ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ទស្សនកិច្ចសម្ដេចតេជោនៅចិន គូសបញ្ជាក់ពីការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ

2024-12-05 09:38:36 ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2024 ម៉ោង 04:38 PM
អ្នកមើល 2041
post_detail1

កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទីមួយក្រោយសម្ដេចក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយបានជួបជាមួយនឹងឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ព្រមទាំងជួបនឹងប្រធានគណកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជន​ចិន។ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ មានការលើកឡើងជាច្រើននូវទស្សនៈដែលបានបង្កប់ចេតនានយោបាយមួយចំនួន ដូចជា ដំណើរទស្សនកិច្ចនេះធ្វើឡើងឆ្លើយតបនឹងបរិបទនៃការផ្លាស់ប្ដូរប្រធានាធិបតីសហរដ្ឋអាម៉េរិក ឬក៏ដោយ​សារ​សេចក្ដី​សម្រេចចិត្តរបស់សភាអឺរ៉ុប ជំរុញឱ្យសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធ​អនុ​គ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងតែអាវុធ (EBA) ជាដើម។

ចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្ដេចតេជោ ក្នុងនាមជាប្រធានព្រឹទ្ធសភានៃ​ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ឃើញថា គឺជាដំណើរទស្សនកិច្ចដែលបានគូសបញ្ជាក់ពីការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកាន់​តែរឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ លោកបណ្ឌិត បានលើកឡើងថា បើគេពិនិត្យទៅលើស្ថានភាពនៃទំនាក់ទំនងប្រទេសទាំងពីរ ការបំពេញទស្សនកិច្ចរបស់សម្ដេចប្រធានព្រឹទ្ធសភានាពេលនេះ  មានទិដ្ឋភាព ៥ចំណុចគឺ៖

          ១​. ការបំពេញទស្សនកិច្ច គឺជាការបំពេញទស្សនកិច្ចជាផ្លូវការ និងដោយសុឆន្ទៈ

ការបំពេញទស្សនកិច្ចរបស់សម្ដេចប្រធានព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅមុនការបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ មានការប្រកាសព័ត៌មានជាផ្លូវការ​ជាមុន និងត្រូវបានរៀបចំឡើងដោយស្របទៅតាមបែបបទពិធីការការទូតរួចរាល់ជាស្រេច ពោលគឺមិនមែនជាទស្សនកិច្ចភ្លាមៗនោះទេ ក្នុងនាមសម្ដេចជាប្រធានស្ថាប័ននីតិប្បញ្ញត្តិ​ជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងន័យពិធីការការទូត ដំណើរទស្សនកិច្ចរបស់​ថ្នាក់ដឹកនាំនៃរដ្ឋឬប្រទេសអធិបតេយ្យមួយពេញលេញមួយ ទាមទារឱ្យមានការរៀបចំពិធី​ការការទូតត្រឹមត្រូវ និងស័ក្តិសមនឹងមុខតំណែងរបស់ថ្នាក់ដឹកនាំរូបនោះ ហើយភាគីចិន​ក៏​ពុំ​អាចទទួលស្វាគមន៍ថ្នាក់ដឹកនាំនៃប្រទេសមួយដោយតក់ក្រហល់នោះឡើយ ពោលត្រូវមាន​ការជូនដំណឹងរៀបចំពិធីការការទូតជាក់លាក់ និងច្បាស់លាស់ទុកជាមុន នៅក្នុងក្របខ័ណ្ឌ​ពិធីការការទូតអន្តរជាតិ។

          ២. ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងដែលមានលក្ខណៈពិសេសខុសប្លែកពីទំនាក់ទំនងដទៃ

ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងពិសេសដោយឡែកមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រផង ជាទំនាក់ទំនងដែលមានលក្ខណៈការផ្សារភ្ជាប់សាច់ឈាមផង និងជាទំនាក់ទំនងចងភ្ជាប់ដោយកត្តាវប្បធម៌ថែមទៀតផង។ ប្រសិនបើគេពិនិត្យនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ ពិសេសប្រាសាទបាយ័ន គេនឹងអាចមើលឃើញចម្លាក់ដែលបង្ហាញឱ្យ​ឃើញថា ទំនាក់ទំនងកម្ពុជា-ចិន មានរយៈកាលរាប់ពាន់ឆ្នាំកន្លងមកហើយ ព្រមទាំងមាន​ការផ្សារសាច់ឈាមជាមួយគ្នាតាមរយៈចំណងគ្រួសារ ដែលប្រជាជននៃប្រទេសទាំងពីរ​បាន​រួមរស់នៅជាមួយនឹងគ្នាតជាកូនពូនជាចៅរៀងមករហូតដល់បច្ចុប្បន្ន។ ហេតុនេះហើយ ទំនាក់ទំនងវប្បធម៌ ពិសេសការអនុវត្តជំនឿនិងទំនៀមទម្លាប់បែបចិន បានកើតមានឡើងជាបន្តបន្ទាប់នៅកម្ពុជាជាច្រើនជំនាន់នៅក្នុងប្រវត្តិសាស្ត្រ ដែលជាសក្ខីភាពមិនអាចប្រកែក​បានឡើយ។

          ៣. ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងមិត្តភាពដែកថែប និងឈានដល់កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ

នៅក្នុងទិដ្ឋភាពនយោបាយ ទំនាក់ទំនងកម្ពុជា-ចិនបានវិវឌ្ឍដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ តាមរយៈការបង្កើនការទុកចិត្ត ការគាំទ្រគ្នាទៅវិញទៅមក និងការរួមសុខទុក្ខជាមួយគ្នានៅគ្នាលំបាក ពោលគឺជាជាទំនាក់ទំនងជាមិត្តភាពដែកថែប ដែលបច្ចុប្បន្នឈានដល់ការជំរុញកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្ររវាងប្រទេសទាំងពីរ ដោយបាន​ពង្រឹង​ទំនាក់ទំនងល្អនឹងគ្នានៅគ្រប់កម្រិត និងឋានានុក្រម។ ការបំពេញទស្សនកិច្ចដ៏ញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺជាករណីប្រក្រតីភាព ស្ថិតនៅក្រោមក្របខ័ណ្ឌនៃកិច្ច​សហប្រតិបត្តិការត្បូងពេជ្រ និងមិត្តភាពដែកថែប កម្ពុជា-ចិន ខណៈដែលឆ្នាំ២០២៤ ត្រូវ​បានថ្នាក់ដឹកនាំប្រទេសទាំងពីរ ឧទ្ទិសជាឆ្នាំនៃការជំរុញទំនាក់ទំនងរវាងប្រជាជន​និងប្រជាជនថែមទៀតផង។

          ៤. កម្ពុជាបានបើកចំហរនយោបាយការបរទេសរបស់ខ្លួនជាទូទៅមិនចំពោះ

ទាំងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញកម្ពុជា ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងលិខិតបទដ្ឋានគតិយុត្តិជាអន្តរជាតិនានា ការជំរុញនិងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន គឺជាដំណើរការប្រព្រឹត្តទៅជាប្រក្រតីភាពនៅក្នុងទំនាក់ទំនងអន្តរជាតិ ពោលគឺមិនបានប៉ះពាល់ ឬកែប្រែមូលដ្ឋានគិតយុត្តិទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិនោះឡើយ ហើយកម្ពុជាពិតជាមានសិទ្ធិ និងអធិបតេយ្យពេញលេញ នៅក្នុងការពង្រឹងទំនាក់ទំនង ក៏ដូចជា​ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសទាំងឡាយលើពិភពលោក ដែលគេមិនអាច​ហាមឃាត់កម្ពុជាមិនឱ្យកសាងទំនាក់ទំនងល្អជាមួយប្រទេសមួយបានឡើយ។ ត្រង់ចំណុចនេះ បើទោះបីជាកម្ពុជាមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសណាមួយ ជាង​ប្រទេសជាដៃគូដទៃផ្សេងទៀតក៏ដោយ ក៏គេពុំអាចប្រឆាំង ឬរារាំងដោយលើកយកនូវហេតុផលណាមួយមកដាក់បន្ទុកលើប្រទេសកម្ពុជាបាននោះឡើយ។ ត្រង់ចំណុចនេះ គេគួរតែផ្ដោតការយកចិត្តទុកដាក់ថា តើទំនាក់ទំនងរវាងកម្ពុជា ជាមួយនឹងប្រទេសជាដៃគូ បានផ្ដល់​នូវគុណតម្លៃ និងអត្ថប្រយោជន៍កម្រិតណាដល់ប្រទេសជាតិខ្លួន។ ប្រសិនបើទំនាក់ទំនងនេះ បានហុចគុណប្រយោជន៍ដល់ជាតិ គឺត្រូវតែរួមគ្នាពូនជ្រំឱ្យកាន់តែស្អិតល្មួត និងរឹងមាំបន្ថែមទៅទៀត។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ នៅក្នុងទំនាក់ទំនងកម្ពុជា-ចិននាយុគសម័យទំនើបថ្មីនេះ ប្រទេសទាំងពីរពិតជាបានរួមចំណែកនៅក្នុងការជំរុញការរីកចម្រើនព្រមគ្នា ​និងថែមទាំងបានគាំទ្រគ្នា ក៏ដូចជាការពារផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកថែម​ទៀតផង។ ទំនាក់ទំនងទ្វេភាគីនេះ កម្ពុជា-ចិន បានបន្តទំនាក់ទំនងល្អ និងប្រកបដោយផ្លែ​ផ្កា ក៏ដូចជាទំនាក់ទំនងក្នុងភាពស្មើមុខមាត់គ្នា ស្របតាមច្បាប់អន្តរជាតិយ៉ាងពិតប្រាកដ បើទោះ​បីជាចិនបានក្លាយជាមហាអំណាចពិភពលោកទី២ និងជាប្រទេសជឿនលឿនក៏ដោយក្ដី  ក៏ប្រទេសទាំងពីរគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងគាំទ្រគ្នាទៅនៅក្នុងទិដ្ឋភាពនយោបាយ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចជាដើម។ ហេតុនេះ កម្ពុជាពិតជាមានភាពចាំបាច់នៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង កម្ពុជា-ចិន ឱ្យរីកចម្រើន និងឆ្ពោះទៅមុខកាន់តែប្រសើរឡើងថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការបំពេញទស្សន​កិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ស្របតាមរដ្ឋធម្មនុញ្ញ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្ស​ប្រជាជនកម្ពុជា ដែលគណបក្សកាន់អំណាចបច្ចុប្បន្ន តាមរយៈទស្សនកិច្ចនាពេលនេះ បានសបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតថា កម្ពុជាពិតជាបានបើកចំហរទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់បណ្ដាប្រទេសទាំងអស់លើពិភពលោក។ ត្រង់ចំណុចនេះ នៅក្នុងក្របខ័ណ្ឌធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញនៃបណ្ដាប្រទេសនានា ឬមហាអំណាចទាំងអស់ មិនបានចែងថា ប្រទេសមួយមិនត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសឬមហាអំណាចណាមួយផ្សេងៗពីខ្លួន ឬដាក់កំហិតមិនឱ្យមានទំនាក់ទំនងល្អជាមួយនឹងប្រទេសឬមហាអំណាចណាមួយខ្ពស់ឬទាបជាងខ្លួននោះទេ។ កម្ពុជានៅតែបន្តប្រកាន់នូវគោលការណ៍សន្តិសហវិជ្ជមាន ពោលគឺធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសនិងមហាអំណាចទាំងអស់ នៅក្នុងយុគសម័យទំនើបដែលគ្មានការប្រកួតប្រជែង ឬបែងចែកមនោគមវិជ្ជាដូចសម័យសង្គ្រាមត្រជាក់។

ការធ្វើទំនាក់ទំនងល្អ ឬជិតស្និទ្ធជាមួយនឹងបណ្ដាប្រទេសឬមហាអំណាចជាដៃគូនីមួយៗ គឺអាស្រ័យនៅលើឆន្ទៈរបស់ប្រទេសនិងមហាអំណាចទាំងនោះជាមួយនឹងប្រទេស​កម្ពុជា ព្រោះនៅក្នុងទំនាក់ទំនងការទូត គឺទាមទារឱ្យមានការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនង និងផ្ដល់នូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ពោលគឺមិនមែនមានតែកិច្ចខិតខំប្រឹងប្រែង​ពីសំណាក់កម្ពុជាតែម្ខាង អាចធ្វើឱ្យទំនាក់ទំនងនោះមានភាពប្រសើរឡើងនោះទេ។ ទោះជាយ៉ាងណា កម្ពុជាក៏ត្រូវស្វះស្វែងរកទំនាក់ទំនងល្អនិងកិចច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយប្រទេសជាដៃគូឬមហាអំណាចផ្សេងទៀតផងដែរ ដើម្បីជាតុល្យភាពនៃទំនាក់ទំនងដែលជាគោលដៅនៃនយោបាយការបរទេស និងដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិរបស់ខ្លួន។

          ៥. ការរីកចម្រើនរបស់កម្ពុជា មិនបានបង្កជាផលរំខានដល់សណ្ដាប់ធ្នាប់ពិភពលោក

ពិតប្រាកដណាស់ ការរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមកម្ពុជានិងទំនាក់ទំនងល្អរវាងកម្ពុជាជាមួយ​នឹងប្រទេសណាមួយ ពុំបានបង្កផលរំខាន ឬគំរាមកំហែងដល់សន្តិសុខ និងសណ្ដាប់ធ្នាប់ពិភពលោកឡើយ ហើយកម្ពុជាតែងតែមានចេតនានៅក្នុងការចូលរួមចំណែក​ជំរុញសន្តិសុខ សន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ពិភពលោកជាដរាបរៀង ដែលសក្ខីភាពជាក់ស្ដែងគឺ កម្ពុជាតែងតែបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅចូលរួមនៅក្នុងបេកសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសនានា។ កម្ពុជាពុំធ្លាប់​បានអភិវឌ្ឍ និងពង្រឹងខ្លួនដើម្បីបង្កការប៉ះពាល់ ឬគំរាមកំហែងទៅដល់បណ្ដាប្រទេសណាមួយឡើយ វៀរលែងតែក្នុងករណីដែលកម្ពុជាជួបប្រទះនឹង​កល​យុគ​នយោបាយ-សង្គម ដែលអាចជះឥទ្ធិពលឬបង្កផលប៉ះពាល់ដល់ប្រទេសក្នុងតំបន់ឬពិភព​លោក។ ដូច្នេះ គេគួរ​តែអបអរសាទរ ដែលប្រទេសកម្ពុជាទទួលបាននូវការរីកចម្រើន ហើយបណ្ដាប្រទេសជាមិត្ត​នានាគួរតែជួយស្វែងរកច្រកដើម្បីជំរុញឱ្យកម្ពុជាកាន់តែមានភាពរីកចម្រើន និងមានភាព​សុខដុម ដើម្បីធានានូវសណ្ដាប់ធ្នាប់តំបន់ និងពិភពលោក។ អ្នកនយោបាយមួយក្រុមតូច និងអ្នកវិភាគមួយចំនួន​ មិនគួរសម្ដែងការព្រួយបារម្ភនឹងការដែលកម្ពុជាពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយនឹងមហាអំណាចណាមួយ ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិរបស់ខ្លួននោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សន្និសីទអន្តរជាតិ៖ «តម្លៃវប្បធម៌សិល្បៈខ្មែរ៖ ក្បាច់ហៀន»

វាគ្មិន៖ លោក រ៉េត សាមុត   នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការង...

2018-12-20 05:01:06   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 12:01 PM
«សមិទ្ធផលពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់»

ដោយ៖ លោក ខែក វីរៈកិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ ​បានជួបនិងចុះអនុស្សរណៈ​យោគយល...

2018-12-20 03:59:18   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 10:59 AM
«រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក»

ដោយ៖ លោក ស៊ឺន សំ   មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរ...

2018-12-20 03:39:08   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 10:39 AM
«ពិធីសម្ពោធទីតាំងហាត់ការរបស់សាកលវិទ្យាល័យជីវជាំង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»

ដោយ៖ ចាន់ វណ្ឌី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកទទួលខុសត្រូវរបស់សាកលវិទ្យាល័យជីវជាំងទាក់ទងនឹងបញ្ហាបន្តនិរន្តរភាពនៃទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាជាមួ...

2018-12-19 14:51:19   ថ្ងៃពុធ, 19 ធ្នូ 2018 ម៉ោង 09:51 PM
រាជរដ្ឋាភិបាលដាក់កំហិតឱ្យមន្ត្រីពាក់ព័ន្ធចុះដោះស្រាយតម្លៃអគ្គិសនីតាមទីផ្សារ ឱ្យបានដូចតាមការកំណត់របស់រដ្ឋ

ដោយ៖ លឹម សុវណ្ណរិទ្ធ   ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិត​ឱ្យ​ផ្នែក​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និងអាជ្ញាធរ​អគ្គិសនី​កម្ពុជ...

2018-12-19 14:29:57   ថ្ងៃពុធ, 19 ធ្នូ 2018 ម៉ោង 09:29 PM
«តម្លៃអគ្គិសនី នឹងកាន់តែចុះថោកចាប់ឆ្នាំ២០១៩»

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ នឹងចូលដល់ឆ្នាំ២០១៩...

2018-12-18 10:46:35   ថ្ងៃអង្គារ, 18 ធ្នូ 2018 ម៉ោង 05:46 PM

សេចក្តីប្រកាស