Royal Academy of Cambodia
នៅក្នុងឱកាសឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ បានកត់សម្គាល់ឃើញថា ក្នុងដំណាក់កាលនេះ គឺជាពេលវេលាដ៏សមស្របមួយសម្រាប់ប្រទេសកម្ពុជា នៅក្នុងការច្បាមយកឱកាសពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយមហាអំណាច និងពង្រឹងតួនាទីរបស់ខ្លួនបន្ថែមនៅក្នុងឆាកអន្តរជាតិ។ បើតាមលោកបណ្ឌិត សហរដ្ឋអាម៉េរិកដែលដឹកនាំជាថ្មីដោយលោក ដូណាល់ ត្រាំ នៅតែបន្តអនុវត្តនយោបាយគាំពារនិយមគឺ ការគិតគូរប្រយោជន៍អាម៉េរិកជាចម្បង (American First) ដែលមេដឹកនាំរូបនេះ ធ្លាប់បានអនុវត្តរួចមកហើយកាលពីអាណត្តិដឹកនាំដំបូងរបស់លោក ហើយការដឹកនាំជាថ្មីរបស់លោក ក៏នឹងមិនមានភាពខុសគ្នាច្រើននោះដែរ ពោលសហរដ្ឋអាម៉េរិកនឹងមិនខ្លាចរអារនឹងសើរើនយោបាយទាំងឡាយណា ដែលលោក ដូណាល់ ត្រាំ យល់ថាបានធ្វើឱ្យសហរដ្ឋអាម៉េរិកបង់តម្លៃគ្មានប្រយោជន៍នោះទេ។
នៅក្នុងការចូលកាន់តំណែងដំបូង លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយចំនួនដូចជា ការដកខ្លួនចេញសាជាថ្មី ពីអង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីស ជាដើម ដែលនេះគឺជារឿងគួរឱ្យសោកស្ដាយទាំងសម្រាប់ប្រជាជនសហរដ្ឋអាម៉េរិក និងពិភពលោកទាំងមូល។ ឥរិយាបថនយោបាយរបស់ប្រធានាធិបតីថ្មីសហរដ្ឋអាម៉េរិករូបនេះ ក៏នឹងធ្វើឡើងចំពោះសំណុំរឿងផ្សេងៗទៀត ទាំងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនិងសម្រាប់ប្រទេសកម្ពុជាផងដែរ។ លោក ដូណាល់ ត្រាំ ហាក់ពុំទាន់បានផ្ដល់តម្លៃដល់ទម្ងន់យុទ្ធភូមិសាស្ត្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះទេ បើតាមការថ្លែងសុន្ទរកថានៅថ្ងៃដំបូងនៃការចូលកាន់តំណែងជាលើកទីពីររបស់លោកក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។
ដោយឆ្លុះបញ្ចាំងអំពីការផ្ដល់តម្លៃលើទម្ងន់យុទ្ធភូមិសាស្ត្រ (Geostrategic) នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នយោបាយគិតគូរប្រយោជន៍អាម៉េរិកជាចម្បង បរិបទនៃការប្រជែងឥទ្ធិពលរបស់មហាអំណាច លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងអាណត្តិដឹកនាំសារជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងមិនមានការកើនឡើងឬថយចុះគួរឱ្យកត់សម្គាល់នោះទេ ពោល សហរដ្ឋអាម៉េរិកនឹងពុំចាត់ទុកថា កម្ពុជាមានទម្ងន់យុទ្ធភូមិសាស្ត្រសំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឬមិនមែនជាអាទិភាពនៅក្នុងនយោបាយការបរទេសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ឡើយ។
បើតាមលោកបណ្ឌិត កម្ពុជាខ្លួនឯងត្រូវតែខិតខំប្រឹងប្រែងរៀបចំគោលនយោបាយការបរទេសយ៉ាងណា ឱ្យសមស្របនៅក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន និងនៅក្នុងរយៈពេលវែងខាងមុខ ពិសេសក្នុងអំឡុងពេលនៃការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលជាមេដឹកនាំគាំពារនិយមរបស់សហរដ្ឋអាម៉េរិក។ លោកបណ្ឌិតបានបន្ថែមទៀតថា នយោបាយគាំពារនិយម ត្រូវបានអនុវត្តតាំងពីដើមអាណត្តិទីមួយរបស់លោក ដូណាល់ ត្រាំ មកម្ល៉េះ ហេតុនេះហើយ កម្ពុជាក៏ត្រូវតែរៀនសូត្រអំពីបទពិសោធន៍និងស្ថានការណ៍ទំនាក់ទំនងអន្តរជាតិ នៅក្នុងបរិការណ៍ដូចគ្នានេះ ព្រមទាំងព្យាករណ៍នូវលទ្ធភាពប្រែប្រួលស្ថានការណ៍ពិភពលោក ពិសេសនៅក្នុងសំណុំរឿងចម្បងៗរបស់ពិភពលោកដែលកំពុងកើតមានឡើង ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងប្រកាន់ខ្ជាប់នូវជំហរការទូតដ៏សមស្រប ក្នុងនាមជារដ្ឋអធិបតេយ្យ ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ។ ស្របពេលជាមួយគ្នានេះ កម្ពុជាក៏ត្រូវមានជំហរការទូតបត់បែន ពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីធានាយ៉ាងណា រក្សាបាននូវពិពិធភាពនៃទំនាក់ទំនងអន្តរជាតិប្រកបដោយភាពស្វាហាប់។
លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃបន្ថែមថា នៅក្នុងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនផ្ដោតជាសំខាន់ទៅលើការជំរុញស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងប្រជាធិបតេយ្យ យកធ្វើជាលេសដើម្បីបុព្វហេតុភូមិសាស្ត្រនយោបាយអាម៉េរិកនោះឡើយ។ លោកបណ្ឌិត បានគូសរំឭកអំពី ជំហររបស់លោក ដូណាល់ ត្រាំ ក្នុងអាណត្ដិដឹកនាំដំបូងរបស់លោក គឺនៅក្នុងឆ្នាំ២០១៩ លោកបានសរសេរលិខិតមួយច្បាប់ទៅ សម្ដេចតេជោ ហ៊ុន សែន ដោយបានបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលកាលណោះកំពុងមានភាពរកាំរកូសជាច្រើនឆ្នាំ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក គោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនទាមទារឱ្យមានការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជានោះទេ។ ពោលគឺ រដ្ឋបាលលោក ដូណាល់ ត្រាំ មិនបានបន្ថែមឬបន្ថយនៅក្នុងទំនាក់ទំនងជាមួយកម្ពុជានោះឡើយ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក អាចនឹងរីកចម្រើន ឬត្រូវបានលើកកម្ពស់បន្ថែមទៀតទៅបាន អាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ពង្រឹងតួនាទីរបស់ខ្លួននៅក្នុងឆាកអន្តរជាតិ ដើម្បីឱ្យមហាអំណាចពិភពលោកនេះ អាចវាយតម្លៃ ឬផ្ដោតសារៈសំខាន់ជាបន្ថែមមកលើទំនាក់ទំនងទ្វេភាគី និងភាពចាំបាច់នៅក្នុងការកសាងទំនាក់ទំនងល្អបន្ថែមជាមួយនឹងប្រទេសកម្ពុជា។
សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក យើងឃើញថា បើទោះបីជាប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) បានផុតកំណត់ក៏ដោយក្ដី ក៏គេមើលឃើញថា តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក នៅតែរក្សាបាននៅក្នុងកម្រិតមួយល្អប្រសើរផងដែរ ដែលស្របទៅនឹងការលើកឡើងខាងលើនេះផងដែរ ដោយកម្ពុជាត្រូវតែប្រឹងប្រែងបន្ថែមទៀតនៅក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដោយផ្អែកទៅលើទិដ្ឋភាពនយោបាយការបរទេសនៃរដ្ឋបាលលោក ដូណាល់ ត្រាំ និងស្ថានការណ៍វិវត្តបន្តទៅមុខទៀត ព្រោះប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) មិនមែនជាគោលការណ៍គ្រឹះនៃជញ្ជីងពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាម៉េរិកទៀតនោះឡើយ ពោលគឺអាស្រ័យទៅលើឥរិយាបថនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិកដោយផ្ទាល់ ពិសេសនៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ នេះដោយផ្ទាល់។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើកំណែទម្រង់ផ្ទៃក្នុង និងតម្រង់ទិសនៃការសម្របសម្រួលនយោបាយការបរទេសឱ្យបានក្នុងកម្រិតខ្ពស់បំផុត ជាមួយនឹងឥរិយាបថនយោបាយការបរទេសទន់ភ្លន់ និងវ័យឆ្លាត ស្របតាមបរិការណ៍នយោបាយអន្តរជាតិនាពេលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណាស្វះស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចជាមួយមហាអំណាចពិភពលោកមួួយនេះ។
លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ដែលនៅក្នុងចុងអាណត្តិរបស់លោក ចូ បៃដិន ទំនាក់ទំនងនេះ មានសញ្ញាណខិតទៅរកភាពល្អប្រសើរឡើងវិញ ដែលស្របទៅនឹងការមិនបន្ថែមឬបន្ថយទម្ងន់យុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ កម្ពុជាគួរតែច្បាមឱកាសនេះ ពង្រឹងបន្ថែមនៅក្នុងទិដ្ឋភាពប្រកបដោយសញ្ញាណវិជ្ជមាន នៃទំនាក់ទំនងយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ដើម្បីពង្រឹងនូវសមត្ថភាពកងកម្លាំងប្រដាប់អាវុធ ទាំងយុទ្ធោបករណ៍ យុទ្ធសាស្ត្រ និងបច្ចេកទេសផ្សេងៗ ក៏ដូចជាការរៀបចំកិច្ចសហប្រតិបត្តិការហ្វឹកហាត់ឡើងវិញជាមួយនឹងសហរដ្ឋអាម៉េរិក ក្នុងគោលបំណងទាញយកផលប្រយោជន៍ជាអតិបរមា ពីនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ដែលនឹងមិនដាក់សម្ពាធ ឬសង្កត់ធ្ងន់បន្ថែមលើសំណុំរឿងណាមួយជាមួយនឹងកម្ពុជា។ លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជា គួរតែជំរុញឱ្យមានឡើងវិញនូវកិច្ចសហប្រតិបត្តិការដោះដូរបច្ចេកទេស ការបណ្ដុះបណ្ដាលមន្ត្រីជំនាញយោធារបស់កម្ពុជា ការជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន សន្តិសុខ និងការធ្វើយសមយុទ្ធយោធារួមគ្នា ឱ្យកាន់តែសកម្មឡើងវិញ ដោយអនុលោមទៅតាមខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣ ដោយពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងមហាអំណាចទាំងអស់ សំដៅធ្វើយ៉ាងណារក្សាតុល្យភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយមិត្តភាពនិងការស្ថាបនា។
ជារួម លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការវិលត្រឡប់មកដឹកនាំសហរដ្ឋអាម៉េរិកជាថ្មីម្ដងទៀតនេះរបស់លោក ដូណាល់ ត្រាំ គឺជាឱកាសសម្រាប់ប្រទេសកម្ពុជា ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងយោធា ដែលទិដ្ឋភាពទាំងអស់នេះគឺ អាស្រ័យលើប្រទេសកម្ពុជាខ្លួនឯង នៅក្នុងការរៀបចំខ្លួនឱ្យបានរួចរាល់នៅក្នុងការធ្វើការជាមួយលោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោក ស្របពេលដែលរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
RAC Media | លឹម សុវណ្ណរិទ្ធ
ចាប់តាំងពីសម័យដើមនៃប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ ឥទ្ធិពលនៃព្រលឹងមាតាធិបតេយ្យ បានរស់រវើកនៅក្នុងសង្គមខ្មែរ ទោះបីកាលៈទេសៈខ្លះបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនក៏ដោយ។ ព្រលឹងមាតាធិបតេយ្យដែលមានក្នុង...
លោកសាស្ដ្រាចារ្យ សាមុយអែលសាន់ ជាសេដ្ឋវិទូអាម៉េរិក បានឱ្យនិយមន័យថា៖“សេដ្ឋកិច្ចវិទ្យា ជាការសិក្សា អំពីវិធីដែលមនុស្ស និងសង្គមជ្រើសរើស ដោយប្រើ ឬមិនប្រើលុយកាក់ដើម្បីប្រើប្រាស់ធនធានផលិតផលកម្រ ទៅផលិតទំនិញផ្...
បច្ចុប្បន្ននេះ វិទ្យាសាស្ដ្របច្ចេកវិទ្យា មានការរីកចម្រើនយ៉ាងខ្លាំងនៅលើពិភពលោក។ប្រទេសទាំងអស់ មានវប្បធម៌ផ្សេងៗគ្នា តែហាក់ដូចជានៅជាមួយគ្នា ព្រោះតែបច្ចេកវិទ្យាទំនើបនេះឯង។ ដូច្នេះ ឥទ្ធិពលវប្បធម៌ មានចរន្តឆ្...
Since Prime Minister Hun Manet was appointed as the country's new leader, US Ambassador to Cambodia Patrick Murphy has been actively holding meetings with important figures in Cambodia. He has also ha...
មួយរយៈនេះ ដោយសង្កេតឃើញសាធារណជន ជជែកគ្នាពីកូនក្រមុំ ខ្មែរពាក់ឈុតថៃក្នុងពិធីមង្គល ផ្អើលពេញបណ្តាញសង្គម ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ចោទជាសំណួរតើនោះមកពីមូលហេតុអ្...
The Indo-Pacific region has emerged as a crucial geopolitical theater, capturing the attention of major global powers such as the United States and China. This vast expanse, stretching from the Indian...