ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់

2024-11-26 03:53:31 ថ្ងៃអង្គារ, 26 វិច្ឆិកា 2024 ម៉ោង 10:53 AM
អ្នកមើល 341
post_detail1

ស្ថានការណ៍សង្គ្រាម និងការប្រជែងនយោបាយនៅលើពិភពលោកបច្ចុប្បន្ន បាននាំពិភពលោកឆ្ពោះទៅរកស្ថានភាពហានិភ័យនៃសង្គ្រាមធំៗជាច្រើន ដែលបង្កភាពស្រពិចស្រពិលនៃសណ្ដាប់ធ្នាប់ និងសន្តិភាពពិភពលោក។ សង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ពោលគឺនៅតំបន់ហ្កាហ្សា បានឡើងកម្ដៅកាន់តែខ្លាំង ដែលធ្វើឱ្យពិភពលោកប្រឈមភយន្តរាយ ហាក់បីដូចជាពិភពលោកហៀបនឹងចូលមកដល់មាត់ជ្រោះនៃសង្គ្រាមលោកទី៣។ ខណៈដែលសណ្ដាប់ធ្នាប់និងសន្តិភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ កម្ពុជាកំពុងតែបន្តដំណើរការសេដ្ឋកិច្ចនិងសង្គមនៅក្នុងបរិបទនៃសន្តិភាព ប៉ុន្តែសន្តិភាពនេះ មិនអាចភ្លេចខ្លួនបានទេ ពោលកម្ពុជាត្រូវតែផ្ដោតជាសំខាន់ទៅលើការថែរក្សាសន្តិភាពនេះឱ្យបានមុតមាំ។ ប្រជាពលរដ្ឋនិងក្រុមអ្នកនយោបាយមួយចំនួនអាចនឹងភ្លេចនូវសង្គ្រាមដែលញាំញីរាប់ទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា ដោយសារតែបានរស់នៅនិងរីករាយជាមួយនឹងភាពសម្បូរសប្បាយអស់រយៈពេលរាប់ទសវត្សរ៍កន្លងទៅហើយ ពោលគឺរាប់ចាប់តាំងពីឆ្នាំ១៩៩១ មានរយៈពេលជាង៣០ឆ្នាំមកហើយ ដែលកម្ពុជាទទួលបានសន្តិភាព ឬបើរាប់ពីពេលដែលកម្ពុជាទទួលបានសន្តិភាពនិងសន្តិសុខពេញលេញ ពីឆ្នាំ១៩៩៨មក មានរយៈពេល២៦ឆ្នាំកន្លងទៅហើយ។

ថ្វីដ្បិតតែការរស់នៅក្នុងសន្តិភាព ហាក់ធ្វើឱ្យបុគ្គលមួយចំនួនភ្លេចខ្លួននិងពុំសូវផ្ដល់តម្លៃទៅដល់សុខសន្តិភាព ដែលមេដឹកនាំកម្ពុជាខិតខំប្រឹងប្រែងដណ្ដើមយកមកយ៉ាងលំបាកទៅហើយក្ដី ក៏គេត្រូវតែចងចាំថាសន្តិភាពពិបាកនឹងស្វែងរកនិងសម្រេចឱ្យបានខ្លាំងណាស់ ប៉ុន្តែសន្តិភាពពិតជាងាយនឹងបាត់បង់ទៅវិញដោយងាយបំផុត ប្រសិនបើមេដឹកនាំ អ្នកនយោបាយ និងប្រជាពលរដ្ឋនៃប្រទេសមួយ មិនអាចរក្សានូវការឯកភាព សាមគ្គីភាព និងការគោរពរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ដែលមានជាធរមាននៅក្នុងសង្គមនោះទេ។ គេមិនត្រូវបំភ្លេចចោលនូវគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាពនោះទេ ហើយកម្ពុជាត្រូវតែពង្រឹងស្ថិរភាពសង្គម និងសមត្ថភាពជាតិឱ្យបានរឹងមាំបំផុត។

ស្ថិរភាពសង្គម ពិតជាមានសារៈសំខាន់ណាស់ដើម្បីរក្សាបានសន្តិភាពនិងការអភិវឌ្ឍ ព្រោះប្រសិនបើគ្មានស្ថិរភាពសង្គមនោះទេ គេមិនអាចធានាបាននូវដំណើរការជាប្រក្រតីភាពនៃសេវាសាធារណៈចាំបាច់នានា ដែលរដ្ឋត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋនោះទេ ហើយក៏គេមិនអាចមានពេលវេលានៅក្នុងការគិតគូរទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមូលដ្ឋានចម្បងៗនានា ដើម្បីបម្រើឱ្យផលិតកម្ម ពាណិជ្ជកម្ម និងការដឹកជញ្ជូនបាននោះដែរ។ សង្គមមួយដែលគ្មានស្ថិរភាព មិនអាចទាក់ទាញអ្នកវិនិយោគឱ្យបណ្ដាក់ទុននៅក្នុងវិស័យនានា ដើម្បីជំរុញក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខបាននោះដែរ។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ថែរក្សាស្ថិរភាពសង្គម ដោយទប់ស្កាត់ចរន្តបំផុសបំផុលមហាជនឱ្យជឿព័ត៌មានមិនពិត និងការបំប៉ោងបញ្ហានានាឱ្យក្លាយទៅជាចរន្តប្រឆាំងនឹងផលប្រយោជន៍ជាតិ ឬឈានទៅដល់ការធ្វើបដិវត្តន៍ដែលបំផ្លាញសន្តិភាពនិងការអភិវឌ្ឍសង្គម។

បន្ថែមពីនេះ រាជរដ្ឋាភិបាលត្រូវតែផ្ដោតការយកចិត្តទុកដាក់នៅក្នុងការពង្រឹងសមត្ថភាពជាតិផងដែរ តាមរយៈការពង្រឹងសមត្ថភាពនៃធនធានមនុស្សដែលមានបច្ចុប្បន្ន និងទៅអនាគត ដើម្បីឱ្យកម្ពុជាមានភាពស៊ាំគ្រប់គ្រាន់ ឆ្លើយតបទៅនឹងវិបត្តិនិងការផ្លាស់ប្ដូរឥតឈប់ឈរជាបន្តបន្ទាប់របស់ពិភពលោក។ វិបត្តិពិភពលោកតែងតែកើតមានឡើងជាបន្តបន្ទាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ហើយផ្លាស់ប្ដូរ ឬកើនឡើងកម្ដៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ព្រោះនៅគ្រប់តំបន់ទាំងអស់នៅលើពិភពលោកសុទ្ធសឹងតែមានការប្រកួតប្រជែងជារៀងដរាប ខណៈមនុស្សនៅលើផែនដីនេះ បានកើនឡើងរហូតដល់ជាង៨ពាន់លាននាក់រួចទៅហើយ។ ហេតុនេះ ការប្រជែងរវាងបណ្ដាប្រទេសលើពិភពលោក ដើម្បីកំណើនសេដ្ឋកិច្ចនិងសង្គម ឆ្លើយតបទៅនឹងកំណើនប្រជាជនរបស់ខ្លួន ពិតជារឿងចាំបាច់ និងមិនអាចចៀសផុតបានឡើយ។បច្ចុប្បន្ន នៅកម្ពុជាមានវេទិកាអន្តរជាតិជាច្រើនត្រូវបានរៀបចំនៅកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចែករំលែកទស្សនាទានសន្តិភាពរបស់សម្ដេចទៅដល់បណ្ដាមេដឹកនាំ និងប្រមុខដឹកនាំគណបក្សនយោបាយនានាលើពិភពលោកផងដែរ ដែលបានអញ្ជើញមករាជធានីភ្នំពេញ និងខេត្តសៀមរាប ពិសេសមេដឹកនាំនិងប្រមុខគណបក្សនយោបាយនានា ដែលបានចូលរួមកិច្ចប្រជុំអន្តរសភានៅរាជធានីភ្នំពេញជាដើម។ ការចែករំលែកទស្សនាទានសន្តិភាពនេះ ពិតជាមានតម្លៃណាស់ បើទោះបីជាដំណើរការស្វះស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ មានភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀតក៏ដោយក្ដី ក៏ប៉ុន្តែទស្សនាទានសន្តិភាពដែលមេដឹកនាំកម្ពុជាសម្រេចបាននាពេលកន្លងទៅ គឺជាបទពិសោធន៍ដែលបណ្ដាប្រទេសនានាអាចដកស្រង់ និងយកធ្វើជាទឡ្ហីករណ៍ ដើម្បីដោះស្រាយបញ្ហាកើតមាននៅក្នុងប្រទេសឬតំបន់របស់ខ្លួន ស្របតាមសិល្បៈនៃការដឹកនាំ និងស្ថានភាពពិតជាក់ស្ដែងនៅទីនោះផងដែរ។ ជាការពិតណាស់ មនុស្សទាំងអស់ដែលរស់នៅក្នុងសម័យទំនើបនិងស៊ីវិល័យ អាចនឹងភ្លេចអំពីគុណតម្លៃនៃសុខសន្តិភាព ហើយការចែករំលែកទស្សនាទានសន្តិភាព ក៏ជាការក្រើនរំឭកបន្ថែមទៀត ឱ្យមនុស្សជាតិនៅបន្តចងចាំនិងថែរក្សាឱ្យបានខ្ជាប់ខ្ជួននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការអភិវឌ្ឍជាតិ និងធានាបាននូវសុខុមាលភាពនិងសុខដុមនីយកម្មនៃប្រជាជាតិនីមួយៗនៅលើពិភពលោក៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បោកខោអាវក្នុងផ្ទះ ជាភាពចាំបាច់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...

2018-09-11 04:24:56   ថ្ងៃអង្គារ, 11 កញ្ញា 2018 ម៉ោង 11:24 AM
«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»

អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ដៅ​​រៀបចំ​​គម្រោង​​​សិក្សា​ពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជា​ចំណែក​​​មួយ​​ដែល​ថ្...

2018-09-08 09:59:36   ថ្ងៃសៅរ៍, 08 កញ្ញា 2018 ម៉ោង 04:59 PM
«ថ្ងៃនេះ ឆ្នាំមុន គឺគម្រប់ខួបមួយឆ្នាំនៃពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អគារខេមរវិទូ»

បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...

2018-09-07 07:35:15   ថ្ងៃសុក្រ, 07 កញ្ញា 2018 ម៉ោង 02:35 PM
«ការងារ និងសុខភាព»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជ...

2018-09-06 10:11:01   ថ្ងៃព្រហស្បតិ៍, 06 កញ្ញា 2018 ម៉ោង 05:11 PM
«អភិក្រមទាំង៥ត្រូវបានយកមកអនុវត្ដជាលើកដំបូងសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...

2018-09-04 05:17:50   ថ្ងៃអង្គារ, 04 កញ្ញា 2018 ម៉ោង 12:17 PM
«ការបង្កើនប្រសិទ្ធភាព និងវិន័យការងារនៅតាមវិទ្យាស្ថានចំណុះ»

«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...

2018-09-04 04:00:56   ថ្ងៃអង្គារ, 04 កញ្ញា 2018 ម៉ោង 11:00 AM

សេចក្តីប្រកាស