ព័ត៌មាន

ហេតុអ្វីបានជាគេតែងតែព្យាយាមវាយប្រហារលើទំនាក់ទំនងកម្ពុជា-ចិន?

2025-01-09 13:19:55 ថ្ងៃព្រហស្បតិ៍, 09 មករា 2025 ម៉ោង 08:19 PM
អ្នកមើល 164
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

          ទំនាក់ទំនងកម្ពុជានិងចិន ដែលបានតភ្ជាប់នៅក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំមុន និងបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ត្រូវបាន​ត្រួស​ត្រាយផ្លូវដោយសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងនាយករដ្ឋមន្ដ្រីចិន ឯកឧត្ដម ជូ អេនឡាយ ដែលបានជួបគ្នា និងកសាងទំនាក់ទំនងមិត្តភាពតាំងពីឆ្នាំ១៩៥៥ នៅពេលដែលមេដឹកនាំប្រទេសទាំងពីរ បានចូលរួមនៅក្នុងសន្និសីទបណ្ដាប្រទេសមិន​ចូល​បក្សសម្ព័ន្ធនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ីមកម្ល៉េះ។ គេអាចចាត់ទុកថា ទំនាក់ទំនង​ទ្វេភាគីរវាងកម្ពុជានិងចិនក្នុងពេលបច្ចុប្បន្ននេះ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិ​នៃ​ទំនាក់​ទំនងរវាងប្រទេសទាំងពីរ តាម​រយៈការប្រកាន់ខ្ជាប់នូវគោល​នយោបាយ​ការ​បរទេស​ដែលគោរព និងផ្ដល់តម្លៃក្នុងភាព​ស្មើមុខស្មើមាត់ កិច្ចសហប្រតិបត្តិការនិង​ការ​គាំទ្រ​ក៏​ដូច​ជា​គោរព​ផលប្រយោជន៍ផងគ្នាទៅវិញទៅមក ការគាំទ្រគោលនយោបាយចិនតែមួយ តួនាទី​និងការចូលរួមចំណែករបស់កម្ពុជានៅក្នុង​ឆាក​​តំបន់និងអន្តរជាតិ និងការជំរុញវិស័យ​សំខាន់ៗ​​ផ្សេង​ទៀត​ជាបន្តបន្ទាប់ដូចជា ជំនួយអភិវឌ្ឍ ការ​វិនិយោគ និងកំណើន​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ។ ទំនាក់ទំនងកម្ពុជា-ចិន បានវិវត្ត​ពីទំនាក់ទំនងជាយុទ្ធសាស្ត្រ ទៅ​ជា​ទំនាក់​ទំនង​ភាព​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  មកក្លាយ​ជាទំនាក់​ទំនង​មិត្ត​ភាព​ដែក​ថែប ការកសាងសហគមន៍ជោគវាសនារួមគ្នា និងចុង​ក្រោយ​នេះបានវិវត្តឈានដល់​ដំណាក់​កាលកិច្ចសហប្រតិបត្តិការ​ឆកោណ​ត្បូង​ពេជ្រ

          ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងទ្វេភាគីដែលល្អប្រសើរនេះ មិនបានទទួល​ការ​សាទរ​ និងវាយតម្លៃជាវិជ្ជមានពីគ្រប់បណ្ដាប្រទេសទាំងអស់លើពិភពលោក និង​មហា​អំណាចមួយចំនួន ដែលជាភាគីទីបីមួយចំនួន​នោះ​ឡើយ។ គេសង្កេតឃើញថា មានការ​លើក​ឡើងជាពាក្យពេចន៍និងការវិភាគប្រកបដោយ​វោហា​សាស្ត្រ​ជាច្រើន ដែលមាន​លក្ខណៈ​ជាការវាយប្រហារ បន្ទុចបង្អាក់ និងដាក់បន្ទុកទៅ​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី​នេះ ពី​សំណាក់​មជ្ឈដ្ឋានខាងក្រៅ និងអ្នក​វិភាគ​នយោបាយ​មួយ​ចំនួន។ ការព្យាយាម​វាយ​ប្រហារ​លើទំនាក់ទំនងល្អរវាងកម្ពុជានិងចិន កន្លងមករួមមានដូច​ជា ការបំភិតបំភ័យថាកម្ពុជា​អាច​នឹងធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលរបស់ចិនដូចប្រទេស​មួយចំនួន ករណី​ចោទ​ប្រកាន់​ថា​មូល​ដ្ឋានកងទ័ពជើងទឹកកម្ពុជាត្រូវបានចិនប្រើប្រាស់, ជំហរ​ការ​បរទេសរបស់កម្ពុជា អាស្រ័យ​លើចិនដែលជាបងធំ, ចិនលួចយកព័ត៌មាន​សន្តិសុខ​ផ្ទៃ​ក្នុង​និង​សន្តិសុខជាតិ​កម្ពុជា, ការលើកឡើងថាចិនចង់ប្រើប្រាស់ព្រែកជីកហ្វូណនតេជោ ដើម្បី​ចល័ត​កង​ទ័ព​ក្នុង​តំបន់, គម្រោងព្រែកជីកហ្វូណនតេជោ នៅទ្រឹងដោយ​សារតែចិន​មាន​បញ្ហា​នៅក្នុង​គម្រោង​ខ្សែ​ក្រវាត់និងផ្លូវ (BRI) និងលែងគាំទ្រកម្ពុជាក្នុងគម្រោងនេះ និង​សារ​​ថ្មីៗនេះ​គឺ​ការ​បំផុស​បំផុលពាក្យចចាមអារ៉ាមថា ចិនឈប់ផ្ដល់កម្ចីនិងជំនួយដល់កម្ពុជា​ជា​ដើម។ សារ​នយោបាយ និងការវិភាគដែលផ្អែកលើជ្រុងផ្សេងៗគ្នាទាំងនេះ ហាក់​បាន​ផ្ដោត​​លើគោល​ដៅ​ដូចគ្នាមួយគឺ បន្ទុចបង្អាក់ការជំរុញទំនាក់ទំនងនិង​កិច្ចសហ​ប្រតិ​បត្តិ​ការ​​ល្អ​រវាង​កម្ពុជា​និងចិន ដែលត្រូវបានគេមើលឃើញថា បានរីក​ចម្រើន​គួរ​កត់​សម្គាល់​ខ្លាំង​នៅ​ក្នុង​នីតិកាល​ទី៥ និងទី៦នៃរដ្ឋសភា បន្តមកដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល​នីតិ​កាល​ទី​៧ នៃ​រដ្ឋ​សភា​បច្ចុប្បន្ន។ ការវាយប្រហារជាសារនយោបាយនិងការវិភាគទាំងនេះ ហាក់​ត្រូវ​​បាន​ធ្វើ​ឡើង​ក្នុងហេតុផលផ្សេងៗគ្នា។ ហេតុផលទីមួយដែលគេអាចមើលឃើញនៅក្នុង​ទិដ្ឋ​ភាពទំនាក់​ទំនងអន្តរជាតិនោះគឺ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាង​មហា​អំណាច​ពិភព​លោក ដែលបានប្រជែងឥទ្ធិពលគ្នានៅគ្រប់តំបន់ទាំងអស់​នៅលើ​ពិភព​លោក។ នៅ​តំបន់​អាស៊ី ចាប់តាំងពីអាណត្តិដឹកនាំរបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែល​បាន​អនុវត្ត​នយោបាយការបរទេសងាកមកកាន់អាស៊ី ចិនបានក្លាយជាគោលដៅ​ចម្បង​បំផុត​​របស់​សហ​រដ្ឋ​អាម៉េរិក បន្ទាប់ពីការផុងខ្លួនរបស់មហាអំណាចនេះនៅក្នុងតំបន់​មជ្ឈិម​បូព៌ា​​អស់រយៈ​ពេល​ជាច្រើនសតវត្សរ៍។ សម្រាប់សហរដ្ឋអាម៉េរិក គេពិត​ជាមិន​អាច​ប្រកែក​បាន​នោះ​ទេថា មហាអំណាចពិភពលោកមួយនេះមានការ​ព្រួយ​បារម្ភ​ដោយចៀសមិនរួច អំពី​ការ​រីកចម្រើន និងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់នេះ។ តំបន់អាស៊ីនិង​ប៉ាស៊ីហ្វិក​ដែល​ជា​ដែន​សុវត្ថិភាព និងមានសារៈសំខាន់ជាខ្លាំងចំពោះសន្តិសុខជាតិអាម៉េរិក បាន​ក្លាយ​ជា​ចំណុចក្ដៅសារជាថ្មី រាប់ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក ដែល​កាល​នោះ ជប៉ុនធ្លាប់បានវាយ​ប្រហារលើមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាម៉េរិកនៅហាវៃ។ ដូច្នេះហើយ អាម៉េរិក​ពិតជាមិនអាច​មើលរំលងបានឡើយនូវការរីកចម្រើនទាំងសេដ្ឋកិច្ច និងយោធា ក៏ដូចជាឥទ្ធិពលរបស់ចិន​ទៅលើបណ្ដាប្រទេសនានាក្នុងតំបន់នេះ ពិសេសការ​រីក​ចម្រើន​ទំនាក់​ទំនងជាលំដាប់​រវាង​ចិន និងកម្ពុជា ដែលជាសមាជិកអង្គការតំបន់​ដ៏មាន​សក្ដានុពល​មួយ​គឺ អាស៊ាន។ សម្រាប់​សហ​រដ្ឋអាម៉េរិក ការឈរជើងយ៉ាងរឹងមាំរបស់ចិននៅក្នុងតំបន់ គឺជាការគំរាមកំហែងដល់​ឥទ្ធិពល និងយុទ្ធភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាម៉េរិក។

          ចំណុចសំខាន់មួយផ្សេងទៀត ដែលអាចជាហេតុផលដែលនាំឱ្យមានការវាយ​ប្រហារ​ទៅ​លើទំនាក់ទំនងរវាងកម្ពុជានិងចិននោះគឺ ការប្រជែងឥទ្ធិពលគ្នាលើប្រទេសកម្ពុជា រវាង​ចិន និងប្រទេសមានឥទ្ធិពលនៅក្នុងតំបន់។ ប្រទេសកម្ពុជា ដែលក្នុងពេលអតីតកាល ត្រូវ​បានគេមើល​ឃើញ​ថា ហាក់​ត្រូវរងឥទ្ធិពលនយោបាយការបរទេស ស្ថានការណ៍វិវត្តនៃ​ទំនាក់​​ទំនងអន្តរជាតិ និង​ឥទ្ធិពលពាណិជ្ជកម្មពីបណ្ដាប្រទេសមួយចំនួន​នៅ​ក្នុង​តំបន់ បាន​សម្រេចបាននូវវឌ្ឍនភាព​ថ្មីបន្ថែមទៀត ទាំងនៅក្នុងវិស័យការបរទេស សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម។ កម្ពុជាទទួលបាន​នូវការទទួលស្គាល់មុខមាត់ថ្មី នៅក្នុងតួនាទីលើឆាកតំបន់​និង​អន្តរជាតិ ដូចជា ការ​ចូលរួម​ចំណែក​ស្វែងរកដំណោះស្រាយកលើ​បញ្ហា​ក្នុង​តំបន់ ក៏​ដូច​ជាការរួមចំណែក​ក្នុងការ​ថែរក្សា​សន្តិ​សុខនិងសន្តិភាពសាកលផងដែរ។ តាមរយៈ​គោល​នយោបាយ​ការបរទេសបើកចំហរ​របស់ខ្លួន ប្រទេសកម្ពុជាកសាង​បាន​នូវ​ភាព​ជា​ដៃ​គូ​ជាមួយ​នឹងបណ្ដាប្រទេសជាមិត្ត​ថ្មីៗ​ជា​ច្រើន ដែល​ក្នុងនោះរាប់ទាំងចិនផង ជាហេតុធ្វើឱ្យ​កម្ពុជា​បាន​បើក​ច្រក​ការទូតរបស់ខ្លួនកាន់តែ​ទូលាយ​បន្ថែម​ទៀត ព្រមទាំងទទួលបានជំនួយ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់​ជា​ច្រើន​​ផ្សេងៗទៀត។ ត្រង់ចំណុចនេះ គឺជាវឌ្ឍនភាពថ្មីដែលគួរឱ្យសាទរសម្រាប់ប្រទេស​និង​ប្រជា​ជនកម្ពុជា ប៉ុន្តែសម្រាប់​ប្រទេស​ដែល​ធ្លាប់មានឥទ្ធិពលលើកម្ពុជា គឺជារឿងផ្សេងទៅវិញ ព្រោះបើទោះ​បី​ជាការ​រីក​ចម្រើន​របស់​កម្ពុជា មិនមានគោលដៅបង្កការគំរាមកំហែង ឬរុញ​ច្រាន​ឱ្យ​មាន​ការប្រែ​ប្រួល​ដល់​បញ្ហា​សន្តិសុខប្រទេសណាមួយក្នុងតំបន់ក្ដី ក៏ប៉ុន្តែវាពិតជាអាចនឹងបង្កឱ្យមានការការប្រែ​ប្រួលក្នុងកម្រិតណាមួយទៅលើយុទ្ធសាស្ត្ររបស់ប្រទេសធំក្នុងតំបន់ ដែលជាហេតុ​នាំ​ឱ្យ​មានការប្រតិកម្មនៅក្នុងទិដ្ឋភាពផ្សេងៗជាបន្តបន្ទាប់។ ប្រតិកម្មទាំងនោះ ក៏មានបង្កប់​ផង​ដែរ នូវចេតនាការរារាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា ព្រោះ​នៅពេល​ដែល​កម្ពុជា​មាន​ការរីកចម្រើនជាលំដាប់ឈានឆ្ពោះទៅមុខ ប្រទេសទាំងនោះក៏ពិតជា​ព្រួយ​បារម្ភ​ចំពោះ​ឥទ្ធិលរបស់​ខ្លួន​នៅក្នុងការសម្រេចចិត្ត​នានានៅក្នុងតំបន់ និងការប្រែប្រួល​នៃ​ស្ថាន​ភាព​យុទ្ធ​សាស្ត្រនៅក្នុងតំបន់ ក៏ដូចជាទៅលើ​បញ្ហា​ពាក់​ព័ន្ធនឹងកម្ពុជាផងដែរ។

          ក្រៅពីហេតុផលឥទ្ធិពលនយោបាយ និងយុទ្ធសាស្ត្រនៅក្នុងតំបន់ ហេតុផលចម្បង​មួយផ្សេងទៀតសម្រាប់ប្រទេសទាំងនោះគឺ ការប្រជែងផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងការវិនិយោគជាមួយនឹងចិននៅក្នុងប្រទេសកម្ពុជា ពោលគឺប្រទេសទាំងនោះ​ត្រូវ​ប្រឈម​នូវការ​បាត់បង់​ប្រភព​នាំ​ចូល​វត្ថុធាតុដើមមានតម្លៃទាប (ដូចជាស្រូវ ពោត ដំឡូង និងកសិផលផ្សេងៗ) តាមរយៈការវិនិយោគរបស់ចិននៅកម្ពុជា ដែល​ជា​ហេតុ​ធ្វើឱ្យ​ជញ្ជីង​ពាណិជ្ជ​កម្មរវាងកម្ពុជាជាមួយនឹងប្រទេសទាំងនោះប្រែប្រួល។ បន្ថែមពីនេះ ទំនាក់​ទំនង​ល្អ​រវាង​​កម្ពុជានិងចិន ក៏បានបង្កផលប៉ះពាល់ប៉ះពាល់ដល់ការនាំចូលទំនិញខ្លួនចូលមកកម្ពុជា តាមរយៈការហូរចូលនៃទំនិញចិន ព្រម​ទាំង​គំរាមកំហែងចំពោះកំណើនវិនិយោគ​នៅក្នុង​ប្រទេស​ខ្លួនផងដែរ តាមរយៈការរបូតនូវឱកាសវិនិយោគពីប្រទេសចិន ឬបណ្ដាប្រទេស​នានា​ចេញពី​ប្រទេស​ខ្លួន​ចូល​មកក្នុងប្រទេសកម្ពុជាជាដើម។

          ចំណែកឯហេតុផលមួយផ្សេងទៀត ដែលនាំឱ្យមានការរិះគន់ ឬវាយប្រហារលើ​ទំនាក់ទំនងកម្ពុជា-ចិន ផងដែរនោះគឺ ភាពខុសប្លែកគ្នានៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និង​របប​នយោបាយនៃប្រទេសទាំងពីរ ដោយកម្ពុជាប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុ​បក្ស និងរបប​រាជា​និយមអាស្រ័យរដ្ឋធម្មនុញ្ញ ចំណែកចិន គឺជាប្រទេសសង្គមនិយម ដឹកនាំ​ដោយបក្សតែមួយ។ នៅត្រង់ចំណុចនេះ មានការរិះគន់ថា ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន អាចជះ​ឥទ្ធិពលដល់ការដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងរុញច្រានឱ្យមាននិន្នាការប្រមូលផ្ដុំអំណាចជាដើម។ ទោះជាមានការលើកឡើង​យ៉ាង​នេះ​ក្ដី ប៉ុន្ែប្រសិន​បើគេ​ពិនិត្យ​ទៅលើស្ថានភាពទំនាក់ទំនងអន្តរ​ជាតិនាពេលបច្ចុប្បន្ន ពិភព​លោក លែងជាទីលានប្រកួតប្រជែងមនោគមវិជ្ជាដូចសម័យ​សង្គ្រាមត្រជាក់​ទៀត​ហើយ ហើយការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាង​ប្រជា​ជាតិនីមួយៗ ក៏​មិន​មាន​ការរើសអើងឬបែងចែកមនោគមវិជ្ជានយោបាយនោះដែរ។ ម្យ៉ាង​វិញទៀត បណ្ដា​ប្រទេស​ប្រជាធិបតេយ្យនានាលើពិភពលោក ពិសេសសហរដ្ឋអាម៉េរិក​ផ្ទាល់ សុទ្ធសឹងតែ​មាន​ទំនាក់​ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសចិន ហើយ​សហរដ្ឋអាម៉េរិក​ផ្ទាល់ ក៏មានទំនាក់ទំនងល្អជាមួយនឹងវៀតណាមដែលជាប្រទេសសង្គមនិយម និង​ជា​អតីត​គូសត្រូវក្នុងសង្គ្រាមឥណ្ឌូចិននាសម័យសង្គ្រាមត្រជាក់ផងដែរ។ ហេតុនេះហើយ ការ​វាយ​តម្លៃ​ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន អាចជះឥទ្ធិពល​ដល់​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់មិនសមហេតុផលនោះឡើយ ហើយ​នៅ​ក្នុង​ទំនាក់ទំនងទ្វេភាគីនេះ ចិនក៏ពុំធ្លាប់លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬកំណត់​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជាត្រូវតែអនុវត្តដូចនេះ ឬដូចនោះ ដើម្បីទទួលបានជំនួយ កម្ចី ឬការ​វិនិយោគ​ពីចិននោះ​ដែរ។

          ទោះជាយ៉ាងណា សារនយោបាយ ការវិភាគ/វាយតម្លៃ និងភាសាបន្ទុចបង្អាក់ពី​សំណាក់​​ភាគីទីបី គ្រាន់តែជាវោហាសាស្ត្ររបស់មជ្ឈដ្ឋានខាងក្រៅតែប៉ុណ្ណោះ តែភាពរឹងមាំ​នៃទំនាក់​ទំនងទ្វេភាគីនេះ គឺអាស្រ័យដោយផ្ទាល់លើប្រទេសជាមិត្តទាំងពីរ ហើយដើម្បីឱ្យ​ទំនាក់​ទំនង​នេះកាន់តែរឹងមាំឆ្ពោះទៅមុខបន្ថែម ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន គប្បី​ជំរុញ​ទំនាក់​ទំនងបន្ថែមពីលើការគាំទ្រខាងនយោបាយ ការផ្ដល់ជំនួយ ក៏ដូចជា​ការ​វិនិយោគ ដោយផ្ដោតទៅលើការជំរុញកាត់បន្ថយភាពលម្អៀងនៃជញ្ជីងពាណិជ្ជកម្ម ព្រម​ទាំងការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍនិងអភិបាលកិច្ចល្អ។ ជាមួយគ្នានេះ ក្នុង​នាម​ជា​រដ្ឋឯករាជ្យនិងអធិបតេយ្យ កម្ពុជាពិតជាមានសិទ្ធិនៅក្នុងការ​ពង្រឹងនិងពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្ដាប្រទេស​ទាំងអស់ ធ្វើយ៉ាងណា​បំពេញ​ឱ្យ​បាន​នូវតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន។ បន្ថែមពីលើនេះ នៅក្នុងទំនាក់​ទំនង​ជាមួយ​មហាអំណាច កម្ពុជាត្រូវតែ​មានភាពម្ចាស់ការ និងជំហរ​នយោបាយ​ការបរទេស​ឯករាជ្យ ដោយសម្រេចឱ្យបាននូវតុល្យភាពនៃទំនាក់ទំនងជាមួយ​គ្រប់​មហាអំណាច ពោល​គឺ​ត្រូវ​រក្សា​ឱ្យបាន​នូវ​នយោបាយអព្យាក្រឹត្យប្រាកដនិយម និង​មិន​ចូល​​បក្សសម្ព័ន្ធរបស់ខ្លួន ដើម្បីរក្សាឧត្ដម​ប្រយោជន៍ជាតិ ចៀសវាងបាននូវ​ការធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅនៃការប្រកួត​ប្រជែង​រវាង​មហា​អំណាច ដូចដែលកម្ពុជាធ្លាប់បាន​ជួបប្រទះ​ក្នុង​ទសវត្សរ៍​ទី៦០ និង​ទសវត្សរ៍​ទី៧០កន្លងទៅ និងដែល​បណ្ដាប្រទេសមួយចំនួនកំពុង​តែងរងគ្រោះដោយ​សារ​តែ​ការប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចនៅ​ក្នុង​ពេល​បច្ចុប្បន្ន៕

អត្ថបទទាក់ទង

សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   ថ្ងៃចន្ទ, 17 កញ្ញា 2018 ម៉ោង 11:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   ថ្ងៃសុក្រ, 14 កញ្ញា 2018 ម៉ោង 10:05 AM
«បេក្ខជនបណ្ឌិតមកពីអាម៉េរិក សិក្សាពីវប្បធម៌ខ្មែរ»

កញ្ញា អេមីលី ហាវ ជាបេក្ខជនបណ្ឌិត ជនជាតិអាម៉េរិក មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក សិក្សា ពីវប្បធម៌ខ្មែរ ហើយកញ្ញាជាស្រ្តីបរទេសដែលកំពុងតែជក់ចិត្តនឹងការសិក្សាពីតូរតន្ត្រីរបស់កម្ពុជា ជាមួយឯកឧត្តមបណ្ឌ...

2018-09-12 09:03:45   ថ្ងៃពុធ, 12 កញ្ញា 2018 ម៉ោង 04:03 PM
ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យើងខ្ញុំត្រូវការជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត ជំនាញអគ្គិសនីចំនួន ០២រូប ដើម្បីបំពេញការងារនៅទីស្នាក់ការ ឧទ្យានផ្ទាល់នៅ ក...

2018-09-12 04:59:32   ថ្ងៃពុធ, 12 កញ្ញា 2018 ម៉ោង 11:59 AM
«ស្នាដៃតន្រ្តីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន​បច្ចុប្បន្នដើម្បីអនាគត»

«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃ​និពន្ធថ្មី​​ស្រឡាងមួយដែលកើតចេញពីគំនិត និងការ​​​ច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរ​​​ដោយរួមបញ្ចូល​ការនិពន្ធ​បទភ្លេងថ្មី ចម្រៀង​​...

2018-09-12 03:22:49   ថ្ងៃពុធ, 12 កញ្ញា 2018 ម៉ោង 10:22 AM
បោកខោអាវក្នុងផ្ទះ ជាភាពចាំបាច់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...

2018-09-11 04:24:56   ថ្ងៃអង្គារ, 11 កញ្ញា 2018 ម៉ោង 11:24 AM

សេចក្តីប្រកាស