Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៦៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា សមាជិកគណៈកម្មការជំនាញនិងសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១៤៦រូប។
នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានគូសបញ្ជាក់អំពីសមិទ្ធផលរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរថា មកដល់ពេលបច្ចុប្បន្ន ពាក្យសរុបរបស់គណៈកម្មការបច្ចេកទេសមានចំនួន ១៧ ០៩៦ពាក្យ ក្នុងនោះក្រុមប្រឹក្សាជាតិភាសាខ្មែរបានពិនិត្យអនុម័តរួចរាល់ចំនួន ៣ ៤០៥ពាក្យ និងនៅសល់ចំនួន ១៣ ៦៩១ពាក្យទៀតកំពុងបន្តពិនិត្យអនុម័ត។ ឯកឧត្ដមបណ្ឌិតបានបន្តថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានពិនិត្យសម្រេចពាក្យដែលស្នើពីស្ថាប័ននានាបានចំនួន ៩២ពាក្យ ព្រមទាំងបានបោះពុម្ពផ្សាយព្រឹត្តិបត្រចំនួន ១៤លេខ សទ្ទានុក្រមបច្ចេកសព្វចំនួន ១០ សៀវភៅវេយ្យាករណ៍ភាសាខ្មែរ គោលនយោបាយជាតិស្ដីពីភាសាខ្មែរ វចនានុក្រមខ្មែរឆ្នាំ២០២២ និងដំណើរការបច្ចុប្បន្នកម្មវចនានុក្រមខ្មែរឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានបញ្ចូលពាក្យដែលបានអនុម័តជាទម្រង់ឌីជីថល ដែលមានសុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២ (ប្រើប្រាស់ក្នុងទូរសព្ទដៃនិងកុំព្យូរទ័) សុសវែរសទ្ទានុក្រមបច្ចេកសព្ទខ្មែរ (ប្រើប្រាស់ក្នុងទូរសព្ទដៃនិងកុំព្យូរទ័រ) និងសុសវែរតាមដានការប្រើប្រាស់ភាសាខ្មែរនៅលើរូបសញ្ញា (កំណែស្លាកនិងការផ្សព្វផ្សាយ) ផងដែរ។
ក្នុងឱកាសថ្លែងសុន្ទរកថាបើកឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានមានប្រសាសន៍គូសបញ្ជាក់អំពីប្រវត្តិនៃការបង្កើតគណៈកម្មការជាតិភាសាខ្មែរ ដែលក្រោយមកបានក្លាយទៅជាក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ និងប្រជាជនខ្មែរគឺ វចនានុក្រមខ្មែរឆ្នាំ២០២២ ដែលមានបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល និងសទ្ទានុក្រមបច្ចេកសព្ទខ្មែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍វាយតម្លៃថា សទ្ទានុក្រមបច្ចេកសព្ទទាំង ១២ឯកទេស សរុបមានចំនួន ៣ ៤០៥ពាក្យ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានសម្រេចបាននាពេលនេះ ពិតជាមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់សារជាថ្មីនូវអនុសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ចំពោះដំណើរការក្រុមប្រឹក្សាជាតិភាសាខ្មែរគឺ “សុខចិត្តឱ្យយឺត ប៉ុន្តែត្រូវតែច្បាស់”។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតស៊ូបំពេញការងារដ៏ស្វិតស្វាញ និងប្រកបដោយមនសិកាខ្ពស់របស់ព្រឹទ្ធាចារ្យ និងបញ្ញវន្តមួយចំនួនដែលមានវ័យចំណាស់ទៅហើយក្ដី ក៏នៅតែលះបង់ពេលវេលា និងខិតខំចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការបង្កើតនិងអនុម័តបច្ចេកសព្ទនានាសម្រាប់ជាប្រយោជន៍ប្រជាជាតិខ្មែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា មោទកភាពរបស់បញ្ញវន្តគឺ ការធ្វើការងាររួមគ្នាដើម្បីផលប្រយោជន៍មនុស្សជាតិទូទៅ ហេតុនេះហើយ ទើបសទ្ទានុក្រមនេះត្រូវបានរៀបចំបង្កើតឡើងតាមទម្រង់ឌីជីថល ដើម្បីងាយស្រួលនៅក្នុងដាក់បញ្ចូលបច្ចេកសព្ទថ្មីៗដែលត្រូវបានបង្កើត។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងបញ្ជាក់បន្ថែមទៀតថា គុណតម្លៃនៃការរៀបចំពិធីនាឱកាសនេះគឺ លទ្ធភាពនិងសមត្ថភាពដែលខ្មែរអាចបង្កើតបច្ចេកសព្ទជំនាញឯកទេសប្រើប្រាស់នៅក្នុងមុខជំនាញនីមួយៗ។ សទ្ទានុក្រមនិងបច្ចេកសព្ទដែលសម្រេចបានទាំងនេះ គឺជាការចូលរួមចំណែកនៅក្នុងការជំរុញឯកភាពភាសាខ្មែរ ហើយឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ ឯកឧត្ដមពិតជាមានមោទកភាពណាស់ ដែលខ្មែរមានភាសាផ្ទាល់ខ្លួននៅក្នុងបច្ចេកសព្ទនៃមុខជំនាញនានា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងសង្កត់ធ្ងន់ថា សមិទ្ធផលនេះពិតជាមានតម្លៃឥតកាត់ថ្លៃបាននោះទេ ហើយសមិទ្ធផលនេះនឹងបន្តអភិវឌ្ឍ និងនិរន្តរភាពនៃការអភិវឌ្ឍភាសាខ្មែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានលើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ កាលពីព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចាប់ផ្ដើមពីម៉ោង ៩:០០ នាទីព...
បញ្ហាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសនីមួយៗ ពិតជាស្មុគស្មាញមិនថា ប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែប្រកាន់ជំហរការពារអធិបតេយ្យភាពរបស់ជាតិរៀងៗខ្លួន និងចង់កសាងក៏ដូចជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងពិភពលោ...
ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក មហាធៀរ មហាម៉ាត់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឱ្យស្ថានភាពនយោបាយនៅម៉ាឡេស៊ីមានភាពមិនច្បាស់លាស់។ វិបត្តិគ្មានគណៈរដ្ឋមន្ត្រីរយៈពេលខ្លីរបស់ម៉ាឡើស៊ីនេះនាំឱ្យមានក...
សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូចរចារបស់អាស៊ានចាប់តាំងពីឆ្នាំ១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ានបានបង្កើតបាន១០ឆ្នាំមកម្ល៉េះ។ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមានការអភិវឌ្ឍនិងជិតស្និទ្ធជាលំដា...