Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីយុទ្ធសាស្ត្រដែលកម្ពុជាគួរប្រកាន់ខ្ជាប់ដើម្បីរក្សាកំណើននៃការនាំចេញ និងទាក់ទាញការវិនិយោគ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា កម្ពុជាត្រូវបន្តធ្វើកំណែទម្រង់ផ្ទៃក្នុងឱ្យស៊ីជម្រៅលើវិស័យការងារ ដើម្បីដណ្តើមឧត្តមភាពប្រកួតប្រជែង រក្សាកំណើននៃការនាំចេញ និងទាក់ទាញការវិនិយោគបន្ថែម ដើម្បីធានាឱ្យបានថា កម្ពុជាអាចប្រឈមមុខការប្រែប្រួលផ្សេងៗដែលអាចកើតមានឡើង ទាំងនៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកថ្មី ក៏ដូចជាការប្រែប្រួលខាងយុទ្ធសាស្ត្ររបស់មហាអំណាចតំបន់និងពិភពលោក។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បើទោះបីជាមានការជជែកពិភាក្សាមិនឯកភាពគ្នាទៅលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ GSP ឬ EBA សម្រាប់ប្រទេសកម្ពុជាក្ដី ប៉ុន្តែតាមរយៈរបាយការណ៍នាំចេញរបស់កម្ពុជា បានបង្ហាញថា ការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ពិតជាសម្រេចបានកំណើនគួរឱ្យកត់សម្គាល់ ដែលគួរឱ្យអបអរសាទរ។ លោកបណ្ឌិតបន្តថា នេះគឺជាភាពជោគជ័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ទោះជាយ៉ាងណា លោកបណ្ឌិតបានបន្តថា កម្ពុជាគួរតែច្បាមយកឱកាសនៃការនាំចេញទៅក្រៅប្រទេសឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជំរុញទីផ្សារកាន់តែទូលំទូលាយ ដោយមិនគួរពឹងផ្អែកតែទៅលើទីផ្សារណាមួយដែលអាស្រ័យនិន្នាការនៃរដ្ឋបរទេសទាំងនោះខ្លាំងពេក។
បើតាមលោកបណ្ឌិត យង់ ពៅ ប្រទេសកម្ពុជាគួរតែដាក់ចេញយុទ្ធសាស្ត្រឱ្យបានជាក់លាក់បន្ថែមពីលើយុទ្ធសាស្ត្រដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដោយលោកបានលើកឡើង ៥ចំណុចគឺ៖
១- ការធ្វើពិពិធកម្មការទូតនយោបាយ និងការទូតសេដ្ឋកិច្ច៖
កម្ពុជាត្រូវការធ្វើពិពិធកម្មនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងបណ្ដាប្រទេសនានា ទាំងដៃគូបច្ចុប្បន្ន និងបណ្ដាប្រទេសដទៃផ្សេងៗទៀត ដែលកម្ពុជាអាចមានលទ្ធភាពកសាងទំនាក់ទំនងល្អជាមួយ ដោយអនុលោមតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ថ្វីដ្បិតតែរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានធ្វើពិពិធកម្មការទូតនយោបាយ និងការទូតសេដ្ឋកិច្ចបានល្អប្រសើរក្ដី ប៉ុន្តែបើតាមទស្សនៈយល់ឃើញរបស់លោកបណ្ឌិត យង់ ពៅ កម្ពុជាត្រូវជំរុញការធ្វើពិពិធកម្មការទូតនយោបាយ និងការទូតសេដ្ឋកិច្ចបន្ថែមទៀត ដោយកម្ពុជាត្រូវបង្កើនទំនាក់ទំនងល្អនិងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយនឹងបណ្ដាប្រទេសថ្មីៗ ទាំងទៅលើវិស័យនយោបាយ និងសេដ្ឋកិច្ច តាមរយៈការជំរុញភាពសកម្មនៃតំណាងការទូតកម្ពុជានៅឯបរទេស ដោយត្រូវបង្ហាញនូវសក្ដានុពល និងលក្ខខណ្ឌអំណោយផលរបស់ប្រទេសកម្ពុជា ចំពោះការវិនិយោគ និងការដោះដូរពាណិជ្ជកម្មជាលក្ខណៈទ្វេភាគី ឬពហុភាគី។ តាមរយៈនេះ តំណាងបេសកកម្មការទូតកម្ពុជានៅឯបរទេស គួរតែតាំងបង្ហាញនូវផលិតផលទាំងឡាយរបស់កម្ពុជា ទាំងផលិតផលកសិកម្ម ឧស្សាហកម្ម ក៏ដូចជាទេសចរណ៍ជាដើម នៅក្នុងឱកាសសមស្របណាមួយ រាប់ចាប់តាំងពីពិធីបុណ្យប្រពៃណីខ្មែរ ពិធីបុណ្យឯករាជ្យ ឬពិធីបុណ្យផ្សេងៗនៅក្នុងរដ្ឋម្ចាស់ផ្ទះ ដែលអាចអនុញ្ញាតឱ្យមហាជននៅក្នុងប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្ម បានដឹង បានស្គាល់ និងអាចស្វែងយល់បន្ថែមកាន់តែច្រើនពីសក្ដានុពលរបស់ប្រទេសកម្ពុជាបាន។
២- ការរៀបចំបទដ្ឋានការងារកាន់តែប្រសើរឡើងបន្ថែមទៀត៖
បើទោះបីជារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានរៀបចំជំរុញភាពសុខដុមនៃការបំពេញការងារបានកម្រិតមួយល្អប្រសើរហើយក្ដី ក៏ប៉ុន្តែនៅចំពោះមុខស្ថានភាពនៃការវិវត្តជាសាកលនាពេលបច្ចុប្បន្ន កម្ពុជានៅតែមានភាពចាំបាច់នៅក្នុងការរៀបចំបទដ្ឋានការងារកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីធានាបាននូវភាពសុខដុមសម្រាប់វិនិយោគិន និយោជក និងនិយោជិតទាំងឡាយ ហើយបង្កបរិយាកាសល្អប្រសើរសម្រាប់ការបំពេញការងារនៅក្នុងវិស័យនីមួយៗ។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលត្រូវត្រួតពិនិត្យ និងពង្រឹងឱ្យកាន់តែប្រសើរឡើងថែមទៀត រាប់ចាប់តាំងពីបទដ្ឋានការងារ ច្បាប់ការងារ និងលក្ខខណ្ឌនៅទីកន្លែងបំពេញការងារផ្សេងៗ។
៣- ការពង្រឹងគុណភាពសេវាកម្មនិងផលិតកម្មរបស់កម្ពុជា
កម្ពុជាត្រូវតែពង្រឹងនូវគុណភាពនៃការបំពេញសេវាកម្មនិងជំរុញផលិតកម្មកាន់តែប្រសើរបន្ថែមទៀត ព្រោះទីផ្សារនាំចេញផលិតផលរបស់កម្ពុជា គឺជាទីផ្សារដែលផ្ដោតជាសំខាន់ទៅលើគុណភាពផលិតផល ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដែលកម្ពុជាបាននិងកំពុងផលិតនូវផលិតផលម៉ាកល្បីៗរបស់ពិភពលោក យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឱ្យមានការប្រកួតប្រជែងស្តង់ដារគុណភាពផលិតផលកាន់តែខ្លាំងឡើងថែមទៀត។
៤- ការធានាស្ថិរភាពនយោបាយ៖
ប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងតែមាននូវស្ថិរភាពនយោបាយនិងសង្គម នៅតែជាប្រធានបទចាំបាច់ និងមានលក្ខណៈដាច់ខាតសម្រាប់កម្ពុជាត្រូវតែសម្រេចឱ្យបាន។ ស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដ៏សំខាន់ ដែលជាបុព្វលក្ខខណ្ឌផ្ដល់ឱកាសឱ្យអ្នកវិនិយោគបរទេសនិងក្នុងស្រុក អាចដាក់ទុនវិនិយោគ និងរកស៊ី ដោះដូរពាណិជ្ជកម្មបានដោយទំនុកចិត្ត និងគ្មានការព្រួយបារម្ភចំពោះហានិភ័យផ្សេងៗ ព្រមទាំងធានាបាននូវនិរន្តរភាពជាប្រក្រតីនៃដំណើរការអាជីវកម្មរបស់ខ្លួន។
៥- ការបន្តកំណែទម្រង់ស៊ីជម្រៅបន្ថែម៖
កម្ពុជាមានភាពចាំបាច់នៅក្នុងការធ្វើពិពិធកម្មការវិនិយោគ ហើយការធ្វើវិសោធនកម្មច្បាប់ដែលបង្កលក្ខខណ្ឌអំណោយផលដល់ការវិនិយោគពីបរទេស គឺជារឿងដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវគិតគូរពិចារណាផងដែរ។ ច្បាប់ថ្មី ដែលត្រូវធ្វើវិសោធនកម្មនោះគឺ ត្រូវសម្របសម្រួល និងផ្ដល់លក្ខខណ្ឌល្អប្រសើរចំពោះរាល់ក្រុមហ៊ុនបរទេសទាំងឡាយ ពិសេសក្រុមហ៊ុន ដែលមកពីប្រទេសនាំចូលទំនិញសំខាន់ៗពីកម្ពុជា សំដៅធ្វើយ៉ាងណា លើកទឹកចិត្តវិនិយោគិនពីប្រទេសទាំងនោះ ឱ្យសម្លឹងមើលឃើញពីឱកាសចំណេញនិងភាពងាយស្រួលនៅក្នុងការវិនិយោគបង្កើតរោងចក្រសគ្រាសនៅក្នុងប្រទេសកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
ការគ្រប់គ្រងរដ្ឋបាលតាមបែប វិមជ្ឈការ គឺជាប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាល ដែលរដ្ឋបាលកណ្តាលផ្ទេរអំណាចទៅឱ្យរដ្ឋបាល មូលដ្ឋាន ដែលមានរដ្ឋបាលឃុំ សង្កាត់។ ការផ្ទេរអំណាចបែបនេះ ក្នុងគោលបំណងឱ្យរដ្ឋបាលមូលដ...
ច្បាប់កិច្ចសន្យា ត្រូវបានគេយកទៅអនុវត្ត នៅគ្រប់ក្របខណ្ឌអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមក្រុមហ៊ុនរូបវន្តបុគ្គល និង ក្រុមហ៊ុននីតិបុគ្គលជាតិ និង អន្តរជាតិ។ ដើម្បីដំណើរការប្រព្រឹត្តទៅបានល្អ កាត់បន្ថយនូវជម្...
មនុស្សក្នុងលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន តាមការយល់ឃើញរបស់ពួកគេ។ ជនជាតិខ្លះមានជំនឿលើកធម្មជាតិដូចជា បឹងបួ ទន្លេ ព្រៃភ្នំ ដើមឈើធំៗ ឬអព្ហូតហេតុផ្សេងៗ ដែលជារឿង អច្ឆរិយៈ។ ពួកគេនាំគ្នាគោរពបន់ស្រន់ដោយជ...
អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...
កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...