ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ដើម្បីធានាស្ថិរភាពនយោបាយនិងសង្គម ច្បាប់ត្រូវតែធានាឱ្យបាននូវយុត្តិធម៌សង្គម ហើយមនុស្សទាំងអស់ត្រូវទទួលបានសមធម៌នៅចំពោះមុខច្បាប់

2024-12-24 10:34:55 ថ្ងៃអង្គារ, 24 ធ្នូ 2024 ម៉ោង 05:34 PM
អ្នកមើល 2122
post_detail1

ជាស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិមួយ មនុស្សទាំងអស់នៅក្នុងសង្គម ត្រូវតែគោរពនិងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងសង្គមជាតិរបស់ខ្លួន។ នៅពេលដែលមានការប្រព្រឹត្តបទល្មើស ត្រូវតែមានការបង្ក្រាបនិងផ្ដន្ទាទោសទៅតាមខ្លឹមសារច្បាប់ពាក់ព័ន្ធ ដែលមានចែងអំពីទោសទណ្ឌផ្សេងៗ។ ដូចគ្នានេះដែរ ការកំណត់ទោសទណ្ឌ គឺអាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់តុលាការ នៅក្នុងសំណុំរឿងនីមួយៗ ប៉ុន្តែគេក៏ត្រូវពិនិត្យមើលនៅក្នុងទស្សនៈមហាជន ដែលវាយតម្លៃទៅលើដំណើរការស្វែងរកយុត្តិធម៌យ៉ាងដូចម្ដេចផងដរ។ បើតាមលោកបណ្ឌិត យង់ ពៅ សម្រាប់ករណីដែលអតីតឧកញ៉ាម្នាក់បានបាញ់ប្រហារយ៉ាងឃោរឃៅនិងអមនុស្សធម៌ ទៅលើអ្នកជិតខាងខ្លួនដែលបណ្ដាលឱ្យបុរសស្ត្រីជាគូដណ្ដឹង២នាក់ស្លាប់នៅកន្លែងភ្លាមៗ និងអ្នកផ្សេងទៀតរងរបួសនេះ ត្រូវបានមហាជនយកចិត្តទុកដាក់ និងផ្ដោតការចាប់អារម្មណ៍ជាខ្លាំង ដែលស្ថាប័នយុត្តិធម៌ គប្បីមានការពិចារណានិងសម្រេចសេច​ក្ដីប្រកបដោយការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតផងដែរ។ បើតាមលោកបណ្ឌិត ករណីនេះ ក៏មានការចាប់អារម្មណ៍ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីផងដែរ ដោយសារតែការផ្ទុះការប្រតិកម្មខ្លាំងពីសំណាក់មហាជន ដោយសារតែករណីនេះ គឺជាការបាញ់ប្រហារដ៏ឃោរឃៅកម្រប្រទះឃើញនៅក្នុងសង្គមកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កត្តាខាងក្នុង គឺជាកត្តាចម្បងបំផុតមួយដែលនាំទៅដល់ការផ្ទុះនូវចរន្តមហាជននៅក្នុងរដ្ឋមួយ ដែលភាសាបច្ចុប្បន្នគេហៅថា បដិវត្តន៍ពណ៌ ហើយកត្តាយុត្តិធម៌សង្គម ក៏ជាកត្តាចម្បងមួយផងដែរ ដែលជះឥទ្ធិពលដល់ការងើបឡើងរបស់មហាជននៅក្នុងប្រទេសមួយ។ លោកបណ្ឌិត បន្តថា យុត្តិធម៌សង្គមដើរតួនាទីសំខាន់ណាស់ នៅក្នុងការគ្រប់គ្រងសភាពការណ៍ ដែលធានាឱ្យសង្គមជាតិមានស្ថិរភាព។

ទោះជាយ៉ាងណា ការផ្ដន្ទាទោសទៅលើអតីតឧកញ៉ារូបនេះ គឺជាផ្នែកមួយនៃការសងយុត្តិធម៌ទៅដល់ជនរងគ្រោះពីទង្វើរបស់បុគ្គលរូបនេះ។ ទោះជាយ៉ាងណា លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះមិនមែនជាការផ្ដល់យុត្តិធម៌សង្គមជាលើកទីមួយនៅក្នុងសង្គមកម្ពុជានោះទេ ប៉ុន្តែគ្រាន់តែរឿងនេះ គឺជាករណីមួយដែលទាក់ទាញចំណាប់អារម្មណ៍មហាជនខ្លាំង ក៏ព្រោះតែជាករណីបាញ់ប្រហារដ៏សាហាវកម្រប្រទះឃើញនៅកម្ពុជា។ លោកបណ្ឌិតបន្ថែមថា យុត្តិធម៌ គឺជាដំណើរការមួយ ដែលអ្នកប្រព្រឹត្តបទល្មើសត្រូវផ្ដន្ទាទោសឱ្យមានស័ក្តិសមទៅនឹងទោសកំហុសនិងចេតនានៃការប្រព្រឹត្តរបស់ជនបង្ក និងត្រូវស្របទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងរដ្ឋឬប្រទេសនីមួយៗ ព្រមទាំងត្រូវមានសមធម៌ចំពោះជនគ្រប់រូបទាំងអស់នៅក្នុងសង្គម។ អ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់នៅកម្ពុជា ត្រូវតែប្រឈមនឹងការផ្ដន្ទាទោសដោយអនុលោមទៅតាមច្បាប់របស់កម្ពុជាជាកំហិត ដើម្បីធានាបាននូវយុត្តិធម៌សម្រាប់គ្រប់ភាគីដែលជាប់ពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចបាននូវយុត្តិធម៌សង្គម។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងបន្ថែមទៀតថា ការផ្ដន្ទាទោសខាងលើនេះទៀតសោត ក៏ជាចំណែកមួយដើម្បីបង្ហាញអំពីការលាងជម្រះមន្ទិលអំពីយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ដែលអនុលោមទៅតាមច្បាប់នៅក្នុងសង្គមកម្ពុជា ព្រោះសង្គមកម្ពុជាមិនមែនជាសង្គមកាចសាហាវ ដែលគ្មានច្បាប់ទម្លាប់ ហើយដឹកនាំគ្រប់គ្រងដោយផ្អែកលើច្បាប់ធម្មជាតិនោះទេ។ ក្នុងករណីដែលបុគ្គលរូបណាមួយប្រព្រឹត្តអំពើការសាហាវ ត្រូវតែទទួលទោសតាមច្បាប់ជាធរមានរបស់កម្ពុជា ដែលជាការផ្ដល់ភាពជ្រះស្រឡះដល់សង្គមកម្ពុជា មិនអាចអនុញ្ញាតឱ្យជនណាមួយល្មើសច្បាប់កម្ពុជាហើយ អាចរួចខ្លួន ឬត្រូវបានផ្ដន្ទាទោសក្នុងកម្រិតស្រាលឬធ្ងន់ខុសពីផ្លូវច្បាប់ អាស្រ័យទៅលើបុគ្គលណាម្នាក់បាននោះទេ។

ជាមួយគ្នានេះដែរ តាមរយៈការផ្តន្ទាទោសខាងលើនេះដែរ មហាជនអាចនឹងយល់ឃើញផ្សេងៗគ្នាទៅលើស្ថានទម្ងន់នៃការដាក់ទោស អាស្រ័យដោយហេតុផលផ្សេងៗ ដូចជា មនោសញ្ចេតនា កំហឹងទោសៈ ឬក្ដីអាណិតអាសូរ ប៉ុន្តែកិច្ចការនេះ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយពិចារណាទៅលើជ្រុងផ្សេងៗនៃដំណើរការធានាយុត្តិធម៌នៃច្បាប់។ នៅពេលដែលការផ្ដន្ទាទោសជនល្មើសសមស្របនឹងទង្វើដែលខ្លួនបានប្រព្រឹត្ត ពោលគឺការសម្រេចសេចក្ដីដែលមហាជនអាចទទួលយកបាន នឹងធ្វើឱ្យមហាជនលែងមានការសង្ស័យទៅលើភាពយុត្តិធម៌នៃដំណើរការផ្លូវច្បាប់នៅកម្ពុជា។

បន្ថែមពីនេះ តាមរយៈការធានាបានធានាបានថា គ្រប់ជនប្រព្រឹត្តបទល្មើសនឹងត្រូវនាំយកមកកាត់ទោសទៅតាមច្បាប់ជាធរមាននៅក្នុងសង្គមកម្ពុជាទាំងមូល ដោយទាំងអ្នកមានធនធាន អ្នកមានអំណាច និងទាំងអ្នកមានខ្សែបក្ខពួកក្ដី ក៏នឹងមិនអាចប្រព្រឹត្តអំពើទាំងឡាយស្រេចនឹងអំពើចិត្ត ឬកំហឹងមួយឆាវរបស់ខ្លួន ហើយគេចផុតពីសំណាក់ច្បាប់បាន នោះមហាជនទាំងអស់នឹងជឿជាក់ថា ច្បាប់គឺជាពិដានពិតប្រាកដសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គម ហើយនេះក៏ជាការឆ្លើយតបទៅនឹងការលើកឡើងក្នុងន័យអវិជ្ជមានកន្លងមករបស់មហាជន អំពីបញ្ហាយុត្តិធម៌សង្គមនៅកម្ពុជាផងដែរ។ សង្គមជាតិមួយដែលមានប្រព័ន្ធដឹកនាំរដ្ឋតាមបែបនយោបាយ ត្រូវតែមានច្បាប់ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការដឹកនាំនិងគ្រប់គ្រង ពុំមែនជាសង្គមដែលអ្នកខ្លាំងរំលោភបំពានអ្នកខ្សោយ អ្នកធំឬអ្នកមានរំលោភបំពានអ្នកតូចតាចឬក្រីក្រនោះទេ។

លើសពីនេះទៅទៀត ការផ្ដន្ទាទោសជនប្រព្រឹត្តបទល្មើសឱ្យធ្ងន់ធ្ងរស័ក្តិសមទៅនឹងអំពើដែលខ្លួនប្រព្រឹត្ត នឹងអាចក្លាយទៅជាមេរៀនទូទៅដែលបង្ហាញជាលក្ខណៈសាធារណៈ មិនអាចអនុញ្ញាតឱ្យជនណាមួយ រំលោភបំពានច្បាប់ ឬប្រព្រឹត្តអំពើប្រកបដោយភាពទោសៈរបស់ខ្លួនបានស្រេចតែនឹងចិត្ត ដោយសារតែសម្អាងលើអំណាច ទ្រព្យសម្បត្តិ ឬខ្សែបក្ខពួករបស់ខ្លួនចាំកាងនៅពីក្រោយនោះទេ។ នៅពេលដែលច្បាប់គឺជាដែកថែបដ៏រឹងមាំ ដែលត្រូវអនុវត្ត​នៅចំពោះមុខជនគ្រប់រូបទាំងអស់នៅក្នុងសង្គម រាល់អ្នកប្រព្រឹត្តល្មើសទាំងអស់នឹងត្រូវផ្ដន្ទាទោសដោយគ្មានការលើកលែង ការណ៍នេះនឹងក្លាយជាការព្រមានដ៏ពេញលេញសម្រាប់អ្នកមានបំណងចង់ប្រព្រឹត្តបទល្មើស ឬធ្លាប់ប្រព្រឹត្តបទល្មើសហើយបានរួចខ្លួនក្ដី នឹងមានការកោតក្រែងរអែងនឹងច្បាប់ ហើយងាកមកគោរពនិងអនុវត្តស្របតាមច្បាប់ជាធរមាន។ នៅពេលនោះហើយ ដែលគេអាចធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងភាពសុខសាន្តយូរអង្វែងនៅក្នុងសង្គមជាតិបាន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM

សេចក្តីប្រកាស