Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អ្នកនយោបាយ និងសកម្មជននយោបាយនៃប្រទេសទាំងពីរ គួរតែជៀសវាងការប្រញាប់ប្រញាល់បកស្រាយករណីនេះឱ្យហួសពីអង្គហេតុនិងអង្គច្បាប់ នៃរដ្ឋអធិបតេយ្យទាំងពីរដែលអាចនាំទៅដល់ការភ័ន្តច្រឡំស្ថានការណ៍នយោបាយ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងថៃ ក្នុងពេលបច្ចុប្បន្ននោះឡើយ។ បើតាមលោកបណ្ឌិត ការបកស្រាយនៅក្នុងជ្រុងណាមួយលើសពីអង្គហេតុនិងអង្គច្បាប់នៃករណីនេះ ក៏អាចនាំទៅដល់ការបំភ័ន្តស្នាមរបួសនៃទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ ហើយមហាជននៃប្រទេសទាំងសងខាង គួរតែទុកលទ្ធភាពដល់អាជ្ញាធរនៃប្រទេសទាំងពីរ ដំណើរការនីតិវិធីស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ។
លោកបណ្ឌិត យង់ ពៅ ក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃប្រទេសទាំងពីរ ផ្ដល់កិច្ចសហការល្អនឹងគ្នាដើម្បី ស៊ើបអង្កេតលើករណីនេះឱ្យបានហ្មត់ចត់ ទៅតាមនីតិវិធីច្បាប់នៃប្រទេសទាំងពីរ ប្រកបដោយវិជ្ជាជីវៈ នៅក្នុងដែនអធិបតេយ្យរៀងខ្លួន ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ផ្ដល់ភាពជឿជាក់ទៅដល់ក្រុមគ្រួសារជនរងគ្រោះ អ្នកនយោបាយ និងបកស្រាយទៅកាន់មហាជន និងប្រជាជាតិទាំងពីរ ក្នុងគោលបំណងកសាងភាពកក់ក្ដៅក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ កម្ពុជា-ថៃ។
ជាមួយគ្នា លោកបណ្ឌិត ក៏បានលើកឡើងផងដែរថា ក្នុងនាមលោកបណ្ឌិតជាពលរដ្ឋខ្មែរ លោកយល់ថា អាជ្ញាធរកម្ពុជា ក្នុងនាមជាអាណាព្យាបាលរបស់ពលរដ្ឋរងគ្រោះ ក៏គួរតែបង្ហាញសមានចិត្តចំពោះករណីឃាតកម្មលើជនរងគ្រោះជាពលរដ្ឋខ្មែររូបនេះ និងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារជនរងគ្រោះផងដែរ បើទោះបីជាមាននិន្នាការនិងពណ៌សម្បុរនយោបាយផ្សេងគ្នាឬដូចគ្នាយ៉ាងណាក៏ដោយ ក៏គួរតែមានការសម្ដែងសមានចិត្តចូលរួមរំលែកទុក្ខ ដែលជាការបញ្ជាក់អំពីគុណតម្លៃនៃប្រជាជាតិខ្មែរ ការយកចិត្តទុកដាក់ទៅលើជនរួមជាតិខ្លួន ដើម្បីបង្ហាញភាពកក់ក្ដៅចំពោះគ្រប់ពលរដ្ឋខ្មែរដែលស្នាក់នៅ ធ្វើដំណើរ ឬកំពុងមានវត្តមាននៅបរទេសទាំងអស់ថា ទោះបីជាមាននិន្នាការខុសគ្នា ឬមានពណ៌សម្បុរនយោបាយខុសគ្នាយ៉ាងណាក្ដី ក៏យើងនៅតែមានឈាមជ័រ និងបេះដូងជាប្រជាជាតិខ្មែរតែមួយដែរ។
ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានបង្ហាញនូវជំនឿជាក់ថា មេដឹកនាំនៃប្រទេសទាំងពីរ ដែលសុទ្ធសឹងជាអ្នកបន្តវេនជំនាន់ក្រោយនៃមេដឹកនាំនយោបាយ ដែលមានបទពិសោធន៍យូរអង្វែងនៅក្នុងការដឹកនាំប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អ ទាំងរវាងប្រទេស និងរវាងគ្រួសារនៃថ្នាក់ដឹកនាំ ករណីនេះនឹងមិននាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ទំនាក់ទំនង ឬបង្កអរិភាពរវាងគ្នានឹងគ្នា សម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ នោះឡើយ។ លោកបណ្ឌិតបានបន្ថែមថា អ្នកនយោបាយគួរតែមានបទពិសោធន៍នៅក្នុងការថែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរ ចៀសវាងការបណ្ដែតបណ្ដោយឱ្យករណីនេះក្លាយទៅជាបញ្ហាប្រឈមរវាងប្រទេសជិតខាងទាំងពីរ។ សម្រាប់លោកបណ្ឌិត កម្ពុជា-ថៃ មិនត្រឹមតែត្រូវថែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាប៉ុណ្ណោះទេ តែប្រទេសទាំងពីរ ក៏ត្រូវតែផ្ដល់ភាពកក់ក្ដៅផ្នែកផ្លូវច្បាប់ដល់ភាគីរងគ្រោះ រួមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានធ្វើការទាញចំណាប់អារម្មណ៍ផងដែរថា ករណីឃាតកម្មនេះ កើតឡើងទៅលើអ្នកនយោបាយដែលជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សធ្លាប់មានសម្លេងនៅក្នុងប្រទេសកម្ពុជា ដែលតិចឬច្រើន ពិតជាមានការចូលរួមមតិផ្សេងៗនៅក្នុងការរិះគន់លើករណីមួយចំនួនដែលមជ្ឈដ្ឋាននយោបាយអាចធ្វើការកត់សម្គាល់បានផងដែរ ដូច្នេះហើយ ចង់ឬមិនចង់ ប្រជាពលរដ្ឋកម្ពុជា និងអ្នកដទៃផ្សេងទៀត ដែលអាចទាញប្រយោជន៍ពីករណីនេះ គឺពិតជាអាចកេងចំណេញនយោបាយនៅក្នុងករណីនេះដោយចៀសពុំរួចឡើយ។ បើទោះបីជាយ៉ាងនេះក្ដី លោកបណ្ឌិត បានអំពាវនាវជាថ្មីថា គេមិនត្រូវប្រញាប់ប្រញាល់ធ្វើការសន្និដ្ឋានឱ្យហួសពីមូលដ្ឋានអង្គហេតុនៃសំណុំរឿង និងអង្គច្បាប់ដែលមានជាធរមាននៅក្នុងប្រទេសទាំងពីរ ព្រោះនៅក្នុងករណីខ្លះ បើទោះបីជាយើងបានមើលឃើញនៅក្នុងខ្សែអាត់វីដេអូ ឬទទួលបានតាមសារព័ត៌មានដែលមាននិន្នាការលម្អៀងមួយចំនួន ដែលវាយតម្លៃដោយគ្មានការស៊ើបអង្កេតជាក់លាក់ក្ដី គ្រាន់តែជាជ្រុងមួយនៃហេតុការណ៍តែប៉ុណ្ណោះ គេមិនអាចយកការយល់ឃើញទាំងនេះ ទៅធ្វើការអត្ថាធិប្បាយ និងទាញចូលទៅក្នុងទិដ្ឋភាពនយោបាយ ឬជាការដុតរោល និងបំភ័ន្តសាធារណៈមតិនៃប្រទេសទាំងពីរនោះទេ។
លោកបណ្ឌិត យង់ ពៅ សំណូមពរដល់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន សូមកុំទាន់ប្រញាប់ប្រញាល់ធ្វើបុរេវិនិច្ឆ័យ ឬសន្និដ្ឋានឱ្យជ្រុលលើសពីការពិតទៅលើករណីឃាតកម្មនេះ ដែលអាចរុញច្រានដល់មានការភ័ន្តច្រឡំក្នុងទិដ្ឋភាពនយោបាយ និងអាចឈានទៅជាការដុតរោលឱ្យមានការរើសអើងនិន្នាការ ឬជាតិសាសន៍ ឬចោទប្រកាន់ដោយគ្មានមូលដ្ឋានទៅលើភាគីណាមួយឡើយ។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់បន្ថែមថា ករណីនេះ មហាជននៃប្រទេសទាំងពីរ ក៏គួរតែរង់ចាំឱ្យមានការស៊ើបអង្កេតជាផ្លូវការ ប្រកបដោយវិជ្ជាជីវៈ ស្របទៅតាមនីតិវិធីច្បាប់ ចៀសវាងការប្រតិកម្មទៅតាមការយល់ឃើញ ឬការប៉ាន់ស្មាននៅក្នុងជ្រុងណាមួយផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំនួន០៣ពាក្យ ដូ...
ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨៖៣០ នាទីព្រឹក នៅអគារE ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ ពិធីការពារគម្រោងបណ្តោះអាស...
អ្នកទៅចូលរួមក្នុងពិធីសម្ពោធ «វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (https://i.pinimg.com/originals/fe/53/31)នៅក្នុងភាគទី៧ វគ្គទី៤ ដែលជាវគ្គបញ្ចប់នៃសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំងនេះ យើ...
«នេះជាលើកទី១ ហើយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការនាំគោទឹកដោះចូលនៅថ្ងៃស្អែកនេះ។ យើងបានរៀបចំតាមបច្ចេកវិទ្យាគោអឺរ៉ុប តាំងពីចំណីអាហារ ទឹកផឹក និងកន្លែងដេក ។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រួចចែករំលែកដល...
តាមការសន្និដ្ឋានជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវកំណាយស្ថានីយ៍ស្រែអំពិល របស់វិទ្យាវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល ជាក់ស្តែង បានរកឃើញថ...
(ផែនទីបន្ទាយលង្វែក និងទួលបាយក្អែក)បួនសតវត្សរ៍បន្ទាប់ពីសម័យអង្គររុងរឿង គឺជាសម័យមួយដែលគេហៅថា សម័យកណ្តាល។ សម័យនេះមិនសូវបានគេចងក្រងទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាទេ ជាពិសេសការសិក្សាស្រាវជ្រាវខាងវិស័យបុរាណវ...