ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ក្នុងអាណត្តិដឹកនាំថ្មីរបស់លោកដូណាល់ត្រាំ កម្ពុជាគួរតែច្បាមយកឱកាសពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយមហាអំណាច និងពង្រឹងតួនាទីរបស់ខ្លួនបន្ថែមនៅក្នុងឆាកអន្តរជាតិ

2025-01-23 03:46:35 ថ្ងៃព្រហស្បតិ៍, 23 មករា 2025 ម៉ោង 10:46 AM
អ្នកមើល 259
post_detail1

          នៅក្នុងឱកាសឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ បានកត់សម្គាល់ឃើញថា ក្នុងដំណាក់កាលនេះ គឺជាពេលវេលាដ៏សមស្របមួយសម្រាប់ប្រទេសកម្ពុជា នៅក្នុងការច្បាមយកឱកាសពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយមហាអំណាច និងពង្រឹងតួនាទីរបស់ខ្លួនបន្ថែមនៅក្នុងឆាកអន្តរជាតិ។ បើតាមលោកបណ្ឌិត សហរដ្ឋអាម៉េរិកដែលដឹកនាំជាថ្មីដោយលោក ដូណាល់ ត្រាំ នៅតែបន្តអនុវត្តនយោបាយគាំពារនិយមគឺ ការគិតគូរប្រយោជន៍អាម៉េរិកជាចម្បង (American First) ដែលមេដឹកនាំរូបនេះ ធ្លាប់បានអនុវត្តរួចមកហើយកាលពីអាណត្តិដឹកនាំដំបូងរបស់លោក ហើយការដឹកនាំជាថ្មីរបស់លោក ក៏នឹងមិនមានភាពខុសគ្នាច្រើននោះដែរ ពោលសហរដ្ឋអាម៉េរិកនឹងមិនខ្លាចរអារនឹងសើរើនយោបាយទាំងឡាយណា ដែលលោក ដូណាល់ ត្រាំ យល់ថាបានធ្វើឱ្យសហរដ្ឋអាម៉េរិកបង់តម្លៃគ្មានប្រយោជន៍នោះទេ។

          នៅក្នុងការចូលកាន់តំណែងដំបូង លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយចំនួនដូចជា ការដកខ្លួនចេញសាជាថ្មី ពីអង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីស ជាដើម ដែលនេះគឺជារឿងគួរឱ្យសោកស្ដាយទាំងសម្រាប់ប្រជាជនសហរដ្ឋអាម៉េរិក និងពិភពលោកទាំងមូល។ ឥរិយាបថនយោបាយរបស់ប្រធានាធិបតីថ្មីសហរដ្ឋអាម៉េរិករូបនេះ ក៏នឹងធ្វើឡើងចំពោះសំណុំរឿងផ្សេងៗទៀត ទាំងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនិងសម្រាប់ប្រទេសកម្ពុជាផងដែរ។ លោក ដូណាល់ ត្រាំ ហាក់ពុំទាន់បានផ្ដល់តម្លៃដល់ទម្ងន់យុទ្ធភូមិសាស្ត្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះទេ បើតាមការថ្លែងសុន្ទរកថានៅថ្ងៃដំបូងនៃការចូលកាន់តំណែងជាលើកទីពីររបស់លោកក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។

          ដោយឆ្លុះបញ្ចាំងអំពីការផ្ដល់តម្លៃលើទម្ងន់យុទ្ធភូមិសាស្ត្រ (Geostrategic) នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នយោបាយគិតគូរប្រយោជន៍អាម៉េរិកជាចម្បង បរិបទនៃការប្រជែងឥទ្ធិពលរបស់មហាអំណាច លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងអាណត្តិដឹកនាំសារជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងមិនមានការកើនឡើងឬថយចុះគួរឱ្យកត់សម្គាល់នោះទេ ពោល សហរដ្ឋអាម៉េរិកនឹងពុំចាត់ទុកថា កម្ពុជាមានទម្ងន់យុទ្ធភូមិសាស្ត្រសំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឬមិនមែនជាអាទិភាពនៅក្នុងនយោបាយការបរទេសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ឡើយ។

          បើតាមលោកបណ្ឌិត កម្ពុជាខ្លួនឯងត្រូវតែខិតខំប្រឹងប្រែងរៀបចំគោលនយោបាយការបរទេសយ៉ាងណា ឱ្យសមស្របនៅក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន និងនៅក្នុងរយៈពេលវែងខាងមុខ ពិសេសក្នុងអំឡុងពេលនៃការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលជាមេដឹកនាំគាំពារនិយមរបស់សហរដ្ឋអាម៉េរិក។ លោកបណ្ឌិតបានបន្ថែមទៀតថា នយោបាយគាំពារនិយម ត្រូវបានអនុវត្តតាំងពីដើមអាណត្តិទីមួយរបស់លោក ដូណាល់ ត្រាំ មកម្ល៉េះ ហេតុនេះហើយ កម្ពុជាក៏ត្រូវតែរៀនសូត្រអំពីបទពិសោធន៍​និងស្ថានការណ៍ទំនាក់ទំនងអន្តរជាតិ នៅក្នុងបរិការណ៍ដូចគ្នានេះ ព្រមទាំងព្យាករណ៍នូវលទ្ធភាពប្រែប្រួលស្ថានការណ៍ពិភពលោក ពិសេសនៅក្នុងសំណុំរឿងចម្បងៗរបស់ពិភពលោកដែលកំពុងកើតមានឡើង ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងប្រកាន់ខ្ជាប់នូវជំហរការទូតដ៏សមស្រប ក្នុងនាមជារដ្ឋអធិបតេយ្យ ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ។ ស្របពេលជាមួយគ្នានេះ កម្ពុជាក៏ត្រូវមានជំហរការទូតបត់បែន ពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីធានាយ៉ាងណា រក្សាបាននូវពិពិធភាពនៃទំនាក់ទំនងអន្តរជាតិប្រកបដោយភាពស្វាហាប់។

          លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃបន្ថែមថា នៅក្នុងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនផ្ដោតជាសំខាន់ទៅលើការជំរុញស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងប្រជាធិបតេយ្យ យកធ្វើជាលេសដើម្បីបុព្វហេតុភូមិសាស្ត្រនយោបាយអាម៉េរិកនោះឡើយ។ លោកបណ្ឌិត បានគូសរំឭកអំពី ជំហររបស់លោក ដូណាល់ ត្រាំ ក្នុងអាណត្ដិដឹកនាំដំបូងរបស់លោក គឺនៅក្នុងឆ្នាំ២០១៩ លោកបានសរសេរលិខិតមួយច្បាប់ទៅ សម្ដេចតេជោ ហ៊ុន សែន ដោយបានបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលកាលណោះកំពុងមានភាពរកាំរកូសជាច្រើនឆ្នាំ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក គោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនទាមទារឱ្យមានការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជានោះទេ។ ពោលគឺ រដ្ឋបាលលោក ដូណាល់ ត្រាំ មិនបានបន្ថែមឬបន្ថយនៅក្នុងទំនាក់ទំនងជាមួយកម្ពុជានោះឡើយ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក អាចនឹងរីកចម្រើន ឬត្រូវបានលើកកម្ពស់បន្ថែមទៀតទៅបាន អាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ពង្រឹងតួនាទីរបស់ខ្លួននៅក្នុងឆាកអន្តរជាតិ ដើម្បីឱ្យមហាអំណាចពិភពលោកនេះ អាចវាយតម្លៃ ឬផ្ដោតសារៈសំខាន់ជាបន្ថែមមកលើទំនាក់ទំនងទ្វេភាគី និងភាពចាំបាច់នៅក្នុងការកសាងទំនាក់ទំនងល្អបន្ថែមជាមួយនឹងប្រទេសកម្ពុជា។

          សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក យើងឃើញថា បើទោះបីជាប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) បានផុតកំណត់ក៏ដោយក្ដី ក៏គេមើលឃើញថា តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក នៅតែរក្សាបាននៅក្នុងកម្រិតមួយ​ល្អប្រសើរផងដែរ ដែលស្របទៅនឹងការលើកឡើងខាងលើនេះផងដែរ ដោយកម្ពុជាត្រូវតែប្រឹងប្រែងបន្ថែមទៀតនៅក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដោយផ្អែកទៅលើទិដ្ឋភាពនយោបាយការបរទេសនៃរដ្ឋបាលលោក ដូណាល់ ត្រាំ និងស្ថានការណ៍វិវត្តបន្តទៅមុខទៀត ព្រោះប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) មិនមែនជាគោលការណ៍គ្រឹះនៃជញ្ជីងពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាម៉េរិកទៀតនោះឡើយ ពោលគឺអាស្រ័យទៅលើឥរិយាបថនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិកដោយផ្ទាល់ ពិសេសនៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ នេះដោយផ្ទាល់។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើកំណែទម្រង់ផ្ទៃក្នុង និងតម្រង់ទិសនៃការសម្របសម្រួលនយោបាយការបរទេសឱ្យបានក្នុងកម្រិតខ្ពស់បំផុត ជាមួយនឹងឥរិយាបថនយោបាយការបរទេសទន់ភ្លន់ និងវ័យឆ្លាត ស្របតាមបរិការណ៍នយោបាយអន្តរជាតិនាពេលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណាស្វះស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចជាមួយមហាអំណាចពិភពលោកមួួយនេះ។

          លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ដែលនៅក្នុងចុងអាណត្តិរបស់លោក ចូ បៃដិន ទំនាក់ទំនងនេះ មានសញ្ញាណខិតទៅរកភាពល្អប្រសើរឡើងវិញ ដែលស្របទៅនឹងការមិនបន្ថែមឬបន្ថយទម្ងន់យុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ កម្ពុជាគួរតែច្បាមឱកាសនេះ ពង្រឹងបន្ថែមនៅក្នុងទិដ្ឋភាពប្រកបដោយសញ្ញាណវិជ្ជមាន នៃទំនាក់ទំនងយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ដើម្បីពង្រឹងនូវសមត្ថភាពកងកម្លាំងប្រដាប់អាវុធ ទាំងយុទ្ធោបករណ៍ យុទ្ធសាស្ត្រ និងបច្ចេកទេសផ្សេងៗ ក៏ដូចជាការរៀបចំកិច្ចសហប្រតិបត្តិការហ្វឹកហាត់ឡើងវិញជាមួយនឹងសហរដ្ឋអាម៉េរិក ក្នុងគោលបំណងទាញយកផលប្រយោជន៍ជាអតិបរមា ពីនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ដែលនឹងមិនដាក់សម្ពាធ ឬសង្កត់ធ្ងន់បន្ថែមលើសំណុំរឿងណាមួយជាមួយនឹងកម្ពុជា។ លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជា គួរតែជំរុញឱ្យមានឡើងវិញនូវកិច្ចសហប្រតិបត្តិការដោះដូរបច្ចេកទេស ការបណ្ដុះបណ្ដាលមន្ត្រីជំនាញយោធារបស់កម្ពុជា ការជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន សន្តិសុខ និងការធ្វើយសមយុទ្ធយោធារួមគ្នា ឱ្យកាន់តែសកម្មឡើងវិញ ដោយអនុលោមទៅតាមខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣ ដោយពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងមហាអំណាចទាំងអស់ សំដៅធ្វើយ៉ាងណារក្សាតុល្យភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយមិត្តភាពនិងការស្ថាបនា។

          ជារួម លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការវិលត្រឡប់មកដឹកនាំសហរដ្ឋអាម៉េរិកជាថ្មីម្ដងទៀតនេះរបស់លោក ដូណាល់ ត្រាំ គឺជាឱកាសសម្រាប់ប្រទេសកម្ពុជា ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងយោធា ដែលទិដ្ឋភាពទាំងអស់នេះគឺ អាស្រ័យលើប្រទេសកម្ពុជាខ្លួនឯង នៅក្នុងការរៀបចំខ្លួនឱ្យបានរួចរាល់នៅក្នុងការធ្វើការជាមួយលោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោក ស្របពេលដែលរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៦៨ ម៉ឺនដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»

ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៖ ៣ : ២០ នាទីរសៀលភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិក ដល់កម្ពុជ...

2018-11-08 08:24:56   ថ្ងៃព្រហស្បតិ៍, 08 វិច្ឆិកា 2018 ម៉ោង 03:24 PM
«សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ​  សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈប្រតិភូ ទៅចូលរួមក្នុងសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មសេរីរវាងអាស...

2018-11-08 06:43:08   ថ្ងៃព្រហស្បតិ៍, 08 វិច្ឆិកា 2018 ម៉ោង 01:43 PM
«កិច្ចប្រជុំសម្រេចរចនាសម្ពន្ធ័​ តួនាទី​ ភារកិច្ច​ រូបសញ្ញា​សៀវភៅផ្នត់​ បូកសរុបសមិទ្ធផលការងារឆ្នាំ២០១៨​ និងទិសដៅការងារអនុវត្តឆ្នាំ២០១៩»

ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបណ្ឌិត ឆេង​ វណ្ណរិទ្ធ​ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម​ បានដឹកនាំអង្គប្រជ...

2018-11-07 14:25:38   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 09:25 PM
«ក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យាបានចំនួន១៣ ពាក្យ»

ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យា ប...

2018-11-07 14:02:36   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 09:02 PM
«៩ វិច្ឆិកា ២០១៨៖ ខួប៦៥ឆ្នាំ នៃឯករាជ្យជាតិកម្ពុជា និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ»

ចុះផ្សាយថ្ងៃទី៧  ខែវិច្ឆិកា ឆ្នាំ២០១៨ - ម៉ោង៖ ៤ :៣០ នាទីរសៀលភ្នំពេញ៖ ក្រោយពីទទួលបានឯករាជ្យបរិបូណ៌ពីសាធារណរដ្ឋបារាំង មកដល់ពេលនេះ មានរយៈពេល៦៥ឆ្នាំមកហើយ។ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រទេស...

2018-11-07 09:36:25   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 04:36 PM
«បរិស្ថាននិងវិស័យពាក់ព័ន្ធក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...»

E-learning! ឱកាសសិក្សាដ៏ល្អ សម្រាប់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកកំពុងបំពេញការងារក្នុងវិស័យបរិស្ថាននិងវិស័យពាក់ព័ន្ធ ក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...

2018-11-07 08:38:52   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 03:38 PM

សេចក្តីប្រកាស