Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» ដែលបានធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងអប់រំ ក្រសួងសុខាភិបាល អង្គការចលនាដើម្បីសុខភាពកម្ពុជា អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្ត្រីរាជការសរុប ៣២០នាក់។
តាមរយៈវេទិកាទាំងពីរលើកកន្លងមក បានបង្ហាញថា ការទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់បារីនិងថ្នាំជក់មានវិធានការជាច្រើន ដូចជាវិធានការផ្សព្វផ្សាយ អប់រំ និង ការរារាំង ការជក់បារីដាក់រូបជំងឺដែលបង្កដោយការជក់បារី ការហាមឃាត់ក្នុងផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងវិធានការពន្ធនានា ដែលរាជរដ្ឋាភិបាលបានបង្កើនជាបណ្តើរក្នុងការទប់ស្កាត់នូវការរីករាលដាលនៃការប្រើប្រាស់បារីនិងថ្នាំជក់នៅកម្ពុជា។ ជាមួយគ្នានោះដែរ ទាំងមហាជន អ្នកសិក្សា ស្រាវជ្រាវ ប្រជាពលរដ្ឋទូទៅ ក៏ដូចជាយុវជនក៏បានគាំទ្រយ៉ាងពេញទំហឹងនូវវិធានការនានាក្នុង កាត់បន្ថយការប្រើប្រាស់បារីនេះ ជាពិសេសគឺវិធានការពន្ធ។
ក្នុងឱកាសអញ្ជើញថ្លែងមតិស្វាគមន៍ នាឱកាសបើកវេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា វេទិកានេះ មានការអញ្ជើញចូលរួម ពីវាគ្មិនសំខាន់ចំនួន បួនរូប ដែលសុទ្ធសឹងតែជាវាគ្មិនដែលមានជំនាញ និង ជាអ្នកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាថ្នាំជក់នៅកម្ពុជា អញ្ជើញមកពី អង្គការសុខភាពពិភពលោក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការចលនាដើម្បីសុខភាពកម្ពុជា និង អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់អំពីពន្ធនិងអាករលើថ្នាំជក់។
ឯកឧត្ដមបណ្ឌិតបានបន្តថា ពាក់ព័ន្ធនឹងការជំរុញកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា វិធានការហាមជក់តាមទីសាធារណៈ និងកន្លែងធ្វើការវិញ ការអនុវត្តក៏នៅមានកម្រិត ដែលក្នុងនោះ មានត្រឹមតែ៥១% នៃកន្លែងធ្វើការប៉ុណ្ណោះដែលអាចអនុវត្តបានពេញលេញតាមការកំណត់នៃអនុក្រឹត្យស្តីពី វិធានការហាមការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬទីសាធារណៈ ហើយមានតែ ៨៥%នៃកន្លែងធ្វើការ ដែលបានបិទស្លាកហាមជក់បារី។ បរិយាកាសនៃការប្រើប្រាស់បារីនិងផលិតផលថ្នាំជក់ នៅតែពិបាកក្នុងការទប់ស្កាត់ ដែលអាចនឹងជះផលអវិជ្ជមានទៅដល់ចំណោមយុវជន លើសុខភាពរបស់គាត់ និងរួមចំណែកក្នុងរារាំងដល់ការរីកចម្រើននៃអាយុសង្ឃឹមរស់ ឬហៅថាអាយុមធ្យម របស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបន្ថែមថា វិធានការមួយទៀត គឺការដំឡើងពន្ធលើបារី ដែលអាចធ្វើឱ្យថ្លៃបារីកើនដល់ ៧០% ដែលជាសំណូមពររបស់អង្គការសុខភាពពិភពលោក ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់បារីរបស់យុវជន និង ប្រជាពលរដ្ឋដែលមានចំណូលទាប។ វិធានការនេះ ត្រូវបានលើកមកពិភាក្សា ពីរដងរួចមកហើយ នៅក្នុងកិច្ចពិភាក្សាតុមូល និង វេទិកាយុវជនស្តីពីវិធានការពន្ធលើថ្នាំជក់ ដោយបានលើកបង្ហាញថា ភាពរសើបនៃការប្រើប្រាស់បារីនិងផលិតផលថ្នាំជក់ជាមធ្យម -0.5 ដែលមានន័យថា បើសិនជាយើងតម្លើងពន្ធលើបារីដល់៧០% អាចនឹងធ្វើឱ្យកាត់បន្ថយការជក់បារីបានដល់ទៅ ៣៥%ឯណោះ។ រាជរដ្ឋាភិបាលកម្ពុជា គួរតែអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការគ្រប់គ្រងការនាំចូល ការផលិត និង ការបង់ពន្ធឱ្យបានត្រឹមត្រូវ នោះនឹងធ្វើឱ្យថ្លៃបារីកាន់តែខ្ពស់ ចំណូលពន្ធកាន់តែកើនឡើង ជំងឺមិនឆ្លងកាន់តែថយចុះ និង បន្ទុកសុខាភិបាលកាន់តែថយចុះ ដែលនេះ ជាការគណនាតាមវិទ្យាសាស្រ្តដែលអាចទុកជាការពិចារណាក្នុងការតម្លើងពន្ធនេះឱ្យកាន់តែខ្ពស់ ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់បារី និង ផលិតផលថ្នាំជក់នៅកម្ពុជា។
បើតាមឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បច្ចុប្បន្ននេះ ការចំណាយរបស់រដ្ឋាភិបាលគឺពឹងផ្អែកលើហិរញ្ញវត្ថុសាធារណៈ ដែលរដ្ឋាភិបាលមានគោលការណ៍បង្កើនចំណាយសាធារណៈជារៀងរាល់ឆ្នាំ ហើយទាមទារឱ្យរាជរដ្ឋាភិបាលខិតខំប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ ចំពោះការប្រមូលពន្ធវិញ បច្ចុប្បន្ននេះ ពន្ធលើថ្នាំជក់រួមមានអាករពិសេស២០% អាករបំភ្លឺសាធារណៈ៥% អាករលើតម្លៃបន្ថែម១០% ពន្ធនាំចូល និង ពន្ធលើប្រាក់ចំណូលប្រាក់ចំណេញ ដែលសរុបជាមធ្យមពន្ធលើបារីនេះ មានត្រឹមតែ ៣០% ទៅ ៣៥% នៃថ្លៃបារីតែប៉ុណ្ណោះ ហើយកម្រិតនៅទាបបើប្រៀបធៀបជាមួយ បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោក។
ដូច្នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតយកចិត្តទុកដាក់ជាខ្លាំងលើមូលធនមនុស្ស ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា រៀបចំវេទិកាយុវជន ដើម្បីពិភាក្សាអំពី អាករពិសេសលើថ្នាំជក់ ដើម្បីដាក់ជូនវេទិកាយុវជននាឱកាសនេះ ចូលរួមពិភាក្សា លើកមតិយោបល់ និងចោទជាសំណួរទាំងអស់គ្នា៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដ...
វិទ្យាស្ថានជាតិទំនាក់ទំនងនៃកម្ពុជា ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបាឋកថា ស្តីពី «ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រ...
មិនខុសពីបញ្ហាប្រទេសនានាលើពិភពលោកនោះទេ នៅកម្ពុជា បញ្ហាគ្រឿងញៀន បានក្លាយទៅជាគ្រោះថ្នាក់មួយសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវវ...
គ្រូបង្រៀនត្រូវតែបំពេញតម្រូវការប្រចាំថ្ងៃជាបន្ទាន់ ដូចជាការរៀបចំមេរៀន ការវាយតម្លៃការអនុវត្តរបស់សិស្ស ការបង្កើត និងគ្រប់គ្រងបរិយាកាសក្នុងថ្នាក់រៀនដោយយុត្តិធម៌ និងសមធម៌។ ដោយសារតែភាពបន្ទាន់ បញ្ហាប្រឈមទាំ...
ការរីកដុះដាលនៃក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ បានកើតឡើងនៅក្នុងចន្លោះទស្សវត្សទី៨០ និង៩០ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួនមានដូចជា៖ (១) មនុស្សម្នាក់ៗនៅក្នុងសង្គមបានចាប់ផ្តើមគិត...