Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន និងជាការចែករំលែកបទពិសោធផ្ទាល់ខ្លួន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គមមួយរូបនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងអំពីមូលដ្ឋានសំខាន់ៗ៥ចំណុច ដែលលោកបណ្ឌិតបានផ្ដោតនៅក្នុងការផ្ដល់បទវិភាគកន្លងមកគឺ ប្រភពទិន្នន័យ ទិដ្ឋភាពច្បាប់/សង្គម ទ្រឹស្ដីនិងចំណេះដឹង ក្រមសីលធម៌/មនសិកា និងសច្ចភាព។
បើតាមលោកបណ្ឌិត យង់ ពៅ ដើម្បីវិភាគនិងវាយតម្លៃបញ្ហាសង្គមនិងនយោបាយបានគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្ដែង គេត្រូវផ្ដោតជាសំខាន់ទៅលើប្រភពទិន្នន័យដែលជាមូលដ្ឋានសំខាន់បំផុត ដើម្បីជាធាតុចូលចម្បងមួយសម្រាប់ការវិភាគព្រឹត្តិការណ៍ឬបញ្ហាអ្វីមួយ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ប្រភពទិន្នន័យនៅត្រង់ចំណុចនេះ គេអាចទាញចេញពីទិដ្ឋភាពប្រវត្តិសាស្ត្រ ទិន្នន័យដែលទទួលបានពីការស្រាវជ្រាវទៅលើប្រធានបទនីមួយៗ ដែលអ្នកវិភាគអាចទាញចេញពីការអានឯកសារ សៀវភៅ ការសិក្សាស្វែងយល់ឬអង្កេត ឬស្នាដៃស្រាវជ្រាវផ្សេងៗ ដែលពាក់ព័ន្ធនឹងប្រធានបទជាដើម។
បន្ថែមពីនេះ នៅក្នុងការវិភាគនិងវាយតម្លៃទៅលើប្រធានបទនីមួយៗ អ្នកវិភាគក៏ត្រូវតែពិនិត្យទៅលើទិដ្ឋភាពច្បាប់និងសង្គមផងដែរថា តើបញ្ហាឬប្រធានបទនេះ មានជាប់ពាក់ព័ន្ធនឹងដំណើរប្រព្រឹត្តទៅឬនិន្នាការនៃសង្គម ឬជាប់ពាក់ព័ន្ធនឹងទិដ្ឋភាពផ្លូវច្បាប់យ៉ាងដូចម្ដេច ដោយការវិភាគត្រូវតែមានលក្ខណៈស្របទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងប្រទេស ក្នុងតំបន់ ឬមានលក្ខណៈសម្រាប់តាមការវិវត្តនៃសម័យកាលនីមួយៗដែរឬយ៉ាងណា។ គេមិនអាចវិភាគដោយផ្ដោតទៅលើតែព័ត៌មានមួយជ្រុង ឬទិន្នន័យដែលទទួលបានតែពីមួយប្រភព ហើយធ្វើការសន្និដ្ឋាន ឬវាយតម្លៃមិនគ្រប់ជ្រុងជ្រោយទៅលើបញ្ហាដោយផ្អែកទៅលើតែច្បាប់ទូទៅ ឬច្បាប់នៅក្នុងប្រទេសណាមួយ ឬសម្រេចដាក់បន្ទុកទៅលើប្រទេសណាមួយ ដោយយកច្បាប់ប្រទេសផ្សេងមកកំណត់ធ្វើជាមូលដ្ឋាននៅក្នុងសន្និដ្ឋាននោះទេ។
ជាមួយគ្នានេះដែរ ទ្រឹស្ដី និងមូលដ្ឋានចំណេះដឹងដែលមានលក្ខណៈវិទ្យាសាស្ត្រ ក៏ជាចំណែកដ៏សំខាន់មួយផ្សេងទៀត ដែលអ្នកវិភាគត្រូវតែដាក់បញ្ចូលទៅក្នុងបទវិភាគរបស់ខ្លួនផងដែរ។ ទ្រឹស្ដីគោលដែលពាក់ព័ន្ធនឹងប្រធានបទ គឺជាចំណុចមិនអាចខ្វះបាននៅក្នុងការពន្យល់បកស្រាយ ឬលើកបង្ហាញអំពីបញ្ហាអ្វីមួយឱ្យមហាជន អ្នកស្ដាប់ ឬអ្នកអានអាចយល់ដឹងបានថែមមួយកម្រិតទៀតអំពីបញ្ហានៅក្នុងវិស័យផ្សេងៗ។ ចំណេះដឹងនិងទ្រឹស្ដីសំខាន់ៗដែលពាក់ព័ន្ធនឹងប្រធានបទ គឺជាការបកស្រាយដែលមានលក្ខណៈឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយទៅលើហេតុផលដែលនាំទៅដល់ការកើតមាននូវហេតុការណ៍ណាមួយ ឬវិបាកដែលគេអាចនឹងទទួលបានពីព្រឹត្តិការណ៍ឬស្ថានការណ៍មួយដែលបានកើត កំពុងតែកើត ឬដែលនឹងកើតមានឡើងនៅក្នុងពេលខាងមុខ។ តាមរយៈមូលដ្ឋាននៃទ្រឹស្ដី និងចំណេះដឹងប្រកបដោយលក្ខណៈជាក់ស្ដែងទាំងនេះ គេអាចត្រិះរិះពិចារណាបានហ្មត់ចត់ និងស៊ីជម្រៅតាមបែបទស្សនវិជ្ជា ទៅលើប្រធានបទនីមួយៗ។ ទ្រឹស្ដីនិងចំណេះដឹងទាំងនេះ ក៏ជាមូលដ្ឋាននៅក្នុងការទាញការសន្និដ្ឋាន ឬនិទស្សន៍និន្នាការដែលព្រឹត្តិការណ៍ឬស្ថានការណ៍នោះអាចនឹងវិវត្តទៅនាពេលបន្ទាប់ផងដែរ។
លើសពីនេះទៅទៀត ដើម្បីឱ្យការវិភាគនយោបាយនិងសង្គម មានលក្ខណៈរឹងមាំ និងគួរឱ្យទុកចិត្តបាន គេក៏ត្រូវពិចារណានិងប្រកាន់ខ្ជាប់ឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយមនសិការផងដែរ។ អ្នកវិភាគដែលមានទស្សនទានផ្អែកទៅលើផលប្រយោជន៍ជាតិ និងមនសិការជាចម្បង នឹងអាចផ្ដល់នូវខ្លឹមសារនៃបទវិភាគមួយ ដែលមានលក្ខណៈស្ថាបនា ជាសារដាស់តឿន និងជាការរួមចំណែកប្រកបដោយភាពវិជ្ជមានសម្រាប់ដំណើរការវិវត្តនៃសង្គមជាតិ។ បើតាមលោកបណ្ឌិត យង់ ពៅ ប្រសិនបើការវិភាគមួយដែលគ្មានខ្លឹមសារស្ថាបនា ឬចូលរួមចំណែកប្រកបដោយភាពវិជ្ជមានសម្រាប់ដំណើរការវិវត្តនៃសង្គមជាតិនោះទេ អត្ថបទវិភាគនោះគ្រាន់តែជាវោហាសាស្ត្រមួយ ដែលផ្អែកទៅលើមនោសញ្ចេតនាបុគ្គល ធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិ និងខាតបង់នៅក្នុងទិដ្ឋភាពជាច្រើនផ្សេងទៀត ដែលក្នុងករណីខ្លះថែមទាំងបង្កផលប៉ះពាល់នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងបាត់បង់កិត្យានុភាព និងមុខមាត់ប្រទេសជាតិថែមទៀតផង។
មូលដ្ឋានដ៏សំខាន់ទី៥នោះគឺ សច្ចភាព។ អត្ថបទវិភាគនីមួយៗ ត្រូវតែផ្អែកជាសំខាន់ទៅលើសច្ចភាពជាក់ស្ដែង ដែលជាការលើកឡើងនូវរឿងពិតជាក់ស្ដែង ឆ្លើយតបឬស្របទៅនឹងហេតុការណ៍ពិតប្រាកដ។ ការវិភាគដែលមានអំណះអំណាងត្រឹមត្រូវ ជាក់លាក់ និងគ្មានការបន្លំបោកប្រាស ឬប្រតិដ្ឋរឿងហេតុទៅតាមទំនោរឬនិន្នាការ ទើបជាបទវិភាគមួយដែលមានគុណតម្លៃសម្រាប់ជាការត្រិះរិះពិចារណា និងនាំមកនូវពុទ្ធិថ្មីៗ សម្រាប់សង្គមជាតិ។ ការកុហក ភូតភរ ឬបំភ័ន្តសាធារណមតិ ដើម្បីបម្រើទៅតាមគោលបំណងរបស់ខ្លួន ឬគ្រាន់តែចង់ឱ្យខ្លួនឯងបានល្បីល្បាញ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយនៅក្នុងការវិភាគ ព្រោះគេមិនអាចយកក្រដាសខ្ចប់ភ្លើងឡើយ ហើយការពិតនឹងត្រូវលាតត្រដាងនៅពេលណាមួយដោយចៀសពុំរួច៕
RAC Media | លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) លើកទី១២ដោយសម្ដ...
(ហាឡុង)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងកម្មវិធីសិក្ខាសាលាដែលរៀបចំនៅទីក្រុងហាឡុង ខេត្តគ័ងនីង សាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយមាន៣ប្រទេសចូលរួម គឺ វៀតណាម កម្ពុជា ឡាវ ក្រោ...
នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំ ៣ប្រទេស(CLV) រួមមាន វៀតណាម-កម្ពុជា-ឡាវ ដែលកំពុងប្រព្រឹត...
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...
(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...