ព័ត៌មាន

ករណីដែនសមុទ្រត្រួតស៊ីគ្នា៖ កម្ពុជា-ថៃ ត្រូវបន្តដោះស្រាយ ដោយសន្តិវិធី

2024-11-23 13:48:04 ថ្ងៃសៅរ៍, 23 វិច្ឆិកា 2024 ម៉ោង 08:48 PM
អ្នកមើល 148
post_detail1

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មេដឹកនាំកម្ពុជាគឺ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់បកស្រាយអំពីករណីកោះគុត និងអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃឆ្នាំ២០០១ ឬហៅថា MOU-2001 គឺជាដំណាក់កាលការងារបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដែលមន្ត្រីបច្ចេកទេសនៃប្រទេសទាំងពីរបានធ្វើកិច្ចការងារ និងចរចាជាមួយគ្នាជាហូរហែរកន្លងមកនេះ។ ទោះជាយ៉ាងណា ពុំទាន់មានការព្រមព្រៀងគ្នាណាមួយទៅលើអធិបតេយ្យ និងផលប្រយោជន៍សេដ្ឋកិច្ចផ្សេងៗនៅក្នុងតំបន់ត្រួតស៊ីគ្នាដែលត្រូវបែងចែកនៅឡើយនោះទេ។

យោងតាមលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បើគេក្រឡេកមើលទៅដើមហេតុនៃការលើកប្រធានបទនេះឡើង ក្រុមនយោបាយប្រឆាំងជ្រុលនិយមមួយចំនួនតូចនៃប្រទេសទាំងពីរ ហាក់បីកំពុងទាញយកករណីបញ្ហាអធិបតេយ្យលើកោះគុត និងតំបន់សមុទ្រត្រួតស៊ីគ្នា នៃប្រទេសពីរនេះ ធ្វើជារបៀបវារៈនយោបាយផ្សេងៗគ្នារបស់អ្នកនយោបាយដែលមានទស្សនៈយល់ឃើញផ្ទុយពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ បើតាមលោកបណ្ឌិត អ្នកនយោបាយប្រឆាំងជ្រុលនិយមមួយចំនួនតូចនៃប្រទេសទាំងពីរ បានព្យាយាមរុញច្រានស្ថានការណ៍ទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យកើនកម្ដៅតានតឹង នៅក្នុងរូបភាពដុតរោលកំហឹងជាតិនិយមរបស់ប្រជាជនប្រទេសទាំងពីរ ឱ្យប្រតិកម្មទៅនឹងរដ្ឋាភិបាលរបស់ខ្លួន ក្នុងគោលបំណងបង្កើតជាព្រឹត្តិការណ៍សង្គម ដើម្បីបម្រើឱ្យរបៀបវារៈនយោបាយជាក់លាក់របស់ក្រុមខ្លួន ដែលលាក់ពីក្រោយខ្នងនៃការបំផុសបំផុលស្មារតីជាតិនិយមជ្រុលនេះ។

ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ទាំងការបែងចែកដែនអធិបតេយ្យ និងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីតំបន់នេះ ពុំទាន់មានការឯកភាពគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះឡើយ។ បន្ថែមពីនេះ ការកំណត់ព្រំដែនសមុទ្រនៅតំបន់នេះ គឺផ្អែកទៅលើមូលដ្ឋានមរតកលិខិតបទដ្ឋានគតិយុត្តិនានាដែលបន្សល់ដោយអាណានិគមបារាំង ដែលស្របនឹងច្បាប់ជាតិ/អន្តរជាតិជាធរមាន ពោលគឺត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិមួយពាក់ព័ន្ធនឹងព្រំដែនគឺ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំងសរសេរថា «Uti Possidetis» មានន័យថាបន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី និងឯកសារពាក់ព័ន្ធនានា (ក្នុងនោះមានសន្ធិសញ្ញាឆ្នាំ១៩០៧ផងដែរ)។

បើទោះបីជាបែបនេះក្ដី លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា នៅមានចំណុចខ្លះទៀតដែលអាណានិគមបារាំងបានបន្សល់នូវបញ្ហាព្រំដែនរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង ដូចជាករណីជាមួយប្រទេសថៃជាដើម ដែលទាមទារឱ្យអ្នកបច្ចេកទេសព្រំដែន នៃប្រទេសភូមិផងរបងជាមួយគ្នា ត្រូវធ្វើការងារលម្អិតឱ្យបានស៊ីជម្រៅ និងច្បាស់លាស់បន្ថែមទៀត ដើម្បីឈានទៅកំណត់ព្រំដែនមួយដ៏ច្បាស់លាស់ និងអាចទទួលយកបានពីសំណាក់ប្រទេសទាំងពីរ។

លោកបណ្ឌិតបានបន្តថា នៅក្នុងកិច្ចការងារព្រំដែននេះ មានភាពស្មុគស្មាញ និងត្រូវការការចរចា និងសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ និងប្រកបដោយការគិតគូរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយបំផុត ហើយភាគីប្រទេសជិតខាងមិនអាចទាត់ចោលនូវការធ្វើកិច្ចការរួមគ្នាប្រកបដោយមិត្តភាព និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យស៊ីជម្រៅ និងមានការយោគយល់គ្នាខ្ពស់បំផុត ដើម្បីសម្រេចបាននូវគោលដៅនៃការកែប្រែតំបន់ព្រំដែន ក្លាយទៅជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការល្អនៅគ្រប់វិស័យទាំងអស់។ បន្ថែមពីនេះ ប្រសិនបើបញ្ហាព្រំដែន មិនត្រូវបានដោះស្រាយឱ្យបានរួចរាល់ចប់សព្វគ្រប់នោះទេ ភាគីទាំងពីរសុទ្ធសឹងតែមិនអាចទាញយកផលប្រយោជន៍ និងអាស្រ័យផលទៅលើធនធាន​ដែលមាននៅក្នុងតំបន់ពុំទាន់ដាច់ស្រេចនេះនោះឡើយ។ ហេតុនេះហើយ ប្រទេសទាំងពីរ កម្ពុជា-ថៃ ត្រូវការចូលរួមធ្វើការងារជាមួយគ្នានៅគ្រប់កាលៈទេសៈ ដើម្បីដោះស្រាយបញ្ចប់បញ្ហាដែលពុំទាន់មានការឯកភាពគ្នានៅលើតំបន់ព្រំដែននេះ។

ពិតប្រាកដណាស់ គេពុំអាចលើកព្រំដែនកម្ពុជាចេញពីប្រទេសជិតខាងណាមួយនោះឡើយ ហើយប្រទេសជិតខាងកម្ពុជា ក៏ពុំអាចលើកព្រំដែនចេញផុតពីប្រទេសកម្ពុជាដូចគ្នាដែរ។ ហេតុនេះហើយ អ្នកនយោបាយនៃប្រទេសទាំងពីរ បើទោះបីជាមាននិន្នាការ និងទស្សនៈមិនស្របគ្នាទៅនឹងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្ដី ក៏គប្បីគួរតែពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើហេតុផលដូចបានរៀបរាប់ខាង​លើ។ គេមិនអាចទាមទារទៅតាមអារម្មណ៍ប្រាថ្នាចង់បាន ឬការស្រមើលស្រមៃរបស់ខ្លួននោះឡើយ ព្រោះនៅក្នុងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ និងការកំណត់ព្រំដែនសីមារវាងប្រទេសនីមួយៗ ត្រូវផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានតម្លៃជាសាកល។ ម្យ៉ាងវិញទៀត ការទាមទារឬដុតរោលបញ្ហាទាំង​ឡាយរបស់អ្នកនយោបាយមួយក្រុមតូចនៃប្រទេសទាំងពីរ មិនគួរធ្វើឱ្យទៅហួសឆ្ងាយពីទិដ្ឋភាពច្បាប់អន្តរជាតិ ទិដ្ឋភាពនយោបាយ និងគោលការណ៍ព្រំដែនមិនកែប្រែបន្សល់ដោយអាណានិគម (Uti Possidetis) នោះឡើយ។

ជាមួយគ្នានេះដែរ អ្នកនយោបាយគួរតែសិក្សា និងពិនិត្យពិចារណាឱ្យបានល្អិតល្អន់បន្ថែមទៀត ទៅលើភាពសុក្រឹត្យនិងជាក់លាក់នៃឯកសារដែលខ្លួនយកមកធ្វើជាអំណះអំណាង ឬយកធ្វើជាមូលដ្ឋាននៅក្នុងការត្រិះរិះពិចារណាទៅលើបញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងផលប្រយោជន៍ប្រទេសជាតិ ព្រោះអ្នកនយោបាយមិនត្រូវបំពេញមុខងារនយោបាយរបស់ខ្លួន ដោយខ្វះខាតការពិចារណាគ្រប់ជ្រុងជ្រោយ ឬមាន​ភាពចន្លោះប្រហោងដោយប្រការណាមួយនោះឡើយ ព្រោះការណ៍នេះ អាចនឹងបណ្ដាលឱ្យបាត់​បង់​ឬខូចខាតនូវឧត្ដមប្រយោជន៍ជាតិនៅក្នុងជ្រុងណាមួយជាក់ជាពុំខានឡើយ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរគប្បីបន្តរក្សានូវគោលជំហរគោរពនិងអនុវត្តច្បាប់​និងគោលការណ៍អន្តរជាតិជាធរមាន ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងនៅក្នុខលិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធនានា។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏គួរតែបន្តការគោរពគ្នានៅក្នុងភាពជាអ្នកជិតខាងល្អ បង្ហាញឱ្យឃើញនូវឆន្ទៈឱ្យតម្លៃគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌសមាជិកអង្គការសហប្រជាជាតិ និងទាំងក្នុងក្របខ័ណ្ឌសាមជិកអាស៊ាន។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទាំងពីរ ត្រូវបង្ហាញនូវរូបភាពនៃការថែរក្សាចំណងមិត្តភាពនិងកិច្ចសហប្រតិ​បត្តិការល្អជាមួយគ្នា តាមរយៈការបន្តឆន្ទៈដោះស្រាយបញ្ហាដោយសន្តិវិធី និងការជជែកចរចាគ្នាដោយប្រកបដោយភាពស្មើមុខមាត់នៅក្នុងករណីនេះ ចៀសវាងការសម្រេចចិត្តដោយ​ឯកតោភាគី ដោយទាត់ចោលភាគីម្ខាងទៀតនោះឡើយ។ ហេតុនេះហើយ កម្ពុជានិងថៃ ត្រូវតែរក្សាគោលការណ៍ទំនាក់ទំនងគោរពគ្នាទៅវិញទៅមក ការផ្ដល់តម្លៃលើគោលការណ៍ជាអន្តរជាតិ និងបន្តរក្សាភាពជាអ្នកជិតខាងល្អនឹងគ្នាបន្តទៅទៀត។

ជារួម រដ្ឋាភិបាលទាំងពីរត្រូវតែដោះស្រាយបញ្ហាអធិបតេយ្យភាពនេះដោយ៖

- ឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តិដែលបានធ្វើឡើងនៅក្នុងសម័យអាណានិគមបារាំង ដែលបានចុះសន្ធិសញ្ញា-សៀម និងសម័យកាលក្រោយៗមកទៀត

- រក្សាយន្តការពាក់ព័ន្ធដែលមេដឹកនាំប្រទេសទាំងពីរបានដាក់ចេញកន្លងមក

- ខិតខំរិះរកការចរចានិងបន្តការសម្របសម្រួលលើចំណុចខ្វែងគំនិតគ្នា ដើម្បីធានាថាបានគោរពផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

សាធារណជន ក៏ដូចជាអ្នកនយោបាយក៏តោងជ្រាបផងដែរថា ការចរចាដោះស្រាយទំនាស់ព្រំដែនរវាង រដ្ឋនិងរដ្ឋ មិនអាចចង់បានលឿនរហ័ស ឬចង់បានចំណេញតែម្ខាងៗបាននោះទេ ពោលគឺបើទោះជាយឺត ក៏ប៉ុន្តែត្រូវធានាថាមិនខាតបង់អធិបតេយ្យខាងណាមួយបានឡើយ៕

 

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ភាពអសមត្ថភាព និងភាពអសកម្មរបស់មន្ដ្រីជាហានិភ័យសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។វិទ្យាស្ថាន...

2018-09-28 04:45:20   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:45 AM
«ក្រុងកំពតនឹងត្រូវបានចុះបញ្ជី ជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត ន...

2018-09-28 04:05:07   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:05 AM
«ការទាញសន្លឹកឆ្នោត និងការបញ្ជាក់ពីគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨នៅ​ទូទាំង​អាម៉េរិក ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឬនឹង​ធ្វើ​ការ​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្...

2018-09-28 02:49:27   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 09:49 AM
«ក្រុមហ៊ុនអាម៉េរិកជាង ១០ កំពុងសម្លឹងមើល ឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។...

2018-09-28 02:22:00   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 09:22 AM
ពិធីបិទសិក្ខាសាលាស្តីពីសៀវភៅភាសាខ្មែរ

                         ភាសាមានការប្រែប្រួល តែអក្ខរាវិរុទ្ធមិនងាយប្រែប្រួលនោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភា...

2018-09-27 18:12:10   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 01:12 AM
«កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង»

កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក នៅថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនបានទទូ...

2018-09-27 07:24:27   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 02:24 PM

សេចក្តីប្រកាស