Royal Academy of Cambodia
នៅក្នុងឱកាស អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» លោកបណ្ឌិត យង់ ពៅ បានឆ្លៀតគូសបញ្ជាក់អំពីករណីប្រតិកម្មរបស់មហាជនខ្មែរមួយចំនួន ចំពោះការលើកឡើងរបស់អ្នកនយោបាយប្រឆាំងរបស់ថៃមួយក្រុមតូច ដែលកំពុងដុតបញ្ឆេះបញ្ហាអធិបតេយ្យជាមួយនឹងកម្ពុជានោះថា «កម្ពុជាគ្មានភាពចាំបាច់ នឹងត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ»។ លោកបណ្ឌិត បានពន្យល់បកស្រាយថា កម្ពុជាតែងតែគោរពនូវ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំងសរសេរថា «Uti Possidetis» មានន័យថាបន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី និងឯកសារពាក់ព័ន្ធនានា (ក្នុងនោះមានសន្ធិសញ្ញាឆ្នាំ១៩០៧ផងដែរ) ក៏ដូចជាច្បាប់អន្តរជាតិក្នុងភាពជារដ្ឋសមាជិក ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានគោរព និងថែរក្សាបាននូវបូរណភាពទឹកដីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កម្ពុជាគោរពនិងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិនានាដែលមានជាធរមាន ដើម្បីថែរក្សាការពារនូវអធិបតេយ្យភាពរបស់ខ្លួន នៅចំពោះការមុខការប្រឈមផ្សេងៗ ពាក់ព័ន្ធទៅនឹងស្ថានការណ៍វិវត្តនៅក្នុងតំបន់ និងនៅក្នុងនយោបាយអន្តរជាតិបច្ចុប្បន្ន។ បន្ថែមពីនេះ កម្ពុជាគ្មានភាពចាំបាច់ដែលត្រូវស្រូបយកផ្សែងពុលនយោបាយ ពីក្រុមជាតិនិយមជ្រុលមួយក្ដាប់តូចពីប្រទេសជិតខាង ដែលតែងតែបង្វែរនយោបាយផ្ទៃក្នុងរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងគោលបំណងទទួលបានប្រជាប្រិយភាពនយោបាយរបស់ខ្លួននោះទេ។
លោកបណ្ឌិត យង់ ពៅ បានគូសរំឭកនូវឧទាហរណ៍មួយអំពីផលវិបាកដែលមហាជនខ្មែរ ប្រតិកម្មទៅនឹងការលើកឡើង ឬការដុតបញ្ហាពីសំណាក់ប្រទេសជិតខាង ទៅតាមចេតនារបស់ក្រុមជនមួយក្ដាប់តូចនៅបរទេស ដែលនាំទៅដល់ការខូចប្រយោជន៍និងមុខមាត់ប្រទេសជាតិ ដូចជាករណីរឿង អ្នកសិល្បៈថៃឈ្មោះ ផ្កាយព្រឹក ដែលនាំទៅដល់វិបត្តិការទូតកម្ពុជា-ថៃនៅឆ្នាំ២០០៣ និងការបង្វែរបញ្ហានយោបាយផ្ទៃក្នុងថៃ មកជាជម្លោះអធិបតេយ្យជាមួយនឹងកម្ពុជា ដូចជាករណីប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ជាដើមនោះ បានធ្វើឱ្យស្ថានការណ៍និងទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះ រហូតដល់ឆ្នាំ២០១៤ ក្រោយពេលតុលាការយុត្តិអន្តរជាតិ (ICJ) បកស្រាយឡើងវិញ ទើបទំនាក់ទំនងប្រទេសជិតខាងទាំងពីរ បានវិលមករកប្រក្រតីភាពឡើងវិញ។
ទោះជាយ៉ាងណា សម្រាប់លោកបណ្ឌិត យង់ ពៅ អ្វីដែលកម្ពុជាត្រូវយកចិត្តទុកដាក់នាពេលនេះគឺ ការកសាងភាពជាអ្នកជិតខាងល្អជាមួយនឹងប្រទេសក្បែរខាងកម្ពុជា ដើម្បីថែរក្សានិងជំរុញតំបន់ព្រំដែន ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិល្អជាមួយគ្នា ព្រមទាំងផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងសងខាងរៀងៗខ្លួន។ លោកបណ្ឌិតបានថ្លែងកត់សម្គាល់ថា គេមិនអាចលើកព្រំដែនប្រទេសកម្ពុជា ចេញពីប្រទេសជាប់ខ្លួនណាមួយបាននោះទេ ហេតុនេះហើយ កិច្ចសហប្រតិបត្តិការល្អ និងការថែរក្សាចំណងទំនាក់ទំនងឱ្យបានកាន់តែប្រសើរឡើងជាបន្តបន្ទាប់នោះ គឺជារឿងចាំបាច់បំផុត ដើម្បីកម្ពុជាអាចសម្រេចនូវគោលដៅអភិវឌ្ឍប្រទេសជាតិខ្លួនបានប្រកបដោយចីរភាព និងនិរន្តរភាព។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានថ្លែងគូសបញ្ជាក់អំពីចំណុចដ៏សំខាន់មួយទៀត ដែលកម្ពុជាត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ការកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ និងប្រកបដោយថាមភាព។ បើតាមលោកបណ្ឌិត កម្ពុជាត្រូវតែកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ តាមរយៈការពង្រឹងនូវធនធានមនុស្ស ដែលជាចលករមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដើម្បីពង្រឹងជំហរនយោបាយការបរទេសកាន់តែរឹងមាំ និងឈានទៅប្រកួតប្រជែងដោយស្មើមុខស្មើមាត់ជាមួយនឹងបណ្ដាប្រទេសដទៃទៀតទាំងក្នុងតំបន់ និងនៅលើពិភពលោក។ ប្រសិនបើកម្ពុជាមិនអាចសម្រេចបាននូវសមត្ថភាពជាតិរឹងមាំគ្រប់គ្រាន់នោះទេ កម្ពុជាពិតជានឹងត្រូវបន្តទទួលរងផ្សែងពុលនយោបាយពីសំណាក់ប្រទេសជិតខាង ទៅតាមមហិច្ឆតា និងចេតនាទុច្ចរិតរបស់អ្នកនយោបាយ មួយចំនួនតូចនៅឯបរទេសដូចអតីតកាលជាក់ជាពុំខាន។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈបទពិសោធប្រវត្តិសាស្ត្រ មេដឹកនាំកម្ពុជាត្រូវតែពង្រឹងសមត្ថភាពជាតិឱ្យបានខ្លាំងក្លា ព្រោះនៅក្នុងប្រវត្តិសាស្ត្រនាអតីតកាលបានបង្ហាញឱ្យយើងឃើញថា រដ្ឋមួយដែលខ្លាំង នឹងពង្រីកដែនដីនិងឥទ្ធិពលនយោបាយរបស់ខ្លួនទៅតាមនោះដែរ ដោយសារក្នុងអតីតកាល ពិភពលោកពុំទាន់មានច្បាប់អន្តរជាតិណា ដែលកំណត់និងបែងចែកដែនអធិបតេយ្យដោយប្រើប្រាស់យោងលើលិខិតបទដ្ឋានគតិយុត្តិនានានៅឡើយនោះទេ។ លោកបណ្ឌិតបន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាត្រូវតែពង្រឹងមូលដ្ឋានគតិយុត្តិ និងសមត្ថភាពរឹងមាំអាចការពារបូរណភាព និងអធិបតេយ្យភាពរបស់ខ្លួនបាន។ បើតាមលោកបណ្ឌិត យង់ ពៅ នាពេលបច្ចុប្បន្ននេះ ការពង្រឹងសមត្ថភាពជាតិរបស់ខ្លួនឱ្យរឹងមាំ មិនមែនដើម្បីទៅវាតទីទឹកដីនោះទេ ប៉ុន្តែគឺជាការពង្រីកព្រំដែនជាសាកល ដែលរដ្ឋមួយអាចជះឥទ្ធិពលនយោបាយនិងវប្បធម៌របស់ខ្លួនឱ្យជ្រួតជ្រាបទៅសាធារណៈជនជាសាកលបានតាមរយៈការរីកចម្រើននៅក្នុងវិស័យផ្សេងៗ រាប់ចាប់តាំងពីឥទ្ធិពលការទូត បច្ចេកវិទ្យា ម្ហូបអាហារ និងខ្សែភាពយន្តជាដើម៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅក្នុងឱកាសចុះអនុស្សរណៈយោគយលល់គ្នារវាង ក្រុមហ៊ុន The Room Design Studio និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជ...
វេលារសៀលថ្ងៃនេះ គឺជាឱកាសដ៏ល្អដែលបង្ហាញពីការការអនុវត្តនូវការប្តេជ្ញាចិត្តមួយរវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមហ៊ុន The Room Design Studio របស់ប្រទេសស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការចងភ្ជា...
បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក...
នៅក្នុងភាគទី៥ វគ្គទី២នេះ យើងសូមរៀបរាប់បន្តនូវសុន្ទរកថារបស់លោកចៅហ្វាយក្រុងភ្នំពេញ ក្នុងពិធីសម្ពោធ«ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព (Maréchal J...
កាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័...
កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានច...