ព័ត៌មាន

ទម្រង់ផ្ការីកដែលប្រជាជាតិខ្មែរត្រូវការ

2024-12-18 06:48:53 ថ្ងៃពុធ, 18 ធ្នូ 2024 ម៉ោង 01:48 PM
អ្នកមើល 1256
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

   ឈានមកដល់រដូវធ្លាក់ខ្យល់ពីជើង អាកាសធាតុបានចាប់ផ្ដើមត្រជាក់ខ្លាំងទៅតាម​រដូវ ប៉ុន្តែបរិយាកាសនយោបាយនៅកម្ពុជាមិនបានត្រជាក់ទៅតាមរដូវនោះទេ ពោលគឺអ្នក​នយោបាយខ្មែរមួយចំនួន តែងតែព្យាយាមដុតបញ្ឆេះកំដៅនយោបាយជាប់ជានិច្ច រាប់ចាប់​តាំង​ពី​ការ​ទាញព្រឹត្តិការណ៍នៅតាមប្រទេសនានាភ្ជាប់មកកម្ពុជា និងការយក​បញ្ហាមួយ​ចំនួន​​​បំភ័ន្ត និងដុត​បញ្ឆេះកំហឹងពលរដ្ឋឱ្យខឹងស្អប់និងប្រឆាំងរាជរដ្ឋាភិបាល។ ចុង​ក្រោយ​នេះ អ្នកនយោបាយប្រឆាំងបានប្រើប្រាស់ពាក្យ «ផ្ការីក» ដើម្បីបំផុស​ចរន្ត​ប្រឆាំង​រដ្ឋាភិបាល តាមរយៈការបំផុសកំហឹងពលរដ្ឋឱ្យមានការឈឺចាប់នឹងបញ្ហាសង្គម ដុតបញ្ឆេះបញ្ហា​អធិប​តេយ្យ និងរុញច្រានស្ថានការណ៍នយោបាយក្នុងស្រុកឱ្យកើនកំដៅ ដើម្បី​ឱ្យគេមើល​ឃើញ​ថា ខ្លួនកំពុងទទួលបានការគាំទ្រ ហើយព្យាយាមអះអាងថា រដ្ឋាភិបាលកំពុងតែ​មានការ​ប្រុង​ប្រយ័ត្នខ្លាំង​ចំពោះ​​ចរន្ត​ងើបឡើងរបស់ប្រជាពលរដ្ឋតាមការអំពាវនាវរបស់ខ្លួន។ ទោះ​ជា​យ៉ាងណា នៅ​កម្ពុជា រដូវ​រំហើយបានមកដល់ ខ្យល់ក៏ធ្លាក់ អាកាសធាតុក៏ត្រជាក់ តែចិត្ត​អ្នក​នយោបាយ​​ក្រៅ​ស្រុកនៅតែបន្តក្ដៅជាប់ជានិច្ច។ ក្ដៅក៏ព្រោះតែកន្លងមកនេះ បើទោះបី​ជា​ខ្លួន​ព្យាយាម​ញុះញង់ បំប៉ោងព្រឹត្តិការណ៍ និងបំភ័ន្តការពិត ដើម្បីបំផុសបំផុល​ឱ្យ​ពល​រដ្ឋ​ខ្មែរចូល​រួមបាតុកម្មដែលខ្លួនបានរៀបចំនៅបរទេស និងគម្រោងបាតុកម្ម​ក្នុងស្រុក​ប្រឆាំង​រដ្ឋាភិបាលក្ដី ក៏នៅតែមិនមានការ​ចូលរួមនិងគាំទ្រខ្លាំងក្លាតាមការចង់បានរបស់ខ្លួនឡើយ។

   បន្ទាប់ពីការព្យាយាមជាច្រើនលើកច្រើនសារ នៅក្នុងការរៀបចំបាតុកម្មប្រឆាំងរាជ​រដ្ឋាភិបាល និងការបង្កើតព្រឹត្តិការណ៍ ក៏ដូចជាចលនាផ្សេងៗ ដែលចុងក្រោយនេះគឺ ចលនា​ដែលអតីតមេដឹកនាំ​គណប​ក្សប្រឆាំងហៅថា “ចលនាជាតិតស៊ូ” មិនបានសម្រេច ពេលនេះ​ក្រុមអ្នកនយោបាយនៅក្រៅប្រទេសបានបំផុសពាក្យ “ផ្ការីក” ស្ទើនៅគ្រប់​សារនយោបាយ​ដែលខ្លួនបានលើកឡើង។ “ផ្ការីក” ដែលលោក សម រង្ស៊ី ចង់បាននោះ ទំនងជាការ​ចង់​សាក​ល្បង​រុញចលនាខាងក្នុងឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល បន្ទាប់ពីបរាជ័យ​នៃការ​រៀបចំ​បាតុ​កម្មជាបន្តបន្ទាប់នៅបរទេស​ ដោយពុំសម្រេចបានតាមការចង់បានរបស់ខ្លួន។ បើពិនិត្យ​មើលចេតនារបស់អតីតមេដឹកនាំ​គណប​ក្សប្រឆាំងរូបនេះ ពាក្យ “ផ្ការីក” នេះ គឺលោកហាក់​ចង់​​រុញ​បញ្ឆេះ​ចរន្តខឹងស្អប់រដ្ឋាភិបាលពីផ្ទៃក្នុងប្រទេសកម្ពុជា តាមរយៈការព្យាយាម​ញុះ​ញង់ ប្រតិដ្ឋហេតុការណ៍ បំភ័ន្តមតិមហាជនដោយបង្វែរបញ្ហាមួយចំនួនដែលកំពុងកើត​មាន​ឡើងថាជាកំហុសទាំង​ស្រុង​បង្កឡើងដោយរាជរដ្ឋាភិបាល ដើម្បីឈានទៅបំផុសបំផុល​ការឈឺចាប់នឹងបញ្ហាសង្គម និងស្មារតី​ជាតិ​និយមជ្រុល​ ក្រោកឡើងប្រឆាំងនឹងរាជ​រដ្ឋាភិបាល​កម្ពុជា។ បន្ថែមពីនេះ សារ “ផ្ការីក” របស់លោក សម រង្ស៊ី ក៏ទំនងជាធ្វើឡើងដើម្បីព្យាយាមញុះញង់ បំបែកបំបាក់ បង្ក​ភាព​មិនទុកចិត្តក្នុងរង្វង់​ថ្នាក់ដឹកនាំ​គណបក្ស​កាន់​អំណាច និងរាជរដ្ឋាភិបាលផងដែរ។ ទោះជា​យ៉ាងនេះក្ដី សារញុះញង់នេះ ហាក់ដូចជា​មិន​បានទទួលផលតាមការចង់បានរបស់លោក សម រង្ស៊ី ទាល់តែសោះ ព្រោះគេអាច​ពិចារណា​បានយ៉ាងងាយថា ប្រសិន​បើ​​រឿង​នេះជាការពិតមែននោះ លោក សម រង្ស៊ី ច្បាស់​ជា​ព្យាយាម​​បិទ​បាំង និង​ការ​ពារ​កុំឱ្យមានការលេចឮឬមានការ​សង្ស័យថា សមាសភាព​ដែល​​គាំទ្រឬចូលរួមនៅក្នុង​មហិច្ឆតាចង់បានអំណាច​របស់​លោក​​ សម រង្ស៊ី នៅក្នុងជួរ​គណ​បក្ស​កាន់​អំណាច ឬរាជ​រដ្ឋាភិបាល​ជាក់ជាមិនខាន តែផ្ទុយទៅវិញលោកបានព្យាយាមប្រើ​ប្រាស់​សារដើម្បីឱ្យមេដឹកនាំបក្សកាន់អំណាច​ ជឿជាក់ថានេះជាការពិតទៅវិញ។ នេះហាក់បី​ដូច​ជា លោក សម រង្ស៊ី ស្រមើល​ស្រមៃខ្លាំងពេកនៅក្នុងការរៀបចំយុទ្ធសាស្ត្រនយោបាយ រហូត​ដល់​ចេញ​ចំណុច​ខ្សោយ​ដែលងាយគេមើលឃើញនៅលើគោកដូច្នេះ។

   ទោះជាយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន “ផ្ការីក” ដែលលោក សម រង្ស៊ី ប្រាថ្នាចង់បានក្នុងទម្រង់ជាបដិវត្តន៍ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ពិតជាមិនមែន​ជាផ្ការីក ដែលប្រទេសនិងប្រជាជនកម្ពុជាចង់មើលឃើញនោះទេ ព្រោះចាប់តាំងពីការ​ប្រឡូកក្នុងឆាកនយោបាយរបស់លោក សម រង្ស៊ី រហូតមកដល់បច្ចុប្បន្ន រាស្ត្រខ្មែរហាក់ពុំ​ធ្លាប់មើលឃើញតួអង្គអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ លះបង់នូវសេចក្ដីសុខ និង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួនដើម្បីប្រទេសនិងប្រជាជនខ្មែរ ក្រៅតែពី​មហិច្ឆ​តា​ចង់បាន​អំណាច​របស់​ខ្លួននោះ​ឡើយ រាប់​ចាប់​តាំងពីព្រឹត្តិការណ៍ដកបង្គោលព្រំដែន ហើយ​រត់ចោលស្រុក​រួចទុកឱ្យ​ពលរដ្ឋ​ដែល​ខ្លួន​បាន​ទាញឱ្យជាប់ពាក់ព័ន្ធ ត្រូវកាត់ទោស, ការអំពាវនាវ​ឱ្យ​បរទេស​ដាក់​ទណ្ឌ​កម្ម​ប្រទេស​​ជាតិ​ខ្លួន, ការរុញច្រានបាតុកម្មទាមទារដំឡើងប្រាក់ខែ​កម្មករឱ្យ​វិវត្ត​ទៅជា​កុប្ប​កម្មយ៉ាង​ហិង្សានៅផ្លូវវេងស្រេង, ការ​រៀប​ចំរុញច្រានបាតុកម្មប្រឆាំង​នឹង​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ឱ្យវិវត្តទៅជាបាតុកម្មទាមទារ​ទម្លាក់​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ តែលាក់គោល​បំណងពិតប្រាកដគឺ ដើម្បីតថ្លៃ​តំណែង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ​សភា, ការ​បំផុស​ព្រឹត្តិការណ៍​វិល​ត្រឡប់ចូលស្រុកវិញ និងគម្រោងបាតុកម្មប្រឆាំងនឹង​កិច្ចសហ​ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែល​បង្កប់នូវចេតនា​ចង់​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាលកម្ពុជាជាដើម។

   ជាមួយគ្នានេះដែរ ការមើលឃើញកាន់តែច្បាស់របស់ប្រជាពលរដ្ឋខ្មែរ អំពី​ចេតនា​នយោបាយទុច្ចរឹត​ចំពោះប្រទេសជាតិពីសំណាក់​អ្នកនយោបាយប្រឆាំង បានធ្វើឱ្យពលរដ្ឋ​លែង​មានក្ដីសង្ឃឹម ហើយក៏គ្មានការជឿជាក់បន្ត ទៅលើក្រុមអ្នកនយោបាយប្រឆាំង ដែល​តែង​តែកេងចំណេញ​ពីស្មារតី​ជាតិ​និយម​របស់​ប្រជាពលរដ្ឋផងដែរ។  ការណ៍នេះ​ក៏​បាន​ក្លាយ​ជាចប​សម្រាប់​ជីក​កប់​អាជីពនយោបាយ​របស់​ក្រុម​ប្រឆាំង​ជ្រុលនិយមនៅកម្ពុជា ដែល​ព្យាយាម​បំភ្លៃ​ការពិត ប្រតិដ្ឋហេតុ​ការណ៍ ដើម្បីទាក់ទាញ​ការគាំទ្រនិង​ចូល​រួម​នៅ​ក្នុង​សេនារី​យ៉ូ​ដណ្ដើម​អំណាចរបស់ខ្លួនផងដែរ ដូចពាក្យចាស់បុរាណពោលថា «ភូតច្រើនចាញ់​អាត្មា»។

   បទពិសោធន៍ប្រវត្តិសាស្ត្រខ្មែរ ដែលបាន​បន្សល់ទុក គឺជាមេរៀនដ៏មានអត្ថ​ន័យ​បំផុត ដែលអ្នកនយោបាយខ្មែរត្រូវតែរៀនសូត្រ ចងចាំ និងដាស់តឿន​ស្មារតី​ខ្លួន​ឱ្យ​បាន​ជាប់​ជានិច្ច​ថា ចាប់តាំងពីក្រោយសម័យអង្គរ ដោយសារតែ​ការ​បែក​បាក់​សាមគ្គីភាពផ្ទៃក្នុង​រវាង​ខ្មែរ​និង​ខ្មែរ បានធ្វើឱ្យប្រទេសជាតិមួយនេះ​ត្រូវបាត់​បង់ទឹកដី និងអធិបតេយ្យ​ជាតិ​ជា​បន្ត​បន្ទាប់​រៀងមក ហើយគឺជាការហុចឱកាសទៅឱ្យបរទេស អាចចូលលូកលាន់ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្មែរ ត្រួតត្រានិងចាត់ចែងជោគវាសនានៃអ្នកដឹកនាំនិងប្រជាជនខ្មែររហូត​ស្ទើ​តែ​បាត់​បង់ឈ្មោះចេញពីផែនទីពិភពលោក។ ជាការពិតណាស់ ប្រជាពល​រដ្ឋខ្មែរ ពិតជាឆ្អែត​ឆ្អន់​ហើយនឹង​សង្គ្រាមនិងការបែកបាក់ផ្ទៃក្នុងជាតិ​មិន​ឈប់​ឈរ​នៅ​​ក្នុងប្រវត្តិសាស្ត្រ ពិសេស​សង្គ្រាម​ស៊ីវិលជាង៣ទសវត្សរ៍កន្លងទៅនេះ ដូច្នេះការព្យាយាមបំផុសបំផុលប្រជាពល​រដ្ឋឱ្យ​ចូល​រួមនៅក្នុង​បដិវត្តន៍ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ផ្ដួលរំលំរបបគ្រប់គ្រងមួយ គឺជារឿងដែលមិនអាចទៅរួចឡើយនៅក្នុងពេលបច្ចុប្បន្ន។

   នៅចំពោះមុខសភាពការណ៍បច្ចុប្បន្ននៃពិភពលោក ដែលកំពុងប្រឈមនឹងវិបត្តិ​ជា​សាកល​ដូចជា វិបត្តិ​សេដ្ឋកិច្ច ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ យុទ្ធសាស្ត្រ​ថ្មី​របស់​មហាអំណាច កំណើនខ្ពស់នៃតម្រូវការសេដ្ឋកិច្ចនិងសង្គម ផ្ការីកដែល​ប្រជា​ជាតិ​ខ្មែរ​ត្រូវការនាពេលនេះគឺ៖

     ១. ផ្ការីកចម្រុះពណ៌នៃនយោបាយការបរទេស ដែលកម្ពុជាត្រូវការ​ទំនាក់​ទំនង​ជា​មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការដែលហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បី​រក្សា​ស្ថិរភាពនយោបាយ ការ​អភិវឌ្ឍ​សេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការពង្រឹងតួនាទី​របស់​កម្ពុជា​នៅ​លើ​ឆាកអន្តរជាតិ។

      ២. ផ្ការីកដែលជាផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកំណើនជីវភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងគោលនយោបាយអភិវឌ្ឍជាតិ​ប្រកបដោយចីរភាព

      ៣. ផ្ការីកពិតប្រាកដនៅក្នុងចិត្តប្រជាជន នៅក្នុងបរិយាកាស​អំណោយ​ផល​នៃ​សុខ​សន្តិភាព ស្ថិរភាពសង្គម សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ

      ៤. ផ្ការីកដែលតំណាងដោយការរស់នៅសុដុមនីយកម្មរវាងគ្នានឹងគ្នា រវាងខ្មែរគ្រប់​និន្នាការ​នយោបាយ សាសនា វប្បធម៌ និងគ្រប់វណ្ណៈ/សាវតាសង្គម ជាជាងការសាប​ព្រោះ​មនោគម​វិជ្ជាដែលធ្វើឱ្យខ្មែរស្អប់ខ្ពើមគ្នា មើលគ្នាក្នុងភាពជាសត្រូវ ប្រកាន់បក្ខ​ពួក​ឬពណ៌​សម្បុរ​នយោបាយ។

   ជារួម ទាំងអ្នកនយោបាយ និង​ពល​រដ្ឋ សុទ្ធសឹងតែមានកាតព្វកិច្ច​ចូលរួម​ចំណែក​ជំរុញ​ការអភិវឌ្ឍសេដ្ឋ​កិច្ច​និងសង្គម ជាជាងការដុតបញ្ឆេះ​ផ្ទះ​ខ្លួន​ឯង ដើម្បីតែផល​ប្រយោជន៍​សួនតួរបស់ខ្លួន ព្រោះប្រទេសជាតិនេះគឺជាផ្ទះ និងជាមាតុភូមិ​របស់​យើង​ជា​ជន​ជាតិ​​ខ្មែរ​ទាំង​អស់គ្នា។ ដូចបានលើកឡើងខាងលើ មេរៀនប្រវត្តិសាស្ត្រ​បាន​បង្រៀន​យើង​យ៉ាង​​ច្បាស់​ថា នៅពេលដែលខ្មែរបែកបាក់ បរទេសតែងតែឆ្លៀត​លូកដៃ​ចូល​កកូរកកាយ​កិច្ច​ការ​​ផ្ទៃ​ក្នុង​របស់​ខ្មែរ ហើយពិតជាមិនអាចមានឱកាសនាំប្រទេសជាតិឈាន​ឆ្ពោះទៅ​ការ​រីក​ចម្រើន​បានឡើយ។ ការផ្លាស់ប្ដូរ​អំណាច​តាមរយៈការធ្វើបដិវត្តន៍ គឺជារឿងដែល​ត្រូវ​ចៀស​វាង​ឱ្យខាងតែបាន ព្រោះ​សង្គ្រាមងាយនឹងបង្កើត តែពិបាកនឹងបញ្ចប់ ហើយនឹង​នាំមក​នូវ​មហន្ត​រាយដ៏ធំធេង​សម្រាប់​ប្រជាជាតិទាំងមូល។ លើសពីនេះទៅទៀត អ្នកនយោបាយ​ខ្មែរ​គ្រប់​រូប ក៏គួរ​តែ​ចាប់​ភ្លឹក នឹក​ឈ្វេង​យល់ថា ដូនតាខ្មែរបានបន្សល់នូវកេរដំណែលដ៏ច្រើន​សន្ធឹក​សន្ធាប់ឱ្យ​យើងជា​អ្នក​​ជំនាន់​ក្រោយ ដូច្នេះយើងគួរតែបន្សល់នូវស្នាដៃនិង​សមិទ្ធផល​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ដូចគ្នាដែរ ដូច​ពាក្យចាស់ពោលថា «ទូកទៅកំពុងនៅ» ចៀសវាង​ត្រូវ​អ្នក​ជំនាន់​ក្រោយស្ដី​បន្ទោស​​និង​ចាត់​ទុកជាគំរូអាក្រក់ក្នុងប្រវត្តិសាស្ត្រ៕

អត្ថបទទាក់ទង

ពិធីសំណេះសំណាលចងក្រងជីវប្រវត្តិ និងគុណកថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...

2018-05-05 10:33:59   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:33 PM
ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យជីវជាំង

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃទី ២៨ មេសាឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ​រាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយប្រតិភ...

2018-05-05 10:21:06   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:21 PM
ជំនួបជាមួយដៃគូសហប្រតិបត្តិការពីក្រុងសៀងហៃ

ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹក...

2018-04-08 12:16:36   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 07:16 PM
ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:47 PM

សេចក្តីប្រកាស