ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) និងប្រមាថអាយុជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

2025-01-12 05:27:41 ថ្ងៃអាទិត្យ, 12 មករា 2025 ម៉ោង 12:27 PM
អ្នកមើល 793
post_detail1

          ថ្លែងក្នុងឱកាសពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅវត្តឃុំអណ្តូងពោធិ៍ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គូសបញ្ជាក់ថា ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩0 គឺជាសច្ចភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការនិងពណ៌សម្បុរ ត្រូវតែចងចាំអំពីព្រឹត្តិការណ៍បញ្ចប់សោកនាដកម្មដ៏ជូរចត់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃការគ្រប់គ្រងរបស់ក្រុមខ្មែរក្រហម ប្រជាជនកម្ពុជាបានធ្លាក់ទៅក្នុងស្ថានភាពគុកឥតជញ្ជាំង ដោយក្រុមមេដឹកនាំខ្មែរក្រហម គ្រប់គ្រងដោយបិទទ្វារប្រទេសពីពិភពលោកខាងក្រៅ ហើយសម្លាប់ប្រជាជនឯងយ៉ាងរង្គាលនិងឃោរឃៅបំផុត។ ចំណែកឯ ស្រូវអង្ករដែលបង្កបង្កើនផល បែរជាត្រូវបានរបបនេះយកទៅឱ្យបរទេសទៅវិញ ហើយទុកឱ្យប្រជាជនខ្លួនអត់ឃ្លាន ឈឺថ្កាត់ និងស្លាប់ជាច្រើនឥតគណនា។ បើតាមការបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ ស្ថានភាពនេះ មិនធ្លាប់មានកើតឡើងក្នុងប្រទេសណាមួយលើពិភពលោកនោះឡើយ។ នៅក្នុងដំណាក់កាលនោះ ប្រទេសមួយចំនួន រួមទាំងអង្គការសហប្រជាជាតិ មានការភ័ន្តច្រឡំលើនយោបាយកម្ពុជា ដោយមិនជឿថាមានការកាប់សម្លាប់ប្រជាជនខ្លួនឯង រហូតដល់ស្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់នោះទេ ហើយប្រសិនបើគ្មានថ្ងៃជ័យជម្នះ៧មករានោះទេ ខ្មែរក្រហមអាចនឹងសម្លាប់អស់ប្រជាជនខ្មែរដោយចៀសពុំរួចឡើយ ដោយការធ្វើវិសុទ្ធកម្មផ្ទៃក្នុង និងការចាត់ទុកប្រជាជនខ្លួនជាខ្មាំងសត្រូវ។

          ទោះជារបបនេះមានលក្ខណៈឃោរឃៅយង់ឃ្នង និងពិតជាបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅក្នុងជំនាន់នោះ សុទ្ធតែអាចធ្វើជាសាក្សីក៏ដោយក្ដី ក៏បច្ចុប្បន្ន នៅមានមានទស្សនៈនយោបាយមួយចំនួន នៅមិនទទួលស្គាល់លើរបបគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ឬច្រានចោលនូវជ័យជម្នះ។

          ជាមួយគ្នានេះ មានទស្សនៈខ្លះបានលើកថាថ្ងៃ៧មករា គឺជាការឈ្លានពានរបស់ប្រទេសវៀតណាមមកលើកម្ពុជា ប៉ុន្តែ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពនាពេលនោះ បន្ទាប់ពីប្រឈមនឹងការរងគ្រោះពីការសម្លាប់និងវិសុទ្ធកម្មរបស់ខ្មែរក្រហម បើទោះបីជាឥស្សរជនខ្មែរមួយចំនួន បានកៀងគរកម្លាំងនិងការគាំទ្របង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏កម្លាំងដែលចូលរួមជាមួយមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការវាយរំលំរបបប្រល័យមនុស្សជាតិនេះបានឡើយ។ ហេតុនេះហើយ ដើម្បីរំដោះប្រទេសចេញពីការគ្រប់គ្រងដោយឆ្កួតលីលានោះ កម្ពុជាត្រូវការពឹងពាក់កម្លាំងពីក្រៅប្រទេស ទើបឥស្សរជនជាអ្នកតស៊ូខ្មែរបានសម្រេចចិត្តពឹងពាក់កងទ័ពវៀតណាម ព្រោះនៅពេលនោះ គ្មានកម្លាំងណាផ្សេង ដែលអាចមកជួយសង្គ្រោះប្រជាជនកម្ពុជាបានឡើយ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា «យើងត្រូវដឹងថា ដើម្បីរំដោះប្រទេសបាន យើងមានតែពឹងប្រទេសវៀតណាមដែលជាប្រទេសជិតខាង និងជាប្រទេសដែលយល់ព្រមជួយយើង។ យើងមិនអាចទៅពឹងដល់សហរដ្ឋអាម៉េរិក ឬប្រទេសផ្សេងទៀតបានទេ»

          បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងផងដែរអំពី ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធិមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ដែលសម្ដេចបានស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្ត "ច្បាប់ស្តីពីការប្រឆាំងការមិនទទួល ស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ"។ លោកបណ្ឌិត បានថ្លែងគូសបញ្ជាក់ថា ការណ៍នេះជា កាលៈទេសៈតម្រូវសម្រាប់ការធានាស្ថិរភាព និងសន្តិភាពយូរអង្វែងរបស់ប្រទេសកម្ពុជា។

          ជាចុងក្រោយ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសយុវជនកម្ពុជាជំនាន់ក្រោយ ត្រូវចងចាំ និងចូលរួមថែរក្សាសន្តិភាព ដែលប្រជាជាតិខ្មែរបានដណ្ដើមយកមកដោយលំបាកនេះ ដោយត្រូវបន្តជ្រោងទង់សន្តិភាពរបស់កម្ពុជា ហើយខិតខំធ្វើយ៉ាងបញ្ចៀសឱ្យបាន កុំឱ្យប្រទេសធ្លាក់ក្នុងអន្លង់នៃសង្រ្គាមបន្តទៅទៀត ព្រោះសន្តិភាពគឺជាបុព្វលក្ខខណ្ឌដ៏ចម្បងបំផុត នៅក្នុងការដំណើរការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃប្រជាជាតិនីមួយៗ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«សន្តិភាពធានានូវការអភិវឌ្ឍគុណភាពជីវិតរស់នៅរបស់ប្រជាជន»

(តាកែវ)៖ ថ្លែងក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧/១/១៩៧៩-៧/១/២០២០) នៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្...

2020-01-10 06:06:53   ថ្ងៃសុក្រ, 10 មករា 2020 ម៉ោង 01:06 PM
អត្ថបទ ស្ដីពី ការដំឡើង «របាំច្បោះជ័រ»

ស្រាវជ្រាវនិងចងក្រងដោយ៖ ផុន កសិកា, ប្រែង ពិសិដ្ឋ, លោកស្រីម៉ិល វាសនា, យ៉ាន់ វិភារតន៍, តាកេត ស័កដា វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។...

2020-01-08 08:01:59   ថ្ងៃពុធ, 08 មករា 2020 ម៉ោង 03:01 PM
«៧ មករា» ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកូនខ្មែរត្រូវចងចាំ

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះជាខួបលើកទី៤១ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍កម្ពុជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកបណ្ឌិត គិន ភា ប្...

2020-01-06 07:24:10   ថ្ងៃចន្ទ, 06 មករា 2020 ម៉ោង 02:24 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំតាមដានការងារ ភារកិច្ច និងយុទ្ធសាស្ត្រលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា (RAC Media) ដោយ៖ លឹម សុវណ្ណរិទ្ធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...

2020-01-06 05:48:40   ថ្ងៃចន្ទ, 06 មករា 2020 ម៉ោង 12:48 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ រាជបណ្ឌិត្យសភាកម្ពុជាត្រូវបង្កើនប្រសិទ្ធភាពការងារ ពិសេសបង្កើនស្នាដៃស្រាវជ្រាវឱ្យឆ្លើយតបនឹងបញ្ហាអាទិភាពរបស់សង្គមជាតិ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១១:២២ នាទី ព្រឹកថ្ងៃ...

2020-01-03 09:01:26   ថ្ងៃសុក្រ, 03 មករា 2020 ម៉ោង 04:01 PM
Challenges for Cambodian Workers in Thailand

By: Sam Seun, Researcher of Royal Academy of CambodiaEmail: [email protected]

2020-01-03 08:38:47   ថ្ងៃសុក្រ, 03 មករា 2020 ម៉ោង 03:38 PM

សេចក្តីប្រកាស