Royal Academy of Cambodia
ដោយ៖ បណ្ឌិត យង់ ពៅ
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជាលើកទីពីរនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការតែងតាំងនិងផ្លាស់ប្ដូរនេះ ជាប្រក្រតីភាពមួយនៅក្នុងជួររាជរដ្ឋាភិបាលមួយ ដោយយោងទៅតាមភាពចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលធ្លាប់បានផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រីពីររូបរួចមកហើយ។ ការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីនេះ គឺជាដំណើរការប្រព្រឹត្តទៅជាធម្មតារបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលសេដ្ឋកិច្ច សង្គម និងនយោបាយអន្តរជាតិនៅក្នុងពេលបច្ចុប្បន្ន។ ការតែងតាំងនិងផ្លាស់ប្ដូរសមាសភាពនេះទៀតសោត ក៏យោងទៅលើសមត្ថភាពរបស់ឥស្សរជនដែលជាសមាជិករាជរដ្ឋាភិបាល និងដែលត្រូវបំពេញបេសកកម្មដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។
នៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងការធ្វើពិពិធកម្មការទូត ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូថ្មី ហើយឯកឧត្ដម ប្រាក់ សុខុន គឺជាឥស្សរជនឆ្នើមនៅក្នុងវិស័យការទូត និងដែលលោកធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាដែលពោរពេញទៅដោយបទពិសោធន៍ ជាមួយនឹងជំហរការទូតរឹងមាំ តែទន់ភ្លន់បត់បែន និងធ្លាប់បានដឹកនាំការងារធំៗសំខាន់ៗជាច្រើន ដែលរួមមានការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានឥស្សរជន និងថ្នាក់ដឹកនាំបណ្ដាប្រទេសនានា ពិសេសមេដឹកនាំនៃប្រទេសមហាអំណាចលើពិភពលោកអញ្ជើញចូលរួម ដែលជាលទ្ធផលនៃការរៀបចំកិច្ចប្រជុំកំពូលទាំងឡាយខាងលើនេះ កម្ពុជាទទួលបានការកោតសរសើរ និងអបអរសាទរពីបណ្ដារដ្ឋជាសមាជិកបានចូលរួមប្រជុំ។ ការណ៍នេះបង្ហាញអំពីសមត្ថភាពនៃការដឹកនាំរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធំៗ ដែលត្រូវសម្រេចលើកិច្ចការងារការទូតធំៗលើពិភពលោក និងការទទួលមេដឹកនាំធំៗតាមលំដាប់លំដោយពិធីការការទូតអន្តរជាតិដ៏ស័ក្តិសមរបស់កម្ពុជា ក្រោមអាណត្តិដឹកនាំរបស់ឯកឧត្ដម ប្រាក់ សុខុន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាងនេះទៅទៅទៀត ទាំងនៅក្នុងកិច្ចការងារការទូតក្នុងតំបន់ ពិសេសតំបន់អាស៊ាន នៅក្នុងអាណត្តិដឹកនាំជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា ដោយអនុវត្តស្របទៅនឹងការដាក់គោលដៅពិតប្រាកដរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានបំណងទាញមេដឹកនាំភូមាឱ្យទទួលយកនូវការសម្របសម្រួលរបស់អាស៊ាន ក្នុងពេលដែលកម្ពុជាជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតអាស៊ាន ឯកឧត្ដមពិតជាបានបំពេញការងារយ៉ាងសកម្មនៅក្នុងបេសកកម្មនេះ។
បន្ថែមពីនេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្ដម ប្រាក់ សុខុន បានចូលកាន់តំណែងជាអនុប្រធានព្រឹទ្ធសភា ខណៈដែលប្រទេសកម្ពុជាត្រូវការភាពបត់បែននៃនយោបាយការបរទេស ស្របទៅនឹងនិន្នាការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសណ្ដាប់ធ្នាប់ពិភពលោកថ្មី រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការឥស្សរជនដែលមានភាពប៉ិនប្រសប់នៅក្នុងនយោបាយការបរទេស។ ស្ថានភាពពិភពលោកបច្ចុប្បន្ន ទាមទារឱ្យមានប្រមុខការទូតដែលមានភាពស្វាហាប់ រឹងប៉ឹង ទន់ភ្លន់ និងបត់បែន ដែលលក្ខណៈសម្បត្តិរបស់ឯកឧត្ដម ប្រាក់ សុខុន ពិតជាស័ក្តិសមបំផុតទៅនឹងតួនាទីជារដ្ឋមន្ត្រីការបរទេសរបស់កម្ពុជានៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ឆ្លើយតបទៅនឹងស្ថានការណ៍នៅក្នុងឆាកអន្តរជាតិនាពេលបច្ចុប្បន្ន ខណៈដែលនៅដើមនីតិកាលទី៧នៃរដ្ឋសភា ដំណើរការនៃនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ហាក់ពុំទាន់មានសមិទ្ធផលលេចធ្លោដែលគួរឱ្យកត់សម្គាល់នៅឡើយនោះទេ។ ពិតប្រាកដណាស់ ការតែងតាំងនិងផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសកម្ពុជានាពេលនេះ ហាក់បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តងាកចេញពីជំហរការទូតសេដ្ឋកិច្ច មកពង្រឹងបន្ថែមនូវតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ស្របនឹងការវិវត្តនៃនយោបាយអន្តរជាតិ។ ការពង្រឹងតួនាទីបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការតែងតាំងឯកឧត្ដម ប្រាក់ សុខុន នឹងផ្ដោតទៅលើតួនាទីកម្ពុជានៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ព្រោះជាក់ស្ដែង ឯកឧត្ដមធ្លាប់មានស្នាដៃជាច្រើននៅក្នុងការសម្របសម្រួល និងធ្វើការងារបានយ៉ាងល្អប្រសើរជាមួយនឹងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា។ រដ្ឋមន្ត្រីការបរទេសចាស់ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ពិតជានឹងអាចពង្រឹងក៏ដូចជាពង្រីកបន្ថែមនូវតួនាទីនិងការចូលរួមចំណែករបស់កម្ពុជានៅក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ (ទ័ពមួកខៀវ) ដែលជាចំណែកមួយនៃអំណាចទន់របស់កម្ពុជាលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ការតែងតាំងអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាឱ្យកាន់តំណែងជាប្រមុខការទូតកម្ពុជាជាថ្មីនេះ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាកំពុងត្រៀមខ្លួន និងផ្ដោតជាសំខាន់លើការពង្រឹងទំនាក់ទំនងការទូតជាមួយនឹងមហាអំណាច ពិសេសសហរដ្ឋអាម៉េរិក ក្រោមអាណត្តិដឹកនាំជាថ្មីម្ដងទៀតរបស់លោក ដូណាល់ត្រាំ ដោយឯកឧត្ដម ប្រាក់ សុខុន ធ្លាប់បានបំពេញការងារជាមួយនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ ស្រាប់ លោកពិតជាអាចជ្រួតជ្រាបយ៉ាងច្បាស់អំពីឥរិយាបថការងារ និងជំហរនយោបាយការបរទេសរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះ។ រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលកន្លងមក មិនសូវលើកយកបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើជាហេតុផលដាក់បន្ទុកលើកម្ពុជានោះឡើយ ដូច្នេះនៅពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាផ្លូវការនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាឱកាសដែលកម្ពុជាអាចពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយមហាអំណាចពិភពលោកនេះបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
បន្ថែមពីលើនេះ ការតែងតាំងនិងផ្លាស់ប្ដូរប្រមុខការទូតកម្ពុជាថ្មីនេះ ក៏អាចជាផ្នែកមួយនៃការពង្រឹង និងរៀបចំយុទ្ធសាស្ត្រការទូតរបស់កម្ពុជាឡើងវិញ ដើម្បីធានាបានថា ប្រមុខការទូតកម្ពុជាអាចឆ្លើយតបបានទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាព ទៅនឹងហេតុការណ៍អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលឬប៉ះពាល់ទៅដល់កិត្តិនាមរបស់ប្រទេសកម្ពុជា ដូចជាករណីការផលិតភាពយន្ត និងការបង្កើតមាតិកាផ្សេងៗ ឃោសនាពីរូបភាពអវិជ្ជមានរបស់ប្រទេសកម្ពុជានាពេលកន្លងមក ដូចជាករណីដែលកើតមានឡើងនៅប្រទេសចិន សាធារណរដ្ឋកូរ៉េ អង់គ្លេស និងប្រទេសឥណ្ឌាជាដើម។
ទាំងអស់នេះបានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា គឺជារដ្ឋាភិបាល ដែលមានភាពដឹកនាំប្រកបដោយថាមភាព មានភាពបត់បែន និងឆ្លើយតបបានលឿនរហ័សទៅនឹងរបត់ប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោកថ្មី ជាមួយនឹងការសម្រេចចិត្តប្រកបដោយភាពមោះមុត និងឥតស្ទាក់ស្ទើរ នៅក្នុងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលដើម្បីធានាបាននូវប្រសិទ្ធភាព និងឈានទៅសម្រេចជោគជ័យទាំងនៅក្នុងការដឹកនាំនយោបាយក្នុងប្រទេស និងនៅក្នុងនយោបាយការបរទេស។
លើសពីនេះ ការតែងតាំងនិងផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនេះ ក៏ជាសារមួយបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងនីមួយៗ និងសមាជិករដ្ឋាភិបាលដទៃទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជារដ្ឋាភិបាលដែលត្រូវការទ័ពស្រួច ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិការទូត សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈបុរេសកម្ម ព្រមទាំងត្រូវឆ្លើយតបឱ្យបានរហ័សទៅនឹងស្ថានការណ៍វិវត្តលើសាកលលោក ឬព្រឹត្តិការណ៍ដែលកើតមានឡើងចំពោះមុខក្នុងវិស័យនីមួយៗ។ ការណ៍នេះ នឹងក្លាយជាការជំរុញ និងក្រើនរំឭកបន្ថែម ឱ្យសមាជិករាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ច និងបេសកកម្មដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ នៅក្នុងទិដ្ឋភាពនយោបាយ គេពិតជាមិនអាចប្រកែកបានឡើយថា រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ពិតជាត្រូវការសម្រេចបាននូវសមិទ្ធផលថ្មីរបស់ខ្លួន ដើម្បីបង្ហាញទៅដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងធ្វើជាទុននៅក្នុងការកសាងប្រជាប្រិយភាពនិងជំនឿទុកចិត្ត ដើម្បីទទួលបានការគាំទ្រកាន់តែរឹងមាំបន្ថែមទៀតនៅអាណត្តិដឹកនាំបន្ទាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
៩-សេចក្តីសន្និដ្ឋាន ពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានប្រារព្ធឡើងពីថ្ងៃទី២៨-២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីរំឭកដល់ទាហានបារាំងនិងខ្មែរដែលបានពលីជីវិតនៅក្នុង...
ភ្នំពេញ៖ ភាសានៃជាតិសាសន៍មួយមិនត្រឹមតែត្រូវអភិរក្សនោះទេ តែត្រូវការការអភិវឌ្ឍ និងមានឯកភាពភាសា នេះជាអនុសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងសិក្ខាសាលា ស្ដីពី «បញ្ហ...
«ការកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី ជាការលើកបង្ហាញពីវីរភាពរបស់ស្ត្រី(មេ) ព្រោះស្ត្រីដើរតួនាទីសំខាន់ណាស់ទាំងក្នុងគ្រួសារនិងសង្គមជាតិ» នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ...
នៅព្រឹកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាមួយ ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»។ភ្នំពេញ៖ នៅព្រឹកថ្ងៃ...
បន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...