Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះលោក សម រង្ស៊ី ដែលព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនិងសង្គម និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា លោក សម រង្ស៊ី ពុំធ្លាប់បោះបង់ចេតនាញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពូជានោះទេ នៅក្នុងអាជីពនយោបាយរបស់ខ្លួន ប៉ុន្តែជារៀងដរាបរហូតមក អ្នកនយោបាយរូបនេះ នៅតែមិនទទួលបានជោគជ័យទៅតាមបំណងរបស់របស់ខ្លួនឡើយ ក៏ព្រោះតែប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានយល់ច្បាស់អំពីមហិច្ឆតានយោបាយប្រកបដោយភាពទុច្ចរឹតរបស់អ្នកនយោបាយរូបនេះ។
ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បើទោះបីជាលោក សម រង្ស៊ី បានដឹងថា គ្មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធចំពោះការអំពាវនាវរបស់ខ្លួនក៏ដោយក្ដី ក៏អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ នៅតែបន្តបន្លឺសម្លេងរបស់ខ្លួននៅក្នុងបញ្ហានយោបាយកម្ពុជា ដើម្បីអាចទាញផលចំណេញនៅក្នុងរូបភាពណាមួយ ដែលពេលខ្លះបានត្រឹមតែជាការអង្រួនសង្វៀននយោបាយកម្ពុជា ឱ្យអ្នកគាំទ្ររបស់លោកមើលឃើញថា លោកនៅតែមានវត្តមាននៅក្នុងនយោបាយកម្ពុជា។ ជាលទ្ធផល អ្នកដែលជឿតាម និងដើរតាមការញុះញង់របស់លោក សម រង្ស៊ី ជានិច្ចកាលតែងតែរងគ្រោះដោយសារតែអ្នកនយោបាយរូបនេះ ពិសេសការប្រឈមមុខនឹងវិធានការផ្លូវច្បាប់ជាធរមាន រីឯលោក សម រង្ស៊ី បែរជាសម្ងំប្រមូលថវិកានៅឯក្រៅស្រុក ដោយមិនរវីរវល់នឹងសុខទុក្ខរបស់អ្នកដើរតាមនោះឡើយ។ នៅក្នុងករណីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែគូសបញ្ជាក់សារឆ្លើយតបទៅអតីតអ្នកនយោបាយរូបនេះ ដើម្បីបញ្ចៀសកុំឱ្យពលរដ្ឋមួយចំនួនស្ដាប់ឬដើរតាមការញុះញង់របស់អ្នកនយោបាយប្រឆាំង ហើយធ្លាក់ខ្លួនជាជនរងគ្រោះនយោបាយ។
បើតាមលោកបណ្ឌិត យង់ ពៅ ការចាត់វិធានការ ដើម្បីបង្ការសកម្មភាពទាំងឡាយណាដែលបង្កដល់បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់សារធារណៈ គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិ ហើយប្រសិនបើភាគីនយោបាយម្ខាងទៀត នៅតែបន្តញុះញង់ និងដុតរោលកងកម្លាំងប្រដាប់អាវុធ ដែលប្រើប្រាស់ "នយោបាយអុសសើមនៅជិតភ្លើង គង់អីនឹងឆេះ" ប៉ុន្តែរាជរដ្ឋាភិបាលមិនចាត់វិធានការឆ្លើយតប និងបង្ការទុកជាមុននោះទេ នោះនឹងបង្កឱ្យមានវិបត្តិនយោបាយ ឬអសន្តិសុខ កើតមាននៅក្នុងសង្គមជាតិជាក់ជាមិនខានឡើយ។ ហេតុនេះហើយ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងបំភ្លឺដល់សាធារណជន និងមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបណ្ឌិតបានកត់សម្គាល់ថា ជានិច្ចកាល អ្នកនយោបាយប្រឆាំងនៅក្រៅស្រុក តែងតែព្យាយាមទាញភ្ជាប់ករណីផ្សេងៗទាំងក្នុងនិងក្រៅប្រទេស យកមកដាក់បន្ទុក និងញុះញង់ឱ្យមានចរន្តឬនិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាងចុងក្រោយនេះ ដូចជាករណីបដិវត្តន៍នៅបង់ក្លាដែស ករណីកោះគុជ និងចុងក្រោយនេះគឺ ករណីឃាតកម្មទៅលើអតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅឯប្រទេសថៃជាដើម។ បើទោះជាបែបនេះក្ដី លោកបណ្ឌិត យង់ ពៅ បានអះអាងថា ការបន្តចេតនាញុះញង់ឆ្កឹះកឆ្កៀលពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល ពីសំណាក់អតីតមេដឹកនាំគណបក្សប្រឆាំងនេះ នឹងមិនជះឥទ្ធិពល ឬបង្កជាចរន្តប្រឆាំងរដ្ឋាភិបាល ទៅតាមគោលដៅរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅស្រុកនោះឡើយ ហើយការញុះញង់និងអំពាវនាវទាំងនេះ នឹងគ្រាន់តែជាសារនយោបាយដែលគ្មានទម្ងន់របស់អតីតអ្នកនយោបាយប្រឆាំងដែលនិរទេសនៅក្រៅស្រុកតែប៉ុណ្ណោះ។ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់បន្ថែមថា «នេះគ្រាន់តែជានយោបាយចង់រក្សាសង្វៀននយោបាយប៉ុណ្ណោះ» មិនគួរអីប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធខ្លះ រើសយកមកពិចារណានាំខាតពេលវេលានោះទេ ៕
RAC Media | លឹម សុវណ្ណរិទ្ធ
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...
លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុ...