ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ដំណើរដឹកនាំកម្ពុជាជាង៤០ឆ្នាំរបស់សម្ដេចតេជោ បានបង្ហាញពីវីរៈភាពបុរសខ្លាំងកម្ពុជា និងនាំមកនូវកិត្យានុភាពជាតិខ្មែរ

2025-01-15 04:14:20 ថ្ងៃពុធ, 15 មករា 2025 ម៉ោង 11:14 AM
អ្នកមើល 547
post_detail1

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញទស្សនៈយល់ឃើញរបស់លោក អំពីដំណើរវិវត្តនៃការកាន់តំណែង និងសមិទ្ធផលសំខាន់ៗដែលសម្ដេចតេជោសម្រេចបានសម្រាប់ប្រជាជាតិខ្មែរ នៅក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា នៅក្នុងដំណើរដឹកនាំកម្ពុជាជាង៤០ឆ្នាំរបស់សម្ដេចតេជោ បានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយវីរៈភាព និងនាំមកនូវសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាជាតិខ្មែរ។

          លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នៅក្នុងដំណើរវិវត្តនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ចាប់តាំងពីការទទួលតំណែងជាប្រធានក្រុមប្រឹក្សារដ្ឋ តាំងពីឆ្នាំ១៩៨៥ មកទល់នឹងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គេអាចឆ្លុះបញ្ចាំងបាន ៣ចំណុចសំខាន់ៗគឺ៖

          ១. ដំណើរប្រព្រឹត្តទៅនៃការដឹកនាំរបស់សម្ដេចតេជោ នៅក្នុងរយៈពេលជាង៤០ឆ្នាំនេះ ពិតជាបង្ហាញអំពីសច្ចភាពប្រវត្តិសាស្ត្រ ដែលសម្ដេចគឺជារដ្ឋបុរសមួយ ដែលមានពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ពុំមែនជារឿងដែលគេដំណាលដូចក្នុងប្រវត្តិសាស្ត្រមួយចំនួននោះឡើយ។

          ២. នៅក្នុងទិដ្ឋភាពនៃការដឹកនាំរបស់សម្ដេចតេជោ បានបង្ហាញថា សម្ដេចតេជោ គឺជារដ្ឋបុរសខ្លាំងកម្ពុជាពិតប្រាកដ ពោលសម្ដេចគឺជាមេដឹកនាំដ៏មានឥទ្ធិពលនៅក្នុង​នយោបាយកម្ពុជា ដោយចាប់តាំងពីទទួលតំណែងរហូតមកដល់បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័៏ននយោបាយខ្ពស់បំផុតមួយនៅកម្ពុជា សម្ដេចបានស្ថិតក្នុងតំណែង​នយោបាយ​រយៈពេលជាង៤០ឆ្នាំ មិនដែលអាក់ខានឡើយ។ បើតាមលោកបណ្ឌិត សម្ដេចតេជោបានលះបង់តំណែងជានាយករដ្ឋមន្ត្រីដែលជាប្រមុខស្ថាប័ននីតិប្រតិបត្តិ មកកាន់តំណែងជាប្រធានព្រឹទ្ធសភា ជាស្ថាប័ននីតិប្បញ្ញត្តិវិញ។ សម្ដេចតេជោ គឺជាបុរសខ្លាំងពិតប្រាកដ ដែលបានទទួលអំណាច កាន់អំណាច និងរក្សាអំណាចនយោបាយជាប់ជានិច្ចដោយមិនរបូតម្ដងណាឡើយ។ នេះពិតជាលក្ខណៈសំខាន់ណាស់សម្រាប់ភាពជាអ្នកដឹកនាំ មិនត្រឹមតែសម្រាប់សម្ដេចតេជោនោះទេ គឺចំពោះឥស្សរជននយោបាយនានានៅក្នុង​ពិភពលោក ព្រោះការទទួលបានអំណាច គឺជារឿងមួយ រីឯការរក្សាអំណាច គឺជារឿងចាំបាច់និងមានការលំបាកមួយផ្សេងទៀត។ ទោះជាយ៉ាងណា សម្ដេចតេជោ ពិតជាបានរក្សាអំណាចរបស់លោកអស់រយៈពេលជាង៤០ឆ្នាំ តាមរយៈទទួលបានប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាភាគច្រើនលើសលប់។ នេះគឺជាភាពកម្រមួយសម្រាប់មេដឹកនាំនយោបាយនៅលើពិភពលោក ដែលមេដឹកនាំភាគច្រើនមិនអាចសម្រេចបានឡើយ។

          ៣. ក្រៅពីរក្សាអំណាចនិងតួនាទីដ៏សំខាន់នៅក្នុងនយោបាយ បុរសខ្លាំងនៃកម្ពុជា ក៏ថែមទាំងរក្សាបានផងដែរនូវស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលជាបុព្វលក្ខខណ្ឌអនុញ្ញាតឱ្យកម្ពុជាកសាងសេដ្ឋកិច្ចនិងសង្គមឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។

          ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលសម្ដេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែងសម្រេចបានសម្រាប់ប្រជាជាតិកម្ពុជាផងដែរគឺ៖

          ១. សង្គ្រោះអាយុជីវិតកម្ពុជា ពោលទាំងជីវិតប្រជាជន និងទឹកដីប្រទេសកម្ពុជា ដោយសម្ដេចតេជោបានសង្គ្រោះប្រជាជាតិកម្ពុជាចេញពីនយោបាយកាប់សម្លាប់ជាតិសាសន៍ឯងរបស់ក្រុមមេដឹកនាំខ្មែរក្រហម តាមរយៈជ័យជម្នះ ៧ មករា ១៩៧៩។ ប្រសិនបើសម្ដេចតេជោ និងឥស្សរជននយោបាយផ្សេងទៀត មិនបានសង្គ្រោះប្រជាជាតិកម្ពុជាចេញពីកណ្ដាប់ដៃរបបកម្ពុជាប្រជាធិបតេយ្យនោះទេ មិនត្រឹមតែអាយុជីវិតប្រជាជនកម្ពុជាប៉ុណ្ណោះទេដែលត្រូវបាត់បង់ តែជោគវាសនានៃប្រជាជាតិកម្ពុជា ក៏ស្ថិតនៅក្នុងភាបស្រពិចស្រពិលផងដែរ ព្រោះប្រសិនបើរបបដ៏ឃោរឃៅយង់ឃ្នងនេះសម្លាប់ប្រជាជនខ្លួនអស់ គេពិតជាពិបាកស្រមៃថា តើប្រទេសណា និងជនជាតិណា ដែលនឹងចូលមកដឹកនាំនិងគ្រប់គ្រងទឹកដីប្រទេសកម្ពុជាជំនួសប្រជាជនខ្មែរណាស់។ បើតាមលោកបណ្ឌិត ក្រោយពីបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា ២ធ្នូ សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជននយោបាយខ្មែរដទៃទៀត បានធ្វើការតស៊ូ ផ្ដួលរំលំរបបកម្ពុជា​ប្រជាធិបតេយ្យ និងទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរស់រានមានជីវិតសារជាថ្មីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។

          ២. សមិទ្ធផលមួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន គឺ ការទប់ស្កាត់នូវការវិលត្រឡប់មកវិញនៃសង្គ្រាម។ នៅបន្ទាប់ពីការសង្គ្រោះ​ប្រជាជាតិខ្មែរចេញពីរបបប្រល័យមនុស្សជាតិ ប៉ុល ពត កាតព្វកិច្ចដ៏សំខាន់មួយទៀតគឺ ការទប់ស្កាត់នូវការវិលត្រឡប់មកវិញនៃសង្គ្រាម។ សង្គ្រាមនៅត្រង់ចំណុចនេះ គឺរាប់ចាប់​តាំងពីសង្គ្រាមដែលបង្កឡើងដោយភាគីអមិត្ត និងក្រុមចលនាតស៊ូខ្មែរ ដែលក្រោយ​មក​បាន​ចាប់ដៃជាមួយនឹងក្រុមខ្មែរក្រហម បង្កើតជារដ្ឋាភិបាលត្រីភាគី តស៊ូនៅតាមព្រំដែនកម្ពុជា-ថៃ និងការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជារបស់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជាផងដែរ។ បើតាមលោកបណ្ឌិត យង់ ពៅ ទាំងអស់នេះ គឺជាសមិទ្ធផលដែលមិនអាចប្រកែកបាន​ដែលសម្ដេចតេជោ បានបន្សល់​ទុក​សម្រាប់ប្រជាជាតិខ្មែរ។

          ៣. សមិទ្ធផលលេចធ្លោមួយទៀត ដែលសម្ដេចតេជោនាំមកជូនប្រទេសជាតិនោះគឺ ការស្វែងរកសន្តិភាពពេញលេញនិងយូរអង្វែងសម្រាប់ប្រជាជាតិខ្មែរ ដោយបាននាំប្រទេសកម្ពុជាចេញពីសង្គ្រោះហែកហួរផ្ទៃក្នុងដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងនាំមកនូវសន្តិភាពពេញបរិបូរណ៌ឡើងវិញសម្រាប់ប្រជាជនកម្ពុជា។ ការស្វែងរកសន្តិភាពនេះគឺជាសមិទ្ធផលដ៏សំខាន់និងចាំបាច់បំផុតសម្រាប់ប្រជាជាតិនីមួយៗ ព្រោះនៅលើពិភពលោកនេះ ពេលដែលប្រទេសជាតិមួយធ្លាក់ចូលក្នុងសង្គ្រាមហើយ គេពិតជាលំបាកនៅក្នុងការកសាងសុខសន្តិភាពឡើងវិញណាស់។

          ៤. សមិទ្ធផលដ៏សំខាន់មួយទៀតដែលសម្ដេចតេជោសម្រេចបានសម្រាប់ប្រជាជាតិនោះគឺ ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោយពីនាំមកនូវសុខសន្តិភាពពេញលេញ សម្ដេចតេជោ​ក្នុងនាមជាមេដឹកនាំ ក៏បានកសាងប្រទេសជាតិ ចេញពីបាតដៃទទេ​រហូតដល់មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ដូចបច្ចុប្បន្ននេះ។ ត្រង់ចំណុចនេះ យុវជនកម្ពុជាជំនាន់ក្រោយដែលរស់នៅក្នុងសម័យសន្តិភាព ថែមទាំងស្ទើតែនឹកស្រមៃមិនឃើញអំពីទិដ្ឋភាពសង្គ្រាមរបស់កម្ពុជានៅក្នុងអតីតកាលថែមទៀតផង ព្រោះពួកគេមើលឃើញតែការអភិវឌ្ឍ ជឿនលឿន សម្បូរសប្បាយ និងសន្តិភាពជារៀងដរាបមកក្នុងជីវិតរបស់ខ្លួន។ បើតាមលោកបណ្ឌិត យង់ ពៅ យុវជនជំនាន់ក្រោយមួយចំនួន ពិតជាមិនបានដឹងឡើយអំពីភាពជូរចត់នៃសង្គ្រាមផ្ទៃក្នុង ការបែកបាក់ព្រាត់ប្រាសនិរាស្ត្រគ្រួសារ ដោយសារការជម្លៀសនិងការបាត់បង់ជីវិតនោះទេ។ ការអភិវឌ្ឍសំខាន់ៗទាំងនោះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងនិងអភិវឌ្ឍ​វិស័យអប់រំ ក៏ដូចជាគ្រប់វិស័យទាំងអស់ ដែលជាបណ្ដើរៗបាននាំប្រទេសកម្ពុជាចេញពីប្រទេស​មានចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈាន​ទៅប្រទេសមានចំណូលកម្រិតខ្ពស់នាពេលខាងមុខ។

          ៥. ការបើកច្រកកម្ពុជាទៅកាន់ពិភពលោក៖ សម្ដេចតេជោមិនត្រឹមតែសង្គ្រោះប្រទេសជាតិខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកច្រកកម្ពុជាទៅកាន់ពិភពលោក និងថែមទាំងបានជួយសង្គ្រោះបណ្ដាប្រទេសនានាលើពិភពលោកថែមទៀតផង ដោយកម្ពុជាតែងតែបានរៀបចំវេទិកានៃកិច្ចសន្ទនាធំៗលើពិភពលោក ដូចជា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ ដែលនាយករដ្ឋមន្ត្រី ប្រធានាធិបតី និងព្រះមហាក្សត្រនៃប្រទេសនានាបានមកជួបប្រជុំដោះស្រាយបញ្ហាសាកលលោក ព្រមទាំងការបញ្ជូនកងទ័ពមួកខៀវទៅចូលរួមរក្សាសន្តិភាពពិភពលោក ក៏ដូចជាការចូលរួមនៅក្នុងសេចក្ដីសម្រេច និងការដោះស្រាយបញ្ហាផ្សេងៗលើពិភពលោកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។

          បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់អំពីបទពិសោធន៍ដែលគេអាចរៀនសូត្រពីភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ ក្នុងរយៈពេលជាង៤០ឆ្នាំនេះផងដែរថា គេអាចរៀនសូត្រពីបទពិសោធន៍នយោបាយដ៏ល្អប្រសើររបស់សម្ដេចតេជោ ដែលប្រជាជាតិខ្មែរអាចសិក្សាស្វែងយល់អំពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ ដោយការបូជានូវសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ជូនដល់ជាតិមាតុភូមិ និងជាសច្ចភាពមិនអាចប្រកែកបាន ដែលគេត្រូវតែពិនិត្យ រៀនសូត្រ យកធ្វើជាមេរៀន និងជាការត្រួសត្រាយបន្ត នៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាសុខសន្តិភាពឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជាជាបន្ត​៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

តើលំហូរអន្តោប្រវេសន៍ចិន ធ្វើឱ្យខ្មែរអាចក្លាយជាជនជាតិដើមភាគតិចទេ? ដោយ៖ មជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

លំហូរជនអន្តោប្រវេសន៍ពីប្រទេសចិនចូលមកនៅប្រទេសកម្ពុជា ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចខ្លួនក្លាយជាជនជាតិដើមភាគតិចទៅវិញ នេះបើតាមការលើកឡើង ក្នុងវិទ្យុបារា...

2018-12-28 02:23:12   ថ្ងៃសុក្រ, 28 ធ្នូ 2018 ម៉ោង 09:23 AM
«ក្រុមការងារស្រាវជ្រាវផ្នែកគណិតវិទ្យានិងស្ថិតិ គ្រោងនឹងផ្សព្វផ្សាយស្នាដៃ»

ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...

2018-12-27 11:36:35   ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 06:36 PM
បាឋកថាប្រចាំឆ្នាំ២០១៨ «តំបន់អនាធិបតេយ្យនៅប្រទេសកម្ពុជា៖ បញ្ហាប្រឈម និង ដំណោះស្រាយ»

បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...

2018-12-27 05:36:02   ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 12:36 PM
«កិច្ចប្រជុំផ្ទៀងផ្ទាត់ការងារបញ្ចប់ឆ្នាំ២០១៨»

ឆ្នាំ២០១៨នេះ ជាឆ្នាំដែលរាជបណ្ឌិត្យសភាកម្ពុជា មានសកម្មភាពច្រើន បើប្រៀបធៀបជាមួយនឹងបណ្តាឆ្នាំកន្លងទៅ។ ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងការតាំងចិត្តធ្វើកំ...

2018-12-24 09:00:28   ថ្ងៃចន្ទ, 24 ធ្នូ 2018 ម៉ោង 04:00 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញបិទកម្មវិធីសន្និសីទអន្តរជាតិ នៅសណ្ឋាគារអង្គរសេនជូរី»

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម...

2018-12-20 11:32:42   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 06:32 PM
«ការប្រើប្រាស់អក្សរថៃនៅក្នុងការសរសេរអក្សរបាលី៖ បញ្ហា និងដំណោះស្រាយ»

លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ​ បានអញ្ជើញ​មក​ចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃ...

2018-12-20 09:34:55   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 04:34 PM

សេចក្តីប្រកាស