Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
នៅក្នុងសង្គមជាតិនីមួយៗ អ្នកនយោបាយដែលមាននិន្នាការផ្សេងគ្នាតែងតែមានការខ្វែងគំនិតគ្នាទៅលើប្រធានបទនានា ដោយយោងទៅលើផលប្រយោជន៍នយោបាយ យុទ្ធសាស្ត្រទាក់ទាញប្រជាប្រិយភាពនិងការគាំទ្រ និងការកំណត់របៀបវារៈនយោបាយដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅរបស់ខ្លួនជាដើម។ ប្រធានបទនយោបាយខ្លះ ដែលគេលើកយកមកពិភាក្សា ចោទសួរដេញដោល ឬដាក់បន្ទុកទៅកាន់គូភាគីម្ខាងទៀត អាចជាប់ពាក់ព័ន្ធទៅនឹងវិស័យនានា បញ្ហាសិទ្ធិមនុស្ស បញ្ហាយុត្តិធម៌សង្គម ឬបញ្ហាអធិបតេយ្យភាពជាតិ អាស្រ័យលើការវិវត្តស្ថានភាពសេដ្ឋកិច្ច សង្គម ឬនយោបាយ។ នៅក្នុងចំណោមប្រធានបទទាំងនោះ បញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី ជានិច្ចកាល តែងតែក្លាយជារឿងដែលគេលើកយកមកធ្វើជាប្រធានបទនយោបាយផងដែរ។
អធិបតេយ្យភាព សំដៅលើអំណាចខ្ពស់បំផុតនៅក្នុងរដ្ឋដែលមានសិទ្ធិគ្រប់គ្រង កំណត់និងត្រួតពិនិត្យកិច្ចការនានារបស់រដ្ឋ ដោយគ្មានការជ្រៀតជ្រែកពីអ្នកដទៃ។ ចំណែក បូរណភាពទឹកដី សំដៅទៅលើភាពពេញលេញនៃទឹកដី ដែលគ្មានខ្វះខាត ឬបាត់បង់ចំណែកណាមួយឡើយ។ បញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជារឿងដែលអ្នកនយោបាយខ្មែរតែងតែលើកឡើងធ្វើជាប្រធានបទនយោបាយ ដាក់បន្ទុក ឬចោទប្រកាន់ទៅលើដៃគូម្ខាងទៀត រាប់ចាប់តាំងពីសម័យសង្គមរាស្ត្រនិយម សម័យសាធារណរដ្ឋខ្មែរ និងសម័យក្រោយៗមកទៀតផងដែរ។
ការលើកយកបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី ធ្វើជាប្រធានបទនយោបាយ ក៏ព្រោះតែបញ្ហានេះគឺជាប្រធានបទរសើប និងជាបញ្ហារួមរបស់ប្រជាជាតិ ដែលគេអាចដាស់ស្មារតី និងទាក់ទាញចំណាប់អារម្មណ៍របស់មហាជនគ្រប់រូប ពិសេសបំផុសបំផុលស្មារតីជាតិនិយម ដែលជួនកាល បញ្ហានេះត្រូវបានគូភាគីលើកឡើង ដើម្បីចោទជាចម្ងល់ចំពោះឯករាជ្យនៃការសម្រេចចិត្តរបស់មេដឹកនាំ សិទ្ធិអំណាចរបស់រដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងដែនដី ឬទាញយកផលប្រយោជន៍ពីធនធានដែលមាននៅក្នុងដែនដីដែលស្ថិតក្រោមអធិបតេយ្យភាពស្របច្បាប់របស់រដ្ឋខ្លួន។ ចំពោះប្រទេសកម្ពុជាផ្ទាល់ បទពិសោធន៍ប្រវត្តិសាស្ត្រ និងមេរៀនពីអតីតកាលជាមួយនឹងប្រទេសជិតខាង នៅតែដិតដាមក្នុងការគិតរបស់ប្រជាពលរដ្ឋជាប់ជានិច្ច ដែលជាហេតុធ្វើឱ្យការលើកឡើងទាំងឡាយរបស់អ្នកនយោបាយ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ក្លាយជាប្រធានបទដ៏ពេញនិយម ដោយបានទាក់ទាញចំណាប់អារម្មណ៍ និងការតាមដានខ្លាំងបំផុតពីសំណាក់មហាជន។
ទោះជាយ៉ាងណា ប្រទេសជាតិនេះគឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយរាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចធានាឱ្យបាននូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះជាណាចក្រកម្ពុជា និងផ្អែកទៅលើច្បាប់អន្តរជាតិដែលមានជាធរមាន ពិសេសលិខិតបទដ្ឋានគតិយុត្តិដែលមានតម្លៃជាអន្តរជាតិ បន្សល់ដោយអាណានិគមបារាំង ពោលគឺរាល់សន្ធិសញ្ញានិងលិខិតបទដ្ឋានកំណត់ព្រំប្រទល់រដ្ឋបាលទាំងឡាយ ដែលបារាំងចុះហត្ថលេខាពាក់ព័ន្ធនឹងអធិបតេយ្យកម្ពុជា ក្នុងអំឡុងពេលដែលមហាអំណាចពិភពលោកមួយនេះបានដាក់អាណានិគមមកលើប្រទេសកម្ពុជា និងតំបន់ឥណ្ឌូចិន-បារាំង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែមានការបកស្រាយដល់ប្រជាពលរដ្ឋ អំពីបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីដែលមិនអាចរំលោភបានរបស់ប្រទេសកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងឬការចោទប្រកាន់ទាំងឡាយណាដែលថា រាជរដ្ឋាភិបាលពុំបានធានាអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួន ព្រោះប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនមានការបកស្រាយណាមួយឱ្យបានច្បាស់លាស់នោះទេ ការលើកឡើងឬការចោទប្រកាន់ខាងលើនេះ នឹងក្លាយទៅជាមូលហេតុដែលប្រជាពលរដ្ឋអាចវាយតម្លៃ ឬដាក់ការសង្ស័យទៅតាមជ្រុងនៃការគិតផ្សេងៗគ្នា លើការដឹកនាំរបស់រាជរដ្ឋាភិបាលនៅក្នុងការធានាបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយអាចក្លាយទៅជាបញ្ហាប្រឈមដែលប៉ះពាល់ដល់ប្រជាប្រិយភាព និងការគាំទ្ររបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល ឬអាចឈានទៅដល់ការបង្កអស្ថិរភាពសង្គមជាតិថែមទៀតផង។
ចំពោះបញ្ហាអធិបតេយ្យ និងបូរណភាពទឹកដី គឺជាកត្តាកំណត់ភាពស្លាប់រស់របស់រដ្ឋមួយ និងក៏ជាកត្តាកំណត់នូវជោគវាសនារបស់មេដឹកនាំនៃប្រទេសមួយផងដែរ។ នៅចំពោះមុខបរទេស មេដឹកនាំត្រូវតែមានជំហររឹងមាំដាច់ខាត ជាមួយនឹងភាពប្រាកដប្រជាចំពោះការធានាឱ្យបាននូវអធិបតេយ្យភាពជាតិ និងការពារឱ្យខាងតែបាននូវបូរណភាពទឹកដី។ សម្រាប់បញ្ហាផ្ទៃក្នុងប្រទេស មេដឹកនាំត្រូវតែគ្រប់គ្រងស្ថានការណ៍ពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ក្ដោបក្ដាប់ឱ្យបានមនោសញ្ចេតនាស្នេហាជាតិរបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវចាប់យកឱកាសបង្វែរនិន្នាការនៃការព្រួយបារម្ភ ទៅជាការផ្ដល់ជំនឿទុកចិត្ត និងការគាំទ្រយ៉ាងពេញលេញ តាមរយៈការអនុវត្តសកម្មភាពប្រកបដោយភាពប្រាកដនិយម និងបង្ហាញឱ្យឃើញនូវសមិទ្ធផលជាក់ស្ដែងរបស់ខ្លួន។
គេត្រូវតែចងចាំថា រាល់គុណសម្បត្តិ និងភាពចន្លោះប្រហោងរបស់មេដឹកនាំនិងអ្នកនយោបាយ ពិសេសនៅក្នុងការសម្រេចចិត្ត ក៏ដូចជាទង្វើជាក់ស្ដែងទាំងឡាយដែលពាក់ព័ន្ធទៅនឹងបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិ នឹងត្រូវកត់ត្រាទុកនៅក្នុងឯកសារប្រវត្តិសាស្ត្រ ដែលមនុស្សគ្រប់ជំនាន់នឹងចងចាំ និងយល់ដឹងអំពីការណ៍ពិត ដែលពួកគេនឹងមានការគោរព រឭកដឹងគុណ និងមានមោទកភាពចំពោះអ្នកជំនាន់មុន ដែលធានាបាននូវអធិបតេយ្យជាតិ បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិ និងថ្កោលទោសចំពោះអ្នកដែលពុំបានចូលរួមចំណែកថែរក្សាការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួន៕
ព្រះវិហារ៖ យុវជនកាកបាទក្រហមកម្ពុជា និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌នៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុ...
ភ្នំពេញ៖ ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើការងារក្នុងវិស័យឯកជនដទៃផ្សេងទៀតដែលពុំមែនជាកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាស...
ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...
កាលពីរាត្រីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បានអញ្ជើញធ្វើដំណើរ...
នេះជាការថតរូបសត្វស្លាបលើកដំបូងដែលក្រុមការងារឧទ្យានឫស្សីត្រឹប បានសហការជាមួយក្រុមអ្នកថតរូបវត្តមានសត្វស្លាបនៅកម្ពុជា (Photographers of Existent Birds In Cambodia) ចុះថតរូបសត្វស្លាបនៅក្នុងតំបន់ឧទ្យានឫស្សី...
ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទីបន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស...