ព័ត៌មាន

ហេតុអ្វីបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី តែងតែក្លាយជារឿងដែលអ្នកនយោបាយលើកយកមកធ្វើជាប្រធានបទនយោបាយ?

2024-11-12 10:31:21 ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 05:31 PM
អ្នកមើល 774
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

   នៅក្នុងសង្គមជាតិនីមួយៗ អ្នកនយោបាយដែលមាននិន្នាការផ្សេងគ្នា​តែងតែមាន​ការ​ខ្វែង​គំនិតគ្នាទៅលើ​ប្រធានបទនានា ដោយយោងទៅលើផលប្រយោជន៍នយោបាយ យុទ្ធ​សាស្ត្រ​ទាក់ទាញ​ប្រជាប្រិយភាពនិងការគាំទ្រ និងការកំណត់របៀបវារៈនយោបាយ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេចគោល​ដៅរបស់ខ្លួនជាដើម។ ប្រធានបទនយោបាយខ្លះ ដែល​គេ​លើក​យក​មក​​ពិភាក្សា ចោទសួរដេញដោល ឬដាក់បន្ទុកទៅកាន់គូភាគីម្ខាងទៀត អាចជាប់​ពាក់​ព័ន្ធ​​ទៅ​នឹង​​វិស័យនានា បញ្ហាសិទ្ធិមនុស្ស បញ្ហាយុត្តិធម៌សង្គម ឬបញ្ហាអធិបតេយ្យភាពជាតិ អាស្រ័យ​​លើការវិវត្តស្ថានភាពសេដ្ឋកិច្ច សង្គម ឬនយោបាយ។ នៅក្នុងចំណោម​ប្រធាន​បទ​​ទាំង​នោះ បញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី ជានិច្ចកាល តែង​តែ​ក្លាយ​ជា​រឿង​ដែល​គេ​លើក​យកមកធ្វើជាប្រធានបទនយោបាយផងដែរ។

   អធិបតេយ្យភាព សំដៅលើអំណាចខ្ពស់បំផុតនៅក្នុងរដ្ឋដែលមានសិទ្ធិគ្រប់គ្រង កំណត់​និង​ត្រួតពិនិត្យកិច្ចការនានារបស់រដ្ឋ ដោយគ្មានការជ្រៀតជ្រែកពីអ្នកដទៃ។ ចំណែក បូរណភាពទឹកដី សំដៅទៅលើភាពពេញលេញនៃទឹកដី ដែលគ្មានខ្វះខាត ឬបាត់បង់​ចំណែកណាមួយឡើយ។ បញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជារឿងដែល​អ្នក​នយោបាយខ្មែរតែងតែលើកឡើងធ្វើជាប្រធានបទនយោបាយ ដាក់បន្ទុក ឬចោទ​ប្រកាន់​ទៅ​លើ​ដៃគូម្ខាងទៀត រាប់ចាប់តាំងពីសម័យសង្គម​រាស្ត្រនិយម សម័យសាធារណរដ្ឋខ្មែរ និង​សម័យក្រោយៗមកទៀតផងដែរ។

   ការលើកយកបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី ធ្វើជាប្រធានបទ​នយោបាយ ក៏​ព្រោះ​តែបញ្ហានេះគឺជាប្រធានបទរសើប និងជាបញ្ហារួមរបស់ប្រជាជាតិ ដែល​គេអាច​ដាស់​ស្មារតី និង​ទាក់​ទាញ​ចំណាប់អារម្មណ៍របស់មហាជនគ្រប់រូប ពិសេសបំផុសបំផុលស្មារតី​ជាតិ​និយម ដែល​ជួន​កាល បញ្ហា​នេះត្រូវបានគូភាគីលើក​ឡើង ដើម្បីចោទជាចម្ងល់​ចំពោះ​ឯក​រាជ្យនៃការ​សម្រេច​ចិត្តរបស់មេដឹកនាំ សិទ្ធិអំណាច​របស់​រដ្ឋាភិបាល​នៅក្នុង​ការគ្រប់​គ្រង​ដែន​ដី ឬទាញយកផល​ប្រយោជន៍​ពីធន​ធាន​ដែលមាននៅ​ក្នុង​ដែនដីដែលស្ថិត​ក្រោម​អធិប​តេយ្យភាព​ស្រប​ច្បាប់​របស់​រដ្ឋ​ខ្លួន។ ចំពោះ​ប្រទេស​កម្ពុជា​ផ្ទាល់ បទពិសោធន៍ប្រវត្តិសាស្ត្រ និង​មេរៀនពីអតីតកាលជាមួយនឹងប្រទេសជិតខាង នៅតែ​ដិត​ដាមក្នុង​ការ​គិត​របស់​ប្រជា​ពល​រដ្ឋជាប់ជានិច្ច ដែលជាហេតុធ្វើឱ្យការ​លើកឡើង​ទាំង​ឡាយរបស់អ្នកនយោបាយ ពាក់ព័ន្ធ​នឹង​បញ្ហា​អធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ក្លាយ​ជា​ប្រធានបទដ៏ពេញនិយម ដោយបានទាក់ទាញចំណាប់អារម្មណ៍ និងការ​តាមដាន​ខ្លាំង​បំផុត​ពីសំណាក់មហាជន។

   ទោះជាយ៉ាងណា ប្រទេសជាតិនេះគឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយរាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ច​ធានាឱ្យបាន​នូវ​ឯករាជ្យ អធិប​តេយ្យភាព និង​បូរណ​ភាពទឹកដី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះជាណាចក្រកម្ពុជា និង​ផ្អែក​ទៅលើ​ច្បាប់អន្តរជាតិដែលមានជាធរមាន ពិសេសលិខិតបទដ្ឋាន​គតិ​យុត្តិ​ដែលមាន​តម្លៃ​ជា​អន្តរ​ជាតិ បន្សល់ដោយអាណានិគមបារាំង ពោលគឺរាល់សន្ធិសញ្ញានិងលិខិត​បទ​ដ្ឋាន​កំណត់ព្រំប្រទល់រដ្ឋបាល​ទាំង​ឡាយ ដែល​បារាំង​ចុះ​ហត្ថលេខាពាក់ព័ន្ធនឹងអធិប​តេយ្យកម្ពុជា ក្នុងអំឡុងពេលដែលមហា​អំណាច​ពិភពលោកមួយ​នេះ​បានដាក់​អាណានិគម​មក​លើប្រទេស​កម្ពុជា និង​តំបន់​ឥណ្ឌូ​ចិន-បារាំង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែមាន​ការ​បក​ស្រាយ​ដល់ប្រជាពល​រដ្ឋ អំពីបញ្ហាអធិបតេយ្យភាព និង​បូរណ​ភាព​ទឹកដី​ដែល​មិន​អាច​រំលោភ​បាន​របស់​ប្រទេសកម្ពុជា ឆ្លើយតបទៅនឹង​ការ​លើក​ឡើង​ឬការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណាដែលថា រាជរដ្ឋាភិបាល​ពុំ​បាន​ធានាអធិប​តេយ្យ​និងបូរណភាព​ទឹក​ដី​របស់ខ្លួន ព្រោះប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនមានការបក​ស្រាយ​ណាមួយ​​ឱ្យ​បានច្បាស់លាស់នោះទេ ការលើកឡើង​ឬការ​ចោទ​ប្រកាន់​ខាងលើនេះ នឹងក្លាយទៅជា​មូលហេតុដែលប្រជាពលរដ្ឋអាចវាយតម្លៃ ឬដាក់​ការ​សង្ស័យទៅ​តាម​ជ្រុង​នៃការគិតផ្សេងៗគ្នា លើការដឹកនាំរបស់​រាជ​រដ្ឋាភិបាល​នៅក្នុង​ការ​ធានា​បាន​នូវអធិបតេយ្យភាព និង​បូរណភាពទឹកដី ហើយអាចក្លាយទៅជាបញ្ហាប្រឈមដែល​ប៉ះ​ពាល់ដល់​ប្រជាប្រិយភាព និង​ការគាំទ្ររបស់ប្រជា​ពល​រដ្ឋលើរាជរដ្ឋាភិបាល ឬអាចឈានទៅ​ដល់ការបង្កអស្ថិរភាពសង្គមជាតិថែមទៀត​ផង។

   ចំពោះបញ្ហាអធិបតេយ្យ និងបូរណភាពទឹកដី គឺជាកត្តាកំណត់ភាពស្លាប់រស់របស់​រដ្ឋ​មួយ និងក៏ជាកត្តាកំណត់នូវជោគវាសនារបស់មេដឹកនាំនៃប្រទេសមួយផងដែរ។ នៅចំពោះ​មុខបរទេស មេដឹកនាំ​ត្រូវ​តែមានជំហររឹងមាំដាច់ខាត ជាមួយនឹងភាពប្រាកដប្រជា​ចំពោះ​ការធានាឱ្យ​បាននូវ​អធិបតេយ្យភាព​ជាតិ និងការពារឱ្យខាងតែបាននូវបូរណភាពទឹកដី។ សម្រាប់​បញ្ហាផ្ទៃក្នុងប្រទេស មេដឹកនាំត្រូវតែ​គ្រប់​គ្រង​ស្ថានការណ៍ពាក់ព័ន្ធឱ្យ​បានគ្រប់​ជ្រុង​ជ្រោយ ក្ដោប​ក្ដាប់ឱ្យបានមនោសញ្ចេតនាស្នេហា​ជាតិរបស់ប្រជាពលរដ្ឋ ព្រម​ទាំងត្រូវ​ចាប់​យក​ឱកាស​បង្វែរនិន្នាការនៃការព្រួយបារម្ភ ទៅជាការផ្ដល់ជំនឿទុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​ពេញ​លេញ តាម​រយៈការអនុវត្តសកម្មភាពប្រកបដោយភាពប្រាកដនិយម និងបង្ហាញ​ឱ្យ​ឃើញ​នូវ​សមិទ្ធ​ផល​ជាក់​ស្ដែងរបស់ខ្លួន។

   គេត្រូវតែចងចាំថា រាល់គុណសម្បត្តិ និងភាពចន្លោះប្រហោងរបស់មេដឹកនាំនិង​អ្នក​នយោបាយ ពិសេសនៅក្នុងការសម្រេចចិត្ត ក៏ដូចជាទង្វើជាក់ស្ដែងទាំងឡាយដែល​ពាក់​ព័ន្ធ​ទៅនឹងបញ្ហាអធិប​តេយ្យ​ភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិ នឹង​ត្រូវ​កត់​ត្រា​ទុក​នៅក្នុងឯកសារប្រវត្តិ​សាស្ត្រ ដែលម​នុស្សគ្រប់ជំនាន់នឹងចងចាំ និងយល់ដឹង​អំពី​ការណ៍​​ពិត ដែលពួកគេនឹងមានការគោរព រឭកដឹងគុណ និងមានមោទកភាពចំពោះ​អ្នក​ជំនាន់​មុន ដែល​ធានាបាននូវអធិបតេយ្យជាតិ បូរណភាពទឹកដី និងផលប្រយោជន៍​របស់​ជាតិ និង​ថ្កោល​ទោសចំពោះអ្នកដែលពុំបានចូលរួមចំណែកថែរក្សាការពារអធិបតេយ្យជាតិ និង​បូរណ​ភាពទឹកដីរបស់ខ្លួន៕

អត្ថបទទាក់ទង

«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»

ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ច...

2019-02-27 08:11:09   ថ្ងៃពុធ, 27 កុម្ភៈ 2019 ម៉ោង 03:11 PM
«ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧...» ដោយ៖ ឆោម ជុំរ៉ុង

ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្តេចខ្មែរមួយអង្គក្នុងចំណោមស្តេចខ្មែរដែលមានមហិច្ឆតាបំផុតនោះ គឺអ្នកកសាងដ៏អស្ចារ្យមួយអង្គ៖ ព្រះអង្គបានដាក់ព្រះរាជបញ្ជាឱ្យមានក...

2019-02-26 03:55:57   ថ្ងៃអង្គារ, 26 កុម្ភៈ 2019 ម៉ោង 10:55 AM
«ពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ» ដោយ៖ ស៊ឺន សម

ក្នុងគោលបំណងនៃការសម្របសម្រួលលើកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ អប់រំ កសិកម្ម និងទេសចរណ៍ រាជ​បណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ បានព្រមព្រៀងចុះអនុស្សរណៈយោគយល់...

2019-02-26 03:20:09   ថ្ងៃអង្គារ, 26 កុម្ភៈ 2019 ម៉ោង 10:20 AM
«ការត្រៀមលក្ខណៈបើកបវេសនកាលវគ្គសិក្សាថ្មី...»

កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹក នៅផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវមានកិច្ចប្រជុំមួយស្តីពី «ការត្រៀមលក្ខណៈបើកបវេសនកាលវ...

2019-02-26 02:11:00   ថ្ងៃអង្គារ, 26 កុម្ភៈ 2019 ម៉ោង 09:11 AM
«ការងារជាអាទិភាពចំនួន៥ ត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ...»

ការងារជាអាទិភាពចំនួន៥ ដែលនឹងត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ ដោយសម្តចបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជា...

2019-02-25 08:32:10   ថ្ងៃចន្ទ, 25 កុម្ភៈ 2019 ម៉ោង 03:32 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី ២) អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទ...

2019-02-25 02:37:06   ថ្ងៃចន្ទ, 25 កុម្ភៈ 2019 ម៉ោង 09:37 AM

សេចក្តីប្រកាស