរយៈចុងក្រោយនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ក៏ដូចជាកាសែតមួយចំនួនដែលត្រូវបានគេមើលឃើញថាមានជំហរស្និទ្ធនឹងរដ្ឋាភិបាលចិន និងដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញផ្សាយនូវអត្ថបទដែលមានលក្ខណៈជាការវាយប្រហារហូរហែរអំពីទំនាក់ទំនងរវាងកម្ពុជានឹងចិន ពិសេស ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនតេជោ និងគម្រោងផ្លូវដែកជាដើម ដោយក្នុងនោះមានការបង្ហាញពីជំហរមិនសប្បាយចិត្តពីសំណាក់ចិន ទៅលើគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះចិននៅក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា ការផ្សព្វផ្សាយទាំងនេះ ពុំមែនជាជំហរផ្លូវការរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ​ ហើយលោកបណ្ឌិតក៏បានបង្ហាញផងដែរថា អ្វីដែលជាការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន នឹងជាសារផ្លូវការមួយ ដើម្បីកុំឱ្យមានការបរិហារខ្វះការពិតអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ដែលភាគីទាំងពីរ កម្ពុជា-ចិន ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ផ្លែផ្កាជាក់ស្ដែងប្រកបដោយគុណភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកាន់តែមានសារៈសំខាន់ជាងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនថែមទៅទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

កម្ពុជានិងសហរដ្ឋអាម៉េរិក៖ ទំនាក់ទំនងនិងទំនុកចិត្តដែលត្រូវស្តារវិញ, ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនង​នេះ​ហាក់នៅមិនទា...

2021-05-28 13:18:01   ថ្ងៃសុក្រ, 28 ឧសភា 2021 ម៉ោង 08:18 PM
គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM

សេចក្តីប្រកាស