ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ជ័យជម្នះ ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិត ដែលជាមេរៀនសម្រាប់ខ្មែរ ត្រូវតែបញ្ចៀសការវិលត្រឡប់នៃបដិវត្តន៍កាប់សម្លាប់ជាតិសាសន៍ខ្មែរ

2025-01-03 08:28:10 ថ្ងៃសុក្រ, 03 មករា 2025 ម៉ោង 03:28 PM
អ្នកមើល 575
post_detail1

          លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ៤៦ឆ្នាំក្រោយជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍ ៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបានសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ ថ្ងៃទី៧ មករា គឺជាថ្ងៃដ៏សំខាន់ចារឹកនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលកម្ពុជាបានរំដោះខ្លួនចេញពីរបបវាលពិឃាត កាលពីឆ្នាំ១៩៧៩។ គេពិតជាមិនអាចប្រកែកចំពោះសារៈសំខាន់នៃព្រឹត្តិការណ៍នេះបានទេ ព្រោះរបបប្រល័យមនុស្សជាតិនេះ ពិតជាបានកើតមាននៅក្នុងប្រទេសកម្ពុជាក្នុងសតវត្សរ៍ចុងក្រោយនាសម័យទំនើបពិតប្រាកដមែន និងដែលជាការចង​ចាំដ៏ខ្មៅងងឹតមួយសម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិ ដែលនៅលើពិភពលោកនិងក្នុងតំបន់នានា បើទោះបីជាមានសង្គ្រាមហែកហួរ ឬកើតកលយុគិយ៉ាងណាក្ដី ក៏មិនមានស្ថានភាពធ្ងន់ធ្ងរខ្លាំងដូចសង្គមខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះឡើយ។ មេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហម បានកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងរង្គាល បង្អត់អាហារ និងបង្ខំមនុស្សឱ្យធ្វើការបាក់កម្លាំង រហូតដល់ត្រូវបានគេអះអាងថា អ្នករស់នៅក្នុង​របបនេះ ប្រៀបបានរស់នៅក្នុងគុកឥតជញ្ជាំងដូច្នោះដែរ។ ហេតុនេះហើយ ទើបឥស្សរជន​នយោបាយខ្មែរមួយចំនួន បានប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឬហៅថា​រណសិរ្ស២ធ្នូ ដើម្បីរំដោះប្រទេសជាតិនិងប្រជាជនចេញពីការគ្រប់គ្រងដ៏ឃោរឃៅយង់ឃ្នង់​របស់ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ រណសិរ្ស២ធ្នូ បានប្រមែប្រមូល​កម្លាំងអ្នកតស៊ូ អ្នកស្នេហាជាតិ ព្រមទាំងបានពឹងពាក់លើជំនួយយោធាពី​កងទ័ពវៀតណាមផងដែរ ដើម្បីឈានទៅផ្ដួលរំលំរបបខ្មែរក្រហម ដោយបានវាយចូលទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ៧ មករា ១៩៧៩ ត្រូវបានកំណត់ថាជាការផ្ដួលរំលំ​នូវរបបកម្ពុជាប្រជាធិបតេយ្យ តាមរយៈការដណ្ដើមកាន់កាប់បានទីក្រុងភ្នំពេញ ដែលជារដ្ឋធានី និងជាទីតាំងបញ្ជាការរបស់ក្រុមមេដឹកនាំខ្មែរក្រហម។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាពមួយដែលគេមិនអាចប្រកែកបាន ហើយការមិនទទួលស្គាល់សច្ចភាពនៃប្រវត្តិសាស្ត្រនេះទេ មានន័យថាយើងបានប្រមាថជនជាតិខ្មែរដែលបានស្លាប់ទៅរាប់លាននាក់ និងក៏ជាការប្រមាថអាយុជីវិតអ្នកដែលបានរស់រានមានជីវិត ក៏ដូចជាប្រមាថទៅដល់អ្នកជួយសង្គ្រោះជីវិតរបស់ប្រជាជនខ្មែរផងដែរ។ ហេតុនេះហើយ ប្រជាជនកម្ពុជា ត្រូវតែចាត់ទុកថ្ងៃ៧មករា គឺជាថ្ងៃដែលត្រូវតែចងចាំ ជាសច្ចភាពនៅក្នុងប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន និងជាមេរៀនសម្រាប់ជាតិខ្មែរ ត្រូវធ្វើយ៉ាងណាបញ្ចៀសកុំឱ្យព្រឹត្តិការណ៍នេះកើតមានឡើងជាថ្មីម្ដងទៀតនៅក្នុងសង្គមកម្ពុជា។ បន្ថែម​ពីនេះ នេះក៏ជាមេរៀនឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេសជាតិ ដែលការដឹកនាំនយោបាយដែលខុសឆ្គង នឹងនាំទៅដល់ការសម្រេ​ចចិត្តខុស នាំទៅដល់បដិវត្តន៍ដ៏មហន្តរាយ ដែលមិនត្រឹម​តែនាំទៅដល់ការបែកបាក់ជាតិ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធឱ្យខ្ទេចខ្ទាំប៉ុណ្ណោះទេ តែថែមទាំងនាំទៅដល់ការកាប់សម្លាប់យ៉ាងរង្គាលលើជាតិសាសន៍ឯងផងដែរ។ ជាមួយគ្នានេះ ជីវិតប្រជាជានខ្មែរនាពេលនោះ ស្ទើរតែបាត់បង់ទាំងស្រុង ហើយប្រសិនបើមិនមានការរំដោះ និងសង្គ្រោះទាន់ពេលវេលានោះទេ ខ្មែរអាចបាត់ពីផែនទីពិភពលោកតែម្ដង ដោយអាចត្រូវបានប្រទេសដទៃក្បែរខាង មកទន្ទ្រានកាន់កាប់ទឹកដីខ្មែរតែម្ដង ដោយសារតែជនជាតិ​ខ្មែរបានថយចុះចំនួនយ៉ាងគំហុកដោយសារតែការសម្លាប់រង្គាល។

          លោកបណ្ឌិត យង់ ពៅ ក៏បានអះអាងផងដែរថា លោកបណ្ឌិតផ្ទាល់គឺជាសាក្សីរស់មួយរូបនៅរួចរស់រានមានជីវិតពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយលោកបណ្ឌិតពិតជាបានឆ្លងកាត់ដោយផ្ទាល់ ហើយដែលប្រជាជនខ្មែរគ្រប់រូប​តែដឹងនិងចងចាំ ព្រមទាំងបញ្ចៀសឱ្យបាននូវលទ្ធភាពទាំងឡាយណា ដែលនាំទំព័រប្រវត្តិសាស្ត្រដ៏អន្ធកាលនេះ​ត្រឡប់​មកវិញដោយសារតែបដិវត្តន៍។

          លោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ផងដែរ អំពីការលើកឡើងរបស់អ្នកនយោបា​យជំទាស់ខ្លះ ដែលតែងតែអះអាងមិនទទួលស្គាល់ គុណតម្លៃនៃថ្ងៃជ័យជម្នះ ៧មករា និងតែងតែបានរិះគន់ថា ថ្ងៃនោះគឺជាពេលវេលាដែលវៀតណាមបានឈ្លានពានប្រទេសកម្ពុជា​ជាដើម។ សម្រាប់លោកបណ្ឌិត នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន ហើយ​ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់មេខ្មែរក្រហមនាពេលនោះ ពលរដ្ឋខ្មែរបានរងគ្រោះយ៉ាង​ធ្ងន់ធ្ងរ និងដង្ហើយហៅរកការជួយសង្គ្រោះដើម្បីរួចផុតពីនរកលើផែនដីនៃរបបដ៏យង់ឃ្នង។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ មេសា ១៩៧៥ ដែលជាថ្ងៃយកជ័យជម្នះទាំងស្រុងលើរបប លន់ នល់ ដែលពួកគេចោទថាជារបបអាយ៉ងចក្រព័ត្តិនិយមអាម៉េរិក ព្រមទាំងអះអាងថា គ្មានសម័យកាលណាក្នុងប្រវត្តិសាស្ត្រខ្មែរដែលរុងរឿង និងឯករាជ្យជាងរបបខ្លួននោះឡើយ។ ផ្ទុយស្រឡះពីការលើកឡើងនេះ ខ្មែរក្រហមបានជម្លៀសប្រជាជានចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ឱ្យទៅធ្វើការបាក់កម្លាំងរហូតដល់មានជំងឺ ស្លាប់ និងរងទុក្ខវេទនាយ៉ាងដំណំ ព្រមទាំងបានធ្វើវិសុទ្ធកម្មផ្ទៃក្នុង សម្លាប់បញ្ញវន្ត សម្លាប់អ្នករដ្ឋការសម័យមុនស្ទើរតែទាំងអស់។ ជាលទ្ធផល អ្នកនៅរស់រានមានជីវិតភាគច្រើន សុទ្ធសឹងតែជាអ្នក​ទន់ខ្សោយទាំងកម្លាំងពលកម្ម និងបញ្ញាស្មារតី ដែលការណ៍នេះ ត្រូវបានលោកបណ្ឌិតអះអាង ថាជាការដឹកនាំតាមបែបសង្គមទាសភាពអាណាធិបតេយ្យ សម្លាប់គ្មានរើសមុខទាល់តែសោះ។

          បន្ទាប់ពីប្រឈមនឹងការរងគ្រោះពីការសម្លាប់និងវិសុទ្ធកម្មរបស់ខ្មែរក្រហម បើទោះបីជាឥស្សរជន​ខ្មែរមួយចំនួន បានកៀងគរកម្លាំងនិងការគាំទ្របង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏កម្លាំងដែលចូលរួមជាមួយមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការវាយ​រំលំរបបប្រល័យមនុស្សជាតិនេះបានឡើយ។ ហេតុនេះហើយ ត្រូវការពឹងពាក់កម្លាំងពីក្រៅប្រទេស ពោលគឺកម្លាំងតស៊ូរបស់កម្ពុជាបានសម្រេចចិត្តពឹងពាក់កងទ័ពវៀតណាម ព្រោះនៅពេលនោះ គ្មានកម្លាំងណាផ្សេង ដែលអាចមកជួយសង្គ្រោះប្រជាជនកម្ពុជាបានឡើយ រាប់ចាប់តាំងពីសហរដ្ឋអាម៉េរិក អង់គ្លេស អូស្ត្រាលី ឬក៏សហភាពសូវៀតក្ដី គឺមិនអាចអន្តរាគមន៍ទាន់ពេលវេលានោះទេ។ ដូច្នេះបើចង់ពឹងពាក់កម្លាំងពីក្រៅដែលនៅឆ្ងាយទាំងអស់នេះ គេត្រូវរង់ចាំផ្ទៀងផ្ទាត់ទិដ្ឋភាពនយោបាយ និងទិដ្ឋភាពផ្សេងៗទៀតជាច្រើន ហើយទម្រាំតែរង់ចាំដល់មានការអន្តរាគមន៍ពីប្រភពទាំងនោះ ប្រជាជនខ្មែរក៏ប្រហែលជាអាចនឹង​ត្រូវស្លាប់បាត់បង់ជីវិតអស់ហើយក៏ថាបាន។ នៅចំពោះមុខភាពបន្ទាន់និងចាំបាច់បំផុតនេះ មេដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវតែពឹងពាក់វៀតណាមដែលនៅជិតខាង និងងាយចល័តកម្លាំងទ័ព ដើម្បីឱ្យជួយចូលរួមផ្ដួលរំលំរបបប្រល័យមនុស្សជាតិ ខ្មែរក្រហម ដោយមេដឹកនាំនៃរណសិរ្សនេះ ពិសេសសមមិត្ត ហ៊ុន សែន បានប្រថុយជីវិត និងបូជាសាច់​ស្រស់ឈាមស្រស់របស់ខ្លួន ទៅពឹងពាក់ភាគីវៀតណាមឱ្យជួយអន្តរាគមន៍។ តាមរយៈការ​ពឹងពាក់ស្នើសុំអន្តរាគមន៍យោធាពីសំណាក់ឥស្សរជនខ្មែរ កងទ័ពវៀតណាមពិតជាបានចូលមកជួយសង្គ្រោះអាយុជីវិតខ្មែរ ចេញពីកណ្ដាប់ដៃរបបវាលពិឃាតខ្មែរក្រហមពិតប្រាកដមែន ក៏ប៉ុន្តែនៅក្នុងដំណើរចាប់ផ្ដើមចរចា ដែលឈានទៅការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីបញ្ហាជម្លោះនៅកម្ពុជា ពិតជាមានកិច្ចព្រមព្រៀងដែលវៀតណាមត្រូវដកកងទ័ពចេញពីប្រទេសកម្ពុជាវិញ ដោយវៀតណាមពុំបានតាំងមូលដ្ឋាននៅកម្ពុជា ហើយគ្រប់គ្រងប្រទេសកម្ពុជាជាអចិន្ត្រៃយ៍នោះទេ។ ជាការពិតណាស់ នៅពេលដែលវៀតណាមចូលមកកម្ពុជានាដំណាក់កាលដំបូងៗ ពិតជាមានជំនាញការ ក្រុមអ្នកបច្ចេកទេស និងអ្នកដឹកនាំជាជនជាតិវៀតណាមជាហូរហែរនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ​ដោយ​សារតែពេលនោះ កម្ពុជាបានបាត់បង់កម្លាំង និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបាត់បង់អស់ផងដែរនូវរដ្ឋបាលដឹកនាំក្នុងប្រទេស ដែលវៀតណាមមានភាពចាំបាច់ត្រូវជួយទាំងការទំនុកបម្រុងលើការការពារស្ថិរភាពសង្គម និងការជួយបំពាក់បំប៉នលើការរៀបចំរដ្ឋបាល​ដឹកនាំមួយចំនួននៅកម្ពុជា ដើម្បីមេដឹកនាំកម្ពុជាមានលទ្ធភាពរៀបចំរចនាសម្ព័ន្ធដឹកនាំ និងរដ្ឋបាលដែនដីនៃប្រទេសកម្ពុជាឡើងវិញ ខណៈអ្នកចេះដឹងទាំងឡាយរបស់ខ្មែរ ត្រូវបានខ្មែរក្រហម​សម្លាប់ស្ទើរតែទាំងអស់។ ដូច្នេះហើយ លោកបណ្ឌិត យង់ ពៅ បានទាញចំណាប់អារម្មណ៍ឱ្យមានការគិតគូរនិងពិចារណាអំពីចំណុចទាំងនេះ និងត្រូវទទួលស្គាល់នូវសច្ចភាពប្រវត្តិសាស្ត្រថា យើងពិតជាត្រូវការពឹងពាក់វៀតណាមឱ្យមកជួយអន្តរាគមន៍ និងជួយដល់ការរៀប​ចំរចនាសម្ព័ន្ធដឹកនាំ និងការឯកភាពរដ្ឋបាលដែនដីនៃប្រទេសកម្ពុជានាពេលនោះ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:47 PM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM

សេចក្តីប្រកាស