ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ លោក សម រង្ស៊ី តែងបរាជ័យលើមហិច្ឆតានយោបាយ ឆ្កឹះឆ្កៀលពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល

2025-01-22 03:07:52 ថ្ងៃពុធ, 22 មករា 2025 ម៉ោង 10:07 AM
អ្នកមើល 169
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះលោក សម រង្ស៊ី ដែលព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនិងសង្គម និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា  លោក សម រង្ស៊ី ពុំធ្លាប់បោះបង់ចេតនាញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពូជានោះទេ នៅក្នុងអាជីពនយោបាយរបស់ខ្លួន ប៉ុន្តែជារៀងដរាបរហូតមក អ្នកនយោបាយរូបនេះ នៅតែមិនទទួលបានជោគជ័យទៅតាមបំណងរបស់របស់ខ្លួនឡើយ ក៏ព្រោះតែប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានយល់ច្បាស់អំពីមហិច្ឆតានយោបាយប្រកបដោយភាពទុច្ចរឹត​របស់អ្នកនយោបាយរូបនេះ។

ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បើទោះបីជាលោក សម រង្ស៊ី បានដឹងថា គ្មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធចំពោះការអំពាវនាវ​របស់ខ្លួនក៏ដោយក្ដី ក៏អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ នៅតែបន្តបន្លឺសម្លេងរបស់ខ្លួននៅក្នុង​បញ្ហានយោបាយកម្ពុជា ដើម្បីអាចទាញផលចំណេញនៅក្នុងរូបភាពណាមួយ ដែលពេលខ្លះបានត្រឹមតែជាការអង្រួនសង្វៀននយោបាយកម្ពុជា ឱ្យអ្នកគាំទ្ររបស់លោកមើលឃើញថា លោកនៅតែមានវត្តមាននៅក្នុងនយោបាយកម្ពុជា។ ជាលទ្ធផល អ្នកដែលជឿតាម និងដើរតាមការញុះញង់របស់លោក សម រង្ស៊ី ជានិច្ចកាលតែងតែរងគ្រោះដោយសារតែអ្នកនយោបាយរូបនេះ ពិសេសការប្រឈមមុខនឹងវិធានការផ្លូវច្បាប់ជាធរមាន រីឯលោក សម រង្ស៊ី បែរជាសម្ងំប្រមូលថវិកានៅឯក្រៅស្រុក ដោយមិនរវីរវល់នឹងសុខទុក្ខរបស់អ្នកដើរតាមនោះឡើយ។ នៅក្នុងករណីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែគូសបញ្ជាក់សារឆ្លើយតបទៅអតីតអ្នកនយោបាយរូបនេះ ដើម្បីបញ្ចៀសកុំឱ្យពលរដ្ឋមួយចំនួនស្ដាប់ឬដើរតាមការញុះញង់របស់អ្នកនយោបាយប្រឆាំង ហើយធ្លាក់ខ្លួនជាជនរងគ្រោះនយោបាយ។

បើតាមលោកបណ្ឌិត យង់ ពៅ ការចាត់វិធានការ ដើម្បីបង្ការសកម្មភាពទាំងឡាយណាដែលបង្កដល់បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់សារធារណៈ គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិ ហើយប្រសិនបើភាគីនយោបាយម្ខាងទៀត នៅតែបន្តញុះញង់ និងដុតរោលកងកម្លាំងប្រដាប់អាវុធ ដែលប្រើប្រាស់ "នយោបាយអុសសើមនៅជិតភ្លើង គង់អីនឹងឆេះ" ប៉ុន្តែរាជរដ្ឋាភិបាលមិនចាត់វិធានការឆ្លើយតប និងបង្ការទុកជាមុននោះទេ នោះនឹងបង្កឱ្យមានវិបត្តិនយោបាយ ឬអសន្តិសុខ កើតមាននៅក្នុងសង្គមជាតិជាក់ជាមិនខានឡើយ។ ហេតុនេះហើយ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងបំភ្លឺដល់សាធារណជន និងមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាផងដែរ។

 លោកបណ្ឌិតបានកត់សម្គាល់ថា ជានិច្ចកាល អ្នកនយោបាយប្រឆាំងនៅក្រៅស្រុក តែងតែព្យាយាមទាញភ្ជាប់ករណីផ្សេងៗទាំងក្នុងនិងក្រៅប្រទេស យកមកដាក់បន្ទុក និងញុះញង់ឱ្យមានចរន្តឬនិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាងចុងក្រោយនេះ ដូចជាករណីបដិវត្តន៍នៅបង់ក្លាដែស ករណីកោះគុជ និងចុងក្រោយនេះគឺ ករណីឃាតកម្មទៅលើអតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅឯប្រទេសថៃជាដើម។ បើទោះជាបែបនេះក្ដី លោកបណ្ឌិត យង់ ពៅ បានអះអាងថា ការបន្តចេតនាញុះញង់ឆ្កឹះកឆ្កៀលពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល ពីសំណាក់អតីតមេដឹកនាំគណបក្សប្រឆាំងនេះ នឹងមិនជះឥទ្ធិពល ឬបង្កជាចរន្តប្រឆាំងរដ្ឋាភិបាល ទៅតាមគោលដៅរបស់ក្រុមអ្នកនយោបាយ​ប្រឆាំងនៅក្រៅស្រុកនោះឡើយ ហើយការញុះញង់និងអំពាវនាវទាំងនេះ នឹងគ្រាន់តែជាសារនយោបាយដែលគ្មានទម្ងន់របស់អតីតអ្នកនយោបាយប្រឆាំងដែលនិរទេសនៅក្រៅស្រុកតែប៉ុណ្ណោះ។ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់បន្ថែមថា «នេះគ្រាន់តែជានយោបាយចង់រក្សាសង្វៀននយោបាយប៉ុណ្ណោះ» មិនគួរអីប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធខ្លះ រើសយកមកពិចារណានាំខាតពេលវេលានោះទេ ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM
«កិច្ចប្រជុំ ពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំ ពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ប...

2019-01-11 02:49:46   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 09:49 AM

សេចក្តីប្រកាស