ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបោសសម្អាតអំពើពុករលួយ ដើម្បីជំរុញប្រសិទ្ធភាពរដ្ឋបាលសាធារណៈ

2024-12-02 02:22:34 ថ្ងៃចន្ទ, 02 ធ្នូ 2024 ម៉ោង 09:22 AM
អ្នកមើល 677
post_detail1

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធយកលុយ ៣០០ ០០០ដុល្លារ ទៅឱ្យបុគ្គលឈ្មោះ មួង ឃីម និងបុគ្គលឈ្មោះ លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយ នៅខេត្តបាត់ដំបង។ នេះជាការបំបែកសំណុំរឿងពុករលួយ និងឆបោកដ៍ធំមួយនៅឆ្នាំ២០២៤នេះ ដែលមានយ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ា រួមទាំងពលរដ្ឋសរុបប្រមាណ ១០នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដើម្បីទទួលបានឋានៈនិងតំណែងធំ ឬធ្វើការនៅកន្លែង «ខ្លាញ់» ក្នុងស្ថាប័នរដ្ឋ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ចំណាត់ការរបស់តុលាការនិងអាជ្ញាធរពាក់ព័ន្ធនេះ គឺជារឿងដែលគួរឱ្យកត់សម្គាល់មួយ នៅក្នុងការជំរុញនីតិរដ្ឋតាមរយៈការពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ពោលគឺទាំងអ្នកសូកប៉ាន់ និងអ្នកទទួលសំណូក ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមាន ពិសេសច្បាប់ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ការពង្រឹងការអនុវត្តច្បាប់ពិតជាមានសារៈសំខាន់ណាស់ ពោលគឺដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងសង្គមជាតិ ហើយការមានតែការគ្រប់គ្រងរដ្ឋតាមបែបនីតិរដ្ឋទេ ដែលអាចនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ និងសុដុមនីយកម្មបានយ៉ាងពេញលេញ។

ជាមួយគ្នានេះដែរ បើតាមលោកបណ្ឌិត យង់ ពៅ ការពង្រឹងការអនុវត្តច្បាប់ មិនមែនជាកិច្ចការងារដែលត្រូវធ្វើតែនៅក្នុងករណីណាមួយ ឬត្រឹមតែមួយរយៈពេល ដែលមានការប្រតិកម្មពីសំណាក់មហាជន ឬថ្នាក់ដឹកនាំប៉ុណ្ណោះទេ។ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងសមធម៌ដោយមិនចំពោះ ពោលគឺច្បាប់ជាម៉ែត្រវាស់ដែលមានពិដានតែមួយ ហើយធានាបាននូវយុត្តិធម៌នៅក្នុងសង្គម។

លោកបណ្ឌិតបន្តថា ការអនុវត្តច្បាប់ខាងលើនេះ ក៏ជាចំណែកមួយនៅក្នុងការចូលរួមជំរុញ និងធានាបាននូវដំណើរការរដ្ឋបាលសាធារណៈរបស់សង្គម ប្រកបដោយភាពស្អាតស្អំ និងរឹងមាំផងដែរ ព្រោះប្រសិនបើឋានៈនិងតំណែងរបស់ថ្នាក់ដឹកនាំអង្គភាពឬដែនដី ឬមន្ត្រីដែលទទួលខុសត្រូវលើតួនាទីឬតំណែងមុខងារសាធារណៈនោះ ទទួលបានមកពីអំពើមិនសុចរិត ឬដោយចេតនាទុច្ចរឹត ច្បាស់ណាស់ដែលថា បុគ្គលនោះពិតជាមិនអាចបំពេញការងារប្រកបដោយមនសិកា និងដោយភាពស្អាតស្អំនោះឡើយ។ ត្រង់ចំណុចនេះមានន័យថា ការយកមាសប្រាក់ដើម្បីទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈនោះ បុគ្គលដែលជាអ្នកសូកប៉ាន់ ពិតជាបានគិតគូរទុកជាមុនថា ខ្លួននឹងទទួលបានលាភសក្ការៈ ឬផលប្រយោជន៍ដែលមិនត្រឹមត្រូវតាមផ្លូវច្បាប់នានា ពីការទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈជាក់ជាមិនខាន។

បន្ថែមពីលើនេះ ការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលជាអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកនាពេលនេះ នឹងក្លាយជារូបភាពដ៏ប្រសើរមួយនៅក្នុងការ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការផ្ដល់មេរៀន និងបទពិសោធន៍ទៅដល់អ្នកដែលមានបំណងចង់សូកប៉ាន់ ឬទទួលសំណូកទាំងឡាយ ឱ្យមានការខ្លាចក្រែងរអែងនឹងច្បាប់ដែលមានជាធរមាន។  សម្រាប់លោកបណ្ឌិត យង់ ពៅ វិធានការដ៏មុតមាំនាពេលនេះ គឺជាការជំរុញលើកទឹកចិត្តទៅដល់យុវជនជំនាន់ក្រោយដែលខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ និងជាការធានាបានថា អ្នកបន្តវេននៅក្នុងតំណែងមុខងារសាធារណៈ នឹងពិតជាធនធានមនុស្សដែលប្រកបដោយថាមភាព សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមតម្រូវការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនទៅមុខ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតផងដែរថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលសកម្ម ច្បាស់លាស់ និងគ្មានការយោគយល់ឬលើកលែង គឺជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅកសាងសមត្ថភាពជាតិខ្លាំងពូកែ តាមរយៈការផ្ដល់ឱកាសដល់អ្នកសមត្ថភាព អាចចូលរួមកសាងនិងបម្រើសង្គមជាតិ ដោយផ្តោតជាសំខាន់ទៅលើសមត្ថភាពពិតប្រាកដរបស់ខ្លួន ពុំមែនអាស្រ័យនៅលើប្រាក់កាសដែលខ្លួនមានដើម្បីសូកប៉ាន់យកឋានៈ តួនាទី ឬមុខតំណែង ឬអាស្រ័យដោយមានខ្សែរយៈឬបក្ខពួកជាអ្នកមានអំណាច ឬជាអ្នកនយោបាយជាន់ខ្ពស់នោះឡើយ។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»

អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ដៅ​​រៀបចំ​​គម្រោង​​​សិក្សា​ពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជា​ចំណែក​​​មួយ​​ដែល​ថ្...

2018-09-08 09:59:36   ថ្ងៃសៅរ៍, 08 កញ្ញា 2018 ម៉ោង 04:59 PM
«ថ្ងៃនេះ ឆ្នាំមុន គឺគម្រប់ខួបមួយឆ្នាំនៃពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អគារខេមរវិទូ»

បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...

2018-09-07 07:35:15   ថ្ងៃសុក្រ, 07 កញ្ញា 2018 ម៉ោង 02:35 PM
«ការងារ និងសុខភាព»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជ...

2018-09-06 10:11:01   ថ្ងៃព្រហស្បតិ៍, 06 កញ្ញា 2018 ម៉ោង 05:11 PM
«អភិក្រមទាំង៥ត្រូវបានយកមកអនុវត្ដជាលើកដំបូងសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...

2018-09-04 05:17:50   ថ្ងៃអង្គារ, 04 កញ្ញា 2018 ម៉ោង 12:17 PM
«ការបង្កើនប្រសិទ្ធភាព និងវិន័យការងារនៅតាមវិទ្យាស្ថានចំណុះ»

«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...

2018-09-04 04:00:56   ថ្ងៃអង្គារ, 04 កញ្ញា 2018 ម៉ោង 11:00 AM
«មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម»

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ​ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...

2018-09-03 09:36:36   ថ្ងៃចន្ទ, 03 កញ្ញា 2018 ម៉ោង 04:36 PM

សេចក្តីប្រកាស