ព័ត៌មាន

តើរដ្ឋឯករាជ្យនិងអធិបតេយ្យមួយ មានសិទ្ធិពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសខ្លួនដែរឬទេ?

2024-12-10 09:39:19 ថ្ងៃអង្គារ, 10 ធ្នូ 2024 ម៉ោង 04:39 PM
អ្នកមើល 1880
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភា​អឺរ៉ុប បានចេញសេចក្ដីសម្រេចដោយជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន​៨០%​ សម្រាប់​ប្រទេស​កម្ពុជា និងជំរុញឱ្យ​ដាក់​ទណ្ឌកម្មទៅ​​លើមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា  ដែល​សភា​អឺរ៉ុបអះអាងថា​ពាក់ព័ន្ធ​នឹងអ្វីដែលខ្លួនយល់ថាជា​ការ​រឹតត្បិត​ផ្នែក​នយោបាយ។ សេចក្ដី​សម្រេចនេះ ធ្វើឡើងក្រោយកម្ពុជាចាត់វិធានការទៅតាមនីតិវិធីច្បាប់ទៅលើអង្គការ​សង់​ត្រាល់ ដោយការអនុវត្តច្បាប់ជាធរមានរបស់កម្ពុជាខាងលើនេះ ត្រូវបានសភាអឺរ៉ុបយល់ថា ជាការចាត់វិធានការដែលមានចរិត​នយោបាយ និងបានជំរុញឱ្យរាជរដ្ឋាភិបាល​បញ្ឈប់ការ​ធ្វើ​សវនកម្មលើអង្គការ​សមធម៌​កម្ពុជា និង​អង្គការ​ចលនា​មាតា​ធម្មជាតិថែមទៀតផង។ ការ​ចាត់​វិធានការនេះ សភាអឺរ៉ុបហាក់បង្ហាញថា ខ្លួន​ការពារបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ​របស់​អង្គ​ការ​ទាំងនេះ ពីការអនុវត្តវិធានការច្បាប់ជាធរ​មាន​របស់​កម្ពុជា ដែលប្រៀបបីដូចជាបង្ហាញ​ថា អង្គការទាំងនេះ មានសិទ្ធិពិសេសលើសពី​អង្គការនិងសមាគមដទៃ​ជាង​៦ពាន់​អង្គការ​សមាគម​ផ្សេងទៀត និងលើសពីតំណាងការទូតនៃបណ្ដាប្រទេសផ្សេងៗថែមទៀតផង។

ជា​ការ​ពិត​ណាស់ បើគេពិនិត្យមើលច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ​នានា គេពិតជាមិនអាច​រក​ឃើញ​នៅត្រង់មាត្រាណា ដែលបាន​កំណត់​ថា​អង្គការទាំងនេះមានសិទ្ធិ​ពិសេស​យ៉ាង​ដូច​ម្ដេច​ណាស់ ព្រោះ​អង្គការទាំងនេះ​ពុំមែន​ជា​តំណាង​ប្រទេសឬរដ្ឋអធិបតេយ្យណាមួយ ដែល​មានបុព្វសិទ្ធិ​និង​អភ័យឯកសិទ្ធិការទូត ដូច​ស្ថាន​ទូតប្រទេសនានាដែលបានតាំងទូត​នៅ​កម្ពុជានោះដែរ។ បើ​ដូច្នេះ តើហេតុ​អ្វីបាន​ជា​សភា​អឺរ៉ុបបានចេញសេចក្ដី​សម្រេច​ការ​ពារ​អង្គ​ការទាំងនេះ ពីការ​អនុវត្តច្បាប់ជា​ធរមាន​របស់​កម្ពុជា ខណៈដែលសូម្បីតែភ្នាក់ងារទូត​នៃបណ្ដាប្រទេសឬរដ្ឋ​នានា ដែលដាក់ទូត​​​នៅក្នុងប្រទេសមួយ ក៏​ត្រូវ​តែ​គោរពនិងអនុវត្ត​ច្បាប់នៃប្រទេសម្ចាស់ផ្ទះផងដែរនោះ?

នៅក្នុងអនុសញ្ញាទីក្រុង វីយ៉ែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត ប្រការ៤១ ត្រង់​កថាខណ្ឌទី១ បានចែងអំពីភាពចាំបាច់ដែលភ្នាក់​ងារ​ការ​ទូត​ដែល​មាន​បុព្វ​សិទ្ធិ​និង​អភ័យ​ឯកសិទ្ធិ ក៏ត្រូវមាន​ករណីយកិច្ចគោរពច្បាប់ និងបទបញ្ញត្តិ​របស់​រដ្ឋ​ម្ចាស់​ផ្ទះផងដែរ។ បន្ថែម​ពី​នេះ ភ្នាក់​ងារ​ការ​ទូតក៏មានកាតព្វកិច្ចមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់​ផ្ទះ​ផង​ដែរ។

នៅពេលដែលគេនិយាយអំពីប្រជាធិបតេ្យ សេរីភាព និងសិទ្ធិមនុស្ស ពិតប្រាកដ​ណាស់គ្រប់គ្នានឹងអាចឆ្លើយបានដូចៗគ្នាថា មិនមាននរណាម្នាក់ដែលអាចអនុវត្ត​សិទ្ធិ​សេរី​ភាពរបស់ខ្លួនដោយរំលោភបំពានលើសិទ្ធិអ្នកដទៃបាននោះឡើយ។ ដូច្នេះ ការគោរពនិង​អនុវត្តច្បាប់ដែលជាពិដានសម្រាប់ការធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពនៃសង្គម​គឺពិតជាមូលដ្ឋានដ៏សំខាន់នៅក្នុងការការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៃប្រទេស​អធិប​តេយ្យមួយ។ ការធានាសិទ្ធិ​ជាសមូហភាព ទើបជាការគោរពសិទ្ធិពេញលេញ​របស់​មនុស្សទាំងអស់នៅក្នុងសង្គម។

ម្យ៉ាងវិញទៀត នៅក្នុងទិដ្ឋភាពអធិបតេយ្យរដ្ឋ កម្ពុជាមានរដ្ឋធម្មនុញ្ញ និង​ច្បាប់ជាធរមាននានា ដែលរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្ត និង​ថែ​រក្សា​ការ​ពារ​សណ្ដាប់​ធ្នាប់ សន្តិសុខ ស្ថិរភាព និងសន្តិភាព។ ប្រសិនបើ​អឺរ៉ុប​សម្រេច​ដាក់​សម្ពាធ​ឬទណ្ឌកម្មណាមួយលើកម្ពុជា ដោយសារករណីខាងលើនេះ នឹងធ្វើឱ្យ​មាន​ការ​ចោទ​ជាចម្ងល់អំពី ការលូកដៃទៅក្នុងដំណើរការយុត្តិធម៌​របស់​រដ្ឋ​​ឯករាជ្យនិងអធិបតេយ្យមួយ។ គេត្រូវចងចាំថា នីតិរដ្ឋគឺជាចំណែកដ៏សំខាន់មួយនៃសង្គម​ប្រជាធិបតេយ្យ ហើយការ​រារាំង​ឬ​អន្តរាគមន៍ទៅលើរដ្ឋឯករាជ្យមួយមិនឱ្យអនុវត្តនូវ​ច្បាប់​ដែល​មានជាធរមានរបស់ខ្លួន គឺ​ជា​ការរំលោភបំពានអធិបតេយ្យនិងជ្រៀតជ្រែកកិច្ចការផ្ទៃ​នៃ​រដ្ឋមួយ ដែលផ្ទុយ​ពីគោល​ការណ៍​ច្បាប់​និងបទដ្ឋានទំនាក់ទំនងអន្តរជាតិ។ ការអនុវត្ត​ប្រជាធិប​តេយ្យនៅក្នុងរដ្ឋមួយ ​មិន​មាន​ន័យថា ទាល់តែប្រព្រឹត្តទៅ​ស្របតាម​ទស្សនៈ​យល់​ឃើញ​របស់មហាអំណាចបស្ចិមប្រទេស ឬក្រុមប្រទេស ឬសហគមន៍​ណា​មួយ​លើ​ពិភព​លោក​ឡើយ។ ត្រង់ចំណុចនេះ សហ​ភាព​អឺរ៉ុបគួរតែពិនិត្យមើលនូវ​ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និងអនុសញ្ញាទីក្រុង វីយ៉ែន ឆ្នាំ​១៩៦១ ស្ដីពីទំនាក់ទំនងការទូត ដើម្បីចៀសវាង​នូវការធ្វើសេចក្ដីសម្រេច​ចិត្ត​ណាមួយ​ដែល​ប្រាសចាកនឹងបទដ្ឋាននៅក្នុងទំនាក់ទំនងអន្តរជាតិ ព្រោះការផ្ដល់តម្លៃទៅដល់​ច្បាប់​អន្តរ​ជាតិនិងគោលការណ៍អន្តរជាតិ​ម្ដង​ហើយម្ដងទៀតរបស់មហាអំណាច នឹងនាំ​មក​នូវ​ភាព​គ្មាន​សណ្ដាប់​ធ្នាប់កាន់តែខ្លាំងបន្ថែមទៀតនៅក្នុងពិភពលោក បន្ថែមពីលើកំហុស​ដែល​មហា​អំណាចធ្លាប់​បានប្រព្រឹត្តនៅតាមបណ្ដាប្រទេសនានាលើពិភពលោក រាប់ទាំងករណី​នៅក្នុងប្រទេស​កម្ពុជាក្នុងអតីតកាលផងដែរ។

ពិតប្រាកដណាស់ សមាជិកអង្គការសង្គមស៊ីវិលទាំងឡាយមិនមានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ រួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមានរបស់កម្ពុជានោះឡើយ ហើយរាជរដ្ឋាភិបាលក៏គួរតែចាត់វិធានការឱ្យបានសមស្របឆ្លើយតបទៅនឹងសកម្មភាព ឬដំណើរការរបស់អង្គការសមាគម និងភ្នាក់ងារអង្គការអន្តរជាតិទាំងឡាយនៅកម្ពុជា ព្រមទាំងត្រូវពិនិត្យថ្លឹងថ្លែងបន្ថែមទៀតរវាងការពង្រឹងនីតិរដ្ឋ និងការអនុវត្តសិទ្ធិមនុស្ស ព្រោះនីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាស្ថិរភាពនយោបាយ ដើម្បីសម្រេចបាននូវវឌ្ឍនភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង

ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM
«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:59 PM
"Myanmar's political crisis should be viewed in an objective and impartial way"

2021-04-30 09:22:33   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:22 PM

សេចក្តីប្រកាស