ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ជាទំនាក់ទំនងមានភាពចាស់ទុំយូរអង្វែង តែត្រូវបង្កើនភាពយោគយល់និងទំនុកចិត្តគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ

2025-02-01 05:37:34 ថ្ងៃសៅរ៍, 01 កុម្ភៈ 2025 ម៉ោង 12:37 PM
អ្នកមើល 553
post_detail1

ទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលមានអាយុកាល ៧៥ឆ្នាំកន្លងទៅហើយនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ចាត់ទុកថា ជាទំនាក់ទំនងដែលមានភាពចាស់ទុំនិងយូរអង្វែងមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ លោកបណ្ឌិត បានបន្តថា ទំនាក់ទំនងទ្វេភាគីនេះ តែងតែវិវត្តពីសម័យកាលមួយទៅសម័យកាលមួយ ហើយបើទោះបីជាមានភាពរអាក់រអួលខ្លះ ដោយសារការបត់បែនតាមកាលៈទេសៈនយោបាយពិភពលោក ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ និងនៅក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រកន្លងទៅក្ដី ក៏កម្ពុជានិងសហរដ្ឋអាម៉េរិក នៅតែរក្សាទំនាក់ទំនងរវាងគ្នាអស់រយៈពេល ៧៥ឆ្នាំកន្លងមកហើយ។ បើតាមការកត់សម្គាល់របស់លោកបណ្ឌិត យង់ ពៅ បើទោះជានៅក្នុងដំណាក់កាលខ្លះ ភាគីទាំងពីរ មានការយល់ឃើញខុសគ្នាយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនង និងបន្តការស្វែងយល់ពីគ្នា ក៏ដូចជារក្សាទំនាក់ទំនងបានអស់រយៈពេលដ៏យូរអង្វែង ព្រមទាំងបន្តទំនាក់ទំនងជាប្រក្រតីបន្តទៅទៀត។

ទោះជាយ៉ាងណា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ត្រូវបានលោកបណ្ឌិត យង់ ពៅ មើលឃើញថា ជាទំនាក់ទំនងទ្វេភាគី ដែលទាមទារឱ្យមានការស្វែងរកការយល់ដឹងពីគ្នាបន្ថែម និងបង្កើនភាពជឿទុកចិត្តគ្នាបន្តទៀត ដើម្បីរក្សាបាននូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ទាំងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ជាទស្សនៈយល់ឃើញរបស់លោកបណ្ឌិត ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទស្សនៈអវិជ្ជមានពីសំណាក់អ្នកតាមដាន ក៏ដូចជាអ្នកវិភាគមួយចំនួន ដែលជួនកាលបានអះអាងថា កម្ពុជាហាក់ដូចជាមិនបានមើលឃើញអំពីផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីនេះ ប៉ុន្តែជាសច្ចភាពនៅក្នុងទំនាក់ទំនងអន្តរជាតិ ទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ តែងតែហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក្នុងកម្រិតណាមួយផ្សេងៗគ្នា។ លោកបណ្ឌិត បានបន្ថែមទៀតថា បើទោះបីជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសធំឬប្រទេសតូចក៏ដោយក្ដី គ្មានទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋណាមួយ ដែលមិនផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនោះឡើយ ពោល ផលប្រយោជន៍នៃទំនាក់ទំនងនោះ អាចស្ថិតនៅលើលម្ហភូមិសាស្ត្រនយោបាយ ឥទ្ធិពលការទូត ផលប្រយោជន៍នៅក្នុងលម្ហយុទ្ធភូមិសាស្ត្រ និងកិច្ចការអន្តរជាតិផ្សេងៗទៀត តែងតែមានជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងរដ្ឋមួយនឹងរដ្ឋមួយទៀត។

ដោយឡែក សម្រាប់ប្រទេសកម្ពុជា ក្រៅតែពីផលប្រយោជន៍ដូចបានរៀបរាប់ខាងលើ កម្ពុជាក៏ទទួលបានផងដែរ នូវផលប្រយោជន៍ដែលកើតចេញពីការដោះដូរពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក ដែលកម្ពុជាបាននាំចេញផលិតផលទៅកាន់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកមួយ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជាផងដែរ។ នេះគឺជាចំណុចដែលកម្ពុជាត្រូវការ និងគប្បីមានការយកចិត្តទុកដាក់នៅក្នុងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាម៉េរិក។

ជាការពិតណាស់ប្រទេសទាំងពីរ ពិតជាមានភាពចាំបាច់នៅក្នុងការស្វែងយល់អំពីតម្រូវការ និងការចង់បានពីភាគីម្ខាងទៀត ពោល ត្រូវតែមានការឈ្វេងយល់ និងជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ ទាំងនៅក្នុងកម្រិតថ្នាក់ដឹកនាំ មន្ត្រីនយោបាយ និងមន្ត្រីបច្ចេកទេសជាដើម។ ការឈ្វេងយល់អំពីគ្នាទៅវិញទៅមកនេះ ក៏គួរតែធ្វើឡើងទាំងទៅលើទិដ្ឋភាពនយោបាយ ទិដ្ឋភាពច្បាប់  ទិដ្ឋភាពសង្គមវិជ្ជានយោបាយ និងទិដ្ឋភាពនៃការប្រជែងឥទ្ធិពលនៅក្នុងលម្ហភូមិសាស្ត្រផងដែរ។

ជាមួយគ្នានេះ បើតាមលោកបណ្ឌិត យង់ ពៅ កម្ពុជា-សហរដ្ឋអាម៉េរិក ក៏គួរតែមានការរៀបចំនូវការផ្លាស់ប្ដូរទស្សនៈរវាងអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រផងដែរ ដើម្បីផ្ដល់នូវធាតុចូលដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅក្នុងការកំណត់គោលនយោបាយ ក៏ដូចជាជំហរនយោបាយនៅក្នុងទំនាក់ទំនងទ្វេភាគិ សម្ដៅធ្វើយ៉ាងណាលើកកម្ពស់ការទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរតែជំរុញជំនួបពិភាក្សា និងការដោះដូរទស្សនៈយល់ឃើញរវាងអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ ឱ្យបានកាន់តែញឹកញាប់ ពិសេសនៅលើប្រធានបទក្ដៅនានា ដែលអាចបង្កការយល់ច្រឡំលើគ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងទ្វេភាគីនេះ ដោយសារតែសារពីអ្នកសារព័ត៌មាន ឬអ្នកវិភាគមួយចំនួន ដែលលើកឡើងដោយភាពលម្អៀងដោយសារតែនិន្នាការផ្សេង​ៗ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជានិងសហរដ្ឋអាម៉េរិក ពិតជាមានភាពចាំបាច់ណាស់នៅក្នុងការបង្កើនទំនុកចិត្ត និងជំនឿជាក់លើគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលហុចផ្លែផ្កាឱ្យគ្នាទៅវិញទៅមក។

លោកបណ្ឌិតបានបន្តថា កន្លងទៅនេះ បញ្ហាមួយចំនួន ដូចជាករណីកំពង់ផែយោធារាម រាជរដ្ឋាភិបាលកម្ពុជាតែងតែបានបង្ហាញអំពីតថភាពនៅក្នុងដំណើរការអភិវឌ្ឍកំពង់ទឹកជ្រៅរាម  ដែលធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពការពារ និងល្បាតនៅលើដែនទឹកស្ថិតក្នុងអធិបតេយ្យកម្ពុជា របស់កងទ័ពជើងទឹកកម្ពុជា ហើយកម្ពុជាពិតជាបានបង្ហាញនូវសមានចិត្តបើកទូលាយចំពោះបំណងស្វែងយល់បន្ថែមអំពីការធ្វើទំនើបកម្មមូលដ្ឋានយោធាជើងទឹកនេះ សម្រាប់ប្រទេសជាដៃគូទាំងឡាយរបស់កម្ពុជា។ លោកបណ្ឌិតថ្លែងសង្កត់ធ្ងន់ទៀតថា ការបើបង្ហាញនិងអនុញ្ញាតឱ្យមានការធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធាជើងទឹករបស់កម្ពុជានេះ គឺជាផ្នែកមួយនៃការជំរុញនិងកសាងទំនុកចិត្តពីសំណាក់ប្រទេសជាដៃគូទាំងអស់របស់កម្ពុជា ហើយក៏ជាការបង្ហាញអំពីសុចរិតភាពរបស់កម្ពុជាផងដែរ។ ទោះជាយ៉ាងណា មានសារព័ត៌មាន និងអ្នកវិភាគមួយចំនួន ហាក់ដូចជាព្យាយាមបំប៉ោងព្រឹត្តិការណ៍ និងបំភ្លៃការពិត បង្កឱ្យមានការមិនយល់ពីគ្នានៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ហើយបានបង្កផលប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងទំនាក់ទំនងទ្វេភាគីនេះថែមទៀតផង។ ដូច្នេះ ដើម្បីកសាងបាននូវទំនុកចិត្តនៅក្នុងទំនាក់ទំនងទ្វេភាគីនេះ កម្ពុជានិងសហរដ្ឋអាម៉េរិក គប្បីជំរុញកិច្ចពិភាក្សា និងផ្លាស់ប្ដូរទស្សនៈយល់អំពីគ្នាទៅវិញទៅមក តាមរយៈការជួបប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ មន្ត្រីនយោបាយ ក៏ដូចជាមន្ត្រីបច្ចេកទេ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ ដើម្បីដោះស្រាយនូវចំណុចខ្វែងគំនិតគ្នា និងលុបបំបាត់ការភ័ន្តច្រឡំមួយចំនួនដែលបង្កឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សិក្ខាសាលាជាតិស្ដីពី «ការវិវត្តនៃរចនាបថ និង សំណង់ស្ថាបត្យកម្ម ប្រាសាទខ្មែរពីសម័យនគរភ្នំដល់សម័យបច្ចុប្បន្ន»

ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...

2018-12-15 05:46:23   ថ្ងៃសៅរ៍, 15 ធ្នូ 2018 ម៉ោង 12:46 PM
«វគ្គសិក្សាអនឡាញស្តីពីគោលនយោបាយបរិស្ថាន៖ សិក្ខាកាម មានកំណើនឡើងច្រើន»

ការចុះឈ្មោះរៀនពីគោលនយោបាយបរិស្ថានអនឡាញ លើកទីពីរនៅឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងច្រើនគួរកត់សម្គាល់បើប្រៀបធៀបជាមួយអ្វីដែលសម្រេចបានកាលពីឆ្នាំ២០១៧កន្លងទៅ។ បើតាមប្រសាសន៍ លោកស្រី កែវ ខេមរា អ្នកសម្របសម្រួលទូទ...

2018-12-14 15:04:00   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 10:04 PM
«កម្មវិធីបោះជំរំនៅនាថ្ងៃទី២ របស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប»

ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ៤ : ៥០ នាទីព្រះវិហារ៖ កម្មវិធីបោះជំរំរបស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១...

2018-12-14 09:32:02   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 04:32 PM
សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍសមត្ថភាពផ្នែកគោលនយោបាយបរិស្ថានតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍»

ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បាន​ឱ្យ​​ដឹង​ថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគ...

2018-12-14 08:37:15   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 03:37 PM
«ជំនួបរវាងអ្នកគិត»

ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជានៅក្នុងក្របខណ្ឌខ្សែក្រវាត់សេដ្ឋកិច្ច (Belt and Road) ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការ និងបញ្ហាដែលភាគីរាជបណ្ឌិត្យសភាកម្ពុជា ន...

2018-12-14 07:51:35   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 02:51 PM
ជំនួបរវាងអគ្គលេខាធិការ និងអតីតប្រធានវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់

កាលពីព្រឹកម៉ិញនេះ នៅវេលាព្រឹកម៉ោង៩:00 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូចិនជាន់ខ្ពស់ចិនចំនួន៥រូប មកពីក្រុមប្រឹក្សារដ្ឋចិន។ លោកស្រី Xu Lin អតីត​នាយក​ប្រ...

2018-12-14 06:38:54   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 01:38 PM

សេចក្តីប្រកាស