ព័ត៌មាន

អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើបទបង្ហាញអំពីស្នាដៃស្រាវជ្រាវស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល»

2025-01-23 05:00:06 ថ្ងៃព្រហស្បតិ៍, 23 មករា 2025 ម៉ោង 12:00 PM
អ្នកមើល 1146
post_detail1

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើបទបង្ហាញអំពីស្នាដៃស្រាវជ្រាវស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» ដែលមានការអញ្ជើញចូលរួមបកស្រាយ និងធ្វើបទបង្ហាញពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច លោកជំទាវ កែវ ណារុំ លោកស្រី យ៉ាន់ វិភាជរ័ត្ន និងលោក ចាន់ សោភ័ណ។

បទបង្ហាញនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីលទ្ធផល នៃការស្រាវជ្រាវចងក្រងឯកសារ នៅក្នុងគម្រោងស្រាវជ្រាវ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» ដែលផ្ដួចផ្ដើមគំនិតនិងចង្អុលបង្ហាញពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។ គម្រោងស្រាវជ្រាវដ៏មានសារៈសំខាន់នេះ មានការចូលរួមសិក្សាស្រាវជ្រាវពីសំណាក់អ្នកជំនាញចំនួន ៣រូបគឺ លោកជំទាវ កែវ ណារុំ, លោកស្រី យ៉ាន់ វិភាជរ័ត្ន និង លោក ចាន់ សោភ័ណ ដែលសុទ្ធសឹងជាអ្នកជំនាញវប្បធម៌ និងសិល្បៈខ្មែរ។

គោលបំណងនៃការអនុវត្តនូវគម្រោងស្រាវជ្រាវ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» គឺដើម្បីសិក្សាស្រាវជ្រាវប្រមូលនិងចងក្រងទុកជាឯកសារ, ថែរក្សាមរតកជាស្នាដៃរបស់បុព្វបុរសខ្មែរ, បង្កើតសារមន្ទីរតាំងបង្ហាញសម្លៀកបំពាក់ខ្មែរ និងតាំងបង្ហាញស្នាដៃដល់ភ្ញៀវជាតិ​និងអន្តជាតិ ដើម្បីយល់ដឹងនិងស្វែងយល់អំពីសម្លៀកបំពាក់ខ្មែរទាំង១០សម័យកាល។

គម្រោងស្រាវជ្រាវ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» ត្រូវបានអនុវត្តដោយផ្ដោតទៅលើសម្លៀកបំពាក់ខ្មែរនៅក្នុងសម័យនីមួយៗដូចខាងក្រោម៖

        ១. នគរភ្នំ ​ឬ​សម័យហ្វូ​ណន ​(ស.វ. ​ទី១-​៦​)

        ២. សម័យ ​ចេន​ឡា ​(ស.វ. ទី៧-​៨​)

        ៣. សម័យ​អង្គរ (ស.វ​. ទី៩-​១៣​)

        ៤.​ សម័យចតុមុខ ​(ស.វ. ​ទី១៤-​១៥​)

        ៥. សម័យលង្វែក (ស.វ. ទី១៦-​១៧)

        ៦. សម័យឧដុង្គ ​(ចុងស.វ. ​ទី១៧-​១៨​)

        ៧. សម័យ​អាណាព្យាបាល​បារាំង ​(ស.វ. ​ទី១៩-​២០​)

        ៨.​ សម័យសង្គមរាស្ត្រនិយម (​ឆ្នាំ​១៩៥៥ ដល់ ​ឆ្នាំ១៩៧០​)​

        ៩. សម័យសាធារណរដ្ឋខ្មែរ (​ឆ្នាំ​១៩៧០ ​ដល់ ​ឆ្នាំ​១៩៧៥​)

        ១០. សម័យកម្ពុជាប្រជាធិបតេយ្យ (​ឆ្នាំ១៩៧៥ ​ដល់ ឆ្នាំ​១៩៧៩​)

ការស្រាវជ្រាវខាងលើនេះ ធ្វើឡើងដោយផ្ដោតទៅលើវិធីសាស្ត្រចម្រុះរួមមាន ការសិក្សាស្រាវជ្រាវឯកសារនៅតាមបណ្ណាល័យជាតិនិងបណ្ណាល័យផ្សេងៗ ការស្រាវជ្រាវ​តាមបណ្ណាល័យអេឡិចត្រូនិច ការស្រាវជ្រាវ​តាមសារមន្ទីរនៅតាមបណ្ដាក្រុង​និងខេត្ត ការសិក្សាស្រាវជ្រាវ​តាមប្រាសាទនានានៃប្រទេសកម្ពុជា និងការសិក្សាស្វែងយល់បន្ថែមតាមរយៈធ្វើបទសម្ភាសន៍ជាមួយអ្នកជំនាញនិងអ្នកពាក់ព័ន្ធ និងចំណាយពេលសិក្សាស្រាវជ្រាវចងក្រងអស់រយៈពេល៣ឆ្នាំ ដោយចងក្រងឯកសារសរុបបានចំនួន ៨៣៣ ទំព័រ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា ការរៀបចំធ្វើបទបង្ហាញ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» គឺជាការបង្ហាញអំពីអំពីលក្ខណៈនិងសណ្ឋាននៃសម្លៀកបំពាក់របស់ខ្មែរដែលវិវត្តពីសម័យកាលមួយទៅសម័យកាលមួយ ហើយឯកឧត្ដមបណ្ឌិតសភាចារ្យ បានបង្ហាញក្ដីរំពឹងថា ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត និងអ្នកសិក្សាស្រាវជ្រាវដែលនិមន្តនិងចូលរួមស្ដាប់បទបង្ហាញនាពេលនេះ នឹងក្លាយទៅជាអ្នកផ្សព្វផ្សាយអំពីវប្បធម៌ និងពង្រីកចំណេះដឹងមហាជនទូទៅអំពីសម្លៀកបំពាក់ខ្មែរយើងនៅក្នុងសម័យកាលនីមួយៗ។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ គម្រោងស្រាវជ្រាវ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» ត្រូវបានដាក់ឱ្យអនុវត្ត ដោយយោងទៅលើហេតុផលសំខាន់ៗចំនួន ៧ គឺ៖

        ១. សម្លៀកបំពាក់បង្ហាញអំពីសមត្ថភាពរបស់មនុស្ស និងការរីកចម្រើននៃជាតិសាសន៍នីមួយៗ

        ២. សម្លៀកបំពាក់បង្ហាញអំពីវប្បធម៌នៃសង្គមមនុស្ស នៅក្នុងសម័យកាលនីមួយៗ

        ៣. សម្លៀកបំពាក់បង្ហាញអំពីឥទ្ធិពលមនុស្សតាមសម័យកាល

        ៤.​ សម្លៀកបំពាក់បង្ហាញអំពីចិត្តសាស្ត្រ និងចរិតលក្ខណៈរបស់មនុស្សនៅក្នុងសង្គម

        ៥. សម្លៀកបំពាក់ឆ្លុះបញ្ចាំងអំពីធម្មជាតិនៃតំបន់ និងក្នុងសម័យកាលនីមួយៗ

        ៦. សម្លៀកបំពាក់បង្ហាញអំសម្លៀកបំពាក់បង្ហាញអំពីពីអំណាចនៃបុគ្គល

        ៧. សម្លៀកបំពាក់ឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនារបស់បុគ្គលនៅក្នុងសម័យកាលនីមួយៗ

គួរបញ្ជាក់ផងដែរថា បទបង្ហាញ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» នាព្រឹកនេះ មានការនិមន្តនិងចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត និងអ្នកសិក្សាស្រាវជ្រាវសរុបចំនួន ៣២៤នាក់៕

RAC Media | លឹម សុវណ្ណរិទ្ធ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

«មូលហេតុដែលអាម៉េរិកដកខ្លួនចេញពីសង្គ្រាមស៊ីរី គឺជាមេរៀនថ្មីមួយទៀតសម្រាប់ប្រទេសអាស៊ីក្នុងការទុកចិត្តសហរដ្ឋអាម៉េរិក»​​​​​​​​ ដោយ៖ ស៊ឺន សម

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗ​ក្នុង​ការដក​ទ័ព​អាម៉េរិក​ទាំង​អស់ចេញ​ពី​ប្រទេស​ស៊ីរី ហើយ​ចំណុច​នេះ​គឺជា​ការ​រំលឹក​ថ្មីមួយ​ទៀត​ដល់​អ្នក​ដែល​ជឿ​ការសន្យារបស់អាមេរិក។នាយឧត្...

2018-12-29 04:04:26   ថ្ងៃសៅរ៍, 29 ធ្នូ 2018 ម៉ោង 11:04 AM
«ជ្រុងមួយនៃភាពរុងរឿងពីសម័យកាលអាណាចក្រអង្គរ»

តាមអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ កុល សារូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានធ្វើបទបង្ហាញអំពីប្រធានបទមួយ ស្តីពី «ជ្រុងមួយនៃបេតិកភណ្ឌវប្បធ...

2018-12-28 08:36:55   ថ្ងៃសុក្រ, 28 ធ្នូ 2018 ម៉ោង 03:36 PM
តើលំហូរអន្តោប្រវេសន៍ចិន ធ្វើឱ្យខ្មែរអាចក្លាយជាជនជាតិដើមភាគតិចទេ? ដោយ៖ មជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

លំហូរជនអន្តោប្រវេសន៍ពីប្រទេសចិនចូលមកនៅប្រទេសកម្ពុជា ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចខ្លួនក្លាយជាជនជាតិដើមភាគតិចទៅវិញ នេះបើតាមការលើកឡើង ក្នុងវិទ្យុបារា...

2018-12-28 02:23:12   ថ្ងៃសុក្រ, 28 ធ្នូ 2018 ម៉ោង 09:23 AM
«ក្រុមការងារស្រាវជ្រាវផ្នែកគណិតវិទ្យានិងស្ថិតិ គ្រោងនឹងផ្សព្វផ្សាយស្នាដៃ»

ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...

2018-12-27 11:36:35   ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 06:36 PM
បាឋកថាប្រចាំឆ្នាំ២០១៨ «តំបន់អនាធិបតេយ្យនៅប្រទេសកម្ពុជា៖ បញ្ហាប្រឈម និង ដំណោះស្រាយ»

បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...

2018-12-27 05:36:02   ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 12:36 PM
«កិច្ចប្រជុំផ្ទៀងផ្ទាត់ការងារបញ្ចប់ឆ្នាំ២០១៨»

ឆ្នាំ២០១៨នេះ ជាឆ្នាំដែលរាជបណ្ឌិត្យសភាកម្ពុជា មានសកម្មភាពច្រើន បើប្រៀបធៀបជាមួយនឹងបណ្តាឆ្នាំកន្លងទៅ។ ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងការតាំងចិត្តធ្វើកំ...

2018-12-24 09:00:28   ថ្ងៃចន្ទ, 24 ធ្នូ 2018 ម៉ោង 04:00 PM

សេចក្តីប្រកាស