ព័ត៌មាន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម

2025-01-16 04:18:24 ថ្ងៃព្រហស្បតិ៍, 16 មករា 2025 ម៉ោង 11:18 AM
អ្នកមើល 957
post_detail1

          ឆ្លើយតបទៅនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទស្សនៈចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយងាយឡើយប្រសិនបើគ្មានការចរចា។

          លោកបណ្ឌិត យង់ ពៅ បានយល់ស្របទៅនឹងប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមេដឹកនាំអ៊ុយក្រែនត្រូវចាប់ផ្ដើមចរចាក្នុងស្ថានភាពវាយផងចរចាផង ជាជាងរង់ចាំឱ្យអ៊ុយក្រែនមានប្រៀបលើសមរភូមិយោធាជាមុនសិន ទើបស្វែងរកការចរចា។ សម្រាប់លោកបណ្ឌិត ប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ គឺជាទស្សនៈឡូហ្ស៊ិកនយោបាយមួយ ពោលគឺដើម្បីសម្រេចបានតាមគោលដៅដែលចង់បាន ការតស៊ូទាំងផ្លូវសមរភូមិអាវុធ និងសមរភូមិការទូត ក៏ដូចជាការចរចា ត្រូវធ្វើឡើងស្របពេលដំណាលគ្នា។

          លោកបណ្ឌិត យង់ ពៅ បានបន្តថា សម្ដេចតេជោបានដឹកនាំស្វែងរកសន្តិភាពសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា នៅក្នុងដំណើរការដូច្នេះដែរ ពោលគឺមិនរង់ចាំឱ្យអ្នកខាងក្រៅអន្តរាគមន៍ ឬជួយឱ្យខ្លួនឯងមានប្រៀបជាមុនទើបចរចានោះទេ ប៉ុន្តែ សម្ដេចតេជោបានចាប់ផ្ដើមការចរចាតាំងពីដំបូងទី ព្រោះសម្ដេចតេជោយល់យ៉ាងជាក់ច្បាស់ថា មានតែការចរចាតែប៉ុណ្ណោះ ដែលអាចឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនដល់ជាតិមាតុភូមិ។ លោកបណ្ឌិតបញ្ជាក់បន្ថែមថា បទពិសោធន៍នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា គឺជាលំនាំមួយដែលមេដឹកនាំអ៊ុយក្រែនក៏ដូចជាប្រទេសដែលកំពុងជួបសង្គ្រាមអាចយកជាមេរៀននៅក្នុងជ្រុងផ្សេងៗ ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិខ្លួន ព្រោះប្រសិនបើអ្នកនយោបាយនៃជាតិសាសន៍មួយ មិនយល់ឃើញអំពីដំណើរការស្វែងរកសន្តិភាព ហើយរង់ចាំតែការអន្តរាគមន៍ឬជួយពីសំណាក់ភាគីខាងក្រៅ គេពិតជាពិបាកនឹងសម្រេចបានសន្តិភាពសម្រាប់ជាតិសាសន៍ខ្លួនណាស់។

          បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងទំនាក់ទំនងអន្តរជាតិ គ្មានប្រទេសណាមួយដែលជួយប្រទេសផ្សេងទៀត ដោយមិនគិតគូរអំពីផលប្រយោជន៍ដែលគេទទួលបានណាស់ ពោលគឺ ការអន្តរាគមន៍ ឬផ្ដល់ជំនួយផ្សេងៗដល់ប្រទេសដទៃ តែងតែស្ថិតនៅក្នុងរបៀបវារៈនយោបាយ ដើម្បីបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្រនយោបាយ ឬសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជានិច្ច។ ការដែលមេដឹកនាំអ៊ុយក្រែនរង់ចាំជំនួយពីសំណាក់អាម៉េរិកឬអឺរ៉ុប ដើម្បីមានប្រៀបនៅក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ីនេះ គឺជាការពឹងផ្អែកទាំងស្រុងទៅលើភាគីខាងក្រោ ដែលគេមិនអាចគិតគូរផលប្រយោជន៍ជាតិរបស់អ៊ុយក្រែន ជាងមេដឹកនាំនិងប្រជាជនអ៊ុយក្រែនខ្លួនឯងផ្ទាល់នោះទេ។ ហេតុនេះហើយ ប្រសិនបើមេដឹកនាំអ៊ុយក្រែន មិនរូតរះស្វែងរកការចរចាហើយបន្តរង់ចាំជំនួយពីសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេស ដើម្បីមានប្រៀបលើសង្គ្រាមជាមួយនឹងរុស្ស៊ី មុននឹងធ្វើការចរចានោះ គឺប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងទេ ដែលត្រូវបន្តរងគ្រោះក្នុងរយៈពេលកាន់តែយូរបន្ថែមទៅទៀត។

          លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គេមិនអាចយកប្រទេសខ្លួនឯងធ្វើជាដើមទុនចរចា នៅចំពោះមុខភ្លើងសង្គ្រាមដែលកំពុងបន្តឆាបឆេះនោះ ហើយរង់ចាំពិភពលោកខាងក្រៅមកជួយអន្តរាគមន៍ ដើម្បីមានប្រៀបនៅក្នុងការចរចានោះឡើយ។ ប្រសិនបើមេដឹកនាំអ៊ុយក្រែនមាននិន្នាការសម្រេចចិត្តដូច្នេះ នោះសង្គ្រាមនឹងនៅតែបន្តឆាបឆេះ ហើយប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងដែលជាអ្នកទទួលរងគ្រោះធ្ងន់ជាងគេ។ លោកបណ្ឌិតបានបន្តថា នៅពេលដែលប្រទេសជាតិខ្លួនមានសង្គ្រាម មេដឹកនាំប្រទេសនោះគួរតែជាអ្នកចេញមុខស្វែងរកលទ្ធភាពចរចា ដើម្បីឈានឆ្ពោះទៅកាន់ដំណោះស្រាយសម្រាប់ប្រទេសជាតិរបស់ខ្លួន មិនអាចរង់ចាំការអន្តរាគមន៍ពីសំណាក់ភាគីខាងក្រៅ ដែលគេទន្ទឹងរង់ចាំឱកាសទទួលបានផលប្រយោជន៍ផ្ទាល់របស់គេនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា មានតែអ៊ុយក្រែនខ្លួនឯងទេ ជាអ្នកសម្រេចចិត្តលើជោគវាសនាជាតិរបស់ខ្លួន​៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   ថ្ងៃសុក្រ, 25 ធ្នូ 2020 ម៉ោង 11:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   ថ្ងៃព្រហស្បតិ៍, 24 ធ្នូ 2020 ម៉ោង 12:40 PM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   ថ្ងៃពុធ, 23 ធ្នូ 2020 ម៉ោង 07:56 PM
សហគមន៍អ៊ិស្លាមក្រុមកនអ៊ីមុំាសាន់កម្ពុជា នៅភូមិស្រែប្រិយ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពត់ឆ្នាំង ដោយ ម៉ិល វាសនា, ធន ឆាយពិសិដ្ឋ, ប្រែង ពិសិដ្ឋ

...

2020-12-22 09:32:28   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 04:32 PM
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស