ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល

2024-11-21 04:16:07 ថ្ងៃព្រហស្បតិ៍, 21 វិច្ឆិកា 2024 ម៉ោង 11:16 AM
អ្នកមើល 688
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៦៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា សមាជិកគណៈកម្មការជំនាញនិងសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១៤៦រូប។

នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានគូសបញ្ជាក់អំពីសមិទ្ធផលរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរថា មកដល់ពេលបច្ចុប្បន្ន ពាក្យសរុបរបស់គណៈកម្មការបច្ចេកទេសមានចំនួន ១៧ ០៩៦ពាក្យ ក្នុងនោះក្រុមប្រឹក្សាជាតិភាសាខ្មែរបានពិនិត្យអនុម័តរួចរាល់ចំនួន ៣ ៤០៥ពាក្យ និងនៅសល់ចំនួន ១៣ ៦៩១ពាក្យទៀតកំពុងបន្តពិនិត្យអនុម័ត។ ឯកឧត្ដមបណ្ឌិតបានបន្តថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានពិនិត្យសម្រេចពាក្យដែលស្នើពីស្ថាប័ននានាបានចំនួន ៩២ពាក្យ ព្រមទាំង​បានបោះពុម្ពផ្សាយព្រឹត្តិបត្រចំនួន ១៤លេខ សទ្ទានុក្រមបច្ចេកសព្វចំនួន ១០ សៀវភៅវេយ្យាករណ៍ភាសាខ្មែរ គោលនយោបាយជាតិស្ដីពីភាសាខ្មែរ វចនានុក្រមខ្មែរឆ្នាំ២០២២ និងដំណើរការបច្ចុប្បន្នកម្មវចនានុក្រមខ្មែរឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានបញ្ចូលពាក្យដែលបានអនុម័តជាទម្រង់ឌីជីថល ដែលមានសុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២ (ប្រើប្រាស់ក្នុងទូរសព្ទដៃនិងកុំព្យូរទ័) សុសវែរសទ្ទានុក្រមបច្ចេកសព្ទខ្មែរ (ប្រើប្រាស់ក្នុងទូរសព្ទដៃនិងកុំព្យូរទ័រ) និងសុសវែរតាមដានការប្រើប្រាស់ភាសាខ្មែរនៅលើរូបសញ្ញា (កំណែស្លាកនិងការផ្សព្វផ្សាយ) ផងដែរ។

ក្នុងឱកាសថ្លែងសុន្ទរកថាបើកឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានមានប្រសាសន៍គូសបញ្ជាក់អំពីប្រវត្តិនៃការបង្កើតគណៈកម្មការជាតិភាសាខ្មែរ ដែលក្រោយមកបានក្លាយទៅជាក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ និងប្រជាជនខ្មែរគឺ វចនានុក្រមខ្មែរឆ្នាំ២០២២ ដែលមានបោះពុម្ពជាសៀវភៅ  និងជាទម្រង់ឌីជីថល និងសទ្ទានុក្រមបច្ចេកសព្ទខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍វាយតម្លៃថា សទ្ទានុក្រមបច្ចេកសព្ទទាំង ១២ឯកទេស សរុបមានចំនួន ៣ ៤០៥ពាក្យ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានសម្រេចបាននាពេលនេះ ពិតជាមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់សារជាថ្មីនូវអនុសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ចំពោះដំណើរការក្រុមប្រឹក្សាជាតិភាសាខ្មែរគឺ “សុខចិត្តឱ្យយឺត ប៉ុន្តែត្រូវតែច្បាស់”។

បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បា​នថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតស៊ូបំពេញការងារដ៏ស្វិតស្វាញ និងប្រកបដោយមនសិកាខ្ពស់របស់ព្រឹទ្ធាចារ្យ និងបញ្ញវន្តមួយចំនួនដែលមានវ័យចំណាស់ទៅហើយក្ដី ក៏នៅតែលះបង់ពេលវេលា និងខិតខំចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការបង្កើតនិងអនុម័តបច្ចេកសព្ទនានាសម្រាប់ជាប្រយោជន៍ប្រជាជាតិខ្មែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា មោទកភាពរបស់បញ្ញវន្តគឺ ការធ្វើការងាររួមគ្នាដើម្បីផលប្រយោជន៍មនុស្សជាតិទូទៅ ហេតុនេះហើយ ទើបសទ្ទានុក្រមនេះត្រូវបានរៀបចំបង្កើតឡើងតាមទម្រង់ឌីជីថល ដើម្បីងាយស្រួលនៅក្នុងដាក់បញ្ចូលបច្ចេកសព្ទថ្មីៗដែលត្រូវបានបង្កើត។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងបញ្ជាក់បន្ថែមទៀតថា គុណតម្លៃនៃការរៀបចំពិធីនាឱកាសនេះគឺ លទ្ធភាពនិងសមត្ថភាពដែលខ្មែរអាចបង្កើតបច្ចេកសព្ទជំនាញឯកទេសប្រើប្រាស់នៅក្នុងមុខជំនាញនីមួយៗ។ សទ្ទានុក្រមនិងបច្ចេកសព្ទដែលសម្រេចបានទាំងនេះ គឺជាការចូលរួមចំណែកនៅក្នុងការជំរុញឯកភាពភាសាខ្មែរ ហើយឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ ឯកឧត្ដមពិតជាមានមោទកភាពណាស់ ដែលខ្មែរមានភាសាផ្ទាល់ខ្លួននៅក្នុងបច្ចេកសព្ទនៃមុខជំនាញនានា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងសង្កត់ធ្ងន់ថា សមិទ្ធផលនេះពិតជាមានតម្លៃឥតកាត់ថ្លៃបាននោះទេ ហើយសមិទ្ធផលនេះនឹងបន្តអភិវឌ្ឍ និងនិរន្តរភាពនៃការអភិវឌ្ឍភាសាខ្មែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM
អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...

2021-11-15 12:09:10   ថ្ងៃចន្ទ, 15 វិច្ឆិកា 2021 ម៉ោង 07:09 PM

សេចក្តីប្រកាស