Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
ឈានមកដល់រដូវធ្លាក់ខ្យល់ពីជើង អាកាសធាតុបានចាប់ផ្ដើមត្រជាក់ខ្លាំងទៅតាមរដូវ ប៉ុន្តែបរិយាកាសនយោបាយនៅកម្ពុជាមិនបានត្រជាក់ទៅតាមរដូវនោះទេ ពោលគឺអ្នកនយោបាយខ្មែរមួយចំនួន តែងតែព្យាយាមដុតបញ្ឆេះកំដៅនយោបាយជាប់ជានិច្ច រាប់ចាប់តាំងពីការទាញព្រឹត្តិការណ៍នៅតាមប្រទេសនានាភ្ជាប់មកកម្ពុជា និងការយកបញ្ហាមួយចំនួនបំភ័ន្ត និងដុតបញ្ឆេះកំហឹងពលរដ្ឋឱ្យខឹងស្អប់និងប្រឆាំងរាជរដ្ឋាភិបាល។ ចុងក្រោយនេះ អ្នកនយោបាយប្រឆាំងបានប្រើប្រាស់ពាក្យ «ផ្ការីក» ដើម្បីបំផុសចរន្តប្រឆាំងរដ្ឋាភិបាល តាមរយៈការបំផុសកំហឹងពលរដ្ឋឱ្យមានការឈឺចាប់នឹងបញ្ហាសង្គម ដុតបញ្ឆេះបញ្ហាអធិបតេយ្យ និងរុញច្រានស្ថានការណ៍នយោបាយក្នុងស្រុកឱ្យកើនកំដៅ ដើម្បីឱ្យគេមើលឃើញថា ខ្លួនកំពុងទទួលបានការគាំទ្រ ហើយព្យាយាមអះអាងថា រដ្ឋាភិបាលកំពុងតែមានការប្រុងប្រយ័ត្នខ្លាំងចំពោះចរន្តងើបឡើងរបស់ប្រជាពលរដ្ឋតាមការអំពាវនាវរបស់ខ្លួន។ ទោះជាយ៉ាងណា នៅកម្ពុជា រដូវរំហើយបានមកដល់ ខ្យល់ក៏ធ្លាក់ អាកាសធាតុក៏ត្រជាក់ តែចិត្តអ្នកនយោបាយក្រៅស្រុកនៅតែបន្តក្ដៅជាប់ជានិច្ច។ ក្ដៅក៏ព្រោះតែកន្លងមកនេះ បើទោះបីជាខ្លួនព្យាយាមញុះញង់ បំប៉ោងព្រឹត្តិការណ៍ និងបំភ័ន្តការពិត ដើម្បីបំផុសបំផុលឱ្យពលរដ្ឋខ្មែរចូលរួមបាតុកម្មដែលខ្លួនបានរៀបចំនៅបរទេស និងគម្រោងបាតុកម្មក្នុងស្រុកប្រឆាំងរដ្ឋាភិបាលក្ដី ក៏នៅតែមិនមានការចូលរួមនិងគាំទ្រខ្លាំងក្លាតាមការចង់បានរបស់ខ្លួនឡើយ។
បន្ទាប់ពីការព្យាយាមជាច្រើនលើកច្រើនសារ នៅក្នុងការរៀបចំបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល និងការបង្កើតព្រឹត្តិការណ៍ ក៏ដូចជាចលនាផ្សេងៗ ដែលចុងក្រោយនេះគឺ ចលនាដែលអតីតមេដឹកនាំគណបក្សប្រឆាំងហៅថា “ចលនាជាតិតស៊ូ” មិនបានសម្រេច ពេលនេះក្រុមអ្នកនយោបាយនៅក្រៅប្រទេសបានបំផុសពាក្យ “ផ្ការីក” ស្ទើនៅគ្រប់សារនយោបាយដែលខ្លួនបានលើកឡើង។ “ផ្ការីក” ដែលលោក សម រង្ស៊ី ចង់បាននោះ ទំនងជាការចង់សាកល្បងរុញចលនាខាងក្នុងឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល បន្ទាប់ពីបរាជ័យនៃការរៀបចំបាតុកម្មជាបន្តបន្ទាប់នៅបរទេស ដោយពុំសម្រេចបានតាមការចង់បានរបស់ខ្លួន។ បើពិនិត្យមើលចេតនារបស់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ពាក្យ “ផ្ការីក” នេះ គឺលោកហាក់ចង់រុញបញ្ឆេះចរន្តខឹងស្អប់រដ្ឋាភិបាលពីផ្ទៃក្នុងប្រទេសកម្ពុជា តាមរយៈការព្យាយាមញុះញង់ ប្រតិដ្ឋហេតុការណ៍ បំភ័ន្តមតិមហាជនដោយបង្វែរបញ្ហាមួយចំនួនដែលកំពុងកើតមានឡើងថាជាកំហុសទាំងស្រុងបង្កឡើងដោយរាជរដ្ឋាភិបាល ដើម្បីឈានទៅបំផុសបំផុលការឈឺចាប់នឹងបញ្ហាសង្គម និងស្មារតីជាតិនិយមជ្រុល ក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ សារ “ផ្ការីក” របស់លោក សម រង្ស៊ី ក៏ទំនងជាធ្វើឡើងដើម្បីព្យាយាមញុះញង់ បំបែកបំបាក់ បង្កភាពមិនទុកចិត្តក្នុងរង្វង់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងរាជរដ្ឋាភិបាលផងដែរ។ ទោះជាយ៉ាងនេះក្ដី សារញុះញង់នេះ ហាក់ដូចជាមិនបានទទួលផលតាមការចង់បានរបស់លោក សម រង្ស៊ី ទាល់តែសោះ ព្រោះគេអាចពិចារណាបានយ៉ាងងាយថា ប្រសិនបើរឿងនេះជាការពិតមែននោះ លោក សម រង្ស៊ី ច្បាស់ជាព្យាយាមបិទបាំង និងការពារកុំឱ្យមានការលេចឮឬមានការសង្ស័យថា សមាសភាពដែលគាំទ្រឬចូលរួមនៅក្នុងមហិច្ឆតាចង់បានអំណាចរបស់លោក សម រង្ស៊ី នៅក្នុងជួរគណបក្សកាន់អំណាច ឬរាជរដ្ឋាភិបាលជាក់ជាមិនខាន តែផ្ទុយទៅវិញលោកបានព្យាយាមប្រើប្រាស់សារដើម្បីឱ្យមេដឹកនាំបក្សកាន់អំណាច ជឿជាក់ថានេះជាការពិតទៅវិញ។ នេះហាក់បីដូចជា លោក សម រង្ស៊ី ស្រមើលស្រមៃខ្លាំងពេកនៅក្នុងការរៀបចំយុទ្ធសាស្ត្រនយោបាយ រហូតដល់ចេញចំណុចខ្សោយដែលងាយគេមើលឃើញនៅលើគោកដូច្នេះ។
ទោះជាយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន “ផ្ការីក” ដែលលោក សម រង្ស៊ី ប្រាថ្នាចង់បានក្នុងទម្រង់ជាបដិវត្តន៍ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ពិតជាមិនមែនជាផ្ការីក ដែលប្រទេសនិងប្រជាជនកម្ពុជាចង់មើលឃើញនោះទេ ព្រោះចាប់តាំងពីការប្រឡូកក្នុងឆាកនយោបាយរបស់លោក សម រង្ស៊ី រហូតមកដល់បច្ចុប្បន្ន រាស្ត្រខ្មែរហាក់ពុំធ្លាប់មើលឃើញតួអង្គអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ លះបង់នូវសេចក្ដីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រទេសនិងប្រជាជនខ្មែរ ក្រៅតែពីមហិច្ឆតាចង់បានអំណាចរបស់ខ្លួននោះឡើយ រាប់ចាប់តាំងពីព្រឹត្តិការណ៍ដកបង្គោលព្រំដែន ហើយរត់ចោលស្រុករួចទុកឱ្យពលរដ្ឋដែលខ្លួនបានទាញឱ្យជាប់ពាក់ព័ន្ធ ត្រូវកាត់ទោស, ការអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មប្រទេសជាតិខ្លួន, ការរុញច្រានបាតុកម្មទាមទារដំឡើងប្រាក់ខែកម្មករឱ្យវិវត្តទៅជាកុប្បកម្មយ៉ាងហិង្សានៅផ្លូវវេងស្រេង, ការរៀបចំរុញច្រានបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ ឱ្យវិវត្តទៅជាបាតុកម្មទាមទារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ តែលាក់គោលបំណងពិតប្រាកដគឺ ដើម្បីតថ្លៃតំណែងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា, ការបំផុសព្រឹត្តិការណ៍វិលត្រឡប់ចូលស្រុកវិញ និងគម្រោងបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលបង្កប់នូវចេតនាចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាជាដើម។
ជាមួយគ្នានេះដែរ ការមើលឃើញកាន់តែច្បាស់របស់ប្រជាពលរដ្ឋខ្មែរ អំពីចេតនានយោបាយទុច្ចរឹតចំពោះប្រទេសជាតិពីសំណាក់អ្នកនយោបាយប្រឆាំង បានធ្វើឱ្យពលរដ្ឋលែងមានក្ដីសង្ឃឹម ហើយក៏គ្មានការជឿជាក់បន្ត ទៅលើក្រុមអ្នកនយោបាយប្រឆាំង ដែលតែងតែកេងចំណេញពីស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋផងដែរ។ ការណ៍នេះក៏បានក្លាយជាចបសម្រាប់ជីកកប់អាជីពនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដែលព្យាយាមបំភ្លៃការពិត ប្រតិដ្ឋហេតុការណ៍ ដើម្បីទាក់ទាញការគាំទ្រនិងចូលរួមនៅក្នុងសេនារីយ៉ូដណ្ដើមអំណាចរបស់ខ្លួនផងដែរ ដូចពាក្យចាស់បុរាណពោលថា «ភូតច្រើនចាញ់អាត្មា»។
បទពិសោធន៍ប្រវត្តិសាស្ត្រខ្មែរ ដែលបានបន្សល់ទុក គឺជាមេរៀនដ៏មានអត្ថន័យបំផុត ដែលអ្នកនយោបាយខ្មែរត្រូវតែរៀនសូត្រ ចងចាំ និងដាស់តឿនស្មារតីខ្លួនឱ្យបានជាប់ជានិច្ចថា ចាប់តាំងពីក្រោយសម័យអង្គរ ដោយសារតែការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ បានធ្វើឱ្យប្រទេសជាតិមួយនេះត្រូវបាត់បង់ទឹកដី និងអធិបតេយ្យជាតិជាបន្តបន្ទាប់រៀងមក ហើយគឺជាការហុចឱកាសទៅឱ្យបរទេស អាចចូលលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ត្រួតត្រានិងចាត់ចែងជោគវាសនានៃអ្នកដឹកនាំនិងប្រជាជនខ្មែររហូតស្ទើតែបាត់បង់ឈ្មោះចេញពីផែនទីពិភពលោក។ ជាការពិតណាស់ ប្រជាពលរដ្ឋខ្មែរ ពិតជាឆ្អែតឆ្អន់ហើយនឹងសង្គ្រាមនិងការបែកបាក់ផ្ទៃក្នុងជាតិមិនឈប់ឈរនៅក្នុងប្រវត្តិសាស្ត្រ ពិសេសសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍កន្លងទៅនេះ ដូច្នេះការព្យាយាមបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលរួមនៅក្នុងបដិវត្តន៍ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ផ្ដួលរំលំរបបគ្រប់គ្រងមួយ គឺជារឿងដែលមិនអាចទៅរួចឡើយនៅក្នុងពេលបច្ចុប្បន្ន។
នៅចំពោះមុខសភាពការណ៍បច្ចុប្បន្ននៃពិភពលោក ដែលកំពុងប្រឈមនឹងវិបត្តិជាសាកលដូចជា វិបត្តិសេដ្ឋកិច្ច ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ យុទ្ធសាស្ត្រថ្មីរបស់មហាអំណាច កំណើនខ្ពស់នៃតម្រូវការសេដ្ឋកិច្ចនិងសង្គម ផ្ការីកដែលប្រជាជាតិខ្មែរត្រូវការនាពេលនេះគឺ៖
១. ផ្ការីកចម្រុះពណ៌នៃនយោបាយការបរទេស ដែលកម្ពុជាត្រូវការទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការពង្រឹងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
២. ផ្ការីកដែលជាផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកំណើនជីវភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយចីរភាព
៣. ផ្ការីកពិតប្រាកដនៅក្នុងចិត្តប្រជាជន នៅក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ
៤. ផ្ការីកដែលតំណាងដោយការរស់នៅសុដុមនីយកម្មរវាងគ្នានឹងគ្នា រវាងខ្មែរគ្រប់និន្នាការនយោបាយ សាសនា វប្បធម៌ និងគ្រប់វណ្ណៈ/សាវតាសង្គម ជាជាងការសាបព្រោះមនោគមវិជ្ជាដែលធ្វើឱ្យខ្មែរស្អប់ខ្ពើមគ្នា មើលគ្នាក្នុងភាពជាសត្រូវ ប្រកាន់បក្ខពួកឬពណ៌សម្បុរនយោបាយ។
ជារួម ទាំងអ្នកនយោបាយ និងពលរដ្ឋ សុទ្ធសឹងតែមានកាតព្វកិច្ចចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាជាងការដុតបញ្ឆេះផ្ទះខ្លួនឯង ដើម្បីតែផលប្រយោជន៍សួនតួរបស់ខ្លួន ព្រោះប្រទេសជាតិនេះគឺជាផ្ទះ និងជាមាតុភូមិរបស់យើងជាជនជាតិខ្មែរទាំងអស់គ្នា។ ដូចបានលើកឡើងខាងលើ មេរៀនប្រវត្តិសាស្ត្របានបង្រៀនយើងយ៉ាងច្បាស់ថា នៅពេលដែលខ្មែរបែកបាក់ បរទេសតែងតែឆ្លៀតលូកដៃចូលកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ហើយពិតជាមិនអាចមានឱកាសនាំប្រទេសជាតិឈានឆ្ពោះទៅការរីកចម្រើនបានឡើយ។ ការផ្លាស់ប្ដូរអំណាចតាមរយៈការធ្វើបដិវត្តន៍ គឺជារឿងដែលត្រូវចៀសវាងឱ្យខាងតែបាន ព្រោះសង្គ្រាមងាយនឹងបង្កើត តែពិបាកនឹងបញ្ចប់ ហើយនឹងនាំមកនូវមហន្តរាយដ៏ធំធេងសម្រាប់ប្រជាជាតិទាំងមូល។ លើសពីនេះទៅទៀត អ្នកនយោបាយខ្មែរគ្រប់រូប ក៏គួរតែចាប់ភ្លឹក នឹកឈ្វេងយល់ថា ដូនតាខ្មែរបានបន្សល់នូវកេរដំណែលដ៏ច្រើនសន្ធឹកសន្ធាប់ឱ្យយើងជាអ្នកជំនាន់ក្រោយ ដូច្នេះយើងគួរតែបន្សល់នូវស្នាដៃនិងសមិទ្ធផលសម្រាប់អ្នកជំនាន់ក្រោយដូចគ្នាដែរ ដូចពាក្យចាស់ពោលថា «ទូកទៅកំពុងនៅ» ចៀសវាងត្រូវអ្នកជំនាន់ក្រោយស្ដីបន្ទោសនិងចាត់ទុកជាគំរូអាក្រក់ក្នុងប្រវត្តិសាស្ត្រ៕
ដោយ៖ លឹម សុវណ្ណរិទ្ធ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងជំនួបនាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-កាណាដា បានឯកភាពគ្នាគ្រោ...
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សាធារណជនទូទៅ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការចាត់វិធានការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ២រូប ពាក់ព័ន្ធទៅនឹងករណីឆបោកទ្រង់ទ្រាយធំ។ ការចាត់វិធានការនេះ ត្រូវបានធ្វើឡើងបន្...
ដោយ៖ បណ្ឌិត គិន ភា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Pattaya Mail បានចុះផ្សាយថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស...
មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។ សម័យអាណានិគមនិយមបារាំង សម័យកាលផ្សេងទៀត ល្បីថាមានជំនឿកាប់មិ...
ដោយ៖ បណ្ឌិត យង់ ពៅ ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងដង្ហែរទៅដល់កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នា...