ព័ត៌មាន

ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសថ្មីបង្ហាញពីភាពដឹកនាំប្រកបដោយថាមភាព ភាពបត់បែន និងឆ្លើយតបលឿនរហ័សទៅនឹងរបត់ប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសណ្ដាប់ធ្នាប់ពិភពលោកថ្មី

2024-11-20 07:43:15 ថ្ងៃពុធ, 20 វិច្ឆិកា 2024 ម៉ោង 02:43 PM
អ្នកមើល 943
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជាលើក​ទីពីរនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការតែងតាំងនិងផ្លាស់ប្ដូរនេះ ជាប្រក្រតីភាពមួយនៅក្នុងជួររាជរដ្ឋាភិបាលមួយ ដោយយោងទៅតាមភាពចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលធ្លាប់បានផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រី​ពីររូបរួចមកហើយ។ ការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីនេះ គឺជាដំណើរការប្រព្រឹត្តទៅជាធម្មតារបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលសេដ្ឋកិច្ច សង្គម និងនយោបាយអន្តរជាតិនៅក្នុងពេលបច្ចុប្បន្ន​។ ការតែងតាំងនិងផ្លាស់ប្ដូរសមាសភាពនេះទៀតសោត ក៏យោងទៅលើសមត្ថភាពរបស់ឥស្សរជនដែលជាសមាជិករាជរដ្ឋាភិបាល និងដែលត្រូវបំពេញបេសកកម្មដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។

នៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងការធ្វើពិពិធកម្មការទូត ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូថ្មី ហើយឯកឧត្ដម ប្រាក់ សុខុន គឺជាឥស្សរជនឆ្នើមនៅក្នុងវិស័យការទូត និងដែលលោកធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាដែលពោរពេញទៅដោយបទពិសោធន៍ ជាមួយនឹងជំហរការទូតរឹងមាំ តែទន់ភ្លន់បត់បែន និងធ្លាប់បានដឹកនាំការងារធំៗសំខាន់ៗជាច្រើន ដែលរួមមានការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានឥស្សរជន និងថ្នាក់ដឹក​នាំ​បណ្ដាប្រទេសនានា ពិសេសមេដឹកនាំនៃប្រទេសមហាអំណាចលើពិភពលោកអញ្ជើញចូលរួម ដែលជាលទ្ធផលនៃការរៀបចំកិច្ចប្រជុំកំពូលទាំងឡាយខាងលើនេះ កម្ពុជាទទួលបានការកោតសរសើរ និងអបអរសាទរពីបណ្ដារដ្ឋជាសមាជិកបានចូលរួមប្រជុំ។ ការណ៍នេះបង្ហាញអំពីសមត្ថភាពនៃការដឹកនាំរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធំៗ ដែលត្រូវសម្រេចលើកិច្ចការងារការទូតធំៗលើពិភពលោក និងការទទួលមេដឹកនាំធំៗតាមលំដាប់លំដោយពិធីការការទូតអន្តរជាតិដ៏ស័ក្តិសមរបស់កម្ពុជា ក្រោមអាណត្តិដឹកនាំរបស់ឯកឧត្ដម ប្រាក់ សុខុន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​។ ជាងនេះទៅទៅទៀត ទាំងនៅក្នុងកិច្ចការងារការទូតក្នុងតំបន់ ពិសេសតំបន់អាស៊ាន នៅក្នុងអាណត្តិដឹកនាំជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ក្នុងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា ដោយអនុវត្តស្របទៅនឹងការដាក់គោលដៅពិតប្រាកដរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានបំណងទាញ​មេដឹកនាំភូមាឱ្យទទួលយកនូវការសម្របសម្រួលរបស់អាស៊ាន ក្នុងពេលដែលកម្ពុជាជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតអាស៊ាន ឯកឧត្ដមពិតជាបានបំពេញការងារ​យ៉ាងសកម្មនៅក្នុងបេសកកម្មនេះ។

បន្ថែមពីនេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្ដម ប្រាក់ សុខុន បានចូលកាន់តំណែងជាអនុប្រធានព្រឹទ្ធសភា ខណៈដែលប្រទេសកម្ពុជាត្រូវការភាពបត់បែននៃនយោបាយការបរទេស ស្របទៅនឹងនិន្នាការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសណ្ដាប់ធ្នាប់ពិភពលោកថ្មី រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការឥស្សរជនដែលមានភាពប៉ិនប្រសប់នៅក្នុងនយោបាយការបរទេស។ ស្ថានភាពពិភពលោកបច្ចុប្បន្ន ទាមទារឱ្យមាន​ប្រមុខការទូតដែលមានភាពស្វាហាប់ រឹងប៉ឹង ទន់ភ្លន់ និងបត់បែន ដែលលក្ខណៈសម្បត្តិរបស់ឯកឧត្ដម ប្រាក់ សុខុន ពិតជាស័ក្តិសមបំផុតទៅនឹងតួនាទីជារដ្ឋមន្ត្រីការបរទេសរបស់កម្ពុជា​នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ឆ្លើយតបទៅនឹងស្ថានការណ៍នៅក្នុងឆាកអន្តរជាតិនាពេលបច្ចុប្បន្ន ខណៈដែលនៅដើមនីតិកាលទី៧នៃរដ្ឋសភា ដំណើរការនៃនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ហាក់ពុំទាន់មានសមិទ្ធផលលេចធ្លោដែលគួរឱ្យកត់សម្គាល់នៅឡើយនោះទេ។ ពិតប្រាកដណាស់ ការតែងតាំងនិងផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសកម្ពុជានាពេលនេះ ហាក់បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តងាកចេញពីជំហរការទូតសេដ្ឋកិច្ច មកពង្រឹងបន្ថែមនូវតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ស្របនឹងការវិវត្តនៃនយោបាយអន្តរជាតិ។ ការពង្រឹងតួនាទីបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការតែងតាំងឯកឧត្ដម ប្រាក់ សុខុន នឹងផ្ដោតទៅលើតួនាទីកម្ពុជានៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ព្រោះជាក់ស្ដែង ឯកឧត្ដមធ្លាប់មានស្នាដៃជាច្រើននៅក្នុងការសម្របសម្រួល និងធ្វើការងារបានយ៉ាងល្អប្រសើរជាមួយនឹងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា។ រដ្ឋមន្ត្រីការបរទេសចាស់ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ពិតជានឹងអាចពង្រឹងក៏ដូចជាពង្រីកបន្ថែមនូវតួនាទីនិងការចូលរួមចំណែករបស់កម្ពុជានៅក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ (ទ័ពមួកខៀវ) ដែលជាចំណែកមួយនៃអំណាចទន់របស់កម្ពុជាលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ការតែងតាំងអតីតរដ្ឋម​ន្ត្រីការបរទេសកម្ពុជាឱ្យកាន់តំណែងជាប្រមុខការទូតកម្ពុជាជាថ្មីនេះ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាកំពុងត្រៀមខ្លួន និងផ្ដោតជាសំខាន់លើការពង្រឹងទំនាក់ទំនងការទូតជាមួយនឹងមហាអំណាច ពិសេសសហរដ្ឋអាម៉េរិក ក្រោមអាណត្តិដឹកនាំជាថ្មីម្ដងទៀតរបស់លោក ដូណាល់ត្រាំ ដោយឯកឧត្ដម ប្រាក់ សុខុន ធ្លាប់បានបំពេញការងារជាមួយនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ ស្រាប់ លោកពិតជាអាចជ្រួតជ្រាបយ៉ាងច្បាស់អំពីឥរិយាបថការងារ និងជំហរនយោបាយការបរទេសរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះ។ រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលកន្លងមក មិនសូវលើកយកបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើជាហេតុផលដាក់បន្ទុកលើកម្ពុជានោះឡើយ ដូច្នេះនៅពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាផ្លូវការនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាឱកាសដែលកម្ពុជាអាចពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយមហាអំណាចពិភពលោកនេះបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

បន្ថែមពីលើនេះ ការតែងតាំងនិងផ្លាស់ប្ដូរប្រមុខការទូតកម្ពុជាថ្មីនេះ ក៏អាចជាផ្នែកមួយនៃការពង្រឹង និងរៀបចំយុទ្ធសាស្ត្រការទូតរបស់កម្ពុជាឡើងវិញ ដើម្បីធានាបានថា ប្រមុខការទូតកម្ពុជាអាចឆ្លើយតបបានទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាព ទៅនឹងហេតុការណ៍អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលឬប៉ះពាល់ទៅដល់កិត្តិនាមរបស់ប្រទេសកម្ពុជា ដូចជាករណីការផលិតភាពយន្ត និងការបង្កើតមាតិកាផ្សេងៗ ឃោសនាពីរូបភាពអវិជ្ជមានរបស់ប្រទេសកម្ពុជានាពេលកន្លងមក ដូចជាករណីដែលកើតមានឡើងនៅប្រទេសចិន សាធារណរដ្ឋកូរ៉េ អង់គ្លេស និងប្រទេសឥណ្ឌាជាដើម។

ទាំងអស់នេះបានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា គឺជារដ្ឋាភិបាល ដែលមានភាពដឹកនាំប្រកបដោយថាមភាព មានភាពបត់បែន និងឆ្លើយតបបានលឿនរហ័សទៅនឹងរបត់ប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោកថ្មី ជាមួយនឹងការសម្រេចចិត្តប្រកបដោយភាពមោះមុត និងឥតស្ទាក់ស្ទើរ នៅក្នុងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលដើម្បីធានាបាននូវប្រសិទ្ធភាព និងឈានទៅសម្រេចជោគជ័យទាំងនៅក្នុងការដឹកនាំនយោបាយក្នុងប្រទេស និងនៅក្នុងនយោបាយការបរទេស។

លើសពីនេះ ការតែងតាំងនិងផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​នេះ ក៏ជាសារមួយបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងនីមួយៗ និងសមាជិករដ្ឋាភិបាលដទៃទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជារដ្ឋាភិបាលដែលត្រូវការទ័ពស្រួច ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិការទូត សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈបុរេសកម្ម ព្រមទាំងត្រូវឆ្លើយតបឱ្យបានរហ័សទៅនឹងស្ថានការណ៍វិវត្តលើសាកលលោក ឬព្រឹត្តិការណ៍ដែលកើតមានឡើងចំពោះមុខក្នុងវិស័យនីមួយៗ។ ការណ៍នេះ នឹងក្លាយជាការជំរុញ និងក្រើនរំឭកបន្ថែម ឱ្យសមាជិករាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ច និងបេសកកម្មដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ នៅក្នុងទិដ្ឋភាពនយោបាយ គេពិតជាមិនអាចប្រកែកបានឡើយថា រាជរដ្ឋាភិបាល​ថ្មី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ពិតជាត្រូវការសម្រេចបាននូវសមិទ្ធផលថ្មីរបស់ខ្លួន ដើម្បីបង្ហាញទៅដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងធ្វើជាទុននៅក្នុងការកសាងប្រជាប្រិយភាពនិងជំនឿទុកចិត្ត ដើម្បីទទួលបានការគាំទ្រកាន់តែរឹងមាំបន្ថែមទៀតនៅអាណត្តិដឹកនាំបន្ទាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីព្រឹកថ្ងៃអង្គារ និងរសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារីបានបើកកិច្ចប្រជុំដើម្បីពិនិ...

2020-01-22 04:00:23   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 11:00 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាថ្មី ឋានៈស្មើរដ្ឋមន្ត្រី»

(រាជធានីភ្នំពេញ)៖ ដោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្...

2020-01-21 08:56:46   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 03:56 PM
«អាហារូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិ សម្រាប់ឆ្នាំ២០២០-២០២១ នៅសាធារណរដ្ឋកូរ៉េ»

2020-01-21 02:51:34   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 09:51 AM
«បញ្ញវន្តដែលមានសមត្ថភាពពិតប្រាកដគឺជាធនធានចម្បង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាដែលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកពីរាជបណ្ឌិត្យសភាកម្ពុជា នៅវេលា ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...

2020-01-20 14:49:21   ថ្ងៃចន្ទ, 20 មករា 2020 ម៉ោង 09:49 PM
ស្រះដំរី នៃដែនដី «មហេន្ទ្របរព័ត» ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២..

(ភ្នំគូលេន)៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តដឹកនាំក្រុមការងារស្រាវជ្រាវនៅស្រះដំរី នៅមហេន្ទ្របរព័ត (ភ្នំគូលេន ) ដើម្បីសិក្សាស្វែងយល់អំពី...

2020-01-18 05:03:33   ថ្ងៃសៅរ៍, 18 មករា 2020 ម៉ោង 12:03 PM
«វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន»

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែ...

2020-01-16 13:02:54   ថ្ងៃព្រហស្បតិ៍, 16 មករា 2020 ម៉ោង 08:02 PM

សេចក្តីប្រកាស