Royal Academy of Cambodia
បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់អាជ្ញាបណ្ណថ្មីទៅដល់ក្រុមហ៊ុនដែលមានបំណងផលិតស្រាបៀរផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលកម្ពុជាត្រូវចាប់ផ្ដើមត្រួតពិនិត្យទៅលើការទទួលទានស្រា និងស្រាបៀរដែលមានលក្ខណៈសេរី បើកចំហរទូលំទូលាយខ្លាំងដូចបច្ចុប្បន្ននេះហើយ ខណៈដែលការផលិត ផ្សព្វផ្សាយ និងទទួលទានគ្រឿងស្រវឹង ហាក់មិនទាន់មានការរឹតត្បិតឬហាមប្រាមកម្រិតនៃការទទួលនោះឡើយ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា កន្លងមក យោងតាមការកំណត់ចំណាត់ថ្នាក់ដោយស្ថាប័នមិនមែនរដ្ឋាភិបាលនៅឯបរទេស ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមានប្រជាជនទទួលទានគ្រឿងស្រវឹង ដ៏ច្រើនមួយ ដែលការណ៍នេះពុំបានបង្ហាញនូវរូបភាពជាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិនោះឡើយ។
បន្ថែមពីនេះ ការបណ្ដែតបណ្ដោយឱ្យពលរដ្ឋទទួលគ្រឿងស្រវឹងដោយសេរី ដោយគ្មានរឹតត្បិតឬហាមប្រាមឱ្យបានតឹងរ៉ឹង ពិតជាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ និងសុខុមាលភាពសាធារណៈ ពិសេសចំពោះបុគ្គលជាអ្នកសេពគ្រឿងស្រវឹងដោយផ្ទាល់។ លោកបណ្ឌិត យង់ ពៅ អះអាងថា ការសម្រេចលែងផ្ដល់អាជ្ញាបណ្ណថ្មីបន្ថែមដល់ក្រុមហ៊ុនផលិតស្រាបៀរដែលផលិតសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកនេះ គឺជាការសម្រេចចិត្តដែលធ្វើឡើងចំពេលវេលាដ៏ស័ក្តិសម ខណៈបច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិតស្រាបៀរនៅក្នុងស្រុកចំនួន៧ រួចទៅហើយ។
លោកបណ្ឌិតបានមានប្រសាសន៍គូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពសង្គម ប្រជាជនមួយចំនួនមាននិន្នាការប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតខ្ពស់ខ្លាំង ដោយមានការឈូឆរនិងទោរទន់ទៅរកការទទួលគ្រឿងស្រវឹងតាមគ្នាជាបន្តបន្ទាប់ ក្នុងពេលដែលយុវជនវ័យក្មេងពុំទាន់គ្រប់អាយុ ក៏ត្រូវបានគេមើលឃើញថា ចាប់ផ្ដើមមានទំនោរឆាប់ទទួលទានគ្រឿងស្រវឹងទាំងខ្លួនមិនទាន់គ្រប់អាយុ ដោយពួកគេត្រូវបានទាក់ទាញដោយមិត្តភ័ក្តិ ឬគូកនរបស់ខ្លួន ដែលមានខ្លះមាននិន្នាការទទួលគ្រឿងស្រវឹងដោយសារចង់បានរង្វាន់ ឬដោយសារតែសារផ្សព្វផ្សាយផ្សេងៗពីសំណាក់ឧស្សាហកម្មគ្រឿងស្រវឹង ដែលទាក់ទាញអ្នកប្រើប្រាស់ឱ្យមានបំណងសេពគ្រឿងស្រវឹងជាដើម។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានចោទជាសំណួរអំពីគុណភាពនៃផលិតផលគ្រឿងស្រវឹង ដែលមានស្រាបៀរខ្លះបានទាក់ទាញអ្នកទទួលទាន តាមរយៈការបញ្ចុះថ្លៃ ឬតាមរយៈការលក់ដោយមានការផ្ដល់ជូនបន្ថែមផ្សេងៗជាដើម។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីផលប៉ះពាល់នៃគ្រឿងស្រវឹងចំពោះអ្នកទទួលទាន ដូចជាការកើតជំងឺក្រិនថ្លើម ជំងឺក្រពះ-ពោះវៀន ការដុះក្បាល ឬបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត ដែលបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងលើសកម្រិត។ ចំពោះសារដែលលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រ លោកបណ្ឌិត បានអះអាងថា នេះគឺជាសម្លេងជួងដាស់ស្មារតីរបស់ប្រជាពលរដ្ឋ ឱ្យគិតពិចារណាអំពីផលប៉ះពាល់បណ្ដាលមកពីការទទួលគ្រឿងស្រវឹង។ ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត បញ្ហានេះទាមទារឱ្យមានការចូលរួមពីមនុស្សជាទូទៅ រាប់ចាប់តាំងពីថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាការចូលរួមពីគ្រប់មជ្ឈដ្ឋាន រាប់ទាំងក្នុងវិស័យអប់រំ បរិស្ថានអប់រំ និងសមាជិកនៅក្នុងក្រុមគ្រួសារនីមួយៗ ត្រូវចូលរួមអប់រំណែនាំ និងជំរុញឱ្យអ្នកសេពគ្រឿងស្រវឹង ត្រូវកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិតដូចបច្ចុប្បន្ន។
លោកបណ្ឌិតបានបន្ថែមទៀតថា បើទោះបីជានៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ឧស្សាហកម្មគ្រឿងស្រវឹង ពិតជាបានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធចូលរដ្ឋក៏ដោយក្ដី ប៉ុន្តែប្រសិនបើសេដ្ឋកិច្ចប្រទេសជាតិមួយ រំពឹងខ្លាំងពេកទៅលើពន្ធទទួលបានពីឧស្សាហកម្មផលិតគ្រឿងស្រវឹង នោះសុខភាពប្រជាជនប្រទេសនោះ នឹងប្រឈមហានិភ័យខ្ពស់ ក៏ដូចជាបញ្ហាសង្គមផ្សេងៗ ប្រឈមនឹងកង្វះធនធានមនុស្សប្រកបដោយគុណភាពនិងសុខភាពល្អ ព្រោះទាំងបង្កការខាតបង់ដល់វិស័យសុខុមាលភាពសាធារណៈថែមទៀតផង ព្រោះរដ្ឋត្រូវរ៉ាប់រងទៅលើការចំណាយនិងព្យាបាលប្រជាពលរដ្ឋ ដែលធ្លាក់ខ្លួនឈឺដោយសារតែការទទួលទាន់គ្រឿងស្រវឹងក្នុងចំនួនច្រើន។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានបកស្រាយថា ប្រសិនបើកម្ពុជាតម្លើងពន្ធលើផលិតផលគ្រឿងស្រវឹងដើម្បីបង្កើតថ្លៃលក់គ្រឿងស្រវឹង ក្នុងគោលបំណងជំរុញកាត់បន្ថយនិន្នាការទទួលគ្រឿងស្រវឹងរបស់ប្រជាពលរដ្ឋ គឺជារឿងដ៏ប្រសើរមួយ ព្រោះគេនឹងអាចធានាសុខុមាលភាពរបស់ប្រជាជនបានកាន់តែប្រសើរ និងកាត់បន្ថយបន្ទុយចំណាយថវិកាជាតិថែមទៀតផង។ លោកបណ្ឌិតបន្តថា ការកាត់បន្ថយបាននូវការទទួលគ្រឿងស្រវឹងច្រើនលើសកម្រិត ក៏ធានាបានថា ប្រទេសមួយនឹងមានធនធានមនុស្សប្រកបដោយថាមពល ចំណេះដឹង កម្លាំងពលំ និងមានជំនាញកាន់តែប្រសើរឡើងបន្ថែមទៀត។
បន្ថែមពីនេះ នៅក្នុងទិដ្ឋភាពច្បាប់ កម្ពុជាគួរតែចាប់ផ្ដើមជំរុញការតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធានាការពារសុខុមាលភាពប្រជាជន តាមរយៈការចាត់វិធានការបង្ការការទិញ-លក់ និងទទួលទានគ្រឿងស្រវឹងដោយយុវជនវ័យក្មេង ដែលពុំទាន់គ្រប់អាយុ ការទទួលទានគ្រឿងស្រវឹងហួសកម្រិត និងការកំណត់ពេលវេលាដែលត្រូវដាក់លក់គ្រឿងស្រវឹងជាដើម។ ជាការពិតណាស់ គេមិនអាចហាមឃាត់ ឬបិទមិនឱ្យមានការលក់ដូរ ឬទទួលទានគ្រឿងស្រវឹងនោះទេ ព្រោះអ្នកទទួលទានគ្រឿងស្រវឹងមិនមែនមានតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជនបរទេសដែលចូលមកក្នុងប្រទេសកម្ពុជាទាំងជាភ្ញៀវទេសចរ ឬអ្នកវិនិយោគ ក៏មានតម្រូវការទទួលទានគ្រឿងស្រវឹងនៅក្នុងឱកាសនានាផងដែរ។ បើទោះបីជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាលត្រូវតែផ្ដោតជាសំខាន់ទៅលើការគាំពារ និងបង្ការហានិភ័យផ្នែកសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្លួនជាចាំបាច់។
ទោះជាយ៉ាងណា ឆន្ទៈនិងការសម្រេចចិត្តខាងនយោបាយគឺជារឿងសំខាន់ ដើម្បីឱ្យការគិតគូរពិចារណាអំពីការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ដូចដែលបានរៀបរាប់ខាងលើនេះ អាចសម្រេចទៅបានដោយភាពជោគជ័យ៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ...
ថ្ងៃ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច...
វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង០៦ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មស្រាវជ្រាវអំពីបរិស្ថាន និងធនធានធម្មជាតិ កសិកម្ម ធនធានទឹក ក៏ដូចជាវិស័យសុខាភិ...
បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុកការងារក្នុងឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំប៉ុណ្ណោះដែលទទួលបានការកត់សំ...
របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន...