ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយខ្មែរគួរតែបញ្ឈប់នយោបាយជាន់ពន្លិចប្រជាជាតិខ្លួន ចៀសវាងក្លាយខ្លួនទៅជាសត្រូវរបស់ប្រជាជាតិខ្លួនឯង

2025-01-22 03:12:41 ថ្ងៃពុធ, 22 មករា 2025 ម៉ោង 10:12 AM
អ្នកមើល 271
post_detail1

ស្របពេលដែលកម្ដៅនយោបាយនៅក្នុងប្រទេសកម្ពុជា ហាក់មិនថមថយ ដោយសារតែអ្នកនយោបាយមាននិន្នាការប្រឆាំងនៅបរទេស បានបន្តដុតរោល និងញុះញង់ឱ្យមានការបែកបាក់ជាតិក្នុងចំណោមស្រទាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈការទាញព្រឹត្តិការណ៍ ក៏ដូចជាករណីផ្សេងៗ ដែលកើតមានទាំងក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោកផ្សេងៗ ហើយអំពាវនាវ ឱ្យមានការក្រោកឡើងប្រឆាំងនឹង​រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជានោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អ្នកនយោបាយដែលមាននិន្នាការប្រឆាំង និងអ្នកនយោបាយប្រឆាំងដែលនិរទេសខ្លួននៅក្រៅស្រុក គួរតែដល់ពេលវេលាបញ្ឈប់ការធ្វើសកម្មភាពនយោបាយ ដែលជាន់ពន្លិចប្រជាជាតិខ្មែរបន្តទៅទៀតហើយ។ បើតាមលោកបណ្ឌិត ការធ្វើនយោបាយនៅក្នុងរូបភាពនេះ មិនត្រឹមតែជានយោបាយហួសសម័យកាល មិនបានចូលរួមចំណែកនៅក្នុងការកសាងជាតិមាតុភូមិនោះទេ ប៉ុន្តែគឺជាការធ្វើនយោបាយដែលនាំមកនូវភាពគ្រោះថ្នាក់ចំពោះប្រទេសជាតិខ្លួនទៅវិញ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា អ្នកនយោបាយដែលមាននិន្នាការមិនស្របនឹងរាជរដ្ឋាភិបាល ក៏ដូចជាអ្នកនយោបាយប្រឆាំង គួរតែផ្លាស់ប្ដូរវិធីសាស្ត្រធ្វើនយោបាយរបស់ខ្លួន ដោយត្រូវឈ្វេងយល់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាការរីកចម្រើនសម្រាប់ប្រជាជាតិខ្មែរទាំងមូល និងជាការរីកចម្រើន ដែលនាំមកនូវផលប្រយោជន៍ ទាំងកិត្តិយសក្នុងនាមជាប្រជាជាតិស៊ីវិល ទាំងផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គម និងនយោបាយអភិវឌ្ឍនៅក្នុងវិស័យផ្សេងៗរួមផ្សំជាមួយគ្នាផងដែរ។ បើតាមលោកបណ្ឌិត បើទោះបីជាមិនបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសជាតិ ក្រុមអ្នកនយោបាយគ្រប់និន្នាការ ក៏គួរបញ្ឈប់នយោបាយជាន់ពន្លិចប្រទេសជាតិខ្លួន ដែលគួរតែជនបរទេសទេ ដែលមានបំណងជាន់ពន្លិចប្រជាជាតិខ្មែរ មិនមែនជាជនរួមជាតិខ្មែរ ដែលមានដើមកំណើត សញ្ជាតិ និងសាវតាចេញពីប្រទេសជាតិខ្មែរខ្លួនឯងនោះទេ។ លោកបណ្ឌិតបន្ថែមថា គេមិនមានអ្វីជាចម្ងល់នោះទេ សម្រាប់ជនបរទេសដែលមានបំណងជៀតជ្រែកកិច្ចការផ្ទៃក្នុង និងបំពានបំផ្លាញផលប្រយោជន៍ខ្មែរ នឹងជាន់ពន្លិចប្រទេសកម្ពុជា ប៉ុន្តែសម្រាប់អ្នកដែលមានឈាមជ័រ និងដើមកំណើតជាជនជាតិខ្មែរ ពិតជាមិនគួរបន្តនយោបាយបំផ្លាញជាតិសាសន៍ខ្លួននោះទេ ពុំនោះទេ បុគ្គលទាំងនោះ នឹងក្លាយទៅជាសត្រូវរបស់ប្រជាជាតិខ្លួន។

បន្ថែមពីលើនេះ លោកបណ្ឌិតបានចាត់ទុកអ្នកនយោបាយ ដែលបន្តធ្វើនយោបាយប្រឆាំងផលប្រយោជន៍ជាតិសាសន៍ខ្លួន គឺជាអ្នកនយោបាយដែលមានភាពចាស់គំរិល ដើម្បីតែផលប្រយោជន៍នយោបាយខ្លួននិងបក្ខពួក បែរជាហ៊ានជាន់ពន្លិចប្រទេសជាតិខ្លួន។ លោកបណ្ឌិត យង់ ពៅ បន្តថា អ្ន​កនយោបាយខ្មែរគួរតែទទួលស្គាល់ថា សង្វៀននយោបាយកម្ពុជា អនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដែលមានការប្រកួតប្រជែងគ្នារៀងរាល់៥ឆ្នាំម្ដង ហើយអ្នកនយោបាយខ្មែរ គួរតែរៀបចំគោលនយោបាយនៅក្នុងការដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ ដើម្បីបង្ហាញទៅដល់ម្ចាស់ឆ្នោត ហើយទុកឱ្យម្ចាស់ឆ្នោតជាអ្នកវិនិច្ឆ័យ ហើយអ្នកនយោបាយក្រៅរដ្ឋាភិបាលអាចបញ្ជាក់ឬបង្អួតទៅម្ចាស់ឆ្នោតថា ខ្លួនមានអ្វីល្អលើសរាជរដ្ឋាភិបាល ដើម្បីទទួលបានការគាំទ្រ។ លោកបណ្ឌិត បានជំរុញឱ្យអ្នកនយោបាយខ្មែរទាំងអស់ ជួយជំរុញផ្សព្វផ្សាយរូបភាពជាវិជ្ជមាននានាអំពីប្រទេសកម្ពុជា ដើម្បីផ្ដល់ផលចំណេញដល់ប្រទេសជាតិខ្លួន ហើយក្រុមអ្នកនយោបាយប្រឆាំងក៏អាចទាញប្រជាប្រិយភាពតាមរយៈរូបភាពនេះផងដែរ ថាខ្លួនពិតជាបានចូលរួមចំណែកនៅក្នុងការរីកចម្រើននៃប្រទេសជាតិ។

ជាមួយគ្នានេះ ថ្វីដ្បិតតែអ្នកនយោបាយប្រឆាំងមិនមានតួនាទីផ្លូវការនៅក្នុងស្ថាប័ននីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) ក្ដី ប៉ុន្តែក្នុងនាមជាពលរដ្ឋកម្ពុជា ក៏គួរតែមានមនសិកាស្នេហាជាតិ និងទស្សនៈជាមូលដ្ឋានចង់ឱ្យ​ប្រជាជាតិខ្លួនមានវឌ្ឍនភាពឆ្ពោះទៅមុខផងដែរ ហើយអ្នកនយោបាយខ្មែរគ្រប់រូប ពិតជាអាចចូលរួមចំណែកនៅក្នុងការថែរក្សា ការពារ និងពូនជ្រុំលើកតម្កើងផលប្រយោជន៍ជាតិខ្មែរ ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ពិសេសការផ្សព្វផ្សាយសារវិជ្ជមានជាច្រើនដូចជា សក្ដានុពលទេសចរណ៍ សេដ្ឋកិច្ច និងកសិកម្មជាដើម។ លោកបណ្ឌិត បានលើកករណីលោក ថាក់ស៊ីន ស៊ីណាវាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបាននិរទេសទៅក្រៅប្រទេសទៅហើយក្ដី ក៏អ្នកនយោបាយថៃរូបនេះបានចូលរួមចំណែកផ្សព្វផ្សាយអំពីផលិតផលថៃ និងរួមចំណែកជំរុញផលប្រយោជន៍របស់ប្រទេសថៃផងដែរ។ ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អះអាងថា គឺជាស្មារតីនយោបាយសម័យទំនើប ដែលក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសរៀនសូត្រ ដោយត្រូវលះបង់នូវនយោបាយពន្លិចប្រជាជាតិខ្លួន ចាប់ផ្ដើមធ្វើនយោបាយដើម្បីប្រជាជាតិខ្មែររឹងមាំ ចៀសវាងធ្វើនយោបាយ ដើម្បីតែផលប្រយោជន៍នយោបាយសួនតួរបស់ខ្លួននិងក្រុម។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ជាថ្មីថា នៅពេលដែលប្រជាជាតិខ្លួនមានការរីកចម្រើន ប្រជាពលរដ្ឋខ្មែរក៏នឹងអាចនឹកឃើញដល់ការចូលរួមចំណែកជំរុញការរីកចម្រើនប្រទេសជាតិ ពីសំណាក់អ្នកនយោបាយខ្មែរនៅក្រៅប្រទេសផងដែរ ហើយនោះគឺជាកិត្តិយស និងគុណតម្លៃ ដែលអ្នកនយោបាយខ្មែរទទួលបានពីការចូលរួមចំណែកដើម្បីផលប្រយោជន៍ជាតិផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បណ្ឌិតសភាចារ្យ សុខ ទូច លើកឡើងនូវមូលដ្ឋាន៤ ដែលកម្ពុជាអាចរក្សាបូរណភាពទឹកដីរបស់ខ្លួនបាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាមានមូលដ្ឋានចំនួន ៤ដែលអាចថែរក្សាបូរណភាពទឹកដីរបស់ខ្លួនបាននោះគឺ ផែនទីរដ្ឋបាលបន្សល់ដោយអាណានិគមបារាំង បង្គោលព្រំដែនរដ្ឋបាលកូសាំងស៊ីន មូលដ្ឋានឯកសារដែលស្រាវជ្រាវនិងចងក្រងដោយរ...

2024-08-02 11:29:20   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 06:29 PM
បណ្ឌិត្យសភាចារ្យ សុខ ទូច៖ បរទេសឆ្កឹះរុញឱ្យអ្នកនយោបាយប្រឆាំងខ្មែរចោទរាជរដ្ឋាភិបាល ករណីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦...

2024-08-02 11:20:03   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 06:20 PM
ហេតុអ្វីប្រទេសមួយធ្វើវិទ្ធង្សនាប្រឆាំងនឹងប្រទេសដទៃ?

ដោយ៖ លឹម សុវណ្ណរិទ្ធ វិទ្ធង្សនា (Subversion) ជាសកម្មភាពដែលធ្វើឡើងដោយក្រុមបុគ្គល ឬក្រុមនយោបាយ ដែលស្ថិតនៅក្រោមការបង្គាប់បញ្ជាពីរដ្ឋណាមួយ ប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសឬរដ្ឋមួយទៀត នៅក្នុងគោលដៅបំផ្លិច...

2024-07-30 03:56:27   ថ្ងៃអង្គារ, 30 កក្កដា 2024 ម៉ោង 10:56 AM
"សៀវភៅព្រះត្រៃបិដក១១០ក្បាល បានទទួលមកតម្កល់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា"

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ទីប្រឹក្សានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រគល់សៀវភៅព្រះត្រៃបិដកចំនួន ១១០ក្បាល មកបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត យង់ ព...

2024-05-23 10:58:43   ថ្ងៃព្រហស្បតិ៍, 23 ឧសភា 2024 ម៉ោង 05:58 PM
ទ្រឹស្ដីវិទូ ចន ដេវី (John Dewey Theorist) ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

សមិទ្ធផល ការរីកចម្រើននៃពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯងទាំងស្រុងនោះទេ តែវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនតាមការវិវឌ្ឍនៃសម័យកាល។ ការវិវឌ្ឍទាំងនោះ គឺក៏កើតឡើងពីទ្រឹស្ដីនានានៃអ្នកប្រាជ្ញ ទស្សនវិទ...

2024-05-23 03:07:49   ថ្ងៃព្រហស្បតិ៍, 23 ឧសភា 2024 ម៉ោង 10:07 AM
ហេតុអ្វីកម្ពុជាត្រូវមានឯករាជ្យភាពខាងនយោបាយ នៅក្នុងវិស័យដឹកជញ្ជូន?

ដោយ៖ លឹម សុវណ្ណារិទ្ធ ក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗសុទ្ធសឹងតែមានអំណាចរបស់ខ្លួន ដែលដែនកំណត់នៃអំណាចនោះអាស្រ័យទៅលើលទ្ធភាពនៃការពង្រឹងឥទ្ធិពល និងឯករាជ្យភាពខាងនយោបាយ និងសេដ្ឋកិច្ច នៅក្នុងទំនាក់ទ...

2024-05-22 13:52:09   ថ្ងៃពុធ, 22 ឧសភា 2024 ម៉ោង 08:52 PM

សេចក្តីប្រកាស