ព័ត៌មាន

បណ្ឌិត គិន ភា បង្ហាញសមិទ្ធផលធំៗចំនួន៩ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ១៤មករា

2025-01-14 12:06:42 ថ្ងៃអង្គារ, 14 មករា 2025 ម៉ោង 07:06 PM
អ្នកមើល 743
post_detail1

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងនូវចំណុចកត់សម្គាល់នូវសមិទ្ធផលធំៗចំនួន៩ចំណុច ដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជាគឺ៖

ទី១- សម្តេចជាអ្នកដឹកនាំចលនាតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះជាការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយកអាយុជីវិតជាដើមទុនរំដោះប្រជាជាតិកម្ពុជាឱ្យចេញផុតពីរបបប្រល័យពូជសាសន៍។

ទី២- សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ហើយនោះ សម្តេចបានខិតខំសព្វបែបយ៉ាង ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ដោយដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីធានាភាពរស់រានមានជីវិតរបស់ប្រជាជាតិកម្ពុជា។

ទី៣- សម្តេចតេជោ ហ៊ុន សែន ចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មក គឺសម្តេច បានខិតខំ ប្រឹងប្រែង កសាង ស្តារសេដ្ឋកិច្ច ក្នុងស្ថានភាពដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបប ប្រល័យពូជសាសន៍ និងដៃម្ខាងខំប្រឹងប្រែងស្តារ កសាងប្រទេសជាតិ ពីបាតដៃទទេក្នុង ស្ថានភាព មួយ ដែលកម្ពុជាមានការលំបាកមែនទែន ដោយពិភពលោកពីជ្រុងម្ខាង បានហ៊ុព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយ។

ទី៤- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត នៃដំណើរការចរចាសន្តិភាព ដែលចាប់ផ្តើមពីជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេចតេជោ និងសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧។ ចាប់ពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩១ មុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះ សម្តេចតេជោ បានលះបង់នូវថាមពល បញ្ញាញាណជាច្រើន ក្នុងដំណើរការនៃការចរចា ដែលសម្តេចត្រូវធ្វើដំណើរស្ទើរតែមួយចំហៀងពិភពលោក ដើម្បីធ្វើឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ទី៥- សម្តេចតេជោ គឺជាតួអង្គដ៏សំខាន់ នាំមកវិញនូវរបបរាជានិយមនៅកម្ពុជា។ ជាការចាប់ផ្តើម គឺសម្តេចតេជោ គឺជាអ្នកយាងសម្តេច នរោត្តម សីហនុ ចូលមកប្រទេសកម្ពុជា មុនពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្តេចតេជោ ជាតួអង្គសំខាន់បំផុត ដែលនាំឱ្យកម្ពុជា ចែងអំពីរបបរាជានិយម អាស្រ័យធម្មនុញ្ញ។ បើគ្មានការរួមចំណែកដ៏សំខាន់មិនអាចខ្វះបានរបស់សម្តេចតេជោ ហ៊ុន សែន ទេនោះ របបរាជានិយមនៅកម្ពុជា ប្រហែលជាមិនអាចចារឹកក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចតេជោ គឺជាអ្នកការពាររាជបល្ល័ង្កដ៏ពិតប្រាកដ។

ទី៦- សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គមគ្គុទេសក៍ឯកនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។ តាមរយៈសន្តិភាពនេះ គឺជាតម្លៃស្នូលដ៏មានសារៈសំខាន់បំផុតសម្រាប់ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ទី៧- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រជាជាតិកម្ពុជា ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ រយៈពេលប្រមាណ ២០ឆ្នាំ ដែលធ្វើឱ្យកម្ពុជា ប្រែមុខមាត់ថ្មីលើការអភិវឌ្ឍ។ ពីមុនគេធ្លាប់ស្គាល់ជាប្រទេសដែលជួបគ្រោះទុរភិក្ស ចំការមីន ឬជាមជ្ឈមណ្ឌលប្រលងប្រជែងខាងមនោគមន៍វិជ្ជានយោបាយ ឬសាកល្បងអាវុធរបស់ មហាអំណាច ក្លាយទៅជាប្រទេសមួយ ដែលមានការប្រែមុខមាត់ថ្មី ជាគោលដៅទេសចរណ៍ ដ៏មានសារៈសំខាន់ ជាប្រទេសដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការដោះមីន ជាប្រទេសដែលនាំស្បៀងចេញ ជាប្រទេសនាំចេញសម្លៀកបំពាក់សម្រាប់ពិភពលោក។

ទី៨- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ធ្វើឱ្យកម្ពុជាមានកិត្យានុភាព លើឆាកអន្តរជាតិ។ តួនាទីរបស់កម្ពុជា កាន់តែមានសារៈសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ជាពិសេសអ្វីដែលមានមោទនភាពបំផុតនោះ គឺក្នុងតួនាទីកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានទទួលនូវជោគជ័យយ៉ាងត្រចះត្រចង់បំផុត ដែលធ្វើឱ្យកិត្យានុភាពជាតិលើឆាកអន្តរជាតិខ្ពស់ត្រដែត។ តាមរយៈតួនាទីជាប្រធានអាស៊ាន កម្ពុជា បានរួមចំណែកបន្ធូរបន្ថយសភាពការណ៍តំបន់ និងអន្តរជាតិបានយ៉ាងច្រើន ហើយទទួលបាននូវការសាទរ និងផ្តល់តម្លៃខ្ពស់បំផុតពីបណ្តាប្រទេសនានានៅក្នុងអាស៊ាន ក៏ដូចជាប្រទេសដៃគូអភិវឌ្ឍន៍។

ទី៩- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត ដែលប្រយុទ្ធដណ្តើមអាយុជីវិតប្រជាពលរដ្ឋចេញពីមច្ចុរាជនៃជំងឺកូវីដ-១៩។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ នាំឱ្យកម្ពុជាមានភាពសុាំ មានអង់ទីគ័រ សម្រាប់ការពារជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសវិញទាំងស្រុង។

ជារួម សម្តេចតេជោ ហ៊ុន សែន នៅតែជាតួអង្គដ៏សំខាន់បំផុតសម្រាប់សង្គមកម្ពុជា ជាពិសេស ទស្សនវិជ្ជាសន្តិភាព និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នៅតែធាតុដ៏ចាំបាច់សម្រាប់ការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ សម្តេចតេជោជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ” យ៉ាងពិតប្រាកដ៕

អត្ថបទទាក់ទង

នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM
ស្ថិតិវិទ្យាមិនប៉ារ៉ាម៉ែត្រ Non-Parametric Statistic ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវនាយកដ្ឋានស្ថិតិ និងគណិតវិទ្យា​ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួស​ឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...

2022-01-24 13:11:02   ថ្ងៃចន្ទ, 24 មករា 2022 ម៉ោង 08:11 PM

សេចក្តីប្រកាស