Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបំណងបន្តកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលត្រូវបានកម្ពុជាលើកឡើងនៅថ្ងៃទី១៣ ខែមករា ដោយស្នើឱ្យអាមេរិកបន្ដកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយគ្នាឡើងវិញ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា គឺជាសញ្ញាណដ៏ល្អមួយនៅក្នុងទំនាក់ទំនងទ្វេភាគី និងអាចហុចផលឱ្យកម្ពុជាទាំងនៅក្នុងវិស័យយោធា នយោបាយ និងការទូត។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការស្នើពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធារវាងកម្ពុជានិងសហរដ្ឋអាម៉េរិកឡើងវិញទៅលើការបណ្តុះបណ្តាលយោធា ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងលទ្ធភាពនៃការធ្វើលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គររួមគ្នាឡើងវិញនេះ គឺជាការប្រសើរមួយនៅក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។
លោកបណ្ឌិតបានមានប្រសាសន៍ថា ការស្នើឡើងរបស់កម្ពុជានេះ ស្របតាមកាលៈទេសៈតម្រូវរបស់ប្រទេសទាំងពីរ ក៏ដូចជាស្ថានភាពថ្មីនៃពិភពលោកផងដែរ ព្រោះការអាក់ខានកិច្ចសហប្រតិបត្តិការកន្លងទៅនេះ កើតឡើងដោយសារតែវិបត្តិរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្ន និងបញ្ហាផ្សេងៗទៀតជាច្រើន ដូចចូលមកឡូកឡំនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ដែលនាំឱ្យមានការខកខាន។ ការស្នើឡើងរបស់កម្ពុជានាពេលនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ វាយតម្លៃថា ត្រូវចំពេលដែលកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវពង្រឹងទំនាក់ទំនងល្អឡើងវិញនៅគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
បន្ថែមពីលើនេះ ការស្នើឡើងនេះក៏ស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលតម្រូវឱ្យកម្ពុជាមានទំនាក់ទំនងល្អ និងបើកទូលាយនូវកិច្ចសហប្រតិបត្តិទៅលើវិស័យផ្សេងៗជាមួយគ្រប់បណ្ដាប្រទេស និងមហាអំណាចទាំងអស់ ដោយមិនផ្ដោតតែទៅលើមហាអំណាចណាមួយឡើយ។ សម្រាប់លោកបណ្ឌិត កម្ពុជាមានភាពចាំបាច់នៅក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្ដាប្រទេសជាដៃគូ ក៏ដូចជាគ្រប់មហាអំណាចទាំងអស់ មិនថាចិន អាម៉េរិក សហព័ន្ធរុស្ស៊ី ឬមហាអំណាចដទៃផ្សេងទៀតឡើយ ដើម្បីរក្សាបាននូវឯករាជ្យភាព អព្យាក្រឹត្យភាព និងគោលការណ៍មិនចូលបក្សសម្ព័ន្ធដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវធ្វើឡើងជាទូទៅ ដើម្បីចូលរួមថែរក្សា និងការពារសណ្ដាប់ធ្នាប់ពិភពលោកនិងតំបន់ លើកលែងតែការចូលរួមនៅក្នុងបក្សសម្ព័ន្ធយោធាតែប៉ុណ្ណោះ ពោលគឺមិនរំខានដល់សន្តិសុខនិងសណ្ដាប់ធ្នាប់តំបន់និងពិភពលោកឡើយ។ កិច្ចសហប្រតិបត្តិការយោធានេះ ត្រូវធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសដៃគូជាមិត្តភាព ហើយត្រូវស្របតាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់អន្តរជាតិនានាផងដែរ។
ជាមួយគ្នានេះដែរ ការណ៍នេះគឺជាភាពចាំបាច់មួយសម្រាប់ប្រទេសកម្ពុជាផ្ទាល់ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិនៅគ្រប់និន្នាការ និងគ្រប់មហាអំណាចទូទៅ មិនចំពោះនោះឡើយ ព្រោះកម្ពុជាបានសម្រេចជ្រើសរើសនយោបាយការបរទេសចម្រុះពណ៌ ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។ ម្យ៉ាងទៀត សហរដ្ឋអាម៉េរិកគឺជាមហាអំណាចទីមួយនៃពិភពលោក ដែលដើរតួនាទីសំខាន់នៅក្នុងការដំណើរការចរចាស្វែងរកសន្តិភាពនៅកម្ពុជា ទាំងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ក្ដី ក៏ដូចជានៅក្នុងដំណើរការប្ដឹងទៅតុលាការអន្តរជាតិ ក្នុងរឿងក្ដីប្រាសាទព្រះវិហារក្ដី ដែលសហរដ្ឋអាម៉េរិកពិតជាបានចូលរួមយ៉ាងសកម្ម។ នេះគឺជាពេលវេលាដ៏សមស្របនិងចាំបាច់ ដែលកម្ពុជាត្រូវពង្រឹងទំនាក់ទំនងជាមួយមហាអំណាចគ្រប់និន្នាការទាំងអស់។
ដោយឡែក ប្រសិនបើពិនិត្យមើលតែកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាម៉េរិក លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ពិតជាផ្ដល់សារៈប្រយោជន៍សម្រាប់ប្រទេសកម្ពុជានៅក្នុងទិដ្ឋនយោបាយ ព្រោះកន្លងមក កម្ពុជាតែងតែបានរងការចោទប្រកាន់ថា កម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចមួយ តែមិនពិនិត្យមើលលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចមួយទៀត ដូចជាសហរដ្ឋអាម៉េរិកជាដើម។ ហេតុនេះ គំនិតដែលបានស្នើឡើងនេះ ពិតជាការបង្ហាញចេតនាជាវិជ្ជមាននៅក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងមហាអំណាចពិភពលោកមួយនេះ ហើយការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឡើងវិញ រវាងប្រទេសទាំងពីរ នឹងបង្ហាញយ៉ាងច្បាស់បន្ថែមថា កម្ពុជាមានបំណងធ្វើកិច្ចសហប្រតិបត្តិល្អជាមួយគ្រប់មហាអំណាចទាំងអស់ ដើម្បីបម្រើដល់ប្រយោជន៍ជាតិ និងស្របតាមច្បាប់ជាធរមាន។
នៅក្នុងនោះដែរ ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាម៉េរិកឡើងវិញ ក៏នឹងផ្ដល់សារៈប្រយោជន៍ចំពោះកម្ពុជា នៅក្នុងការទទួលបានចំណេះដឹងបច្ចេកទេស យុទ្ធសាស្ត្រ និងបទពិសោធន៍យោធាថ្មីៗបន្ថែមទៀតសម្រាប់កងកម្លាំងយោធារបស់កម្ពុជា ហើយគ្រប់កិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសមានការរីកចម្រើនខាងយោធា ពិតជាបានចូលរួមចំណែកពង្រឹងសមត្ថភាពកងទ័ពកម្ពុជាយ៉ាងពិតប្រាកដ។
លើសពីនេះទៅទៀត ផលប្រយោជន៍ដែលទទួលបានពីកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ក៏នឹងចូលរួមចំណែកជំរុញបន្ថែមទៀត នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលកន្លងទៅ ទំនាក់ទំនងទ្វេភាគីនេះ យើងឃើញថា មានការវាយតម្លៃផ្សេងៗគ្នាថា កិច្ចសហប្រតិបត្តិការផ្សេងៗរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ ខណៈជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហាក់មិនមានការថមថយនោះឡើយ ប៉ុន្តែទំនាក់ទំនងខាងយោធា និងនយោបាយ មានការវាយតម្លៃក្នុងកម្រិតផ្សេងពីគ្នា។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងសហរដ្ឋអាម៉េរិក នឹងអាចក្លាយជាចលករចម្បងនៅក្នុងការវាយតម្លៃឡើងវិញនូវទស្សនៈនយោបាយចំពោះទំនាក់ទំនងរវាងប្រទេសជាមិត្តទាំងពីរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះ...
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១ ៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃ...
ដោយ ៖ លោក ធន ឆាយពិសិដ្ឋ អនុប្រធានពិសិដ្ឋអនុប្រធាននាយកដ្ឋាននយោបាយនិងច្បាប់អន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាគិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលឆ្នាំទីបីដោយគ្មានតម...
Mr. Peou Sedara, Official of the Department of International Law and Diplomacy, International Relations Institute of Cambodia (IRIC)The Association of Southeast Asian Nations (ASEAN) has been a corner...
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនូវកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង...