ព័ត៌មាន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម

2025-01-16 04:18:24 ថ្ងៃព្រហស្បតិ៍, 16 មករា 2025 ម៉ោង 11:18 AM
អ្នកមើល 429
post_detail1

          ឆ្លើយតបទៅនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទស្សនៈចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយងាយឡើយប្រសិនបើគ្មានការចរចា។

          លោកបណ្ឌិត យង់ ពៅ បានយល់ស្របទៅនឹងប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមេដឹកនាំអ៊ុយក្រែនត្រូវចាប់ផ្ដើមចរចាក្នុងស្ថានភាពវាយផងចរចាផង ជាជាងរង់ចាំឱ្យអ៊ុយក្រែនមានប្រៀបលើសមរភូមិយោធាជាមុនសិន ទើបស្វែងរកការចរចា។ សម្រាប់លោកបណ្ឌិត ប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ គឺជាទស្សនៈឡូហ្ស៊ិកនយោបាយមួយ ពោលគឺដើម្បីសម្រេចបានតាមគោលដៅដែលចង់បាន ការតស៊ូទាំងផ្លូវសមរភូមិអាវុធ និងសមរភូមិការទូត ក៏ដូចជាការចរចា ត្រូវធ្វើឡើងស្របពេលដំណាលគ្នា។

          លោកបណ្ឌិត យង់ ពៅ បានបន្តថា សម្ដេចតេជោបានដឹកនាំស្វែងរកសន្តិភាពសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា នៅក្នុងដំណើរការដូច្នេះដែរ ពោលគឺមិនរង់ចាំឱ្យអ្នកខាងក្រៅអន្តរាគមន៍ ឬជួយឱ្យខ្លួនឯងមានប្រៀបជាមុនទើបចរចានោះទេ ប៉ុន្តែ សម្ដេចតេជោបានចាប់ផ្ដើមការចរចាតាំងពីដំបូងទី ព្រោះសម្ដេចតេជោយល់យ៉ាងជាក់ច្បាស់ថា មានតែការចរចាតែប៉ុណ្ណោះ ដែលអាចឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនដល់ជាតិមាតុភូមិ។ លោកបណ្ឌិតបញ្ជាក់បន្ថែមថា បទពិសោធន៍នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា គឺជាលំនាំមួយដែលមេដឹកនាំអ៊ុយក្រែនក៏ដូចជាប្រទេសដែលកំពុងជួបសង្គ្រាមអាចយកជាមេរៀននៅក្នុងជ្រុងផ្សេងៗ ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិខ្លួន ព្រោះប្រសិនបើអ្នកនយោបាយនៃជាតិសាសន៍មួយ មិនយល់ឃើញអំពីដំណើរការស្វែងរកសន្តិភាព ហើយរង់ចាំតែការអន្តរាគមន៍ឬជួយពីសំណាក់ភាគីខាងក្រៅ គេពិតជាពិបាកនឹងសម្រេចបានសន្តិភាពសម្រាប់ជាតិសាសន៍ខ្លួនណាស់។

          បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងទំនាក់ទំនងអន្តរជាតិ គ្មានប្រទេសណាមួយដែលជួយប្រទេសផ្សេងទៀត ដោយមិនគិតគូរអំពីផលប្រយោជន៍ដែលគេទទួលបានណាស់ ពោលគឺ ការអន្តរាគមន៍ ឬផ្ដល់ជំនួយផ្សេងៗដល់ប្រទេសដទៃ តែងតែស្ថិតនៅក្នុងរបៀបវារៈនយោបាយ ដើម្បីបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្រនយោបាយ ឬសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជានិច្ច។ ការដែលមេដឹកនាំអ៊ុយក្រែនរង់ចាំជំនួយពីសំណាក់អាម៉េរិកឬអឺរ៉ុប ដើម្បីមានប្រៀបនៅក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ីនេះ គឺជាការពឹងផ្អែកទាំងស្រុងទៅលើភាគីខាងក្រោ ដែលគេមិនអាចគិតគូរផលប្រយោជន៍ជាតិរបស់អ៊ុយក្រែន ជាងមេដឹកនាំនិងប្រជាជនអ៊ុយក្រែនខ្លួនឯងផ្ទាល់នោះទេ។ ហេតុនេះហើយ ប្រសិនបើមេដឹកនាំអ៊ុយក្រែន មិនរូតរះស្វែងរកការចរចាហើយបន្តរង់ចាំជំនួយពីសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេស ដើម្បីមានប្រៀបលើសង្គ្រាមជាមួយនឹងរុស្ស៊ី មុននឹងធ្វើការចរចានោះ គឺប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងទេ ដែលត្រូវបន្តរងគ្រោះក្នុងរយៈពេលកាន់តែយូរបន្ថែមទៅទៀត។

          លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គេមិនអាចយកប្រទេសខ្លួនឯងធ្វើជាដើមទុនចរចា នៅចំពោះមុខភ្លើងសង្គ្រាមដែលកំពុងបន្តឆាបឆេះនោះ ហើយរង់ចាំពិភពលោកខាងក្រៅមកជួយអន្តរាគមន៍ ដើម្បីមានប្រៀបនៅក្នុងការចរចានោះឡើយ។ ប្រសិនបើមេដឹកនាំអ៊ុយក្រែនមាននិន្នាការសម្រេចចិត្តដូច្នេះ នោះសង្គ្រាមនឹងនៅតែបន្តឆាបឆេះ ហើយប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងដែលជាអ្នកទទួលរងគ្រោះធ្ងន់ជាងគេ។ លោកបណ្ឌិតបានបន្តថា នៅពេលដែលប្រទេសជាតិខ្លួនមានសង្គ្រាម មេដឹកនាំប្រទេសនោះគួរតែជាអ្នកចេញមុខស្វែងរកលទ្ធភាពចរចា ដើម្បីឈានឆ្ពោះទៅកាន់ដំណោះស្រាយសម្រាប់ប្រទេសជាតិរបស់ខ្លួន មិនអាចរង់ចាំការអន្តរាគមន៍ពីសំណាក់ភាគីខាងក្រៅ ដែលគេទន្ទឹងរង់ចាំឱកាសទទួលបានផលប្រយោជន៍ផ្ទាល់របស់គេនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា មានតែអ៊ុយក្រែនខ្លួនឯងទេ ជាអ្នកសម្រេចចិត្តលើជោគវាសនាជាតិរបស់ខ្លួន​៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

រយៈពេល១ឆ្នាំនៃដំណើរការរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា៖ លទ្ធផលដែលសម្រេចបាន និងទិសដៅដែលត្រូវបន្ត

ដោយ៖ បណ្ឌិត យង់ ពៅ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាថ្ងៃបង្គ្រប់១ឆ្នាំគត់នៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ គេអាចមើលឃើញទិដ្ឋភាពធំៗចំ...

2024-08-22 02:13:29   ថ្ងៃព្រហស្បតិ៍, 22 សីហា 2024 ម៉ោង 09:13 AM
ទស្សនទាន ជុំវិញការវិវត្តស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ

ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងរវាង២០ឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅក្នុងព្រះរាជាណាចក្រថៃ ដែលជាប្រទេសជិតខាងកម្ពុជា មានការរំជើបរំជួល ផ្លាស់ប្ដូរ ក៏ដូចជារដ្ឋប្រហារជាដើម ជាច្រើនករណី។ ថ្មីៗនេះ មានការសម្...

2024-08-22 01:08:15   ថ្ងៃព្រហស្បតិ៍, 22 សីហា 2024 ម៉ោង 08:08 AM
ទង្វើជ្រុលនិយមក្នុងសង្គមនយោបាយកម្ពុជា តម្រូវឱ្យសមត្ថកិច្ចមានវិធីសាស្ត្រល្អៗដោះស្រាយ ដើម្បីធានាស្ថិរភាពសង្គម

ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងសង្គមជាតិនីមួយៗ តែងតែមានក្រុមមនុស្សដែលមាននិន្នាការផ្សេងៗពីគ្នា ដែលក្នុងនោះ ដែលគេអាចបែងចែកបានទៅជា៣ប្រភេទគឺក្រុមឆ្វេងនិយម ក្រុមស្ដាំនិយម និងក្រុមកណ្ដាលនិយម ដែលក្រុមទាំង៣នេះ...

2024-08-20 08:23:53   ថ្ងៃអង្គារ, 20 សីហា 2024 ម៉ោង 03:23 PM
ការរំសាយបាតុកម្មប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការបរាជ័យក្រុមអ្នកប្រឆាំងសារជាថ្មី ដែលតែងប្រើរបៀបវារៈនយោបាយដុតរោលជាតិកម្ពុជា

ដោយ៖ បណ្ឌិត យង់ ពៅ គម្រោងធ្វើបាតុកម្មរបស់ក្រុមនយោបាយមួយ ដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ឱ្យដកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៨ ខ...

2024-08-19 04:28:20   ថ្ងៃចន្ទ, 19 សីហា 2024 ម៉ោង 11:28 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន ភាសាបរទេស នៃក្រសួងអប់រំសាធារណចិន

(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជួបជាមួយអនុប្រធានមជ្ឈមណ្ឌលផ្...

2024-08-16 09:35:29   ថ្ងៃសុក្រ, 16 សីហា 2024 ម៉ោង 04:35 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យគរុកោសល្យប៉េកាំង ( Beijing Normal University) នៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបំពេញទស្សនកិច្ចទៅកាន់កាន់សាកលវិទ្យាល័យគរុកោសល្...

2024-08-16 09:26:33   ថ្ងៃសុក្រ, 16 សីហា 2024 ម៉ោង 04:26 PM

សេចក្តីប្រកាស