ព័ត៌មាន

បណ្ឌិត យង់ ពៅ លើកឡើងអំពីមូលដ្ឋាន៥ចំណុចនៅក្នុងការវិភាគនយោបាយនិងសង្គម

2024-12-11 10:13:13 ថ្ងៃពុធ, 11 ធ្នូ 2024 ម៉ោង 05:13 PM
អ្នកមើល 2172
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន និងជាការចែករំលែកបទពិសោធផ្ទាល់ខ្លួន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គមមួយរូបនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងអំពីមូលដ្ឋានសំខាន់ៗ៥ចំណុច ដែលលោកបណ្ឌិតបានផ្ដោតនៅក្នុងការផ្ដល់បទវិភាគកន្លងមកគឺ ប្រភពទិន្នន័យ ទិដ្ឋភាពច្បាប់/សង្គម ទ្រឹស្ដីនិងចំណេះដឹង ក្រមសីលធម៌/មនសិកា និងសច្ចភាព។

 

បើតាមលោកបណ្ឌិត យង់ ពៅ ដើម្បីវិភាគនិងវាយតម្លៃបញ្ហាសង្គមនិងនយោបាយបានគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្ដែង គេត្រូវផ្ដោតជាសំខាន់ទៅលើប្រភពទិន្នន័យដែលជាមូលដ្ឋានសំខាន់បំផុត ដើម្បីជាធាតុចូលចម្បងមួយសម្រាប់ការវិភាគព្រឹត្តិការណ៍ឬបញ្ហាអ្វីមួយ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ប្រភពទិន្នន័យនៅត្រង់ចំណុចនេះ គេអាចទាញចេញពីទិដ្ឋភាពប្រវត្តិសាស្ត្រ ទិន្នន័យដែលទទួលបានពីការស្រាវជ្រាវទៅលើប្រធានបទនីមួយៗ ដែលអ្នកវិភាគអាចទាញចេញពីការអានឯកសារ សៀវភៅ ការសិក្សាស្វែងយល់ឬអង្កេត ឬស្នាដៃស្រាវជ្រាវផ្សេងៗ ដែលពាក់ព័ន្ធនឹងប្រធានបទជាដើម។

 

បន្ថែមពីនេះ នៅក្នុងការវិភាគនិងវាយតម្លៃទៅលើប្រធានបទនីមួយៗ អ្នកវិភាគក៏ត្រូវតែពិនិត្យទៅលើទិដ្ឋភាពច្បាប់និងសង្គមផងដែរថា តើបញ្ហាឬប្រធានបទនេះ មានជាប់ពាក់ព័ន្ធនឹងដំណើរប្រព្រឹត្តទៅឬនិន្នាការនៃសង្គម ឬជាប់ពាក់ព័ន្ធនឹងទិដ្ឋភាពផ្លូវច្បាប់យ៉ាងដូចម្ដេច ដោយការវិភាគត្រូវតែមានលក្ខណៈស្របទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងប្រទេស ក្នុងតំបន់ ឬមានលក្ខណៈសម្រាប់តាមការវិវត្តនៃសម័យកាលនីមួយៗដែរឬយ៉ាងណា។ គេមិនអាចវិភាគដោយផ្ដោតទៅលើតែព័ត៌មានមួយជ្រុង ឬទិន្នន័យដែលទទួលបានតែពីមួយប្រភព ហើយធ្វើការសន្និដ្ឋាន ឬវាយតម្លៃមិនគ្រប់ជ្រុងជ្រោយទៅលើបញ្ហាដោយផ្អែកទៅលើតែច្បាប់ទូទៅ ឬច្បាប់នៅក្នុងប្រទេសណាមួយ ឬសម្រេចដាក់បន្ទុកទៅលើប្រទេសណាមួយ ដោយយកច្បាប់ប្រទេសផ្សេងមកកំណត់ធ្វើជាមូលដ្ឋាននៅក្នុងសន្និដ្ឋាននោះទេ។

 

ជាមួយគ្នានេះដែរ ទ្រឹស្ដី និងមូលដ្ឋានចំណេះដឹងដែលមានលក្ខណៈវិទ្យាសាស្ត្រ ក៏ជាចំណែកដ៏សំខាន់មួយផ្សេងទៀត ដែលអ្នកវិភាគត្រូវតែដាក់បញ្ចូលទៅក្នុងបទវិភាគរបស់ខ្លួនផងដែរ។ ទ្រឹស្ដីគោលដែលពាក់ព័ន្ធនឹងប្រធានបទ គឺជាចំណុចមិនអាចខ្វះបាននៅក្នុងការពន្យល់បកស្រាយ ឬលើកបង្ហាញអំពីបញ្ហាអ្វីមួយឱ្យមហាជន អ្នកស្ដាប់ ឬអ្នកអានអាចយល់ដឹងបានថែមមួយកម្រិតទៀតអំពីបញ្ហានៅក្នុងវិស័យផ្សេងៗ។ ចំណេះដឹងនិងទ្រឹស្ដីសំខាន់ៗដែលពាក់ព័ន្ធនឹងប្រធានបទ គឺជាការបកស្រាយដែលមានលក្ខណៈឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយទៅលើហេតុផលដែលនាំទៅដល់ការកើតមាននូវហេតុការណ៍ណាមួយ ឬវិបាកដែលគេអាចនឹងទទួលបានពីព្រឹត្តិការណ៍ឬស្ថានការណ៍មួយដែលបានកើត កំពុងតែកើត ឬដែលនឹងកើតមានឡើងនៅក្នុងពេលខាងមុខ។ តាមរយៈមូលដ្ឋាននៃទ្រឹស្ដី និងចំណេះដឹងប្រកបដោយលក្ខណៈជាក់ស្ដែងទាំងនេះ គេអាចត្រិះរិះពិចារណាបានហ្មត់ចត់ និងស៊ីជម្រៅតាមបែបទស្សនវិជ្ជា ទៅលើប្រធានបទនីមួយៗ។ ទ្រឹស្ដីនិងចំណេះដឹងទាំងនេះ ក៏ជាមូលដ្ឋាននៅក្នុងការទាញការសន្និដ្ឋាន ឬនិទស្សន៍និ​ន្នាការដែលព្រឹត្តិការណ៍ឬស្ថានការណ៍នោះអាចនឹងវិវត្តទៅនាពេលបន្ទាប់ផងដែរ។

 

លើសពីនេះទៅទៀត ដើម្បីឱ្យការវិភាគនយោបាយនិងសង្គម មានលក្ខណៈរឹងមាំ និងគួរឱ្យទុកចិត្តបាន គេក៏ត្រូវពិចារណានិងប្រកាន់ខ្ជាប់ឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយមនសិការផងដែរ។ អ្នកវិភាគដែលមានទស្សនទានផ្អែកទៅលើផលប្រយោជន៍ជាតិ និងមនសិការជាចម្បង នឹងអាចផ្ដល់នូវខ្លឹមសារនៃបទវិភាគមួយ ដែលមានលក្ខណៈស្ថាបនា ជាសារដាស់តឿន និងជាការរួមចំណែកប្រកបដោយភាពវិជ្ជមានសម្រាប់ដំណើរការវិវត្តនៃសង្គមជាតិ។ បើតាមលោកបណ្ឌិត យង់ ពៅ ប្រសិនបើការវិភាគមួយដែលគ្មានខ្លឹមសារស្ថាបនា ឬចូលរួមចំណែកប្រកបដោយភាពវិជ្ជមានសម្រាប់ដំណើរការវិវត្តនៃសង្គមជាតិនោះទេ អត្ថបទវិភាគនោះគ្រាន់តែជាវោហាសាស្ត្រមួយ ដែលផ្អែកទៅលើមនោសញ្ចេតនាបុគ្គល ធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិ និងខាតបង់នៅក្នុងទិដ្ឋភាពជាច្រើនផ្សេងទៀត ដែលក្នុងករណីខ្លះថែមទាំងបង្កផលប៉ះពាល់នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងបាត់បង់កិត្យានុភាព និងមុខមាត់ប្រទេសជាតិថែមទៀតផង។

 

មូលដ្ឋានដ៏សំខាន់ទី៥នោះគឺ សច្ចភាព។ អត្ថបទវិភាគនីមួយៗ ត្រូវតែផ្អែកជាសំខាន់ទៅលើសច្ចភាពជាក់ស្ដែង ដែលជាការលើកឡើងនូវរឿងពិតជាក់ស្ដែង ឆ្លើយតបឬស្របទៅនឹងហេតុការណ៍ពិតប្រាកដ។ ការវិភាគដែលមានអំណះអំណាងត្រឹមត្រូវ ជាក់លាក់ និងគ្មានការបន្លំបោកប្រាស ឬប្រតិដ្ឋរឿងហេតុទៅតាមទំនោរឬនិន្នាការ ទើបជាបទវិភាគមួយដែលមានគុណតម្លៃសម្រាប់ជាការត្រិះរិះពិចារណា និងនាំមកនូវពុទ្ធិថ្មីៗ សម្រាប់សង្គមជាតិ។ ការកុហក ភូតភរ ឬបំភ័ន្តសាធារណមតិ ដើម្បីបម្រើទៅតាមគោលបំណងរបស់ខ្លួន ឬគ្រាន់តែចង់ឱ្យខ្លួនឯងបានល្បីល្បាញ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយនៅក្នុងការវិភាគ ព្រោះគេមិនអាចយកក្រដាសខ្ចប់ភ្លើងឡើយ ហើយការពិតនឹងត្រូវលាតត្រដាងនៅពេលណាមួយដោយចៀសពុំរួច៕

 

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ចិនអ្នកឈ្នះនៅអាហ្វហ្កានីស្ថានដែរឬ? ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន​នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 12:05:05   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 07:05 PM
​កម្ពុជានៅចន្លោះមហាអំណាចិន និងសហរដ្ឋអាម៉េរិក ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 10:18:09   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 05:18 PM
មុននិងក្រោយវត្តមានរបស់កងទ័ពសហរដ្ឋអាម៉េរិក និងសម័្ពន្ធមិត្ត នៅអាហ្វហ្កានីស្ថាន ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រូបភាព៖ AP News, Fresh news. 

2021-08-16 04:17:47   ថ្ងៃចន្ទ, 16 សីហា 2021 ម៉ោង 11:17 AM
បោះឆ្នោតឃុំសង្កាត់ ២០២២ និងបញ្ហាប្រឈម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2021-08-09 04:29:53   ថ្ងៃចន្ទ, 09 សីហា 2021 ម៉ោង 11:29 AM
បន្ទាប់ពីខួបទំនាក់ទំនងការទូត តើកម្ពុជានិងចិនត្រូវធ្វើអ្វីបន្ត? ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-07-19 14:45:01   ថ្ងៃចន្ទ, 19 កក្កដា 2021 ម៉ោង 09:45 PM
អត្ថបទពិចារណា៖ «សាធារណមតិអន្តរជាតិ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ថ្មីៗនេះ គេកត់សម្គាល់ឃើញថា បងប្អូនកូនខ្មែរយើងមួយចំនួន បានបង្ហោះសារជាច្រើនពាក់ព័ន្ធនឹងជនបរទេសដែលធ្វើការក្នុងស្ថាប័នព័ត៌មានអន្តរជាតិធំៗ ដ...

2021-06-18 09:51:25   ថ្ងៃសុក្រ, 18 មិថុនា 2021 ម៉ោង 04:51 PM

សេចក្តីប្រកាស