ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវបន្តធ្វើកំណែទម្រង់ផ្ទៃក្នុងឱ្យស៊ីជម្រៅលើវិស័យការងារ ដើម្បីដណ្តើមឧត្តមភាពប្រកួតប្រជែង រក្សាកំណើននៃការនាំចេញ និងទាក់ទាញការវិនិយោគបន្ថែម

2025-02-04 05:51:48 ថ្ងៃអង្គារ, 04 កុម្ភៈ 2025 ម៉ោង 12:51 PM
អ្នកមើល 924
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីយុទ្ធសាស្ត្រដែលកម្ពុជាគួរប្រកាន់ខ្ជាប់ដើម្បីរក្សាកំណើននៃការនាំចេញ និងទាក់ទាញការវិនិយោគ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា កម្ពុជាត្រូវបន្តធ្វើកំណែទម្រង់ផ្ទៃក្នុងឱ្យស៊ីជម្រៅលើវិស័យការងារ ដើម្បីដណ្តើមឧត្តមភាពប្រកួតប្រជែង រក្សាកំណើននៃការនាំចេញ និងទាក់ទាញការវិនិយោគបន្ថែម ដើម្បីធានាឱ្យបានថា កម្ពុជាអាចប្រឈមមុខការប្រែប្រួលផ្សេងៗដែលអាចកើតមានឡើង ទាំងនៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកថ្មី ក៏ដូចជាការប្រែប្រួលខាងយុទ្ធសាស្ត្ររបស់មហាអំណាចតំបន់និងពិភពលោក។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បើទោះបីជាមានការជជែកពិភាក្សាមិនឯកភាពគ្នាទៅលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ GSP ឬ EBA សម្រាប់ប្រទេសកម្ពុជាក្ដី ប៉ុន្តែតាមរយៈរបាយការណ៍នាំចេញរបស់កម្ពុជា បានបង្ហាញថា ការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ពិតជាសម្រេចបានកំណើនគួរឱ្យកត់សម្គាល់ ដែលគួរឱ្យអបអរសាទរ។ លោកបណ្ឌិតបន្តថា នេះគឺជាភាពជោគជ័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ទោះជាយ៉ាងណា លោកបណ្ឌិតបានបន្តថា កម្ពុជាគួរតែច្បាមយកឱកាសនៃការនាំចេញទៅក្រៅប្រទេសឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជំរុញទីផ្សារកាន់តែទូលំទូលាយ ដោយមិនគួរពឹងផ្អែកតែទៅលើទីផ្សារណាមួយដែលអាស្រ័យនិន្នាការនៃរដ្ឋបរទេសទាំងនោះខ្លាំងពេក។

 

បើតាមលោកបណ្ឌិត យង់ ពៅ ប្រទេសកម្ពុជាគួរតែដាក់ចេញយុទ្ធសាស្ត្រឱ្យបានជាក់លាក់បន្ថែមពីលើយុទ្ធសាស្ត្រដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដោយលោកបានលើកឡើង ៥ចំណុចគឺ៖

១- ការធ្វើពិពិធកម្មការទូតនយោបាយ និងការទូតសេដ្ឋកិច្ច៖

កម្ពុជាត្រូវការធ្វើពិពិធកម្មនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងបណ្ដាប្រទេសនានា ទាំងដៃគូបច្ចុប្បន្ន និងបណ្ដាប្រទេសដទៃផ្សេងៗទៀត ដែលកម្ពុជាអាចមានលទ្ធភាពកសាងទំនាក់ទំនងល្អជាមួយ ដោយអនុលោមតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ថ្វីដ្បិតតែរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានធ្វើពិពិធកម្មការទូតនយោបាយ និងការទូតសេដ្ឋកិច្ចបានល្អប្រសើរក្ដី ប៉ុន្តែបើតាមទស្សនៈយល់ឃើញរបស់លោកបណ្ឌិត យង់ ពៅ កម្ពុជាត្រូវជំរុញការធ្វើពិពិធកម្មការទូតនយោបាយ និងការទូតសេដ្ឋកិច្ចបន្ថែមទៀត ដោយកម្ពុជាត្រូវបង្កើនទំនាក់ទំនងល្អនិងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយនឹងបណ្ដាប្រទេសថ្មីៗ ទាំងទៅលើវិស័យនយោបាយ និងសេដ្ឋកិច្ច តាមរយៈការជំរុញភាពសកម្មនៃតំណាងការទូតកម្ពុជានៅឯបរទេស ដោយត្រូវបង្ហាញនូវសក្ដានុពល និងលក្ខខណ្ឌអំណោយផលរបស់ប្រទេសកម្ពុជា ចំពោះការវិនិយោគ និងការដោះដូរពាណិជ្ជកម្មជាលក្ខណៈទ្វេភាគី ឬពហុភាគី។ តាមរយៈនេះ តំណាងបេសកកម្មការទូតកម្ពុជានៅឯបរទេស គួរតែតាំងបង្ហាញនូវផលិតផលទាំងឡាយរបស់កម្ពុជា ទាំងផលិតផលកសិកម្ម ឧស្សាហកម្ម ក៏ដូចជាទេសចរណ៍ជាដើម នៅក្នុងឱកាសសមស្របណាមួយ រាប់ចាប់តាំងពីពិធីបុណ្យប្រពៃណីខ្មែរ ពិធីបុណ្យឯករាជ្យ ឬពិធីបុណ្យផ្សេងៗនៅក្នុងរដ្ឋម្ចាស់ផ្ទះ ដែលអាចអនុញ្ញាតឱ្យមហាជននៅក្នុងប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្ម បានដឹង បានស្គាល់ និងអាចស្វែងយល់បន្ថែមកាន់តែច្រើនពីសក្ដានុពលរបស់ប្រទេសកម្ពុជាបាន។

២- ការរៀបចំបទដ្ឋានការងារកាន់តែប្រសើរឡើងបន្ថែមទៀត៖

បើទោះបីជារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានរៀបចំជំរុញភាពសុខដុមនៃការបំពេញការងារបានកម្រិតមួយល្អប្រសើរហើយក្ដី ក៏ប៉ុន្តែនៅចំពោះមុខស្ថានភាពនៃការវិវត្តជាសាកលនាពេលបច្ចុប្បន្ន កម្ពុជានៅតែមានភាពចាំបាច់នៅក្នុងការរៀបចំបទដ្ឋានការងារកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីធានាបាននូវភាពសុខដុមសម្រាប់វិនិយោគិន និយោជក និងនិយោជិតទាំងឡាយ ហើយបង្កបរិយាកាសល្អប្រសើរសម្រាប់ការបំពេញការងារនៅក្នុងវិស័យនីមួយៗ។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលត្រូវត្រួតពិនិត្យ និងពង្រឹងឱ្យកាន់តែប្រសើរឡើងថែមទៀត រាប់ចាប់តាំងពីបទដ្ឋានការងារ ច្បាប់ការងារ និងលក្ខខណ្ឌនៅទីកន្លែងបំពេញការងារផ្សេងៗ។

៣- ការពង្រឹងគុណភាពសេវាកម្មនិងផលិតកម្មរបស់កម្ពុជា

កម្ពុជាត្រូវតែពង្រឹងនូវគុណភាពនៃការបំពេញសេវាកម្មនិងជំរុញផលិតកម្មកាន់តែប្រសើរបន្ថែមទៀត ព្រោះទីផ្សារនាំចេញផលិតផលរបស់កម្ពុជា គឺជាទីផ្សារដែលផ្ដោតជាសំខាន់ទៅលើគុណភាពផលិតផល ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដែលកម្ពុជាបាននិងកំពុងផលិតនូវផលិតផលម៉ាកល្បីៗរបស់ពិភពលោក យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឱ្យមានការប្រកួតប្រជែងស្តង់ដារគុណភាពផលិតផលកាន់តែខ្លាំងឡើងថែមទៀត។

៤- ការធានាស្ថិរភាពនយោបាយ៖

ប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងតែមាននូវស្ថិរភាពនយោបាយនិងសង្គម នៅតែជាប្រធានបទចាំបាច់ និងមានលក្ខណៈដាច់ខាតសម្រាប់កម្ពុជាត្រូវតែសម្រេចឱ្យបាន។ ស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដ៏សំខាន់ ដែលជាបុព្វលក្ខខណ្ឌផ្ដល់ឱកាសឱ្យអ្នកវិនិយោគបរទេសនិងក្នុងស្រុក អាចដាក់ទុនវិនិយោគ និងរកស៊ី ដោះដូរពាណិជ្ជកម្មបានដោយទំនុកចិត្ត និងគ្មានការព្រួយបារម្ភចំពោះហានិភ័យផ្សេងៗ ព្រមទាំងធានាបាននូវនិរន្តរភាពជាប្រក្រតីនៃដំណើរការអាជីវកម្មរបស់ខ្លួន។

៥- ការបន្តកំណែទម្រង់ស៊ីជម្រៅបន្ថែម៖

កម្ពុជាមានភាពចាំបាច់នៅក្នុងការធ្វើពិពិធកម្មការវិនិយោគ ហើយការធ្វើវិសោធនកម្មច្បាប់ដែលបង្កលក្ខខណ្ឌអំណោយផលដល់ការវិនិយោគពីបរទេស គឺជារឿងដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវគិតគូរពិចារណាផងដែរ។ ច្បាប់ថ្មី ដែលត្រូវធ្វើវិសោធនកម្មនោះគឺ ត្រូវសម្របសម្រួល និងផ្ដល់លក្ខខណ្ឌល្អប្រសើរ​ចំពោះរាល់ក្រុមហ៊ុនបរទេសទាំងឡាយ ពិសេសក្រុមហ៊ុន​ ដែលមកពីប្រទេសនាំចូលទំនិញសំខាន់ៗពីកម្ពុជា សំដៅធ្វើយ៉ាងណា លើកទឹកចិត្តវិនិយោគិនពីប្រទេសទាំងនោះ ឱ្យសម្លឹងមើលឃើញពីឱកាសចំណេញនិងភាពងាយស្រួលនៅក្នុងការវិនិយោគបង្កើតរោងចក្រសគ្រាសនៅក្នុងប្រទេសកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«កិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា»

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅរាជ​បណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតី...

2020-01-29 10:28:00   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 05:28 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីរសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័...

2020-01-29 03:09:29   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 10:09 AM
«ការសិតបដិមាទោលព្រះនាងឥន្រ្ទទេវី» ស្រាវជ្រាវនិងចងក្រងដោយ៖ យង់ ពៅ, ផុន កសិកា, ម៉ិល វាសនា, តាកេត ស័កដា, ហឿង សុធារស់, ប្រែង ពិសិដ្ឋ

...

2020-01-28 09:47:46   ថ្ងៃអង្គារ, 28 មករា 2020 ម៉ោង 04:47 PM
«ការសិក្សាអង្កេតបឋមអំពីម៉ូដសក់ផ្នួងមួយនៃចម្លាក់អប្សរនៅប្រាសាទអង្គវត្ត» ដោយ៖ ដោយ នូ ចាន់សុភី, ម៉ិល វាសនា, ប្រែង ពិសិដ្ឋ

...

2020-01-23 07:39:52   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 02:39 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តពាក្យរបស់គណៈកម្មការព័ត៌មានវិទ្យា និងពិភាក្សា អនុម័តបច្ចេកសព្ទ បរិស្ថាននិងធនធានធម្មជាតិ...»

កាលពីរសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើក កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...

2020-01-23 05:21:31   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 12:21 PM
«មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែចម្រើន។ នេះជាប្រសាសន៍ក្រើនរម្លឹកថ្នាក់ដឹកនាំវ...

2020-01-22 05:23:38   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 12:23 PM

សេចក្តីប្រកាស