Royal Academy of Cambodia
ទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលមានអាយុកាល ៧៥ឆ្នាំកន្លងទៅហើយនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ចាត់ទុកថា ជាទំនាក់ទំនងដែលមានភាពចាស់ទុំនិងយូរអង្វែងមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ លោកបណ្ឌិត បានបន្តថា ទំនាក់ទំនងទ្វេភាគីនេះ តែងតែវិវត្តពីសម័យកាលមួយទៅសម័យកាលមួយ ហើយបើទោះបីជាមានភាពរអាក់រអួលខ្លះ ដោយសារការបត់បែនតាមកាលៈទេសៈនយោបាយពិភពលោក ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ និងនៅក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រកន្លងទៅក្ដី ក៏កម្ពុជានិងសហរដ្ឋអាម៉េរិក នៅតែរក្សាទំនាក់ទំនងរវាងគ្នាអស់រយៈពេល ៧៥ឆ្នាំកន្លងមកហើយ។ បើតាមការកត់សម្គាល់របស់លោកបណ្ឌិត យង់ ពៅ បើទោះជានៅក្នុងដំណាក់កាលខ្លះ ភាគីទាំងពីរ មានការយល់ឃើញខុសគ្នាយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនង និងបន្តការស្វែងយល់ពីគ្នា ក៏ដូចជារក្សាទំនាក់ទំនងបានអស់រយៈពេលដ៏យូរអង្វែង ព្រមទាំងបន្តទំនាក់ទំនងជាប្រក្រតីបន្តទៅទៀត។
ទោះជាយ៉ាងណា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ត្រូវបានលោកបណ្ឌិត យង់ ពៅ មើលឃើញថា ជាទំនាក់ទំនងទ្វេភាគី ដែលទាមទារឱ្យមានការស្វែងរកការយល់ដឹងពីគ្នាបន្ថែម និងបង្កើនភាពជឿទុកចិត្តគ្នាបន្តទៀត ដើម្បីរក្សាបាននូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ទាំងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ជាទស្សនៈយល់ឃើញរបស់លោកបណ្ឌិត ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទស្សនៈអវិជ្ជមានពីសំណាក់អ្នកតាមដាន ក៏ដូចជាអ្នកវិភាគមួយចំនួន ដែលជួនកាលបានអះអាងថា កម្ពុជាហាក់ដូចជាមិនបានមើលឃើញអំពីផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីនេះ ប៉ុន្តែជាសច្ចភាពនៅក្នុងទំនាក់ទំនងអន្តរជាតិ ទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ តែងតែហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក្នុងកម្រិតណាមួយផ្សេងៗគ្នា។ លោកបណ្ឌិត បានបន្ថែមទៀតថា បើទោះបីជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសធំឬប្រទេសតូចក៏ដោយក្ដី គ្មានទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋណាមួយ ដែលមិនផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនោះឡើយ ពោល ផលប្រយោជន៍នៃទំនាក់ទំនងនោះ អាចស្ថិតនៅលើលម្ហភូមិសាស្ត្រនយោបាយ ឥទ្ធិពលការទូត ផលប្រយោជន៍នៅក្នុងលម្ហយុទ្ធភូមិសាស្ត្រ និងកិច្ចការអន្តរជាតិផ្សេងៗទៀត តែងតែមានជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងរដ្ឋមួយនឹងរដ្ឋមួយទៀត។
ដោយឡែក សម្រាប់ប្រទេសកម្ពុជា ក្រៅតែពីផលប្រយោជន៍ដូចបានរៀបរាប់ខាងលើ កម្ពុជាក៏ទទួលបានផងដែរ នូវផលប្រយោជន៍ដែលកើតចេញពីការដោះដូរពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក ដែលកម្ពុជាបាននាំចេញផលិតផលទៅកាន់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកមួយ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជាផងដែរ។ នេះគឺជាចំណុចដែលកម្ពុជាត្រូវការ និងគប្បីមានការយកចិត្តទុកដាក់នៅក្នុងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាម៉េរិក។
ជាការពិតណាស់ប្រទេសទាំងពីរ ពិតជាមានភាពចាំបាច់នៅក្នុងការស្វែងយល់អំពីតម្រូវការ និងការចង់បានពីភាគីម្ខាងទៀត ពោល ត្រូវតែមានការឈ្វេងយល់ និងជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ ទាំងនៅក្នុងកម្រិតថ្នាក់ដឹកនាំ មន្ត្រីនយោបាយ និងមន្ត្រីបច្ចេកទេសជាដើម។ ការឈ្វេងយល់អំពីគ្នាទៅវិញទៅមកនេះ ក៏គួរតែធ្វើឡើងទាំងទៅលើទិដ្ឋភាពនយោបាយ ទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គមវិជ្ជានយោបាយ និងទិដ្ឋភាពនៃការប្រជែងឥទ្ធិពលនៅក្នុងលម្ហភូមិសាស្ត្រផងដែរ។
ជាមួយគ្នានេះ បើតាមលោកបណ្ឌិត យង់ ពៅ កម្ពុជា-សហរដ្ឋអាម៉េរិក ក៏គួរតែមានការរៀបចំនូវការផ្លាស់ប្ដូរទស្សនៈរវាងអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រផងដែរ ដើម្បីផ្ដល់នូវធាតុចូលដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅក្នុងការកំណត់គោលនយោបាយ ក៏ដូចជាជំហរនយោបាយនៅក្នុងទំនាក់ទំនងទ្វេភាគិ សម្ដៅធ្វើយ៉ាងណាលើកកម្ពស់ការទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរតែជំរុញជំនួបពិភាក្សា និងការដោះដូរទស្សនៈយល់ឃើញរវាងអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ ឱ្យបានកាន់តែញឹកញាប់ ពិសេសនៅលើប្រធានបទក្ដៅនានា ដែលអាចបង្កការយល់ច្រឡំលើគ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងទ្វេភាគីនេះ ដោយសារតែសារពីអ្នកសារព័ត៌មាន ឬអ្នកវិភាគមួយចំនួន ដែលលើកឡើងដោយភាពលម្អៀងដោយសារតែនិន្នាការផ្សេងៗ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជានិងសហរដ្ឋអាម៉េរិក ពិតជាមានភាពចាំបាច់ណាស់នៅក្នុងការបង្កើនទំនុកចិត្ត និងជំនឿជាក់លើគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលហុចផ្លែផ្កាឱ្យគ្នាទៅវិញទៅមក។
លោកបណ្ឌិតបានបន្តថា កន្លងទៅនេះ បញ្ហាមួយចំនួន ដូចជាករណីកំពង់ផែយោធារាម រាជរដ្ឋាភិបាលកម្ពុជាតែងតែបានបង្ហាញអំពីតថភាពនៅក្នុងដំណើរការអភិវឌ្ឍកំពង់ទឹកជ្រៅរាម ដែលធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពការពារ និងល្បាតនៅលើដែនទឹកស្ថិតក្នុងអធិបតេយ្យកម្ពុជា របស់កងទ័ពជើងទឹកកម្ពុជា ហើយកម្ពុជាពិតជាបានបង្ហាញនូវសមានចិត្តបើកទូលាយចំពោះបំណងស្វែងយល់បន្ថែមអំពីការធ្វើទំនើបកម្មមូលដ្ឋានយោធាជើងទឹកនេះ សម្រាប់ប្រទេសជាដៃគូទាំងឡាយរបស់កម្ពុជា។ លោកបណ្ឌិតថ្លែងសង្កត់ធ្ងន់ទៀតថា ការបើបង្ហាញនិងអនុញ្ញាតឱ្យមានការធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធាជើងទឹករបស់កម្ពុជានេះ គឺជាផ្នែកមួយនៃការជំរុញនិងកសាងទំនុកចិត្តពីសំណាក់ប្រទេសជាដៃគូទាំងអស់របស់កម្ពុជា ហើយក៏ជាការបង្ហាញអំពីសុចរិតភាពរបស់កម្ពុជាផងដែរ។ ទោះជាយ៉ាងណា មានសារព័ត៌មាន និងអ្នកវិភាគមួយចំនួន ហាក់ដូចជាព្យាយាមបំប៉ោងព្រឹត្តិការណ៍ និងបំភ្លៃការពិត បង្កឱ្យមានការមិនយល់ពីគ្នានៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ហើយបានបង្កផលប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងទំនាក់ទំនងទ្វេភាគីនេះថែមទៀតផង។ ដូច្នេះ ដើម្បីកសាងបាននូវទំនុកចិត្តនៅក្នុងទំនាក់ទំនងទ្វេភាគីនេះ កម្ពុជានិងសហរដ្ឋអាម៉េរិក គប្បីជំរុញកិច្ចពិភាក្សា និងផ្លាស់ប្ដូរទស្សនៈយល់អំពីគ្នាទៅវិញទៅមក តាមរយៈការជួបប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ មន្ត្រីនយោបាយ ក៏ដូចជាមន្ត្រីបច្ចេកទេ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ ដើម្បីដោះស្រាយនូវចំណុចខ្វែងគំនិតគ្នា និងលុបបំបាត់ការភ័ន្តច្រឡំមួយចំនួនដែលបង្កឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី៕
RAC Media | លឹម សុវណ្ណរិទ្ធ
ការងារជាអាទិភាពចំនួន៥ ដែលនឹងត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ ដោយសម្តចបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជា...
នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទ...
បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា...
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរា...
អត្ថបទនេះ នឹងបង្ហាញអំពីការកំណត់គំរូ និងការព្យាករណ៍ពេលតាងឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យដែលយកមកប្រើប្រាស់គឺ ចាប់ពីត្រីមាសទី១ ឆ្នាំ២០០៤ រហូត ដល់ត្រីមាសទី៤ ឆ្នា...
រាជបណ្ឌិត្យសភាកម្ពុជា សូមជម្រាបជូនដល់និស្សិត-បេក្ខជនបណ្ឌិតដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា និងសាធារណៈជនមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយជូនបេក្ខជនបណ្ឌិត ប៊ុន វ៉ាន...