Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាពស្វាហាប់និងចម្រុះពណ៌ស្របនតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមលោកបណ្ឌិត នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរក្សាលំនឹងនយោបាយការបរទេសរបស់ខ្លួនបានល្អ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាចទាំងអស់ ដែលកំពុងតែប្រឈមគ្នា ពោលគឺទាំងសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ី ដែលជាមហាអំណាចឈានមុខនៅលើពិភពលោក និងដែលកំពុងប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងគ្នានឹងគ្នា។ កម្ពុជាបានប្រកាន់យកជំហរឯករាជ្យ និងអព្យាក្រឹត្យនៅចំពោះមុខការប្រកួតប្រជែងនេះ ដោយបន្តមានទំនាក់ទំនងល្អទាំងជាមួយសហរដ្ឋអាម៉េរិក សហព័ន្ធរុស្ស៊ី និងទាំងសាធារណរដ្ឋប្រជាមានិតចិន។
បើតាមលោកបណ្ឌិត យង់ ពៅ ជំហរនយោបាយការបរទេសរបស់កម្ពុជានៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ បានជួយឱ្យកម្ពុជារក្សាបាននូវលំនឹងនៃទំនាក់ទំនងជាលក្ខណៈពហុភាគីជាមួយនឹងមហាអំណាច ដោយរក្សាបាននូវអធិបតេយ្យភាព អព្យាក្រឹត្យភាព និងជំហរមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ដែលធ្លាប់តែប្រកាន់ខ្ជាប់ជារៀងដរាបមកនៅក្នុងសម័យព្រះរាជាណាចក្រទីពីរ។ លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មិនត្រឹមតែរក្សាបាននូវលំនឹងនយោបាយការបរទេសជាមួយមហាអំណាចទាំងបីប៉ុណ្ណោះទេ តែកម្ពុជាថែមទាំងបានរក្សានូវទំនាក់ទំនងល្អជាមួយនឹងមហាអំណាចតំបន់ និងពិភពលោក ក៏ដូចជាបណ្ដាប្រទេសជាដៃគូដទៃទៀតផងដែរ។ ការណ៍នេះស្ដែងឱ្យឃើញតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា និងការអញ្ជើញមកបំពេញទស្សនកិច្ចពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗនៃបណ្ដាប្រទេសមហាអំណាច ក៏ដូចជាការចូលចតនៃនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក នៅកំពង់ផែព្រះសីហនុនាពេលថ្មីៗកន្លងទៅនេះផងដែរ ដែលសុទ្ធសឹងជាសញ្ញាណល្អនៅក្នុងដំណើរឆ្ពោះទៅមុខនៃនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
ទោះជាយ៉ាងណា សម្រាប់លោកបណ្ឌិត យង់ ពៅ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្តការរក្សានូវនយោបាយការបរទេសផ្កាចម្រុះពណ៌ ដូចដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៤កន្លងទៅ ហើយត្រូវពង្រឹងនិងពង្រីកបន្ថែមនូវទំនាក់ទំនងជាមួយមហាអំណាច ក៏ដូចជាប្រទេសជាដៃគូនានាលើពិភពលោក សម្ដៅឆ្ពោះទៅកាន់ការបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជា ដែលរួមមានទាំងកសិផល ទំនិញជាកសិឧស្សាហកម្ម និងវាយនភណ្ឌជាដើមបន្ថែមទៀត ក្នុងគោលបំណងបង្កើនភាពស្វាហាប់នៃចរន្តនៃការនាំចេញនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ បើតាមលោកបណ្ឌិត ការធ្វើពិពិធកម្មទីផ្សារផលិតផល គឺជាការបង្កើនឱកាសនៃការនាំចេញកាន់តែប្រសើរឡើង និងជាចំណែកមួយនៃការធានាបាននូវអធិបតេយ្យភាព និងការជំរុញកើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពថែមទៀតផង។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏ត្រូវបន្តជំរុញផងដែរនូវគោលការណ៍ «ពង្រឹងមិត្តភាពចាស់ បង្កើនមិត្តភាពថ្មី» នៅក្នុងនយោបាយការបរទេសរបស់ខ្លួន ដើម្បីពង្រីកតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងជាការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនានាកាន់តែទូលំទូលាយ ក៏ដូចជាបង្កើនជម្រើសនៅក្នុងទំនាក់ទំនងអន្តរជាតិ ចៀសវាងការរងសម្ពាធការទូតពីក្រុមប្រទេសឬប្លុកណាមួយ ដែលកម្ពុជាពឹងផ្អែកខ្លាំង។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដោតការយកចិត្តទុកដាក់ទៅលើការពង្រីកនយោបាយការទូតសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយថាមភាពបន្ថែមទៀត។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏គួរតែជំរុញសកម្មភាពការទូតវប្បធម៌របស់ខ្លួនផងដែរ ដោយច្បាមឱកាសពង្រីកវិសាលភាពការទូតវប្បធម៌កម្ពុជា ទៅតាមបណ្ដាប្រទេសដែលខ្លួនបានដាក់ស្ថានទូត ដើម្បីជំរុញទំនាក់ទំនងកាន់តែប្រសើរឡើងថែមទៀត។ ការជំរុញសកម្មភាពការទូតនេះ អាចធ្វើឡើងតាមរយៈការពង្រីកការផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ, បញ្ជ្រាបការយល់ដឹងអំពីវប្បធម៌ខ្មែរទៅក្រៅប្រទេស តាមគ្រប់រូបភាពនិងលទ្ធភាពដែលខ្លួនអាចធ្វើបានដូចជា តាមរយៈអ្នកការទូតខ្មែរនៅបរទេស ការចូលរួមបង្ហាញអំពីវប្បធម៌ខ្មែរនៅក្នុងឱកាសពិសេសនានា ការរៀបចំកម្មវិធីបុណ្យឯករាជ្យជាតិនៅក្នុងស្ថានទូត ដោយរៀបចំការតាំងពិព័រណ៌វប្បធម៌ខ្មែរ និងផលិតផលខ្មែរដូចជា ក្រមា អង្ករ និងនាំបរទេសឱ្យមកភ្លក្ស ពិសារ និងផ្សព្វផ្សាយបន្តជាដើម។
លើសពីនេះ កម្ពុជាក៏គួរតែជំរុញការទូតសិល្បៈទំនើបបែបសហសម័យដូចជា ការលើកទឹកចិត្តឱ្យអ្នកសិល្បៈរ៉េបសហសម័យរបស់កម្ពុជា ដែលវិស័យនេះ ហាក់មានការរីកចម្រើនជឿនលឿនគួរឱ្យកត់សម្គាល់ ដើម្បីបង្ហាញនូវអ្វីដែលជារបស់ខ្មែរ និងធ្វើឱ្យគេស្គាល់កម្ពុជានៅក្នុងទិដ្ឋភាពផ្សេងៗ តាមរយៈការថែរក្សាឱ្យបាននូវអ្វីដែលមានលក្ខណៈជាខ្មែរ ព្រមទាំងជំរុញនិងពង្រីកបន្ថែមនូវរូបភាពជាវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលបណ្ដាប្រទេសមួយចំនួនបានកន្លងទៅដូចគ្នានេះដែរ។ ការជំរុញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យសិល្បករខ្មែរក្លាយទៅជាទូតសុឆន្ទៈនៃវិស័យវប្បធម៌ ទេសចរណ៍ និងសិល្បៈកម្ពុជា ឱ្យពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀតថា បើទោះបីជាកម្ពុជាទើបតែងើបផុតពីសង្គ្រាម ក៏ប៉ុន្តែសិល្បៈសហសម័យរបស់កម្ពុជា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នានៅឆ្នាំ១៩៥៣ តែទំនាក់ទំនងនេះពុំសូវមានភាពល្អូកល្អើននឹងគ្នាប៉ុន្មានទេ។ ក្រោយពីបដិវត្តន៍អ៊ិស្លាម អ៊ីរ៉ង់ទទួលបានជោគជ័យលើរបបស្តេច មហាម៉េដ រីហ្សា ផាហ...
នៅថ្ងៃទី៨ ខែសីហា ឆ្ឆាំ១៩៦៧ រដ្ឋចំនួនប្រាំបានបង្កើតអង្គការតំបន់មួយឈ្មោះថា សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ហៅកាត់ ថា អាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ។ តាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការអាស៊ាន។ អង្គការ...
សហរដ្ឋអាម៉េរិកគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ១ ឯប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោក។ ប្រទេសទាំងពីរតែងតែមានការប្រកួតប្រជែងខាងទីផ្សារពាណិជ្ជកម្ម ដែលចង់ឆ្ពោ...
នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិជាច្រើនបានរស់នៅនិងធ្វើសមាហរណកម្មជាមួយជនជាតិខ្មែរ ព្រមទាំងបានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ក្រុមជនជាតិទាំងនោះរួមមាន ព្នង ចារ៉ាយ ទំពួន សួយ កួយ ស្អូច កាចក់ គ្រ...
កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្...