Royal Academy of Cambodia
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ ក្នុងអំឡុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ ការជាប់ជាសមាជិកគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព សម្រាប់អាណត្តិ ២០២៥-២០២៦ តាមរយៈការបោះឆ្នោតនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ គូសបញ្ជាក់ថា ជាការបើកទំព័រថ្មីក្នុងនយោបាយការបរទេស និងជាសក្ខីកម្មឆ្លុះបញ្ចាំងពី ឆន្ទៈរួមចំណែកដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។
លោកបណ្ឌិត បានលើកឡើងថា ការក្លាយជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (OCPBC) នេះ បានឆ្លុះបញ្ចាំអំពីការប្តេជ្ញាចិត្តនិងការចូលរួមកាន់តែសកម្មបន្ថែមទៀតរបស់កម្ពុជា នៅក្នុងការរួមចំណែកជំរុញកសាងសន្តិភាព ក៏ដូចជាការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក ដែលកម្ពុជាបានចូលរួមជាប្រចាំតាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន។ ពោលគឺកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅចូលក្នុងបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សរុបប្រមាណជាជិត ១ម៉ឺននាក់រួចមកហើយ។ ដូចដែលយើងបានដឹងរួចហើយថា កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ ហើយនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អង្គការសហប្រជាជាតិ បានបំពេញបេសកកម្មរបស់ខ្លួន ដោយបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅកម្ពុជា។ ការក្លាយជាសមាជិកនៃ OCPBC ពិតជាមានគុណតម្លៃយ៉ាងខ្លាំង ស្របទៅនឹងអ្វីដែលលោកបណ្ឌិត យង់ ពៅ អះអាងថា ជាគុណតម្លៃនៃអរិយធម៌ខ្មែរសម័យសន្តិភាពគឺ "ការកសាងសន្តិភាព"។
ជាមួយគ្នានេះ ការក្លាយជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (OCPBC) របស់កម្ពុជា ក៏ជាកិត្តិយសដ៏វិសេសមួយផងដែរសម្រាប់មេដឹកនាំ ប្រជាជន និងប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជាដែលធ្លាប់តែជាប្រទេសរងគ្រោះដោយសារសង្គ្រាម ហើយត្រូវការការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ដើម្បីស្វែងរកសុខសន្តិភាព វិបុលភាព និងត្រូវការជំនួយបរទេសដើម្បីស្ដារនិងកសាងអភិវឌ្ឍប្រទេសឡើងវិញ ពេលនេះ កម្ពុជាបានជួយដល់បណ្ដាប្រទេសនានាវិញម្ដង នៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិទាំងនៅក្នុងការបញ្ជូនកងទ័ពមួកខៀវទៅថែរក្សាសន្តិភាព និងការចូលរួមចំណែកជាដំណោះស្រាយទៅលើបញ្ហាពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ពិភពលោកផ្សេងទៀត ទាំងក្នុងវេទិកាតំបន់និងពិភពលោក។ ការចូលរួមទាំងអស់នេះ គឺជាការចូលរួមទាំងក្នុងទិដ្ឋភាពការទូត និងទាំងការចែករំលែកទស្សនាទាន ជាមេរៀន ជាបទពិសោធន៍ និងសកម្មភាពផ្ទាល់ ដើម្បីចូលរួមជំរុញ និងរួមចំណែកកសាងសន្តិភាព សម្រាប់បណ្ដាប្រទេសនានានៅលើពិភពលោក ក្នុងនាមកម្ពុជាគឺជាសមាជិកនៃអង្គការពិភពលោកមួយនេះ។
បន្ថែមពីលើនេះ ការបោះឆ្នោតគាំទ្រកម្ពុជា ពីសំណាក់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងឡាយ គឺជាសក្ខីកម្មពិតប្រាកដ និងជាសារនយោបាយដ៏ជាក់លាក់មួយ ដែលបណ្ដាប្រទេសនានាលើពិភពលោក ទទួលស្គាល់អំពីសមិទ្ធផលនិងការចូលរួមចំណែកមិនអាចខ្វះបានរបស់កម្ពុជានៅក្នុងការថែរក្សា កសាង និងស្វែងរយកសន្តិភាពនិងស្ថិរភាពពិភពលោកនាពេលកន្លងមក។ មានន័យថា គោលជំហររបស់កម្ពុជាចំពោះសន្តិភាពសាកល មិនមែនមានត្រឹមតែនៅលើបបូរមាត់ ឬនៅលើតែក្រដាសនោះទេ តែកម្ពុជាបានចូលរួមជាសកម្មភាពជាក់ស្ដែង និងការចែករំលែកបទពិសោធន៍កសាងសន្តិភាពរបស់កម្ពុជាដោយផ្ទាល់ ដូចដែលបណ្ដាប្រទេសទាំងនោះបានមើលឃើញ និងទទួលស្គាល់តាមរយៈការបោះឆ្នោតគាំទ្របេក្ខភាពកម្ពុជាខាងលើនេះ។
ជាងនេះទៅទៀត ការក្លាយជាសមាជិកនៃ OCPBC នេះ ក៏បានសបញ្ជាក់ឱ្យឃើញផងដែរអំពី ការបើកទំព័រនយោបាយការទូតថ្មីបន្ថែមទៀតរបស់កម្ពុជា ក៏ដូចជាការចូលរួមជំរុញឱ្យកម្ពុជាបន្តតួនាទីជាសមាជិកដ៏សកម្មមួយរបស់អង្គការសហប្រជាជាតិ នៅក្នុងការរួមចំណែកជំរុញ កសាង និងថែរក្សាសន្តិភាពសាកលលោកជាមួយអង្គការសហប្រជាជាតិ ខណៈដែលបណ្ដាប្រទេសនានាបានមើលឃើញ និងទទួលស្គាល់តួនាទីរបស់កម្ពុជានៅក្នុងជ្រោមជ្រោងសន្តិភាព និងសណ្ដាប់ធ្នាប់ពិភពលោក ដោយកម្ពុជាបានពង្រីកតួនាទីរបស់ខ្លួននៅក្នុងតំបន់និងពិភពលោក តាមរយៈការក្លាយជាទីតាំងនៃការជជែកពិភាក្សា និងកិច្ចប្រជុំកំពូល ក៏ដូចជាវេទិកាសំខាន់នានាទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។
លើសពីនេះទៅទៀត ការបោះឆ្នោតគាំទ្រកម្ពុជាឱ្យក្លាយជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (OCPBC) ក៏បានបញ្ជាក់ផងដែរអំពីទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្ររបស់សមាជិកអង្គការសហប្រជាជាតិ ដែលកម្ពុជានឹងមានសម្លេងការទូតកាន់តែរឹងមាំ នៅក្នុងការចូលរួមចំណែកជំរុញ និងស្វែងរកសន្តិភាពនិងសណ្ដាប់ធ្នាប់ពិភពលោកនេះ ដែលនេះគឺជាអំណាចទន់មួយបន្ថែមរបស់កម្ពុជា នៅក្នុងការជ្រោមជ្រែងកិច្ចការផ្សេងៗនៅលើឆាកអន្តរជាតិ ខណៈដែលនៅក្នុងទសវត្សរ៍មុនៗ កម្ពុជាពុំសូវមានសម្លេងគ្រប់គ្រាន់ដើម្បីលើកឡើងនៅក្នុងឆាកអន្តរជាតិដើម្បីជ្រោមជ្រែងសន្តិភាពនិងសណ្ដាប់ធ្នាប់ពិភពលោក គឺទើបតែប៉ុន្មានទសវត្សរ៍ចុងក្រោយប៉ុណ្ណោះ ដែលកម្ពុជាបានលេចធ្លោនៅក្នុងជំហរនយោបាយការទូត និងនៅក្នុងបញ្ហាតំបន់និងសាកលលោក៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថា្នក់ដឹកនាំ និងមន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៤០នាក់ បាននាំយកទេយ្យទានទៅចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ស្ថិត...
ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មកពីខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...
ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោ...
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...