ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន

2024-11-26 11:43:13 ថ្ងៃអង្គារ, 26 វិច្ឆិកា 2024 ម៉ោង 06:43 PM
អ្នកមើល 869
post_detail1

ជានិច្ចកាល ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា ទាំងនៅកម្ពុជានិងនៅប្រទេសវៀតណាម មេដឹកនាំវៀតណាមគ្រប់​លំដាប់ថ្នាក់ តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាល​កម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់ជនជាតិវៀតណាម ដែលកំពុង​រស់នៅនិងបំពេញការងារ​នៅក្នុងប្រទេសកម្ពុជា បើទោះបីជាអ្នកទាំងនោះបានចូលមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីក្នុងសម័យប្រវត្តិសាស្ត្រ ឬនៅក្រោយប្រវត្តិសាស្ត្រក៏ដោយក្ដី។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើមេដឹកនាំវៀតណាម ដោយបានគូសបញ្ជាក់សារនយោបាយច្បាស់ៗ ស្នើឱ្យមេដឹកនាំវៀតណាមបន្តបង្កលក្ខណៈងាយស្រួលដល់បងប្អូនខ្មែរកម្ពុជាក្រោមអាចថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលនេះគឺជាការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគោរពប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់បងប្អូនខ្មែរកម្ពុជាក្រោម ពីលើការរៀបចំអង្គកឋិនទានជាលើកទីមួយរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់វត្តស្ថិតនៅក្នុងដែនដីកម្ពុជាក្រោមនាពេលកន្លងទៅនេះ។

ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់ថ្នាក់ដឹកនាំវៀតណាមដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺជាសារនយោបាយដែលផ្ដល់នូវភាពកក់ក្ដៅចំពោះបងប្អូនខ្មែរកម្ពុជាក្រោម ដែលបច្ចុប្បន្នកំពុងរស់នៅភាគខាងត្បូងប្រទេសវៀតណាមថា មេដឹកនាំខ្មែរពិតជាមានសមានចិត្ត និងនឹករឭក ក៏ដូចជាមានទឹកចិត្តស្រលាញ់បងប្អូនជាជាតិសាសន៍ខ្មែរទាំងអស់នៅគ្រប់ទិសទីនៅលើពិភពលោក។ ការយកចិត្តទុកដាក់ចំពោះ​ពលរដ្ឋ​របស់​ខ្លួននៅឯបរទេស គឺជាកាតព្វកិច្ចរបស់​មេដឹកនាំនិងរដ្ឋាភិបាលនៃប្រទេសនីមួយៗ ហើយការ​ជំរុញ​ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងភាព​ជាដៃគូល្អជាមួយបណ្ដាប្រទេស ដែល​ពលរដ្ឋ​ឬជាតិសាសន៍ខ្លួនរស់នៅ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំពារនិងគាំទ្រពលរដ្ឋទាំងនោះ។

បន្ថែមពីនេះ ប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោទៅកាន់មេដឹកនាំវៀតណាមនាពេលនេះ ក៏បានបង្ហាញផងដែរអំពី ស្មារតីស្រលាញ់ជាតិសាសន៍ខ្មែរដូចគ្នា បេះដូងដែលពោរពេញទៅដោយការគិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់ជនជាតិខ្មែរគ្រប់រូប នៅតែបន្តមាននៅក្នុងសន្ដានចិត្តរបស់មេដឹកនាំខ្មែរនាសម័យទំនើប។ ហេតុនេះ គួរតែដល់ពេលហើយដែលខ្មែរត្រូវរួបរួមគ្នាជាធ្លុងតែមួយ មានស្មារតីនិងមនសិកាស្នេហាជាតិយ៉ាងពិតប្រាកដ ហ៊ានបូជានិងលះបង់ផលប្រយោជន៍សួនតួរបស់ខ្លួននិងក្រុមខ្លួន ដើម្បីឧត្ដមប្រយោជន៍ប្រជាជាតិខ្មែរ ជាជាងការបំផុសបំផុល ញុះញង់ និងបំភ្លៃរឿងហេតុឬបង្កើតព្រឹត្តិការណ៍ណាមួយ ដែលនាំទៅដល់ការបែកបាក់ជាតិ ឬបង្កទៅជាអសន្តិសុខនិងភាពគ្មានសណ្ដាប់ធ្នាប់ ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។ ជាការពិតណាស់ គ្មាននរណាដែលស្រលាញ់ខ្មែរជាងប្រជាជននិងមេដឹកនាំ ដែលមានដើមកំណើតជាជនជាតិខ្មែរនោះទេ ហើយត្រង់ចំណុចនេះក៏បានគូសបញ្ជាក់ឱ្យយើងនឹកឃើញដល់សុភាសិតខ្មែរមួយឃ្លា ដែលបានលើកឡើងផងដែរថា «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ»។

គួរបញ្ជាក់ផងដែរថា ខុសប្លែកពីជនជាតិវៀតណាម ដែលមួយចំនួនធំគឺជាជនអន្តោប្រវេសន៍ ឬជាទេសន្តោប្រវេសន៍ទាំងស្របច្បាប់និងខុសច្បាប់ ដែលទើបធ្វើចំណាកស្រុកពីប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជា ជនជាតិខ្មែរនៅដែនដីកម្ពុជាក្រោម គឺជាជនជាតិដើមម្ចាស់ស្រុក ដែលបានរស់នៅនិងតាំងទីលំនៅតាំងពីយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្ត្រ ហើយបងប្អូនខ្មែរកម្ពុជាក្រោម ដែលសព្វថ្ងៃកំពុងរស់នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម គឺជាលទ្ធផលនៃការពុះជ្រៀកទឹកដីខ្មែរដោយបារាំងដែលជាអតីតប្រទេសដាក់អាណានិគមមកលើតំបន់ឥណ្ឌូចិន-បារាំង។ មានន័យថា ពលរដ្ឋកម្ពុជាក្រោមដើមកំណើតខ្មែរ ជាជនជាតិដែលបានបន្តរស់នៅលើទីតាំងនិងដែនដីដើមរបស់ខ្លួនដដែល គ្រាន់តែមានការផ្លាស់ប្ដូរការគ្រប់គ្រងដែលបារាំងបានកាត់ដែនដីនេះ ឱ្យស្ថិតទៅក្រោមការគ្រប់គ្រងរបស់វៀតណាម ក្រោយពីមហាអំណាចអាណានិគមនេះចាកចេញពីឥណ្ដូចិន-បារាំង ហើយផ្ដល់ឯករាជ្យភាពដល់ប្រទេសទាំងបីគឺ កម្ពុជា ឡាវ និងវៀតណាម។ ហេតុនេះ បងប្អូនខ្មែរកម្ពុជាក្រោម គឺជាជនម្ចាស់ស្រុកដែលបានបន្តរស់នៅលើទឹកដីរបស់ខ្លួន គប្បីត្រូវបានគោរពនិងផ្ដល់សិទ្ធិសេរីភាពខាងជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សជាដើម។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំ និងអាជ្ញាធរវៀតណាម គប្បីគួរតែផ្ដល់សិទ្ធិសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនខ្មែរកម្ពុជាក្រោម អាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនា ដែលខ្មែរកម្ពុជាក្រោម បានប្រកាន់ខ្ជាប់តាំងពីដើមតរៀងមកដល់បច្ចុប្បន្ន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 02:47 PM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជានឹងចូលរួមជាអធិបតីបើកសន្និសីទអន្តរជាតិតាមប្រព័ន្ធអនឡាញលើកទី១ ស្តីពី:ការអប់រំ ប្រឹក្សាគរុកោសល្យ

...រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទ...

2020-12-19 10:08:38   ថ្ងៃសៅរ៍, 19 ធ្នូ 2020 ម៉ោង 05:08 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សា ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្...

2020-12-18 05:18:52   ថ្ងៃសុក្រ, 18 ធ្នូ 2020 ម៉ោង 12:18 PM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM

សេចក្តីប្រកាស