ព័ត៌មាន

បញ្ហាគ្រឿងស្រវឹង៖ ដល់ពេលដែលកម្ពុជាត្រូវគិតគូរផលប្រយោជន៍ទាំងនៅក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋហើយ

2024-11-22 08:55:12 ថ្ងៃសុក្រ, 22 វិច្ឆិកា 2024 ម៉ោង 03:55 PM
អ្នកមើល 619
post_detail1

បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់អាជ្ញាបណ្ណថ្មីទៅដល់ក្រុមហ៊ុនដែលមានបំណងផលិតស្រាបៀរផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលកម្ពុជាត្រូវចាប់ផ្ដើមត្រួតពិនិត្យទៅលើការទទួលទានស្រា និងស្រាបៀរដែលមានលក្ខណៈសេរី បើកចំហរទូលំទូលាយខ្លាំងដូចបច្ចុប្បន្ននេះហើយ ខណៈដែលការផលិត ផ្សព្វផ្សាយ និងទទួលទានគ្រឿងស្រវឹង ហាក់មិនទាន់មានការរឹតត្បិតឬហាមប្រាមកម្រិតនៃការទទួលនោះឡើយ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា កន្លងមក យោងតាមការកំណត់ចំណាត់ថ្នាក់ដោយស្ថាប័នមិនមែនរដ្ឋាភិបាលនៅឯបរទេស ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមានប្រជាជនទទួលទានគ្រឿងស្រវឹង ដ៏ច្រើនមួយ ដែលការណ៍នេះពុំបានបង្ហាញនូវរូបភាពជាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិនោះឡើយ។

បន្ថែមពីនេះ ការបណ្ដែតបណ្ដោយឱ្យពលរដ្ឋទទួលគ្រឿងស្រវឹងដោយសេរី ដោយគ្មានរឹតត្បិតឬហាមប្រាមឱ្យបានតឹងរ៉ឹង ពិតជាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ និងសុខុមាលភាពសាធារណៈ ពិសេសចំពោះបុគ្គលជាអ្នកសេពគ្រឿងស្រវឹងដោយផ្ទាល់។ លោកបណ្ឌិត យង់ ពៅ អះអាងថា ការសម្រេចលែងផ្ដល់អាជ្ញាបណ្ណថ្មីបន្ថែមដល់ក្រុមហ៊ុនផលិតស្រាបៀរដែលផលិតសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកនេះ គឺជាការសម្រេចចិត្តដែលធ្វើឡើងចំពេលវេលាដ៏ស័ក្តិសម ខណៈបច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិតស្រាបៀរនៅក្នុងស្រុកចំនួន៧ រួចទៅហើយ។

លោកបណ្ឌិតបានមានប្រសាសន៍គូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពសង្គម ប្រជាជនមួយចំនួនមាននិន្នាការប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតខ្ពស់ខ្លាំង ដោយមានការឈូឆរនិងទោរទន់ទៅរកការទទួលគ្រឿងស្រវឹងតាមគ្នាជាបន្តបន្ទាប់ ក្នុងពេលដែលយុវជនវ័យក្មេងពុំទាន់គ្រប់អាយុ ក៏ត្រូវបានគេមើលឃើញថា ចាប់ផ្ដើមមានទំនោរឆាប់ទទួលទានគ្រឿងស្រវឹងទាំងខ្លួនមិនទាន់គ្រប់អាយុ ដោយពួកគេត្រូវបានទាក់ទាញដោយមិត្តភ័ក្តិ ឬគូកនរបស់ខ្លួន ដែលមានខ្លះមាននិន្នាការទទួលគ្រឿងស្រវឹងដោយសារចង់បានរង្វាន់ ឬដោយសារតែសារផ្សព្វផ្សាយផ្សេងៗពីសំណាក់ឧស្សាហកម្មគ្រឿងស្រវឹង ដែលទាក់ទាញអ្នកប្រើប្រាស់ឱ្យមានបំណងសេពគ្រឿងស្រវឹងជាដើម។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានចោទជាសំណួរអំពីគុណភាពនៃផលិតផលគ្រឿងស្រវឹង ដែលមានស្រាបៀរខ្លះបានទាក់ទាញអ្នកទទួលទាន តាមរយៈការបញ្ចុះថ្លៃ ឬតាមរយៈការលក់ដោយមានការផ្ដល់ជូនបន្ថែមផ្សេងៗជាដើម។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីផលប៉ះពាល់នៃគ្រឿងស្រវឹងចំពោះអ្នកទទួលទាន ដូចជាការកើតជំងឺក្រិនថ្លើម ជំងឺក្រពះ-ពោះវៀន ការដុះក្បាល ឬបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត ដែលបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងលើសកម្រិត។ ចំពោះសារដែលលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រ លោកបណ្ឌិត បានអះអាងថា នេះគឺជាសម្លេងជួងដាស់ស្មារតីរបស់ប្រជាពលរដ្ឋ ឱ្យគិតពិចារណាអំពីផលប៉ះពាល់បណ្ដាលមកពីការទទួលគ្រឿងស្រវឹង។ ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត បញ្ហានេះទាមទារឱ្យមានការចូលរួមពីមនុស្សជាទូទៅ រាប់ចាប់តាំងពីថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាការចូលរួមពីគ្រប់មជ្ឈដ្ឋាន រាប់ទាំងក្នុងវិស័យអប់រំ បរិស្ថានអប់រំ និងសមាជិកនៅក្នុងក្រុមគ្រួសារនីមួយៗ ត្រូវចូលរួមអប់រំណែនាំ និងជំរុញឱ្យអ្នកសេពគ្រឿងស្រវឹង ត្រូវកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិតដូចបច្ចុប្ប​ន្ន។

លោកបណ្ឌិតបានបន្ថែមទៀតថា បើទោះបីជានៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ឧស្សាហកម្មគ្រឿងស្រវឹង ពិតជាបានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធចូលរដ្ឋក៏ដោយក្ដី ប៉ុន្តែប្រសិនបើសេដ្ឋកិច្ចប្រទេសជាតិមួយ រំពឹងខ្លាំងពេកទៅលើពន្ធទទួលបានពីឧស្សាហកម្មផលិតគ្រឿងស្រវឹង នោះសុខភាពប្រជាជនប្រទេសនោះ នឹងប្រឈមហានិភ័យខ្ពស់ ក៏ដូចជាបញ្ហាសង្គមផ្សេងៗ ប្រឈមនឹងកង្វះធនធានមនុស្សប្រកបដោយគុណភាពនិងសុខភាពល្អ ព្រោះទាំងបង្កការខាតបង់ដល់វិស័យសុខុមាលភាពសាធារណៈថែមទៀតផង ព្រោះរដ្ឋត្រូវរ៉ាប់រងទៅលើការចំណាយនិងព្យាបាលប្រជាពលរដ្ឋ ដែលធ្លាក់ខ្លួនឈឺដោយសារតែការទទួលទាន់គ្រឿងស្រវឹងក្នុងចំនួនច្រើន។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានបកស្រាយថា ប្រសិនបើកម្ពុជាតម្លើងពន្ធលើផលិតផលគ្រឿងស្រវឹងដើម្បីបង្កើតថ្លៃលក់គ្រឿងស្រវឹង ក្នុងគោលបំណងជំរុញកាត់បន្ថយនិន្នាការទទួលគ្រឿងស្រវឹងរបស់ប្រជាពលរដ្ឋ គឺជារឿងដ៏ប្រសើរមួយ ព្រោះគេនឹងអាចធានាសុខុមាលភាពរបស់ប្រជាជនបានកាន់តែប្រសើរ និងកាត់បន្ថយបន្ទុយចំណាយថវិកាជាតិថែមទៀតផង។ លោកបណ្ឌិតបន្តថា ការកាត់បន្ថយបាននូវការទទួលគ្រឿងស្រវឹងច្រើនលើសកម្រិត ក៏ធានាបានថា ប្រទេសមួយនឹងមានធនធានមនុស្សប្រកបដោយថាមពល ចំណេះដឹង កម្លាំងពលំ និងមានជំនាញកាន់តែប្រសើរឡើងបន្ថែមទៀត។

បន្ថែមពីនេះ នៅក្នុងទិដ្ឋភាពច្បាប់ កម្ពុជាគួរតែចាប់ផ្ដើមជំរុញការតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធានាការពារសុខុមាលភាពប្រជាជន តាមរយៈការចាត់វិធានការបង្ការការទិញ-លក់ និងទទួលទានគ្រឿងស្រវឹងដោយយុវជនវ័យក្មេង ដែលពុំទាន់គ្រប់អាយុ ការទទួលទានគ្រឿងស្រវឹងហួសកម្រិត និងការកំណត់ពេលវេលាដែលត្រូវដាក់លក់គ្រឿងស្រវឹងជាដើម។ ជាការពិតណាស់ គេមិនអាចហាមឃាត់ ឬបិទមិនឱ្យមានការលក់ដូរ ឬទទួលទានគ្រឿងស្រវឹងនោះទេ ព្រោះអ្នកទទួលទានគ្រឿងស្រវឹងមិនមែនមានតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជនបរទេសដែលចូលមកក្នុងប្រទេសកម្ពុជាទាំងជាភ្ញៀវទេសចរ ឬអ្នកវិនិយោគ ក៏មានតម្រូវការទទួលទានគ្រឿងស្រវឹងនៅក្នុងឱកាសនានាផងដែរ។ បើទោះបីជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាលត្រូវតែផ្ដោតជាសំខាន់ទៅលើការគាំពារ និងបង្ការហានិភ័យផ្នែកសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្លួនជាចាំបាច់។

ទោះជាយ៉ាងណា ឆន្ទៈនិងការសម្រេចចិត្តខាងនយោបាយគឺជារឿងសំខាន់ ដើម្បីឱ្យការគិតគូរពិចារណាអំពីការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ដូចដែលបានរៀបរាប់ខាងលើនេះ អាចសម្រេចទៅបានដោយភាពជោគជ័យ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ព្រះ​មហាក្សត្រនៃព្រះរាជាណាកច្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យស្ដេច​យាង​ចូល​រួម​ពិធី​លៀង​សាយភោជ​ នា​វិមាន​សភា​ប្រជាជន​ចិន​ តបតាមសេចក្តីក្រាប​បង្គំ​ទូល​ថ្វាយ​សូមយាង​របស់​ ឯកឧត្តម​ សុី​ ជីន​ភីង​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន...»

កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អ...

2018-10-02 04:24:21   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 11:24 AM
«កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតក្នុងប្រទេសតួកគីនិងប៊ុលហ្គារី»

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨បើយោងតាមការផ្សាយព័ត៌មានរបស់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គឺកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន២ទៀតនៅឆ្នាំ ២០១៩ខាងមុខគឺនៅសាធារណរដ...

2018-10-02 03:58:29   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:58 AM
«កម្ពុជាទទួលចំណូលជាង៨៥លានដុល្លារបានពីការលក់សំបុត្រចូលទស្សនាអង្គរនៅរយៈពេល៩ខែ ឆ្នាំនេះថវិកាជិត៤លានដុល្លារ ត្រូវឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា»

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(សៀមរាប)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះកម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្ កាលពីឆ្នាំ២០១៧។នេះតាមរបាយក...

2018-10-02 03:52:02   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:52 AM
«អ្នកទោសជាង៣០០នាក់នឹងត្រូវនាយករដ្ឋមន្ត្រីស្នើសុំលើកលែងនិងបន្ថយទោស»

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨​យោងតាមការផ្សាយព័ត៌មានរបស់ភ្នំពេញប៉ុស្តិ៍ ថាមានអ្នកទោសចំនួន៣១៩នាក់នឹងត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះត...

2018-10-02 03:40:36   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:40 AM
«៦៧% នៃ​ពលរដ្ឋ​ពេញ​វ័យ​នៅ​កម្ពុជា កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ»

ថ្ងៃអង្គារ ទី២​ ខែតុលា ឆ្នាំ២០១៨បច្ចុប្បន្ន​អត្រា​នៃ​ប្រជាជន​ពេញវ័យ ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នេះ​មាន​ការ​កើនឡើង​ខ្ពស់ រហូតដល់​៦៧% បើ​ធៀប​កាលពីមុន​មាន​ត្រឹម​ក្រោម​១០%​ប៉ុណ្ណោះ។នេះ​បើ​យោង​តាម​ការ...

2018-10-02 03:29:24   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:29 AM
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការកែសម្រួលខ្សែរត់រថយន្តក្រុងចាស់

សេចក្តី​ជូន​ដំណឹង៖​ ស្តីពី​ការ​កែសម្រួល​ខ្សែ​រត់​រថយន្ត​ក្រុង​ចាស់​ និង​បន្ថែម​បណ្ដាញ​ខ្សែ​រត់​ថ្មី​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​(City Bus) រាជធានីភ្នំពេញ​។ស្វែងយល់ពីស្លាកសំគាល់រ...

2018-10-02 03:07:52   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:07 AM

សេចក្តីប្រកាស